fbpx

ធនាគារ វីង, WingCommerce, អេមរុ រ៉ាយស៍ (Amru) និង សារជីវកម្មសហគមន៍កសិកម្មកម្ពុជា(CACC) សហការជំរុញផលិតកម្មកសិកម្មនិរន្តរភាពនៅកម្ពុជា

កុម្ភៈ 29, 2024

ឥឡូវនេះកសិករកាន់តែមានភាពងាយស្រួលដោយអាចប្រើប្រាស់ដំណោះស្រាយរួមមួយជាមួយនឹងការទទួលបានសេវាហិរញ្ញវត្ថុ និងការប្រើប្រាស់ទីផ្សារពាណិជ្ជកម្មអនឡាញ ដើម្បីជំរុញមុខរបរកសិកម្ម ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់កសិករឱ្យបានកាន់តែប្រសើរ។

ធនាគារ វីង, ផ្សារពាណិជ្ជកម្មអនឡាញ WingCommerce របស់ក្រុមហ៊ុន វីង អ៊ិនធើ ឡូជីស្ទីក ថេកណឡជី, ក្រុមហ៊ុនអេមរុ រ៉ាយស៍ (ខេមបូឌា) ឯ.ក និងក្រុមហ៊ុន សាជីវកម្មសហគមន៍កសិកម្ម កម្ពុជា ម.ក (CACC) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយ​ ដើម្បីរួមចំណែកលើកកម្ពស់ផលិតផលកម្មកសិកម្ម ក៏ដូចជាផលិតកម្មស្រូវអង្ករ និងជំរុញកសិកម្មប្រកបដោយនិរន្តរភាពនៅកម្ពុជា។

ពិធីចុះអនុស្សរណៈយោគយល់គ្នានេះត្រូវបានរៀបចំធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលលើកទី៤ ស្តីពី “កសិកម្មប្រកបដោយនិរន្តរភាព” នៅរាជធានីភ្នំពេញនាថ្ងៃទី ២៧-២៨ កុម្ភៈឆ្នាំ២០២៤។ កិច្ចប្រជុំនេះមានការចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗ​ពីវិស័យឯកជន និងមន្រ្តីរដ្ឋាភិបាល ដើម្បីចូលរួមពិភាក្សាជាមួយនឹងប្រធានបទ “ការអនុវត្តកសិកម្មបុនភាវកម្ម ឆ្ពោះទៅកសិកម្មកាបូនទាប” ដោយមានអ្នកចូលរួមប្រមាណ ៣៥០ នាក់។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកក្រុមហ៊ុន វីង អ៊ិនធើ ឡូជីស្ទីក ថេកណឡជី បានលើកឡើងថា៖ “កិច្ចការអាទិភាពរបស់យើងគឺការប្រើប្រាស់បច្ចេកវិទ្យាដើម្បីភ្ជាប់គម្លាតរវាងភាគីពាក់ព័ន្ធកសិកម្ម និងសេវាកម្មធនាគារឌីជីថល។ ជាមួយគ្នានេះ ថ្នាលឌីជីថល Wingagri  របស់យើងត្រូវបានបង្កើតឡើងដើម្បីជួយសម្រួលទៅដល់ភាគីពាក់ព័ន្ធក្នុងវិស័យកសិកម្ម តាមរយៈការផ្តល់ជូននូវដំណោះស្រាយដែលងាយស្រួលប្រើប្រាស់ និងមានប្រសិទ្ធភាពខ្ពស់”។

តាមរយៈការចុះអនុស្សរណៈយោគយល់នាពេលនេះ នឹងជួយសម្រួលសហគមន៍កសិករដែលជាសមាជិករបស់ក្រុមហ៊ុនអេមរុ រ៉ាយស៍ និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្ម អាចប្រើប្រាស់ថ្នាលឌីជីថល WingAgri របស់ WingCommerce ដែលជាទីផ្សារពាណិជ្ជកម្មអនឡាញដោយផ្តោតលើផលិតផលកសិកម្ម ដើម្បីពង្រីកសក្តានុពលទីផ្សារឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។ បន្ថែមលើនេះ សមាជិកសហគមន៍កសិករ ក៏អាចស្នើឥណទានពីធនាគារ វីង រហូតដល់ ១០០ លានរៀល ដោយមិនចាំបាច់មានទ្រព្យបញ្ចាំនោះឡើយ។

