fbpx

យុទ្ធនាការកៀរគរថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា​តាមបណ្តាញធនាគារវីង ធនាគារវីងសហការជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា​ដើម្បីកៀរគរការបរិច្ចាគពីសប្បុរសជនដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំងនៅកម្ពុជា

មិថុនា 16, 2021

ធនាគារ វីង (ខេមបូឌា) ម.ក និង មូលនិធិគន្ធបុប្ផាកម្ពុជា បានសហការគ្នាដើម្បីកៀរគរថវិកាសម្រាប់មន្ទីរពេទ្យគន្ធបុប្ផាដែលជាមន្ទីរពេទ្យសប្បុរសធម៌ដ៏ធំបំផុត ក្នុងព្រះរាជាណាចក្រកម្ពុជា។

មន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប បានផ្តល់ការព្យាបាលប្រកបដោយគុណភាព និងវិជ្ជាជីវ:ខ្ពស់ ដល់ទារក និងកុមារដោយឥតគិតថ្លៃចាប់តាំងពីការបង្កើតឡើងវិញនៅឆ្នាំ១៩៩២ ដោយ លោកវេជ្ជបណ្ឌិត Beat Richner។ ទោះជាយ៉ាងណាក៏ដោយការរីករាតត្បាតពីវីរុសកូវីដ-១៩ បានធ្វើឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃចំនួនថវិកាបរិច្ចាគ តាមរយៈមូលនិធិគន្ធ-បុប្ផាកម្ពុជា។

លោក ហោ ប៊ុនថែ អគ្គនាយករងនៃធនាគារ វីង បានមានប្រសាសន៍ថា៖ “មន្ទីរពេទ្យគន្ធបុប្ផាបានព្យាបាលកុមាររាប់មិនអស់ និងបានជួយសង្គ្រោះជីវិតកុមាររាប់លាននាក់នៅក្នុងប្រទេសកម្ពុជា ​ក្នុងរយៈពេលជិត៣០ឆ្នាំ កន្លងមកនេះ។ ខណៈពេលដែលអនាគតនៃប្រទេសកម្ពុជាពឹងផ្អែកលើការរីកចម្រើន ក៏ដូចជាការអភិវឌ្ឍកុមារ, រាល់ការបរិច្ចាគដើម្បី​គាំទ្រចំពោះមន្ទីរពេទ្យដ៏អស្ចារ្យនេះ គឺពិតជាមានអត្ថន័យខ្លាំងណាស់ ដោយសារតែឥទ្ធិពលរបស់វាចំពោះសហគមន៍”។

តាមរយៈកិច្ចសហការនេះ ធនាគារវីងគាំទ្រដល់មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការទទួលការបរិច្ចាគ និងកៀរគរវិភាគទានសប្បុរសធម៌នានា។ យុទ្ធនាការនេះ នឹងត្រូវធ្វើឡើងជាមួយនឹងបណ្តាញនៃធនាគារវីង​ ដែលរួមមាន៖ គេហទំព័ររបស់វីង បណ្តាញសង្គម

កម្មវិធីស្មាតហ្វូនវីង និងភ្នាក់ងារវីងដែលមានជិត១០ ០០០ កន្លែងជាដើម។

តាងនាមឱ្យមូលនិធិគន្ធបុប្ផាកម្ពុជា, ឯកឧត្ដមបណ្ឌិត ចន ណារិទ្ធ ប្រធានលេខាធិការដ្ឋានមូលនិធិ បានថ្លែងអំណរគុណធនាគារវីងចំពោះកិច្ចសហការនេះ។ “ធនាគារវីង ក៏ដូចជាក្រុមហ៊ុននានាជាច្រើនទៀតនៅកម្ពុជា ដឹងពីសារសំខាន់ក្នុងការគាំទ្រសហគមន៍ និងជាពិសេសកុមារៗដែលកំពុងត្រូវការជំនួយ។ មូលនិធិគន្ធបុប្ផាកម្ពុជា រីករាយ និងស្វាគមន៍កិច្ចសហការ

រយៈពេលវែងជាមួយធនាគារវីង នេះ និងការខិតខំប្រឹងប្រែង ក៏ដូចជាការប្តេជ្ញាចិត្តរបស់របស់ធនាគារក្នុងការផ្តល់នូវការគាំទ្រ

ពីបុគ្គលិក និងអតិថិជន ចូលរួមក្នុងយុទ្ធនាការនះ។”

មន្ទីរពេទ្យគន្ធបុប្ផាចំណាយថវិកាអស់ជិត ៤០ លានដុល្លារ សម្រាប់ប្រតិបត្តិការក្នុងឆ្នាំកន្លងទៅ។ កុមារជាង ៦៣៩ ២៦០ នាក់ បានមកទទួលការពិនិត្យ និងព្យាបាលនៅឯមន្ទីរពេទ្យគន្ធបុប្ផា។ អ្នកជំងឺធ្ងន់ធ្ងរចំនួន ១៣៣ ០២៦ នាក់ បានមកសម្រាក និងព្យាបាលក្នុងមន្ទីរពេទ្យដោយឥតគិតថ្លៃ នៅក្នុងឆ្នាំ២០២០ កនុ្លងទៅនេះ។

ក្រៅពីការព្យាបាលកុមារ មន្ទីរពេទ្យគន្ធបុប្ផា (ឬមន្ទីរពេទ្យជ័យវរ្ម័នទី៧) នៅក្នុងខេត្តសៀមរាបក៏មានបន្ទប់សម្ភព និងសម្រាលកូនផងដែរ។ នៅឆ្នាំ២០២០ ស្ត្រីមានផ្ទៃពោះចំនួន ១៣២ ៤៤៣ នាក់ បានមកពិនិត្យ និងព្យាបាល ហើយមានស្ត្រីចំនួន ២៥ ៧៧១ នាក់ បានសម្រាលកូនក្នុងមន្ទីរពេទ្យគន្ធបុប្ផានេះ។