fbpx

ធនាគារ វីង ប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌជាមួយព្រះសង្ឃ ២០០ អង្គ

តុលា 23, 2023

ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ធនាគារ វីង បានរៀបចំប្រគេនទេយ្យទានសម្រាប់ព្រះសង្ឃនៅខេត្តកំពង់ស្ពឺ។

ធនាគារ វីង បានចូលរួមប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យសាសនាដ៏ល្អប្រពៃសម្រាប់ប្រជាជនកម្ពុជា តាមរយៈ​ការ​បំពេញសកម្មភាពសប្បុរសធម៌​ប្រកបដោយសេចក្តីជ្រះថ្លា។ ដើម្បី​បង្ហាញនូវ​ការគោរពយ៉ាងខ្ជាប់ខ្ជួននូវប្រពៃណីទំនៀមទម្លាប់នេះ ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ធនាគារ វីង បានប្រគេនគ្រឿងទេយ្យទានដល់ព្រះសង្ឃដែលគង់នៅ​វត្តមួយ​ក្នុង​ខេត្ត​កំពង់ស្ពឺ​នា​ឱកាសដ៏ពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះ។

កញ្ញា ហ៊ូ ស៊ីដានី ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកសេវាកម្មបុគ្គលិកនៃធនាគារ វីង បានឲ្យដឹង​ថា៖​ «ការប្រគេនគ្រឿងទេយ្យទាននេះ គឺយើងខ្ញុំមានបំណងចង់ចូលរួមចំណែក​សម្រាលបន្ទុកព្រះសង្ឃ ក៏ដូចជាបង្កើត​សកម្មភាពជំរុញសាមគ្គីភាព​​ដល់បុគ្គលិកតាម​រយៈ​កិច្ចការ​សប្បុរសធម៌នានា​នៅក្នុងឱកាសពិសេសនេះ»។

វត្ត​មុនី​រង្សី​រតនា​រាម ស្ថិត​ក្នុង​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ដែលមាន​ព្រះសង្ឃ​ចំនួន​ជាង ២០០​អង្គ កំពុងគង់​នៅស្នាក់អាស្រ័យ និងសិក្សា​សាលា​ពុទ្ធិកអនុវិទ្យាល័យ។ បច្ចុប្បន្ននេះ វត្តនេះកំពុងជួបប្រទះការលំបាកក្នុង​ការផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសង្ឃដែលគង់នៅទីនោះ។

កញ្ញា ហ៊ូ ស៊ីដានី បានបន្ថែមថា៖ «ទោះបីជាការរួមចំណែករបស់យើងមានលក្ខណៈតិចតួចក៏ដោយ តែនេះ​ជា​ការបំផុសគំនិតជំរុញឲ្យមានចូលរួម​គាំទ្រដល់​សហគមន៍របស់យើងបន្ថែមទៀត​។ យើងរួម​គ្នា​​ធ្វើ​ឲ្យ​សហគមន៍​របស់​យើង​កាន់​តែ​ប្រសើរ​ឡើង»។

ក្នុងឱកាសបុណ្យ​ភ្ជុំបិណ្ឌប្រពៃណីជាតិនេះ ធនាគារ វីង មិនត្រឹមតែបានបង្កើតនូវសកម្មភាពជំរុញសាមគ្គីភាពដល់បុគ្គលិកប៉ុណ្ណោះទេ​ ប៉ុន្តែថែមទាំងរួមចំណែកដល់ការរក្សា​នូវ​ប្រពៃណីវប្បធម៌ និងសាសនាជាតិ​ផងដែរ។ ថវិកាដែលបានចូលរួមពីបុគ្គលិកប្រមាណជាជាង ១៥.០០០.០០០ រៀល បានចាត់ចែងជា បច្ច័យ​ និងជាគ្រឿងឧបភោគបរិភោគដូចជា៖ អង្ករ ភេសជ្ជៈ មី ត្រីខ និង របស់របរប្រើប្រាស់ជាច្រើនទៀត ដើម្បីគាំទ្រដល់តម្រូវការប្រចាំថ្ងៃរបស់ព្រះសង្ឃ។

លោក គង់ សុខបាន បុគ្គលិកធនាគារ វីង បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនេះ ដោយ​បាន​ជួបជុំនូវ​មិត្តរួមការងារ​ជាច្រើន ធ្វើបុណ្យ​ឧទ្ទិសកុសលដល់​បុព្វការីជនដែលបានចែកឋានទៅ និងសុំក្តីសុខ​ចម្រើន​ដល់ក្រុមគ្រួសារផងដែរ។

បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យសាសនាមួយដែលមាន​រយៈពេល ១៥ថ្ងៃ និងបានរួមចំណែកខាងផ្នែកវប្បធម៌យ៉ាងធំធេង ពោលគឺពុទ្ធសាសនិកខ្មែរបានអញ្ជើញទៅវត្តអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជន ដោយជឿថា ពួកគេនឹងទទួលបាននូវសេចក្តីសុខចម្រើនទាំងអ្នកនៅរស់ និងអ្នកដែលបានចែកឋានទៅ។

ធនាគារ វីង បាន​ខិតខំ​ប្រឹងជំរុញនូវ​សាមគ្គី​ភាព ​និងភាពស្និទ្ធស្នាលរវាងបុគ្គលិក ដោយចាត់ទុកបុគ្គលិករបស់ខ្លួនជាសសរស្តម្ភសំខាន់របស់ស្ថាប័ន។ តាមរយៈការផ្តល់នូវវប្បធម៌ការងារជាវិជ្ជមាន និងផ្តល់លទ្ធភាពឲ្យបុគ្គលិក​បន្តនូវក្តីប្រាថ្នាក្នុងអាជីពរបស់ពួកគេ ធនាគារ វីង  បានទទួលពានរង្វាន់និយោជកឆ្នើមឆ្នាំ២០២៣ ជាពានរង្វាន់ក្នុងរយៈពេល ៣ឆ្នាំជាប់ៗគ្នា។ ការទទួលស្គាល់ដ៏មានកិត្យានុភាពនេះបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់ធនាគារចំពោះបុគ្គលិករបស់ខ្លួន៕​