fbpx

ធនាគារ វីង ទទួលបានវិញ្ញាបនបត្រស្តង់ដារសកលចំពោះសុវត្ថិភាពទូទាត់តាមអនឡាញ

កក្កដា 14, 2023

ធនាគារ វីង បានប្រកាសពីការទទួលវិញ្ញាបនបត្រ PCI DSS​ ដ៏មានកិត្យានុភាពមួយកាលពីពេលថ្មីៗនេះ ដែលបង្ហាញពីការបង្កើនយកចិត្តទុកដាក់របស់ធនាគារ ដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់បំផុតរបស់អតិថិជនសម្រាប់ប្រតិបត្តិការទិញទំនិញតាម​អនឡាញ

 

ធនាគារ វីង (ខេមបូឌា) ម.ក បានយកចិត្តទុកដាក់ការពារយ៉ាងខ្លាំងទៅដល់អតិថិជនរបស់ខ្លួនដើម្បីគេចផុតពីការក្លែងបន្លំ និងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត​ ដោយទទួលបានវិញ្ញាបនបត្រដ៏ល្បីល្បាញមួយស្តីពី បទដ្ឋានសុវត្ថិភាពទិន្នន័យឧស្សាហកម្មបណ្ណទូទាត់ ឬហៅកាត់ជាភាសាអង់គ្លេស​ PCI DSS ។​

ពិធីទទួលវិញ្ញាបនបត្រ  PCI DSS  ត្រូវបានប្រគល់ទៅដល់អគ្គនាយកធនាគារ​ វីង លោក ហាន​ ប៉េងក្វាង ដោយបានរៀបចំធ្វើឡើងនាពេលកន្លងទៅថ្មីៗនេះ នៅឯអគារការិយាល័យកណ្តាលរបស់ធនាគារ វីង​ ដែលទើបត្រូវបានកែលម្អឡើងវិញដ៏ទំនើប ស្ថិតក្នុងតំបន់ពាណិជ្ជកម្មនៃកណ្តាលរាជធានីភ្នំពេញ។​

ការសម្រេចបានអនុលោមភាពស្តង់ដារ​ PCI DSS គឺជាសក្ខីភាព​បង្ហាញការប្តេជ្ញាចិត្តរបស់ធនាគារ វីង ដែលតែងតែយកចិត្តទុកដាក់រក្សាបាននូវការការពារខ្ពស់បំផុតចំពោះសុវត្ថិភាពទិន្នន័យ ដោយផ្តល់ជូនបទពិសោធន៍ដល់អតិថិជនក្នុងការទិញទំនិញតាមអនឡាញ ប្រកបដោយភាពងាយស្រួល សុវត្ថិភាព ហើយជាសេវាកម្មអាចទុកចិត្តបាន។

អនុលោមភាពស្តង់ដារស្តីពីបទដ្ឋានសុវត្ថិភាពទិន្នន័យឧស្សាហកម្មបណ្ណទូទាត់ (PCI DSS Compliance) គឺជាស្តង់ដារសុវត្ថិភាពដែលមានលក្ខណៈសត្យានុម័ត និងហ្មត់ចត់ ដែលត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាស្តង់ដារសុវត្ថិភាពឧស្សាហកម្មបណ្ណទូទាត់ (PCI SSC) ដែលជាស្ថាប័នសកលមួយបណ្តុំ​ទៅដោយក្រុមហ៊ុនពាក់ព័ន្ធក្នុងឧស្សាហកម្មបណ្ណទូទាត់ធំៗដូចជា៖​ក្រុមហ៊ុន American Express ក្រុមហ៊ុនDiscover ក្រុមហ៊ុនJCB ក្រុមហ៊ុនMastercard និង​ក្រុមហ៊ុន VISA ជាដើម​ ហើយមានគោលដៅការពារ​ទិន្នន័យ ព្រមទាំង​រក្សាបរិយាកាសទូទាត់ប្រកបដោយសុវត្ថិភាពទៅដល់ម្ចាស់បណ្ណ។

ធនាគារ វីង បានទទួលវិញ្ញាបនបត្រ PCI DSS តាមរយៈការវាយតម្លៃឯករាជ្យដោយក្រុមហ៊ុនវាយតម្លៃសុវត្ថិភាពដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QSA)  គឺក្រុមហ៊ុន SISA ដោយប្រើប្រាស់និតិវេជ្ជវិទ្យាក្នុងការផ្តល់ដំណោះស្រាយសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត។ ក្រុមហ៊ុន SISA ទទួលបានទំនុកចិត្តពីក្រុមហ៊ុនជាង ២០០០ ស្ថាប័ន ដែលស្ថិតនៅក្នុង ៤០ ប្រទេស សម្រាប់ការធានាដល់ដំណើរការអាជីវកម្មរបស់ពួកគេ​ដោយទទួលបានការការពារ តាមដាន​ និងដំណោះស្រាយសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត។​​ វិធីសាស្រ្តផ្តល់ដំណោះស្រាយសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត របស់ក្រុមហ៊ុន SISA គឺ​ជាការផ្តោតលើអតិថិជន​ ដោយប្រើប្រាស់និតិវេជ្ជវិទ្យា និងបច្ចេកវិទ្យាបញ្ញានិម្មិត។

