fbpx

បុគ្គលិកវីងស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាម ខណៈពេលចំនួនអ្នកបរិច្ចាគឈាមកំពុងធ្លាក់ចុះ

សីហា 14, 2020

វីងបានរៀបចំកម្មវិធី “សង្គ្រោះជីវិត បរិច្ចាគឈាម”ដើម្បីអបអរខួប១២ឆ្នាំដែល​វីងបានផ្តល់សេវាកម្ម ផ្នែកហិរញ្ញវត្ថុតាមបែបឌីជីថលនៅកម្ពុជា

ភ្នំពេញ ១២​ សីហា ២០២០ —ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត រៀបចំកម្មវិធីបរិច្ចាគឈាម​ ដើម្បីអបអរខួប១២​ឆ្នាំរបស់ខ្លួននាថ្ងៃទី១២ និងជាការផ្តល់​ត្រឡប់​ទៅ​សហគមន៍​វិញ។

យុទ្ធនាការ“សង្គ្រោះជីវិត បរិច្ចាគឈាម” របស់វីងធ្វើឡើងក្នុងគោលបំណងដើម្បីដោះស្រាយកង្វះខាត នៃការបរិច្ចាគឈាម ខណៈពេលដែលជំងឺកូវីដ១៩កំពុងបន្តរាតត្បាត។

លោក សុខ ប៉ូ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បានលើកឡើងថា​ ការ​ធ្លាក់​ចុះនៃអ្នក​បរិច្ចាគ​ឈាម​បណ្តាល​រូមផ្សំមកពីពួកគេមិនហ៊ានមកបរិច្ចាគនៅមជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ ដោយ​សារ​ព្រួយ​បារម្ភ​ពីការ​ឆ្លង​ជំងឺ​កូវីដ១៩​ ជាដើម។​

លោក សុខ ប៉ូ បានមានប្រសាសន៍ថា៖ «គិតត្រឹម៦ខែដំបូងដើមឆ្នាំ២០២០នេះ អត្រា​ការ​បរិច្ចាគឈាម​បាន ធ្លាក់ចុះ​​ ប្រមាណ ១១ ភាគរយ។ អ្នក​ជំងឺ​មួយចំនួន​ត្រូវ​ការ​​បញ្ចូល​ឈាម​ជាបន្ទាន់ ​ប៉ុន្តែ​ក្រុម​គ្រួសារ​របស់​ពួកគេពិបាករកប្រភេទឈាមដែលត្រូវ »។ ​

លោកបានបន្តថា៖«ខ្ញុំពិតជាកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់វីង ដែលបានលើកទឹកចិត្តឱ្យ​បុគ្គលិក​ធ្វើ​ការបរិច្ចាគ​ឈាម​ដោយស្ម័គ្រចិត្ត​ ដែល​វានឹង​ផ្តល់​អត្ថប្រយោជន៍​ដល់អ្នកជំងឺ​ជាច្រើន​នៅទូទាំង​ប្រទេស​កម្ពុជា។​​ ទង្វើ​នេះ​បង្ហាញ​ពីការប្តេជ្ញាចិត្តក្នុងការជួយសង្គមក្នុងគ្រាដ៏លំបាកនេះ។ វីង​មិន​ត្រឹម​តែ​ជួយ​ប្រជាជនឱ្យ​មាន​ជីវភាព​ប្រចាំថ្ងៃ​កាន់​តែ​ប្រសើរ​តាម​រយៈការ​ផ្តល់​សេវា​កម្មហិរញ្ញវត្ថុ​ប៉ុណ្ណោះទេ​ តែវីង​ថែម​ទាំង​ធ្វើ​ជា​គំ​រូ​ល្អ​ដល់​ក្រុម​ហ៊ុន​ដ៏ទៃ​ផ្សេងទៀតផងដែរ»។

ក្នុងនាមជាអ្នកអភិវឌ្ឍន៍សេវាហិរញ្ញវត្ថុឈានមុខគេ ​វីងបានដាក់បញ្ចូលនូវស្មារតីដ៏​រឹង​មាំ​ក្នុង​ការ​ជួយ​សហគមន៍នៅ​​ក្នុង​សកម្មភាព​អាជីវកម្មប្រចាំថ្ងៃ។ ទាំងភ្នាក់ងារវីង និងដៃគូអាជីវកម្ម​ជា​ច្រើនតែងតែ​គាំទ្រ​ការអភិវឌ្ឍ​សង្គម​និងកម្មវិធីផ្សេងៗ រួមមានទាំងយុទ្ធនាការ“សង្គ្រោះជីវិត បរិច្ចាគឈាម”ដែលបានប្រព្រឹត្តនា​ពេលនេះ​ផង​ដែរ​។​​

