fbpx

ធនាគារ វីង បើកសម្ពោធសាខាថ្មី ឋិតក្នុងផ្សារទំនើបអ៊ីអនម៉លមានជ័យ

មីនា 28, 2024

ធនាគារ វីង សាខាអ៊ីអនម៉លមានជ័យឥឡូវនេះបើកដំណើរការហើយ ដែលនឹងផ្តល់សេវាហិរញ្ញវត្ថុកាន់តែងាយស្រួលទៅអតិថិនជនរស់នៅរាជធានីភ្នំពេញ​។

ភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤៖  ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា បានបើកសម្ពោធសាខាថ្មីមួយបន្ថែមទៀត ឋិតនៅ​ក្នុងផ្សារទំនើបអ៊ីអនម៉លមានជ័យ ដែលជាការពង្រីកបន្ថែមនូវដំណោះស្រាយហិរញ្ញវត្ថុដ៏ទូលំទូលាយរបស់ខ្លួនទៅដល់ពលរដ្ឋរស់នៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលជាតំបន់កំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

ឋិតនៅតំបន់កំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃភាគខាងត្បូងរាជធានីភ្នំពេញ នៅតាមបណ្តោយមហាវិថីសម្តេច ហ៊ុន សែន សាខាថ្មីរបស់ធនាគារ វីង គឺឋិតនៅជាន់ទី១នៃផ្សារទំនើបអ៊ីអនម៉លមានជ័យ​ ដែលបើកដំណើរការផ្តល់សេវាកម្មអតិថិជន ៧ថ្ងៃក្នុងមួយសប្តាហ៍ចាប់ពីម៉ោង ៩:00 ព្រឹក ដល់ ៩:00 យប់។

ម៉ោងបម្រើសេវាកម្មសម្រាប់សាខាថ្មីនេះ គឺផ្តល់នូវភាពបត់បែនទៅដល់អតិថិជនរស់នៅរាជធានីភ្នំពេញមានភាពមមាញឹកក្នុងជីវភាពប្រចាំថ្ងៃ ដោយផ្តល់ជូនពួកគាត់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ផលិតផល ក៏ដូចជាសេវាហិរញ្ញវត្ថុដ៏ទំនើបរបស់ធនាគារ វីង មិនថានៅថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកក្តី។

លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ​ វីង បានលើកឡើងថា៖ “ការបើកធនាគារ វីង សាខាផ្សារទំនើបអ៊ីអនម៉លមានជ័យ គឺជាការបង្ហាញពីការបោះជំហានទៅមុខក្នុងដំណើររបស់យើងឆ្ពោះទៅរកការធ្វើទំនើបកម្មវិស័យធនាគារនៅកម្ពុជា​ ដោយប្រាកដថាអតិថិជនងាយស្រួលទទួលបានសេវាហិរញ្ញដ៏ទំនើប កាន់តែកៀកជិតតំបន់រស់នៅអតិថិជនរបស់យើង”។

សាខាដែលទើបនឹងបើកដំណើរការថ្មីនេះ ផ្តល់នូវបរិយាកាសធំទូលាយ ថែមទាំងមានកន្លែងរង់ចាំប្រកបដោយផាសុខភាព និងមានម៉ាស៊ីន ATM/CRM ដ៏ទំនើបដែលផ្តល់ជូនអតិថិជននូវភាពងាយស្រួលសម្រាប់បំពេញតម្រូវការធនាគារចាំបាច់នានា ក្នុងអំឡុងពេលម៉ោងដំណើរការនៃផ្សារទំនើបអ៊ីអនម៉លមានជ័យ។

ទន្ទឹមនឹងការបើកសាខាថ្មី ធនាគារ វីង​ ក៏បានដាក់ឱ្យដំណើរការផលិតផលថ្មីគឺ វីងយូញៀនផេកាត ផ្លាទីនីម គ្មានលេខ ដែលបំពាក់ជាមួយបច្ចេកវិទ្យាការពារសុវត្ថិភាពដ៏ទំនើប ហើយថែមទាំងងាយស្រួលប្រើប្រាស់បានយ៉ាងទូលំទូលាយនៅទូទាំងពិភពលោក។ ជាមួយនឹងទំហំទឹកប្រាក់នៃការធ្វើប្រតិបត្តិការប្រចាំថ្ងៃរហូតដល់ 50,000 ដុល្លារ ដែលផ្តល់ជូនដល់ម្ចាស់កាតរីករាយជាមួយនឹងអត្ថប្រយជន៍ពិសេសៗជាច្រើនដូចជា ការទទួលបានសាច់ប្រាក់ត្រលប់វិញចំនួន ១០% រាល់ការទិញទំនិញនៅតាមផ្សារទំនើបអ៊ីអនម៉ល ទាំងបីទីតាំងក្នុងរាជធានីភ្នំពេញ។

