ធនាគារ វីង គាំទ្រក្រសួងពាណិជ្ជកម្ម ដើម្បីបង្ហាញីសក្តានុពលពាណិជ្ជកម្មកម្ពុជា

ធ្នូ 16, 2024

ធនាគារ វីង បានចូលរួមជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគរបស់កម្ពុជា តាមរយៈពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៤។

ធនាគារ វីង (ខេមបូឌា) ម.ក នៅតែបន្តការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការរឧបត្ថម្ភព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ ២០២៤។ រៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម និងមានការអញ្ចើញចូលរួមបើកសម្ពោធក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ព្រឹត្តិការណ៍នេះបានដើរតួជាវេទិកាដ៏សំខាន់មួយដើម្បីផ្សព្វផ្សាយពីវិសាលភាពនៃសក្តានុពលពាណិជ្ជកម្ម ក៏ដូចជាទាក់ទាញការវិនិយោគពីគ្រប់ទិសទីនៅលើពិភពលោក។

ពិព័រណ៍នេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៤ នៅឯមជ្ឈមណ្ឌលភីអេច ហ្គ្រេនហល ឋិតក្នុងបុរីប៉េងហួតបឹងស្នោ ដែលអនុញ្ញាតឱ្យសសាធារណជន និងវិនិយោគគិននានា ដើម្បីស្វែងរកផលិតផល សេវាកម្ម ប្រកបដោយគុណភាពខ្ពស់ ព្រមទាំងអាចយល់ដឹងកាន់តែស៊ីជម្រៅអំពីឱកាសវិនិយោគក្នុងទីផ្សារដ៏មានសក្តានុពលបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។​

លោក ហោ ប៊ុនថែ អគ្គនាយករង ធនាគារ វីង បានលើកឡើងថា៖ “ធនាគារ វីង ពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការរួមចំណែកដល់គំនិតផ្តួចផ្តើមដ៏សំខាន់នេះ ដែលបង្ហាញពីសហគ្រិនភាពពោរពេញដោយសក្តានុពល ក៏ដូចជាចក្ខុវិស័យឆ្ពោះទៅមុខរបស់កម្ពុជា”។ “ពិព័រណ៍នេះមិនមែនគ្រាន់តែជាការតាំងបង្ហាញផលិតផលប៉ុណ្ណោះទេ តែជាវេទិកាមួយសម្រាប់បង្កើតភាពជាដៃគូពាណិជ្ជកម្មអន្តរជាតិកាន់តែរឹងមាំ ការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងការផ្តល់សិទ្ធិអំណាចដល់សហគមន៍នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។”

ពិព័រណ៍ពាណិជ្ជកម្មនេះ មានអ្នកចូលរួមប្រមាណ ៥.០០០ នាក់ និងមាន២៤៦ ស្តង់ពីក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិក្នុងការដាក់តាំងបង្ហាញផលិតផល និងសេវាកម្មជាច្រើនទៅដល់អ្នកចូលរួម។ ព្រឹត្តិការណ៍នេះក៏មានការរៀបចំកម្មវិធីមួយចំនួនផ្សេងទៀតដូចជា៖ វេទិកាពាណិជ្ជកម្មឌីជីថលលើកទី១, វេទិកាពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-កូរ៉េ ដែលផ្តោតសំខាន់លើកិច្ចពិភាក្សាអំពីការពង្រីកសមត្ថភាពនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

ការចូលរួមរបស់ធនាគារ វីង គឺពិតជាមានសារៈសំខាន់ណាស់ ដោយបានផ្សារភ្ជាប់អ្នកទស្សនាពិព័រណ៍ជាមួយនឹងដំណោះស្រាយហិរញ្ញវត្ថុដែលសមស្រប ដោយផ្តល់ការប្រឹក្សាយោបល់លើការបើកគណនី ផែនការសន្សំ កម្ចីវីងឌីជីថល និងសេវាកម្មច្នៃប្រឌិតជាច្រើនផ្សេងទៀត។ សេវាកម្មទាំងនេះត្រូវបានរចនាឡើងដើម្បីផ្តល់សិទ្ធិអំណាចដល់អតិថិជនគ្រប់រូប និងគ្រប់ប្រភេទអាជីវកម្មទាំងអស់ឱ្យសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់ពួកគេប្រកបដោយប្រសិទ្ធភាព។ ចំពោះអ្នកចូលរួមទស្សនាស្តង់ធនាគារ វីង ក៏បានបង្ហាញពីភាពរីករាយជាមួយនឹងកម្មវិធីកម្សាន្តផ្សេងៗទៀតដូចជា៖ ការប្រគុំតន្ត្រីខ្នាតតូច, ហ្គេមសម្បូរបែបដោយទទួលបានរង្វាន់ភ្លាមៗ ដែលញុំាងឱ្យព្រឹត្តិការណ៍នេះកាន់តែអធិកអធមនិងរីករាយបំផុត។

