ការប្រើប្រាស់ទម្រង់កម្មវិធីវីងភ័ញ
(WingPoints Platform)
សូមអានខចែង និងលក្ខខណ្ឌខាងក្រោម ដោយយកចិត្តទុកដាក់មុនពេលចុះឈ្មោះ ចូលទៅប្រើប្រាស់ ឬប្រើប្រាស់កម្មវិធីវីងភ័ញ (WingPoints) នៅលើកម្មវិធីទូរសព្ទវីងសម្រាប់ពាណិជ្ជកររបស់លោកអ្នក ឬទម្រង់កម្មវិធី ស្រដៀងគ្នាណាមួយ (តទៅនេះហៅថា ទម្រង់កម្មវិធីវីងភ័ញ (WingPoints Platform) នៅលើឧបករណ៍ណាមួយ និង/ឬ មុនពេលទទួលបានសេវាកម្មណាមួយ ដែលផ្តល់ដោយវីងនៅលើទម្រង់កម្មវិធីវីងភ័ញ (WingPoints Platform) ដែលអាចមានរួមបញ្ចូលសេវាកម្មដូចជា ការចេញពិន្ទុ (point) និងការចេញបណ្ណតំណាងសាច់ប្រាក់ (coupon and voucher) ការចាប់ឆ្នោត ការបើករង្វាន់ សេវាកម្មទីផ្សារ និង/ឬ សេវាកម្មផ្សេងទៀត ដែលអាចផ្តល់ជូនដោយវីងនៅលើទម្រង់កម្មវិធីវីងភ័ញ (WingPoints Platform) (តទៅនេះហៅថា កម្មវិធីវីងភ័ញ (WingPoints Program)។ ដើម្បីជៀសវាងការសង្ស័យ លក្ខខណ្ឌទាំងនេះត្រូវបានអនុវត្តចំពោះសេវាកម្មវីងទាំងអស់ ទោះបីជាសេវាកម្មទាំងនេះត្រូវបានផ្តល់ដោយផ្ទាល់ ឬ ដោយភ្នាក់ងាររបស់ខ្លួន / សម្ព័ន្ធក្រុមហ៊ុនរបស់ខ្លួន។
កម្មសិទ្ធិបញ្ញា
- (i) វីងគឺជាម្ចាស់កម្មសិទ្ធិផ្តាច់មុខ និងទាំងស្រុងលើសិទ្ធិ ឈ្មោះ និងផលប្រយោជន៍លើទិន្នន័យដែលប្រមូលបានដោយវីងពីអតិថិជនរបស់លោកអ្នក ឬអ្នកប្រើប្រាស់ចុងក្រោយ របស់វីងដែលទាក់ទងនឹង កម្មវិធីវីងភ័ញ (WingPoints Program) រួមមាន អ៊ីម៉ែល និង/ឬ ព័ត៌មានទំនាក់ទំនងផ្សេងទៀត (“ទិន្នន័យអតិថិជន”)។ ក្នុងករណីនេះ លោកអ្នកមិនត្រូវបានផ្តល់ការអនុញ្ញាតចូលទៅកាន់ទិន្នន័យអតិថិជន ឡើយ លើកលែងតែអតិថិជនប្រើប្រាស់វិធីផ្សេងទៀតសម្រាប់ផ្តល់ព័ត៌មានទំនាក់ទំនងដល់លោកអ្នក។
- (ii) វីងជាម្ចាស់លើសិទ្ធិ ឈ្មោះ និងអត្ថប្រយោជន៍ទាំងអស់លើកម្មវិធីវីងភ័ញ (WingPoints Program) រួមទាំង សិទ្ធិលើកម្មសិទ្ធិបញ្ញា និងការ កែលម្អ ការកែសម្រួល ឬការធ្វើអោយប្រសើរឡើងលើកម្មសិទ្ធិបញ្ញាទាំងនោះ។ លើកលែងតែមានចែងក្នុងកិច្ចព្រមព្រៀង សិទ្ធិទាំងអស់ដែលមិនបានផ្តល់ឱ្យលោកអ្នក ត្រូវបានរក្សាទុក។
