fbpx

ធនាគារ វីង និង ក្រុមហ៊ុន ភីធីធី ខេមបូឌា ដាក់ដំណើរការសេវាបណ្ណឥណទានអាជីវកម្មឥន្ធនៈ PTT Fleet Card

មិថុនា 19, 2023

PTT Fleet Card ត្រូវបានបង្កើតឡើងដើម្បីផ្តល់ដំណោះស្រាយទៅដល់ក្រុមហ៊ុននានា ក្នុងការទូទាត់ប្រេងឥន្ធនៈដោយមិនប្រើសាច់ប្រាក់ ក៏ដូចជាផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រងលើការចំណាយផងដែរ។

ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារពាណិជ្ជកំពុងមានការរីចចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា បានសហការជាមួយ ក្រុមហ៊ុន​ ភីធីធី ខេមបូឌា ដើម្បីដាក់ដំណើការជាផ្លូវការនូវសេវាបណ្ណឥណទានអាជីវកម្មឥន្ធនៈ PTT Fleet Card។

PTT Fleet Card ត្រូវបានបង្កើតឡើងក្នុងការជួយសម្រួលទៅដល់អតិថិជនដែលជាសាជីវកម្មនានា អាចធ្វើប្រតិបត្តិការទូទាត់ប្រេងឥន្ធនៈ​នៅតាមស្ថានីយ ភីធីធី ដោយមិនចាំបាច់ប្រើប្រាស់សាច់ប្រាក់ ហើយថែមទាំងផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រងលើការចំណាយប្រេងឥន្ធនៈបានយ៉ាងមានប្រសិទ្ធភាព។​

ពិធីដាក់ដំណើរការសេវាបណ្ណឥណទានអាជីវកម្មឥន្ធនៈ PTT Fleet Card ត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពរបស់អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងលោក Racha U-Thaichan អគ្គនាយកប្រធានទីផ្សារប្រតិបត្តិការធុរកិច្ចអន្តរជាតិជាន់ខ្ពស់នៃក្រុមហ៊ុន PTT Oil and Retail Business។​ ព្រមទាំង​ថ្នាក់ដឹកនាំជាន់ខ្ពស់តំណាងឲ្យក្រុមហ៊ុនទាំងពីរ ក៏បានអញ្ជើញចូលរួមអបអរសាទរនៃកម្មវិធីនេះផងដែរ។​

លោក Nuttapong Kaewtrakulpong អគ្គនាយកក្រុមហ៊ុន ភីធីធី ខេមបូឌា បានថ្លែងថា៖ “យើងពិតជាមានមោទកភាពក្នុងការដាក់ឲ្យប្រើប្រាស់បណ្ណឥណទានអាជីវកម្មឥន្ធនៈ PTT Fleet Card ក្រោមកិច្ចសហការជាមួយធនាគារ វីង ហើយសេវាកម្មថ្មីនេះគឺស្របជាមួយនឹងចក្ខុវិស័យរបស់យើងក្នុងការបម្រើសហគមន៍ ក៏ដូចជាអតិថិជននៅកម្ពុជា និងធ្វើឲ្យរបៀបនៃការរស់នៅកាន់តែប្រសើរឡើង។”

លោក Nuttapong Kaewtrakulpong បានបន្តថា៖ “បណ្ណនេះនឹងជួយទៅដល់អតិថិជនរបស់យើងក្នុងការទូទាត់ប្រេងឥន្ធនៈប្រកបដោយភាពដោយងាយស្រួល និងរលូន ហើយថែមទាំងជួយគ្រប់គ្រងចំណាយលើការទូទាត់ប្រេងឥន្ធនៈបានយ៉ាងល្អផងដែរ។”


បណ្ណឥណទានអាជីវកម្មឥន្ធនៈ PTT Fleet Card នឹងជួយសម្រួលដល់អតិថិជនដែលជាក្រុមហ៊ុន និងសាជីវកម្ម ​ងាយស្រួលប្រើប្រាស់ ក៏ដូចជាការគ្រប់គ្រងការចំណាយលើការទូទាត់ប្រេងឥន្ធនៈកាន់តែមានប្រសិទ្ធភាព។​ ពោលគឺអាចកំណត់ទំហំឥណទាន​ ត្រួតពិនិត្យការចំណាយលើប្រេងឥន្ធនៈបានភ្លាមៗ ថែមទាំងអាច​ត្រួតពិនិត្យរាល់​​ប្រតិបត្តិការទាំងអស់ ដែលកត្តាទាំងនេះផ្តល់លទ្ធភាពដល់ម្ចាស់អាជីវកម្ម​ អាចបង្កើនប្រសិទ្ធភាពគ្រប់គ្រងហិរញ្ញវត្ថុ ព្រមទាំងកាត់បន្ថយប្រតិបត្តិការក្លែងបន្លំផ្សេងៗ។

ជាមួយនឹងបណ្ណឥណទាន​អាជីវកម្មឥន្ធនៈ PTT Fleet Card ដែលសហការជាមួយធនាគារ វីង អតិថិជនអាចធ្វើការទូទាត់ប្រេងឥន្ធនៈនៅតាមស្ថានីយ ភីធីធី ដែលបច្ចុប្បន្នមានចំនួន ៣២ ទីតាំង។ យោងតាមការបញ្ជាក់របស់លោក Nuttapong ការទូទាត់ប្រេងឥន្ធនៈដោយប្រើប្រាស់ PTT Fleet Card នឹងត្រូវពង្រីកបន្ថែមទៀត ដោយអាចប្រើប្រាស់នៅគ្រប់ស្ថានីយ ភីធីធី ទាំងអស់នៅក្នុងប្រទេសកម្ពុជានៅត្រឹមឆ្នាំ២០២៤។​