ការរៀបចំពិព័រណ៍​នេះឡើង ស្របពេលដែលសេដ្ឋកិច្ចកំពុងបង្ហាញសញ្ញវិជ្ជមានល្អឡើង។​ ជាក់ស្តែង ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាកើនឡើង ១៦% ត្រឹមរយៈពេល ១១ ខែក្នុងឆ្នាំ ២០២៤ ដែលសម្រេចបានក្នុងទំហំទឹកប្រាក់គួរឱ្យកត់សម្គាល់ប្រមាណ ៥០ ពាន់លានដុល្លារអាមេរិក នេះបើយោងតាមទិន្នន័យក្រសួងពាណិជ្ជកម្ម។ ប្រភពដដែលបានបង្ហាញទៀតថា ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ក៏មានការកើនឡើងដល់ទៅ ១៤% ដែលមានទំហំទឹកប្រាក់សរុប ២៤​ពាន់លានដុល្លារអាមេរិក ខណៈការនាំចូលវិញ មានការកើនឡើង ១៧% ជាមួយទំហំទឹកប្រាក់ប្រមាណ ២៦ពាន់លានដុល្លារអាមេរិក។​

តួលេខទាំងនេះបានឆ្លុះបញ្ចាំងពីសារសំខាន់នៃភាពរីកចម្រើនរបស់ប្រទេសកម្ពុជាចូលរួមនៅក្នុងពាណិជ្ជកម្មពិភពលោកហើយព្រឹត្តិការណ៍ដូចជាពិព័រណ៍ពាណិជ្ជកម្មកម្ពុជានេះទៀតសោត បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់សម្ទុះនេះឱ្យកាន់តែខ្លាំងក្លាឡើង ដែលនឹងជួយពន្លឿនកំណើនសេដ្ឋកិច្ចសេដ្ឋកិច្ចកម្ពុជារីកចម្រើនជាលំដាប់។

ការគាំទ្ររបស់ធនាគារ វីង នៅក្នុងពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ ២០២៤ ឆ្លុះបញ្ចាំងពីបេសកកម្មរបស់ខ្លួនក្នុងការជួយទៅដល់អាជីវកម្ម សហគមន៍ ក៏ដូចជាចូលរួមកសាងខឿនសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ។ ធនាគារ វីង នៅតែប្រកាន់ខ្ជាប់នូវការគាំទ្ររបស់ខ្លួនចំពោះគំនិតផ្តួចផ្តើមដែលជំរុញការច្នៃប្រឌិត កិច្ចសហការ និងការអភិវឌ្ឍ៍ប្រកបដោយចីរភាពនៅទូទាំងប្រទេសកម្ពុជា។

លោក ហោ ប៊ុនថែ បានបន្ថែមទៀតថា៖ “នៅពេលយើងសម្លឹងទៅអនាគត ធនាគារ វីង ប្តេជ្ញាជំរុញបរិយាបន្នហិរញ្ញវត្ថុ និងបង្កើតឱកាសដែលអាចឱ្យអាជីវកម្ម និងអតិថិជនគ្រប់រូបរីកចម្រើនជាមួយគ្នា”។ តាមរយៈកិច្ចសហការដ៏ល្អជាមួយក្រសួងពាណិជ្ជកម្ម និងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀត យើងអាចត្រួសត្រាយអនាគតមួយដែលធ្វើឱ្យកម្ពុជាមានភាពលេចធ្លោ និងក្លាយខ្លួនជាមជ្ឈមណ្ឌលនវានុវត្តន៍, ពាណិជ្ជកម្ម, និងវិនិយោគដ៏ មានសក្តានុពលមួយនៅក្នុងតំបន់។

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ ២០២៤ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជាក្នុងការលើកកម្ពស់វឌ្ឍនៈភាពតាមរយៈការច្នៃប្រឌិត និងការសហការដ៏ល្អ ដោយធ្វើឱ្យប្រទេសកម្ពុជាជាមជ្ឈមណ្ឌលដ៏មានភាពទាក់ទាញនិងសក្តានុពលធំធេងសម្រាប់ការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅក្នុងតំបន់។