មិនតែប៉ុណ្ណោះ សម្រាប់អតិថិជននិយមចូលចិត្តធ្វើដំណើរញឹកញាប់ នឹងទទួលបានភាពរីករាយជាមួយនឹង បញ្ចុះតម្លៃ ២០% ក្នុងការចូលទៅប្រើប្រាស់សាលរង់ចាំនៅអាកាសយានដ្ឋានក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ក៏ដូចជាអាកាសយានដ្ឋានអន្តរជាតិចំនួនបួនទីតាំងនៅក្នុងប្រទេសម៉ាឡេស៊ី រួមមាន អាកាសយានដ្ឋាន Kuala Lumpur International Airport 2, Kuching International Airport, Penang International Airport, ​និងអាកាសយាន្តដ្ឋាន Kota Kinabalu International Airport.។ លើសពីនេះ អតិថិជនក៏អាចទទួលបានការបញ្ចុះតម្លៃដ៏ពិសេសនេះ សម្រាប់សាលរង់ចាំនៅអាកាសយានដ្ឋាន Jakarta Soekarno-Hatta និង Ngurah Rai ស្ថិតក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ។

ចាប់តាំងពីទទួលបានអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជពេញលេញពីធនាគារជាតិនៃកម្ពុជានៅចុងឆ្នាំ 2020 កន្លងមក ធនាគារ វីង បានពង្រីកខ្លួនយ៉ាងឆាប់រហ័ស។ ជាមួយនឹងសាខាចំនួន 21 ទីតាំងកំពុងដំណើរការនៅទូទាំងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន និងបណ្តាញភ្នាក់ងារវីងជាង 11,000 កន្លែង ធនាគារបានផ្តល់សេវាហិរញ្ញវត្ថុជូនទៅដល់អតិថិជនជាង 14.5 លានគណនី។

ដោយមានដៃគូសហការអាជីវកម្មជាង 170,000 កន្លែង ក៏ដូចជាដៃគូសហការស្ថាប័នហិរញ្ញវត្ថុឈានមុខគេជាច្រើនផ្សេងទៀតបានជំរុញប្រតិបត្តិការអាជីវកម្មរបស់ធនាគារ វីង កាន់តែរឹងមាំបន្ថែមទៀតនៅក្នុងប្រព័ន្ធធនាគារឌីជីថល។ ជាលទ្ធផល សហគ្រាសធុនតូច និងមធ្យមចំនួន 3,000 កន្លែង និងអាជីវកម្មសាជីវកម្មចំនួន 600 បានចូលរួមជាមួយធនាគារ វីង  ដោយផ្តល់ជូននូវដំណោះស្រាយទូទាត់ដ៏ងាយស្រួល និងបង្កើនប្រសិទ្ធភាពអាជីវកម្មទាំងនោះកាន់តែរលូនផងដែរ។

ធនាគារ វីង ផ្តល់ជូននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុនាំមុខគេជាច្រើន សម្រាប់អតិថិជនជារូបវន្តបុគ្គល និងសាជីវកម្មនានា។ ផលិតផលទាំងនេះរួមមាន៖ សេវាប្រាក់កម្ចី សេវាប្រាក់បញ្ញើ សេវាសន្សំខ្នាតតូច សេវាណែនាំឥណទាន សេវាផ្ទេរប្រាក់ ការទូទាត់ថ្លៃទឹកភ្លើង ធានារ៉ាប់រង ព្រមទាំងការបញ្ចូលទឹកប្រាក់ទូរសព្ទ និងសេវាកម្មជាច្រើនផ្សេងទៀត។

តាមរយៈអេប Wing Bank ដែលមានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ ដំណើរការដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត អតិថិជនអាចរីករាយជាមួយសេវាកម្មហិរញ្ញវត្ថុដ៏សំបូរបែបនៅលើចុងម្រាមដៃរបស់ពួកគេបានយ៉ាងងាយស្រួល។

សាខាថ្មីរបស់ធនាគារ វីង ដែលមានទីតាំងក្នុងផ្សារទំនើបអ៊ីអនម៉លមានជ័យ​ រួមជាមួយការដាក់ឱ្យដំណើការ វីងយូញៀនផេកាត ផ្លាទីនីម គ្មានលេខ ក៏ដូចជាគម្រោងបើកដំណើការសាខាថ្មីៗបន្ថែមទៀតនាពេលឆាប់ៗខាងមុខនេះ គឺជាការបង្ហាញពីការប្តេជ្ញាចិត្តឈប់ឈររបស់ធនាគារ វីង ក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតខ្ពស់សម្រាប់អតិថិជនទូទាំងប្រទេស និងនាំយើងទៅរកគោលដៅក្លាយជាធនាគារសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប៕​