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ “ភាពជាដៃគូនេះមិនគ្រាន់តែជាកិច្ចសហការអាជីវកម្មប៉ុណ្ណោះទេ តែគឺជាការប្តេជ្ញាចិត្តដើម្បីបុព្វហេតុរួមចំណែកចំពោះប្រទេសកម្ពុជា។ យើងកំពុងរួមដំណើរជាមួយគ្នាក្នុងការសាបព្រួសគ្រាប់ពូជក្នុងការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព រួមជាមួយនឹងការផ្តល់គាំទ្រផ្នែកហិរញ្ញវត្ថុដែលចំាបាច់ ដើម្បីជួយឱ្យអនាគតរបស់កសិករគ្រប់រូបកាន់តែរីកចម្រើន”។

ក្រុមហ៊ុនអេមរុ​ រ៉ាយស៍ បន្តលើកកម្ពស់គំរូកិច្ចសន្យាផ្គត់ផ្គង់ជាមួយកសិករ ​រៀបចំជាមួយសហគមន៍កសិកម្មតាំងពីឆ្នាំ ២០១៣ សម្រាប់ផលិតផលអាហារសរីរាង្គ និងប្រកបដោយនិរន្តរភាព។​ បច្ចុប្បន្ន ការផ្គត់ផ្គង់ស្រូវសរីរាង្គជិត ៣០.០០០តោន គឺផ្គត់ផ្គង់ដោយកសិករប្រមាណជា​​ ៦.០០០ មកពី ៣៥ សហគមន៍កសិកម្ម ដែលរួមមាន ១៦.០០០គ្រួសារមកពីទូទាំង១៦ខេត្តសម្រាប់ការដាំដុះស្រូវ តាមរយៈគម្រោង​ជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) សម្របសម្រួលដោយសហព័ន្ធស្រូវអង្ករកម្ពុជា។

ក្រុមហ៊ុនអេមរុ រ៉ាយស៍ ក៏បានចេញផែនការដើម្បីពង្រីកកិច្ចសហការរបស់ខ្លួនជាមួយ ១៦.០០០ គ្រួសារកសិករ លើផ្ទៃដីដាំដុះប្រមាណ ២៥.០០០ ហិកតានៅក្នុងឆ្នាំ ២០២៤ ហើយគ្រោងបង្កើនឱ្យដល់ ១០០.០០០ ហិកតា ជាមួយ ៥០.០០០ គ្រួសារកសិករនៅត្រឹមឆ្នាំ ២០៣០។​

ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុ រ៉ាយស៍ បានលើកឡើងថា៖ “យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយដែលបានក្លាយជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញផលិតកម្មកសិកម្ម ក៏ដូចជាផលិតកម្មស្រូវរបស់កម្ពុជា ព្រមទាំងលើកកម្ពស់វិស័យកសិកម្មប្រកបដោយនិរន្តរភាពផងដែរ។ តាមរយៈការគាំទ្រទីផ្សារឌីជីថល ដោយអនុញ្ញាតឱ្យកសិករប្រើប្រាស់ដូចជាថ្នាលឌីជីថល Wingagri និងដំណោះស្រាយហិរញ្ញវត្ថុ​ពីធនាគារ វីង យើងមានគោលបំណងជួយទៅដល់សហគមន៍កសិកម្ម ក៏ដូចជាភាគីពាក់ព័ន្ធនានា ទទួលបានដំណោះស្រាយចាំបាច់ និង​ងាយស្រួលនៅក្នុងដំណើរការខ្សែច្រវាក់តម្លៃកសិកម្ម”។