- (iii) វីងអនុញ្ញាតឱ្យលោកអ្នកចូលទៅកាន់ទម្រង់កម្មវិធីវីងភ័ញ (WingPoints Platform) និងប្រើកម្មវិធីគេហទំព័រសម្រាប់ពាណិជ្ជកររបស់វីង (“Portal”) សម្រាប់គោលបំណងអាជីវកម្មផ្ទៃក្នុង ដោយមានកំណត់ មិនអាចផ្ទេរបាន មិនផ្តាច់មុខ និងអាចដកហូតការប្រើប្រាស់វិញបាន ដរាបណាគណនីវីងរបស់លោកអ្នក នៅតែមានដំណើរការ និងសកម្ម។ ប្រសិនបើវីងផ្តល់អោយលោកអ្នកនូវលេខសម្ងាត់ ដើម្បីចូលទៅកាន់កម្មវិធីគេហទំព័រ សម្រាប់ពាណិជ្ជកររបស់វីង (Portal) លោកអ្នកត្រូវទទួលខុសត្រូវទាំងស្រុងចំពោះការការពារលេខសម្ងាត់ និងចំពោះការប្រើប្រាស់ដោយមាន ឬគ្មានការអនុញ្ញាតណាមួយ ក្នុងការប្រើប្រាស់លេខសម្ងាត់នេះ។ កម្មវិធីគេហទំព័រសម្រាប់ពាណិជ្ជកររបស់វីង (Portal) ប្រភពកូដទាំងអស់ និងសិទ្ធិអ្នកនិពន្ធ កម្មសិទ្ធិបញ្ញាផ្សេងទៀតដែលពាក់ព័ន្ធ គឺជាកម្មសិទ្ធិផ្តាច់មុខរបស់វីងតែមួយគត់។ លោកអ្នកមិនត្រូវអនុញ្ញាតឱ្យតតិយជនប្រើប្រាស់លេខសម្ងាត់របស់លោកអ្នក ឬ ចូលទៅប្រើកម្មវិធីគេហទំព័រសម្រាប់ពាណិជ្ជកររបស់វីង (Portal)។ វីងមានសិទ្ធិបញ្ចប់អាជ្ញាប័ណ្ណដែលបានផ្តល់ជូនលោកអ្នកភ្លាមៗ ក្នុងករណីដែលលោកអ្នកបានបំពានលក្ខខណ្ឌ ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀង ឬទោះបីពុំមានកំហុសណាមួយក៏ដោយ គណនីវីងរបស់លោកអ្នកក៏អាចត្រូវបានបិទតាមឆន្ទានុសិទ្ធិរបស់វីង។
ការដាក់កំហិត
លោកអ្នក៖
- (i) នឹងប្រើប្រាស់កម្មវិធីទូរស័ព្ទ សម្រាប់ពាណិជ្ជកររបស់វីង ក្នុង គោលបំណងអាជីវកម្មផ្ទៃក្នុងរបស់លោកអ្នកតែមួយគត់។ និង
- (ii) សម្រាប់ខ្លួនលោកអ្នក សម្ព័ន្ធអាជីវកម្មណាមួយរបស់លោកអ្នក ឬ តតិយភាគីណាមួយ លោកអ្នកមិនត្រូវ៖
- ក. លក់ ជួល ផ្តល់អាជ្ញាប័ណ្ណ ឬ ផ្តល់អាជ្ញាប័ណ្ណបន្ត ប្រគល់សិទ្ធិ ចែកចាយ ឬផ្ទេរទម្រង់កម្មវិធីវីងភ័ញ (WingPoints Platform)។
- ខ. កែប្រែ ផ្លាស់ប្តូរ កែច្នៃ បង្កើតស្នាដៃចម្លងក្លែងក្លាយ បកប្រែទិន្នន័យ បំបែក រុះរើ បង្កើតឡើងវិញ បកប្រែ ឬរុករកប្រភពកូដនៃគំនិតបង្កើតទម្រង់កម្មវិធីនេះ មូលដ្ឋានទម្រង់ ទ្រង់ទ្រាយឯកសារ កម្មវិធី ឬ សម្ព័ន្ធអន្តរប្រតិបត្តិការនៃកម្មវិធីវីងភ័ញ (WingPoints Program)។
- គ. ថតចម្លងទម្រង់ជាក់ស្តែងណាមួយ របស់កម្មវិធីវីងភ័ញ (WingPoints Program)។ និង