ភីធីធី ខេមបូឌា គឺជាក្រុមហ៊ុនប្រេងឥន្ធនៈដែលមានមូលដ្ឋាននៅព្រះរាជាណាចក្រថៃ ដែលផ្គត់ផ្គង់ និងចែកចាយប្រេងឥន្ធនៈ ក៏ដូចជាអាជីវកម្មលក់រាយនៅក្នុងទីផ្សារប្រទេសកម្ពុជា ដែលរួមមាន​ Café Amazon, 7-Eleven Mart, Jiffy Mart, Pearly Tea, និងស្ថានីយសាកយានយន្ដអគ្គិសនី EV STATION PLUZ។​​ ក្រុមហ៊ុន ភីធីធី ទទួលបានកេរ្តិ៍ឈ្មោះ ជាក្រុមហ៊ុនផ្តល់សេវាកម្មល្អ គុណភាព និងស្តង់ដារសុវត្ថិភាព ដែលធ្វើឲ្យម៉ាកយីហោក្រុមហ៊ុននេះមានឈ្មោះបោះសំឡេងនៅក្នុងទីផ្សារប្រទេសកម្ពុជា។

លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានថ្លែងថា៖ “ធនាគារ វីង យើងតែងមានការតាំងចិត្តដើម្បីបង្កើតឲ្យមាននវានុវត្តន៍ផ្នែកផលិតផល​ និងសេវាកម្ម ​ដើម្បីបំពេញកំណើន​តម្រូវការអតិថិជនរបស់យើង។”

លោក ហាន​ ប៉េងក្វាង បានបន្តថា​៖ ​“កិច្ចសហការនាពេលនេះ គឺបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់យើង ក្នុងការជួយទៅដល់អតិថិជនដែលជាក្រុមហ៊ុន ដើម្បីអាចសម្រួលប្រតិបត្តិការអាជីវកម្មកាន់តែល្អប្រសើរឡើង តាមរយៈការប្រើប្រាស់បណ្ណឥណទានអាជីវកម្មឥន្ធនៈ PTT Fleet Card ដែលអាចកាត់បន្ថយការប្រើប្រាស់សាច់ប្រាក់ ជំនួសដោយការទូទាត់តាមប្រព័ន្ធឌីជីថល ហើយថែមទាំងអាចជួយពង្រឹងការគ្រប់គ្រងលើការចំណាយបានយ៉ាងល្អផងដែរ។​”

បណ្ណឥណទានអាជីវកម្មឥន្ធនៈ PTT Fleet Card គឺអាចប្រើបានសម្រាប់អាជីវកម្ម និងសាជីវកម្មតែប៉ុណ្ណោះ ដែលផ្តល់នូវដំណោះស្រាយដ៏ងាយស្រួលសម្រាប់ប្រតិបត្តិការទូទាត់ប្រេងឥន្ធនៈ ដោយលែងជាបញ្ហាក្នុងការប្រើប្រាស់សាច់ប្រាក់ រាល់ពេលដែលធ្វើប្រតិបត្តិការទូទាត់ប្រេងឥន្ធនៈសម្រាប់រថយន្តនៅតាមស្ថានីយ៍ប្រេងឥន្ធនៈ ភីធីធី  ក៏ដូចជាជួយសម្រួលការគ្រប់គ្រងការចំណាយលើការទូទាត់ប្រេងឥន្ធនៈបានយ៉ាងល្អប្រសើរផងដែរ។

ធនាគារ វីង ផ្តោតលើប្រតិបត្តិការតាមបែបឌីជីថល ដើម្បីផ្តល់សេវាហិរញ្ញវត្ថុដ៏សម្បូរបែបទៅដល់ពលរដ្ឋកម្ពុជា។ ដោយមានបេសកម្ម ដើម្បីក្លាយជា “ធនាគារ សម្រាប់ប្រជាជនកម្ពុជា”  ធនាគារ វីង បានប្តេជ្ញាក្នុងការលើកកម្ពស់កម្រិតជីវភាពក្នុងការរស់នៅរបស់អតិថិជន តាមរយៈការទទួលបាននូវដំណោះស្រាយផ្នែកហិរញ្ញវត្ថុតាមបែបឌីជីថល ដែលមានតម្លៃសមរម្យ។

ដើម្បីគាំទ្រកិច្ចសហការនេះ ធនាគារ វីង ផ្តល់ជូនបណ្ណឥណទានអាជីវកម្មឥន្ធនៈ ដែលអនុញ្ញាតឲ្យអតិថិជន​រួមមានសហគ្រាសធុនតូច និងមធ្យម ក៏ដូចជាសាជីវកម្មនានា ដែលជាដៃគូសហការរបស់ក្រុមហ៊ុន ភីធីធី ខេមបូឌា អាចស្នើឥណទានសម្រាប់ប្រតិបត្តិការទូទាត់ប្រេងឥន្ធនៈនៅតាមស្ថានីយ៍ ភីធីធី។

មិនតែប៉ុណ្ណោះ អ្នកប្រើប្រាស់ក៏អាចទាញយកអត្ថប្រយោជន៍ពីការប្រើប្រាស់បណ្ណឥណទាន PTT Fleet Card ដោយមិនតម្រូវឲ្យមានការចំណាយថ្លៃចេញបណ្ណ កម្រៃប្រចាំឆ្នាំ ថ្លៃបន្តសុពលភាពសេវា​ កម្រៃថែទាំ និងថ្លៃគណនីអសកម្មជាដើម ហើយបណ្ណនេះមានសុពលភាពរយៈពេល ៥ឆ្នាំ ដោយគិតចាប់ពីថ្ងៃចេញបណ្ណនេះប្រើប្រាស់៕