ក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្ម ដែលមានក្រុមហ៊ុន អេមរុ រ៉ាយស៍ ​ជាភាគទុនិក​ផងនោះ គឺជាប្រភេទអាជីវកម្មដែលប្រតិបត្តិការផ្តោតលើយន្តការភាពជាដៃគូរដ្ឋ ឯកជន និងអ្នកផលិត ដោយជួយសម្របសម្រួលការធ្វើពាណិជ្ជកម្ម ការរក្សាទុក និងការគ្រប់គ្រងដំណាំកសិកម្មដែលទទួលបានពីកសិករ, សហករណ៍កសិកម្ម, និងពីក្រុមអ្នកផលិតកម្មកសិកម្មតាមកិច្ចសន្យា។

លោក កាន់ គន្ធី នាយកគ្រប់គ្រងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា បានលើកឡើងថា​៖ “តាមរយៈភាពជាដៃគូនេះ យើងកំពុងផ្តល់លទ្ធភាពទៅដល់កសិករអាចទទួលបានដំណោះស្រាយទំនើបៗដូចជា ថ្នាលឌីជីថល Wingagri និងការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏សំខាន់ពីធនាគារ វីង។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ គឺជាសក្ខីភាពមួយចំពោះការយកចិត្តទុកដាក់របស់យើងក្នុងការជំរុញវិស័យកសិកម្មប្រកបដោយនិរន្តរភាព និងនាំមកនូវភាពចម្រុងចម្រើនទៅដល់សិករគ្រប់រូប”។

ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទិផ្សារអន្តរជាតិបានបង្ហាញការកើនឡើងគួរឱ្យកត់សម្គាល់ ដោយសម្រេចបាន ៦៩០.០០០ តោន ដោយគិតចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣។ នេះបើយោងតាមទិន្នន័យដែលបានបង្ហាញនៅក្នុងកិច្ចប្រជុំកំពូលលើកទី៤ស្តីពី “កសិកម្មប្រកបដោយនិរន្តរភាព” ដែលបានរៀបចំធ្វើឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។ ទិន្នន័យបានឆ្លុះបញ្ជាំងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរឆ្ពោះទៅអភិវឌ្ឍសេដ្ឋកិច្ចដែលផ្តោតលើការធ្វើកសិ-ពាណិជ្ជកម្ម សំដៅកៀរគរប្រភពទុនពីកំណើនតម្រូវការចំពោះអាហារសរីរាង្គប្រកបដោយនិរន្តរភាព ដែលផលិតផលប្រភេទនេះនៅទូទាំងពិភពលោកមានតម្លៃដល់ទៅ ២០០​ ពាន់លានដុល្លារនៅក្នុងឆ្នាំ​២០២១ ហើយត្រូវបានព្យាករណ៍ថានឹងមានអត្រាកំណើនប្រចាំឆ្នាំប្រហែល ១៣% ពីឆ្នាំ២០២២ ដល់ឆ្នាំ២០៣០។

កិច្ចខិតខំប្រឹងប្រែងរួមគ្នានាពេលនេះបង្ហាញពីការបោះជំហានដ៏សំខាន់ឆ្ពោះទៅរកការលើកកម្ពស់វិស័យកសិកម្មរបស់ប្រទេសកម្ពុជា ជំរុញនិរន្តរភាព និងជួយសម្រួលដល់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងខ្សែច្រវាក់តម្លៃកសិកម្ម។ ការធ្វើសមាហរណកម្មបច្ចេកវិទ្យា និងដំណោះស្រាយហិរញ្ញវត្ថុដែលងាយស្រួលប្រើប្រាស់នឹងជួយត្រួសត្រាយផ្លូវ ដើម្បីជំរុញកំណើនផលិតកម្មកសិកម្ម ក៏ដូចជាបន្ថែមការយកចិត្តទុកដាក់ចំពោះបញ្ហាបរិស្ថានលើវិស័យកសិកម្មនៅកម្ពុជាផងដែរ៕