- ឃ. ដកចេញពីកម្មវិធីវីងភ័ញ (WingPoints Program) នូវភាសា ឬការរចនាណាមួយដែលបង្ហាញពីលក្ខណៈជាសំងាត់របស់វា ឬសិទ្ធិជាកម្មសិទ្ធិលើវីងភ័ញ (WingPoints)។
លើសពីនេះទៀត លោកអ្នកមិនត្រូវទាញយក ទាញយកឡើងវិញ ឬអនុញ្ញាតឱ្យតតិយភាគីណាមួយ ទាញយក ឬទាញយកឡើងវិញដោយផ្ទាល់ ឬដោយប្រយោលនូវកម្មវិធីវីងភ័ញ (WingPoints Program) ដែលការទាញយកនេះត្រូវបានហាមឃាត់ដោយច្បាប់ជាធរមាន ប្រសិនបើគ្មានការត្រួតពិនិត្យ និងអនុញ្ញាតត្រឹមត្រូវ។ វីងរក្សាសិទ្ធិទាំងស្រុងរបស់ខ្លួន ដើម្បីយល់ព្រម កែប្រែ ឬបដិសេធ ការទំនាក់ទំនង ឬសំណើទាក់ទង ឬសារទៅអតិថិជនរបស់លោកអ្នក ឬអ្នកប្រើប្រាស់វីងចុងក្រោយណាមួយ ដែលធ្វើឡើងតាមរយៈកម្មវិធីវីងភ័ញ (WingPoints Program)។
ការភ្ជាប់គម្រោង
- (i) ការភ្ជាប់គម្រោង គឺមានរយៈពេលមិនកំណត់ អាស្រ័យតាមឆន្ទៈរបស់អតិថិជន។
- (ii) ជាលទ្ធផលនៃកិច្ចព្រមព្រៀងនេះ លោកអ្នកនឹងត្រូវបានចុះឈ្មោះ ភ្ជាប់គម្រោង ដែលនឹងចាប់ផ្តើមនៅពេលណាមួយក្នុងរយៈពេលហុកសិប (៦០) ថ្ងៃ នៃការទទួលយកកិច្ចព្រមព្រៀងហើយវីងរក្សាសិទ្ធិក្នុងការកែប្រែលើការចូលជាធរមាននេះ ក្នុងរយៈពេលដែលបានផ្តល់ជូន។
ថ្លៃសេវា ល័ក្ខខ័ណ្ឌកំណត់តម្លៃ និងការទូទាត់ និងពន្ធ
- (i) វីងរក្សាសិទ្ធិក្នុងការគិតថ្លៃសេវាដែលបានកំណត់ជាមុនដែលត្រូវបង់សម្រាប់កម្មវិធីវីងភ័ញ (WingPoints Program) នៅពេលណាមួយបន្ទាប់ពីការជូនដំណឹងជាមុនដល់លោកអ្នកក្នុងរយៈពេលសាមសិប (៣០) ថ្ងៃ។ ថ្លៃសេវានេះនឹងមិនត្រូវបានផ្លាស់ប្តូររហូតដល់ការចាប់ផ្តើមនៃការភ្ជាប់គម្រោងសារជាថ្មី។
- (ii) ជាការផ្តល់ជូនតម្លៃពិសេស សម្រាប់ការចុះឈ្មោះចូលក្នុងកម្មវិធីវីងភ័ញ (WingPoints Program) គឺ ០,០០ ដុល្លារក្នុងមួយខែ សម្រាប់រយៈពេលនៃការភ្ជាប់គម្រោងដំបូង។
យ៉ាងណាមិញ ដៃគូអាជីវកម្មនីមួយៗនឹងផ្តល់ការបញ្ចុះតម្លៃលើប្រតិបត្តិការទាំងអស់ ដែលបានធ្វើឡើងតាមរយៈការប្រើប្រាស់បណ្តាញវីង។ អាស្រ័យលើវិសាលភាពនៃការបញ្ចុះតម្លៃ ពាណិជ្ជករនីមួយៗនឹងត្រូវបានចាត់ថ្នាក់ជាក្រុមជាក់លាក់ ហើយនឹងទទួលបានការថែម និង/ឬអត្ថប្រយោជន៍ ទៅតាមប្រភេទក្រុមនីមួយៗនោះ។
