fbpx

ធនាគារ វីង បន្តការគាំទ្រដល់កម្មវិធីពន្លឿនអាជីវកម្មបែបឌីជីថលនៅកម្ពុជា

កក្កដា 7, 2023

ធនាគារ វីង បន្ត ផ្តល់ការគាំទ្រធុរកិច្ចថ្មីបែបឌីជីថល និងនវានុវត្តន៌ នៅប្រទេសកម្ពុជា តាមរយៈកិច្ចសហការ ជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ជ្ឈមណ្ឌលបណ្តុះធុរកិច្ច“តេជោ” និងសហគ្រិនខ្មែរ ។

 

ធនាគារ វីង (ខេមបូឌា) ម.ក បន្តការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រធុរកិច្ចថ្មី បែបឌីជីថល តាមរយៈការឧបត្ថម្ភធំក្នុង “កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី ២” ដែលបានរៀបចំឡើងកាលពីថ្មីៗកន្លងទៅនេះ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” និងសហការរៀបចំដោយ សហគ្រិនខ្មែរ ដែលជាកម្មវិធីមួយដែលផ្តោតលើការផ្តល់យុទ្ធសាស្ត្រអភិវឌ្ឍន៍ សម្រាប់ការធ្វើធុរកិច្ចថ្មីបែបឌីជីថល និងនវានុវត្តន៍នៅកម្ពុជា។

លោក ហាន ប៉េងក្វាង អគ្គនាយក នៃធនាគារ វីង បានសម្តែងនូវការគាំទ្រយ៉ាងសាទរចំពោះ កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី ២ ដោយមានប្រសាសន៍ថា៖ “ធនាគារ វីង មានសេចក្តីសោមនស្សរីករាយក្នុងការជួយដល់ធុរកិច្ចថ្មីបែបឌីជីថល តាមរយៈការផ្តល់ការគាំទ្រដល់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” និងសហគ្រិនខ្មែរ។ កម្មវិធីនេះនឹងជួយប្រទេសកម្ពុជាឲ្យត្រៀមខ្លួនរួចជាស្រេច ដើម្បីឈានចូលក្នុងសេដ្ឋកិច្ច ឌីជីថលនាពេលខាងមុខនេះ”។

លោកបានបន្ថែមទៀតថា៖ “កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី ២” គឺជាវេទិកាដ៏ល្អសម្រាប់ធុរកិច្ចថ្មីបែបឌីជីថល និងអនុញ្ញាតឲ្យធុរកិច្ចថ្មី ទាំងនោះទទួលបាននូវបទពិសោធន៍ និងដំបូន្មានល្អៗសម្រាប់ប្រតិបត្តិការអាជីវកម្មប្រកបដោយនិរន្តរភាព ក៏ដូចជាជួយឲ្យធុរកិច្ចថ្មីទាំងនោះឲ្យរីកចម្រើននៅក្នុងពិភពនៃបច្ចេកវិទ្យា”។

កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលបានជួយផ្លាស់ប្តូរទិដ្ឋភាពនៃធុរកិច្ចថ្មីបែបឌីជីថល ដោយសារតែសហគ្រិនវ័យក្មេងទាំងអស់អាចអភិវឌ្ឍអាជីវកម្មរបស់ពួកគេ ព្រមទាំងបង្ហាញគំនិតច្នៃប្រឌិតរបស់ខ្លួនទៅកាន់ទីផ្សារគោលដៅដូចជា៖ វិនិយោគិន ដៃគូអាជីវកម្ម និងអតិថិជនជាដើម។

កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី ២ បានជួយសហគ្រិនទាំងនេះស្វែងរកទិសដៅអាជីវកម្មដែលប្រកបដោយភាពត្រឹមត្រូវ ជំរុញដំណើរឆ្ពោះទៅរកភាពជោគជ័យនៃអាជីកម្ម និងផ្តល់ឲ្យពួកគេនូវធនធាន ក៏ដូចជា ចំណេះដឹងចាំបាច់ ព្រមទាំងជួយបង្កើនល្បឿននៃបរិយាកាសអាជីវកម្មបែបឌីជីថលទាំងមូលនៅក្នុងប្រទេសកម្ពុជាផងដែរ។

ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានមានប្រសាសន៍ថា៖ “យើងមានសេចក្តីសោមនស្សរីករាយដែលបានរៀបចំកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលសារជាថ្មីម្តងទៀត ហើយយើងសូមអរគុណដល់ដៃគូសហការ និងអ្នកឧបត្ថម្ភដូចជាធនាគារ វីង ជាដើម ដែលបានជួយធ្វើឲ្យកម្មវិធីនេះអាចប្រព្រឹត្តទៅបាន។”

ឯកឧត្តមបណ្ឌិត តាំង ងួនលី បានបន្តថា៖  “យើងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការផ្តល់ឲ្យសហគ្រិនដែលមានទេព្យកុសលខាងផ្នែកបច្ចេកវិទ្យារបស់យើង នូវបណ្តាញទំនាក់ទំនង, ហេដ្ឋារចនាសម្ព័ន្ធ , វគ្គបណ្តុះបណ្តាលផ្នែកអាជីវកម្ម និងបច្ចេកវិទ្យាផ្សេងៗ, ការណែនាំមួយទល់មួយជាមួយអ្នកជំនាញ, ការចូលរួមជួបជជែកពិភាក្សាជាមួយអតីតបេក្ខជនក្នុងកម្មវិធី សហគ្រិនជោគជ័យ ក៏ដូចជាអ្នកជំនាញជាដើម។”

កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី២ បានដំណើរការរយៈពេល១៦សប្តាហ៍ គិតចាប់ពីខែមីនាដល់ខែមិថុនា។  ហើយចុងបញ្ចប់នៃកម្មវិធី ក្រុមធុរកិច្ចថ្មីចំនួន១០ត្រូវបានជ្រើសរើសដើម្បីធ្វើបទបង្ហាញទៅកាន់គណៈកម្មាធិការដាក់ពិន្ទុនៅ “ថ្ងៃធ្វើបទបង្ហាញសាធារណៈ” ដោយក្នុងចំណោមនោះ ក្រុមចំនួន៥ ត្រូវបានជ្រើសរើសជាជ័យលាភីដែលទទួលបានរង្វាន់ជាសាច់ប្រាក់សម្រាប់គំនិតច្នៃប្រឌិត និងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការពន្លឿនការចាប់ផ្តើមអាជីវកម្មបែបឌីជីថលនៅកម្ពុជា។

បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញ ក្រុម “ការពារ” បានទទួលជ័យលាភីលេខមួយ និងទទួលបានប្រាក់រង្វាន់ចំនួន៤០លានរៀល ក្រុម “REAN ANN” ទទួលបានជ័យលាភីលេខ២ ហើយ ទទួលបានប្រាក់រង្វាន់ចំនួន៣០លានរៀល ចំណែក ក្រុមជ័យលាភីលេខ៣ បានទៅលើក្រុម “CONSA Tech” ហើយ ទទួលបានទឹកប្រាក់២០លានរៀល។ យ៉ាងណាមិញ ដោយហេតុបានឃើញពីសក្កានុពលរបស់បេក្ខជនក្នុងកម្មវិធី, គណៈកម្មការបានសម្រេចផ្តល់ជ័យលាភី “Honorable Mention” ទៅកាន់ក្រុមធុរកិច្ចថ្មីចំនួន ២ រួមមានក្រុម “អេតចាយអេប” និង ក្រុម “STEMUNITY” អមជាមួយប្រាក់រង្វាន់ចំនួន ១០ លានរៀលផងដែរ។

ធនាគារ វីង ដែលតែងតែ រួមចំណែកយ៉ាងសកម្មក្នុងកិច្ចការសង្គម បានក្លាយជាដៃគូគាំទ្រដ៏ល្អរបស់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ទៅលើកម្មវិធីជាច្រើនដូចជា៖ កម្មវិធីនវានុវត្តន៌បញ្ជ្រាស ឆ្នាំ២០២១ និង ២០២២ កម្មវិធីពន្លឿនអាជីវកម្មខ្នាតតូច និងមធ្យមឌីជីថល ២០២១ និង២០២២ និងកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាល ឆ្នាំ២០២២ និង២០២៣។ បន្ថែមពីការផ្តល់ថវិកាឧបត្ថម្ភវិធី ធនាគារ វីង ក៏បានចូលរួមជាគណកម្មាធិការក្នុងដំណើរការជ្រើសរើសអ្នកឈ្នះផងដែរ៕