លោក Mukesh H Khanwani នាយកក្រុមហ៊ុន SISA ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានថ្លែងថា៖ “ការប្តេជ្ញាចិត្ត​ដ៏មុតមាំរបស់ធនាគារ​ វីង ចំពោះការធានាបាននូវសុវត្ថិភាពទិន្នន័យ និងការប្រកាន់ខ្ជាប់ស្របតាមស្តង់ដារសកល ដែលធ្វើឲ្យធនាគារ វីង ពិតជាស័ក្តិសមនឹងទទួលបានការទទួលស្គាល់ជាមួយវិញ្ញាបនបត្រ PCI DSS”។​

លោក Mukesh H Khanwani បានបន្តថា​៖ “តាមរយៈការអនុលោមតាមលក្ខណ្ឌតម្រូវដ៏តឹងរ៉ឹងដែលត្រូវបានកំណត់ដោយស្តង់ដារសកល ធនាគារ វីង បានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជូន ដោយអាចរក្សាបាននូវបណ្ណដែលមានសុវត្ថិភាព ហើយថែមទាំងអាចការពារទំនុកចិត្តរបស់អតិថិជនរបស់ខ្លួនបានយ៉ាងល្អប្រសើរផងដែរ”។

ក្នុងដំណើរការនៃការទទួលបានវិញ្ញាបនបត្រនេះ​ ធនាគារ វីង បានឆ្លងកាត់ការត្រួតពិនិត្យយ៉ាងហ្មត់ចត់ ដោយក្រុមហ៊ុន SISA។ ក្រុមការងារផ្នែកសន្តិសុខរបស់ SISA ដែលមានជំនាញ និងវិជ្ជាជីវៈ​ខ្ពស់ បានវាយតម្លៃយ៉ាងយកចិត្តទុកដាក់លើប្រព័ន្ធ គោលនយោបាយ និងនីតិវិធីនានា ដើម្បី​ប្រាកដថា ធនាគារ វីង បានប្រតិបត្តិតាមយ៉ាងពេញលេញ ជាមួយនឹងលក្ខណ្ឌតម្រូវយ៉ាងតឹងរ៉ឹងពីបទដ្ឋានសុវត្ថិភាពទិន្នន័យឧស្សាហកម្មបណ្ណទូទាត់។​

លោក ហាន ​ប៉េងក្វាង អគ្គនាយកធនាគារ វីង បានថ្លែងថា៖ “សមិទ្ធិផលដែលយើងសម្រេចបានការអនុលោមភាព PCI DSS បានគូសបញ្ជាក់ពីជំហររបស់ធនាគារ វីង ក្នុងនាមជាធនាគារឌីជីថលដែលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា ដោយបានបង្ហាញពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការការពារទិន្នន័យអតិថិជន និងការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព។”

លោក ហាន ​ប៉េងក្វាង បានបញ្ជាក់​បន្ថែមថា៖ “ការ​ទទួលបាននូវសមិទ្ធិផលនេះ ធនាគារ វីង នៅតែបន្ត​បោះជំហាន​ទៅមុខដើម្បីភាពរីកលូតលាស់ និងនវានុវត្តន៍ ក៏ដូចជា​ធានាបាននូវនូវសុវត្ថិភាពខ្ពស់បំផុតចំពោះអតិថិជនរបស់យើង”។

ធនាគារ​ វីង បាន ក្លាយជាគ្រឹះស្ថាននាំមុខគេមួយក្នុងការនាំយកនូវគំនិតច្នៃប្រឌិតថ្មីៗនៅក្នុងវិស័យធនាគារនៅកម្ពុជា។ ជាក់ស្តែង កាលពីខែមេសា ឆ្នាំ២០២២ ធនាគារ វីង បានសហ​ការជាមួយក្រុមហ៊ុន Mastercard ដើម្បីដាក់ឲ្យប្រើប្រាស់កាតឥណពន្ធ Mastercard របស់ធនាគារ វីង ដែលជាកាតគ្មានលេខដំបូងគេបង្អស់នៅកម្ពុជា។​ កាតនេះគឺមានគោលដៅផ្តល់ជូនម្ចាស់ប័ណ្ណនូវភាពបត់បែននៃការទូទាត់កាន់តែច្រើន ខណៈពេលដែលជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងឌីជីថលនៅកម្ពុជា។​ បន្ថែមលើនេះ ធនាគារ វីង ក៏បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកាតឥណទាន​ វីង វីសា និងកាតឥណពន្ធ វីង វីសា កាលពីខែ កុម្ភៈ ឆ្នាំ២០២៣ ដែលជាការពង្រីកបន្ថែមទៀតនៃសេវាកម្មរបស់ខ្លួន។

ការសម្រេចបាននូវការអនុលោមភាព PCI DSS នឹងរួមចំណែកពង្រឹងជំហបន្ថែមទៀតរបស់ធនាគារ វីង ក្នុងនាមជាគ្រឹះស្ថានធនាគារឈានមុខគេនៅកម្ពុជា ជាដៃគូទុកចិត្តសម្រាប់រូបវន្តបុគ្គល និងអាជីវកម្មនានា ដែលកំពុងស្វែងរកសេវាកម្មហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព។ វិញ្ញាបនបត្រនេះ បានគូសបញ្ជាក់ឲ្យឃើញថា ធនាគារ វីង ពិតជាបានប្រតិបត្តិតាមវិធានការសុវត្ថិភាពដ៏តឹងរ៉ឹង និងការអនុវត្តល្អបំផុតក្នុងវិស័យធនាគារ ក្នុងការកាត់បន្ថយហានិភ័យនៃការលួចទិន្នន័យ ដោយធានាបាននូវភាពសម្ងាត់ ភាពត្រឹមត្រូវ ចំពោះការការពារទិន្នន័យទៅដល់ម្ចាស់បណ្ណ៕