វីងនឹងបំលែងតម្លៃនៃការបញ្ចុះតំលៃទៅជាពិន្ទុ និងផ្តល់រង្វាន់សមាមាត្រទៅនឹងពិន្ទុដែលបានបំលែងនោះ ដល់អតិថិជន (បុគ្គលដែលបានធ្វើប្រតិបត្តិការ) ហើយធ្វើការទូទាត់ចុងក្រោយសម្រាប់ប្រតិបត្តិការដូចខាងក្រោម៖
- (i) កម្មវិធីវីងភ័ញ (WingPoints Program) នឹងជះឥទ្ធិពលដល់ អត្ថប្រយោជន៍របស់ពាណិជ្ជករ បន្ទាប់ពីកាត់ថ្លៃប្រតិបត្តិការ (MDR) និងតម្លៃនៃការបញ្ចុះតម្លៃ ដែលផ្តល់ជូនដោយពាណិជ្ជករ យោងតាមដំណើរការទូទាត់ដែលកំពុងដំណើរការ (ប្រចាំថ្ងៃ/ប្រចាំសប្តាហ៍។ ល។)។
- (ii) នៅពេលដែលលោកអ្នក ផ្តល់ព័ត៌មានអំពីការបង់ប្រាក់របស់លោកអ្នកទៅវីង លោកអ្នកកំពុងផ្តល់ការអនុញ្ញាតឱ្យវីងធ្វើប្រតិបត្តិការ រាល់ការបង់ប្រាក់ ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀង។
- (iii) អ្នកនឹងទទួលខុសត្រូវចំពោះការលក់ ការប្រើប្រាស់ អាករលើតម្លៃបន្ថែម ឬពន្ធនាំចូល កាតព្វកិច្ចគយ ឬពន្ធស្រដៀងគ្នា ស្របតាមច្បាប់ជាធរមាន ទាក់ទងទៅនឹងការផ្តល់កម្មវិធីវីងភ័ញ (WingPoints Program) ។
- (iv) នៅពេលការបញ្ចុះតម្លៃត្រូវបានផ្តល់ជូន លោកអ្នកបោះបង់ចោលសិទ្ធិក្នុងការទទួលបានតម្លៃនៃការបញ្ចុះតម្លៃនេះ ទោះបីជាក្នុងទម្រង់ ជាសាច់ប្រាក់ ឬពិន្ទុ ឬជារូបិយប័ណ្ណ ផ្សេងទៀត ដែលវីងជ្រើសរើសដើម្បីបំលែងតម្លៃនៃការបញ្ចុះតម្លៃនេះ។
- (v) ក្រៅពីនោះ វីងអាចផ្អាក ឬបញ្ចប់កិច្ចព្រមព្រៀង និងសិទ្ធិប្រើប្រាស់ និងសិទ្ធិក្នុងការប្រើគ្រប់ផ្នែក ឬផ្នែកណាមួយនៃកម្មវិធីវីងភ័ញ (WingPoints Program) តាមឆន្ទានុសិទ្ធិរបស់ខ្លួន នៅពេលណាមួយ ដោយជូនដំណឹងតាមអេឡិចត្រូនិក ឬវិធីផ្សេងទៀតដល់លោកអ្នក ប្រសិនបើអ្នកមិនបានបង់ប្រាក់គ្រប់ចំនួន តាមកាលបរិច្ឆេទ ឬមុនកាលបរិច្ឆេទកំណត់សម្រាប់ការទូទាត់ប្រាក់ ឬចំពោះការរំលោភបំពានលើខចែង និងលក្ខខណ្ឌទាំងនេះ ឬណាមួយនៃកិច្ចព្រមព្រៀង ឬឯកសារភ្ជាប់ទៅនឹងខចែង និងលក្ខខណ្ឌ រួមទាំងតំណភ្ជាប់ណាមួយដែលមាននៅក្នុងកិច្ចព្រមព្រៀង ឬ ខចែង និងលក្ខខណ្ឌនេះ។ លោកអ្នកត្រូវទទួលខុសត្រូវបង់ចំនួនទឹកប្រាក់ ដែលនៅមិនទាន់ទូទាត់គិតត្រឹមកាលបរិច្ឆេទបញ្ចប់ រួមទាំងថ្លៃលុបចោលមុនពេលកំណត់។ លោកអ្នកយល់ព្រមបង់ថ្លៃសេវាមេធាវី និងការចំណាយនៅតុលាការ ដែលបានចំណាយដោយវីង ក្នុងការប្រមូលចំនួន ទឹកប្រាក់ដែលលោកអ្នកមិនទាន់បានបង់។