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង បានមានប្រាសន៍ថា​៖ «ការបរិច្ចាគឈាម​គឺជាមធ្យោបាយ​ដ៏មាន​សុវត្ថិភាព​ ​និង​ងាយស្រួលមួយដែលយើងអាចធ្វើបានសម្រាប់ជួយដល់សហគមន៍នៅពេល​ដែល​មាន​តម្រូវ​ការជា​ចាំបាច់។​ រាល់ដំណក់ឈាមនីមួយៗ​គឺសុទ្ធតែជាក្តីសង្ឃឹម។ ​ខ្ញុំសូម​ថ្លែង​អំណរ​គុណ​ដល់​បុគ្គលិករបស់​យើង​ចំពោះ​ការប្តេ​ជ្ញាចិត្ត​ជួយដល់សហគមន៍​តាមរយៈការបរិច្ចាគឈាមដើម្បីជួយដល់អ្នកជំងឺ​​ដែលកំពុងត្រូវ​ការឈាម​សម្រាប់ព្យាបាល»។

លោក ឡៅ សៀងហៃ នាយកគ្រប់គ្រងធនធានមនុស្សនៃធនាគារឯកទេស​​ វីង បានឲ្យដឹងថា៖​ «នៅពេលដែល​អ្នកក្លាយជា​ផ្នែក​មួយ​របស់​​វីង ​យើង​មិន​ត្រឹម​តែផ្តោ​តលើ​ការ​ងារតែប៉ុ​ណ្ណោះទេ យើងតែងតែលើកទឹកចិត្ត​ក្រុម​ការ​ងារ​របស់​​យើង​ឱ្យ​ចូល​រួម​ធ្វើឲ្យកម្ពុជាកាន់តែល្អប្រសើរ។ បន្ថែមទៅលើ​ប្រតិបត្ដិការអាជីវកម្ម យើងមានគោលបំ​ណង​ចូលរួមចំណែកឱ្យ​កាន់តែច្រើន​ទៅក្នុងកិច្ចការសហគមន៍កម្ពុជាតាមរយៈ​ស្មារតី​នៃការស្ម័គ្រចិត្ត»។

ក្នុងចំណោមបុគ្គលិកវីងជាច្រើននាក់ដែលបានបរិច្ចាគឈាម កញ្ញា ភី យូឡែន​ ប្រធានគ្រប់គ្រងស្តីទី ផ្នែក​បំណែង​ចែក​ទីផ្សារ​​ ក៏បានចូលរួមចំណែកនាថ្ងៃនេះផងដែរ។ កញ្ញា យូឡែន​ បាននិយាយថា កញ្ញាមានក្តីរីករាយ​ដែលបានបរិច្ចាគឈាមនាថ្ងៃនេះ ព្រោះ​វា​អនុញ្ញាត​ឱ្យ​នាង​ជួយ​ដល់​អ្នក​ដែលមានតម្រូវការចាំបាច់​។



ដូចជាសប្បុរសជនដ៏ទៃផ្សេងទៀតដែរ កញ្ញា យូឡែន ​ត្រូវបានផ្តល់ជូនប័ណ្ឌបរិច្ចាគឈាមស្ម័គ្រចិត្ត ​ដែល​បញ្ជាក់​ពីការ​គាំ​ទ្ររ​​បស់នាងចំពោះបុព្វហេតុសង្គ្រោះជីវិត។

​កញ្ញា យូឡែន ​បាននិយាយថា​៖ «ពេល​ដឹងថាវីងរៀបចំកម្មវិធីស្ម័គ្រចិត្តបរិច្ចាគឈាម ខ្ញុំបានចុះឈ្មោះភ្លាម ដោយ​ឥត​ស្ទាក់​ស្ទើព្រោះមានអារម្មណ៍ថាខ្ញុំកំពុងតែជួយជីវិតមនុស្សម្នាក់។ ខ្ញុំមាន​មោទ​នភាព​ជា​ផ្នែក​មួយ​របស់វីង​ ព្រោះ​មិនត្រឹម​តែឱកាសការងារ​ប៉ុណ្ណោះទេ វីង​តែងតែ​ផ្ដល់​ឱកាស​អោយ​ខ្ញុំអាចចូល​រួម​ចំនែក​បាន​យ៉ាង​ច្រើន​ក្នុងការ​ជួយសង្គម។ ការបរិច្ចាគឈាមគឺប្រៀបដូចជាការផ្ដល់ជីវិតមួយ ​ដូច្នេះសូមកុំស្ទាក់ស្ទើរ​ក្នុងការ ចូលរួម»​។