- (vi) វីងផ្តល់ជូននូវលក្ខណៈស្តង់ដារនៃកម្មវិធីវីងភ័ញ (WingPoints Program)។ ប៉ុន្តែក្នុងករណីមានការតំឡើងស្មុគស្មាញ (រាប់បញ្ចូលទាំងការតម្លើងដែលត្រូវការជំនួយគាំទ្រពីតតិយភាគី ឬអ្នកបច្ចេកទេស ខាងក្រៅដើម្បីបញ្ចប់ការតំឡើង) វីងនឹងផ្តល់ការគាំទ្របច្ចេកទេសរហូតដល់រយៈពេលមួយម៉ោង។ ការគាំទ្រផ្នែកបច្ចេកទេសដែលលើសពីរយៈពេលមួយម៉ោងនឹងត្រូវបានគិតថ្លៃ ១០០,០០ ដុល្លារក្នុងមួយម៉ោងពីពាណិជ្ជករ។
លក្ខខណ្ឌដើម្បីទទួលបាន
កម្មវិធីវីងភ័ញ (WingPoints Program) មិនអនុញ្ញាតសំរាប់បុគ្គលដែលមានអាយុក្រោម ១៨ ឆ្នាំ ឬ អ្នកណាម្នាក់ដែលត្រូវបានបញ្ឈប់ ឬដកហូតសិទ្ធិដោយវីងពីការទទួលបានកម្មវិធីវីងភ័ញ (WingPoints Program) ឬចូលប្រើប្រាស់ទម្រង់កម្មវិធីវីងភ័ញ (WingPoints Platform)។ តាមរយៈការទទួលយកខចែង និងលក្ខខណ្ឌ ឬដោយប្រើកម្មវិធីវីងភ័ញ (WingPoints Program) លោកអ្នកអះអាងថាលោកអ្នកមានអាយុយ៉ាងតិច ១៨ ឆ្នាំហើយមិនត្រូវបានបញ្ឈប់ ឬដកហូតសិទ្ធិដោយវីង ឬមិនគ្រប់លក្ខខណ្ឌដោយសារហេតុផលណាមួយពីការទទួលបានកម្មវិធីវីងភ័ញ (WingPoints Program) ពីមុនមកនោះទេ។
លើសពីនេះទៀត លោកអ្នកអះអាង និងធានាថា លោកអ្នកមានសិទ្ធិ និងសមត្ថភាពក្នុងការចុះទៅក្នុងកិច្ចព្រមព្រៀង និងគោរពរាល់ខចែង និងលក្ខខណ្ឌ ទាំងអស់ដែលមានក្នុងកិច្ចព្រមព្រៀង។ លោកអ្នកមិនត្រូវក្លែងបន្លំរូបវ័ន្តបុគ្គល ឬនីតិបុគ្គល ឬអះអាងក្លែងក្លាយអំពីអត្តសញ្ញាណ អាយុ ឬទំនាក់ទំនងជាមួយរូបវ័ន្តបុគ្គល ឬនីតិបុគ្គលណាមួយឡើយ។ ជាចុងក្រោយ ក្នុងករណីមានការបំពានលើខចែង និងលក្ខខណ្ឌទាំងនេះ វីងរក្សាសិទ្ធិក្នុងការផ្អាក ឬរារាំងលោកអ្នកពីការប្រើប្រាស់កម្មវិធីវីងភ័ញ (WingPoints Program)។
គោលការណ៍ទំនាក់ទំនង
ដោយទទួលយកខចែង និងលក្ខខណ្ឌទាំងឡាយ លោកអ្នកយល់ព្រមដូចខាងក្រោម៖
- (i) វីងអាចផ្ញើសាររំលឹកទៅកាន់លេខទូរស័ព្ទ ដែលលោកអ្នកបានផ្តល់ នៅពេលចុះឈ្មោះក្នុង ទម្រង់កម្មវិធីវីងភ័ញ (WingPoints Platform) សម្រាប់សេវាកម្ម ឬលេខទូរស័ព្ទដែលលោកអ្នកបានផ្តល់អោយជាថ្មីនៅលើ ទម្រង់កម្មវិធីវីងភ័ញ (WingPoints Platform) ឬតាមរយៈ អ៊ីម៉ែល ឬការលោតឡើងនូវការជូនដំណឹង។ សាររំលឹកនេះនឹងត្រូវបានទទួលតាមរយៈ SMS ប្រសិនបើទូរស័ព្ទដៃអ្នកស្ថិតក្នុងទម្រង់ 'បើក' ទទួលសារ SMS, តាមរយៈអ៊ីម៉ែល ប្រសិនបើប្រព័ន្ធផ្ទុកទិន្នន័យអ៊ីម៉ែល និងអ៊ីម៉ែលមានមុខងារដំណើរការ និង តាមរយៈការលោតឡើងនូរការជូនដំណឹង ប្រសិនបើអ្នកប្រើប្រាស់បានបើកការទទួលការជូនដំណឹងបែបនេះ។ ប្រសិនបើទូរស័ព្ទដៃលោកអ្នកស្ថិតនៅក្នុងទម្រង់ 'បិទ' ឬប្រសិនបើប្រព័ន្ធផ្ទុកទិន្នន័យអ៊ីម៉ែល មិនដំណើរការ ឬប្រសិនបើការលោតឡើងនូរការជូនដំណឹងត្រូវបានបិទ នោះអ្នកមិនអាចទទួលបានសាររំលឹកនេះទាល់តែសោះ ឬទទួលបានសារយឺត។
- (ii) វីងនឹងខិតខំប្រឹងប្រែង ដើម្បីផ្តល់សាររំលឹកតាមរយៈការជូនដំណឹងតាមសារ SMS / អ៊ីម៉ែល / ការលោតឡើងជូនដំណឹង ហើយវាត្រូវបានចាត់ទុកថា លោកអ្នកនឹងទទួលបានព័ត៌មាន ដែលបានផ្ញើពីវីងជាសាររំលឹកតាមលេខទូរស័ព្ទ ឬអាសយដ្ឋានអ៊ីម៉ែលដែលបានផ្តល់ក្នុងកំឡុងពេលប្រើប្រាស់ទម្រង់កម្មវិធីវីងភ័ញ (WingPoints Platform) ឬទទួលបានកម្មវិធីវីងភ័ញ (WingPoints Program)។ វីងមិនមានកាតព្វកិច្ចបញ្ជាក់ពីភាពត្រឹមត្រូវរបស់បុគ្គល ដែលបានទទួលសាររំលឹកឡើយ។ លោកអ្នកមិនអាចឱ្យវីងទទួលខុសត្រូវចំពោះការមិនទទួលបានសារជូនដំណឹង ការជូនដំណឹង ការលោតឡើងជូនដំណឹងតាមវិធីណាក៏ដោយ។
- (iii) សេវានៃការជូនដំណឹងតាមសារ SMS អ៊ីម៉ែល ការលោតឡើងការជូនដំណឹង គឺជាការផ្តល់ បន្ថែមដោយវីង ដែលផ្តល់ជូនសម្រាប់ភាពងាយស្រួលរបស់លោកអ្នក ហើយវាអាចងាយនឹងមានកំហុស ការលុបចោល និង/ឬភាពមិនត្រឹមត្រូវ។ ក្នុងករណីដែលលោកអ្នកសង្កេតឃើញនូវកំហុសណាមួយនៃព័ត៌មាន ដែលមាននៅក្នុងសាររំលឹកនេះ លោកអ្នកត្រូវជូនដំណឹងជាបន្ទាន់ទៅកាន់វីង ហើយវីងនឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីកែកំហុសឱ្យបានឆាប់បំផុត។ លោកអ្នកមិនអាចឱ្យវីងទទួលខុសត្រូវចំពោះការខាតបង់ ការខូចខាត ការទាមទារសំណង ការចំណាយរួមទាំងថ្លៃសេវាផ្នែកច្បាប់ដែលអាចនឹងកើតឡើង ទទួលរងដោយលោកអ្នក ដោយសារតែការផ្ញើសារ អ៊ីម៉ែលជូនដំណឹង ការលោតឡើងការជូនដំណឹងនេះទេ។
- (iv) ភាពច្បាស់លាស់ ភាពងាយស្រួលអាន ភាពត្រឹមត្រូវ និងភាពរហ័សនៃការផ្តល់សេវា ជូនដំណឹងតាមសារ SMS អ៊ីម៉ែលជូនដំណឹង ការលោតឡើងនូវការជូនដំណឹងនេះ អាស្រ័យលើកត្តាជាច្រើនរួមមានហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់របស់អ្នកផ្តល់សេវាកម្ម។ វីងនឹងមិនទទួលខុសត្រូវចំពោះការផ្ញើមិនចេញ ឬការពន្យាពេលផ្ញើ ឬការខូចទ្រង់ទ្រាយនៃសាររំលឹកនេះតាមមធ្យោបាយណាមួយឡើយ។
- (v) លោកអ្នកត្រូវផ្តល់សំណងខូចខាតដល់វីង និងអ្នកផ្តល់សេវាសារ SMS និងអ៊ីម៉ែល ដែលរួមមានបុគ្គលិកវីង និងអ្នកផ្តល់សេវានោះ នូវការខូចខាត ការប្តឹងតវ៉ា ការទាមទារ នីតិវិធី ការខាតបង់ ការពិន័យ ការចោទប្រកាន់ និងការចំណាយផ្សេងៗ រួមទាំងនីតិវិធីតាមផ្លូវច្បាប់ និងថ្លៃសេវាផ្នែកច្បាប់ ដែលវីង ឬអ្នកផ្តល់សេវាផ្ញើសារជាអក្សរ អ៊ីម៉ែលអាចកើតមាន ឬទទួលរងនូវផលវិបាកណាមួយ ឬកើតឡើងដូចខាងក្រោម៖
- ក. ប្រើប្រាស់មិនត្រឹមត្រូវ ឬព័ត៌មានមិនត្រឹមត្រូវ ឬបោកប្រាស់ដែលកើតឡើងដោយសារលោកអ្នក។
- ខ. លេខមិនត្រឹមត្រូវ ឬលេខដែលជាកម្មសិទ្ធិរបស់តតិយភាគី ដែលមិនទាក់ទងគ្នាដែលផ្តល់ដោយលោកអ្នក។
ការបញ្ចប់កម្មវិធីវីងភ័ញ
(WingPoints Program)
លោកអ្នកយល់ព្រមអោយវីង ព្យួរ ឬបញ្ឈប់គណនីរបស់លោកអ្នក (ឬផ្នែកណាមួយ) ឬការប្រើប្រាស់កម្មវិធីវីងភ័ញ (WingPoints Program) ហើយលុបចោល ផ្នែកនៃគណនី ប្រវត្តិរូបអ្នកប្រើប្រាស់ ឬទម្រង់ព័ត៌មានគណនីរបស់លោកអ្នក រួមទាំងការសម្គាល់អ្នកប្រើប្រាស់របស់លោកអ្នក នៅលើ ទម្រង់កម្មវិធីវីងភ័ញ (WingPoints Platform) នៅពេលណាក៏បាន តាមឆន្ទានុសិទ្ធិរបស់ខ្លួន ដោយមានមូលហេតុ ឬដោយគ្មានមូលហេតុ និងដោយគ្មានការពិន័យ។ វីងក៏អាចមិនបន្តការអនុញ្ញាត ការចូលទៅកាន់កម្មវិធីវីងភ័ញ (WingPoints Program) របស់ខ្លួន ឬផ្នែកណាមួយដោយមានឬគ្មានការជូនដំណឹងជាមុនផងដែរ។
លោកអ្នកយល់ព្រមថា វីងមិនទទួលខុសត្រូវចំពោះលោកអ្នក ឬតតិយភាគីសម្រាប់ការបញ្ចប់ ឬការរំខានណាមួយឡើយ។ នៅពេលបញ្ចប់ដោយហេតុផលណាមួយ លោកអ្នកយល់ព្រមឈប់ប្រើកម្មវិធីវីងភ័ញ (WingPoints Program) ភ្លាមៗ។
ដែនកំណត់នៃការទទួលខុសត្រូវ និងការខូចខាត
នៅក្នុងករណីណាក៏ដោយ វីង ឬភាគីបន្តកិច្ចសន្យា ភ្នាក់ងារ អ្នកផ្តល់សិទ្ធិ ដៃគូ ឬអ្នកផ្គត់ផ្គង់របស់ខ្លួនមិនទទួលខុសត្រូវចំពោះលោកអ្នកចំពោះ ការខូចខាតពិសេសណាមួយ ការខូចខាតដោយប្រយោល ការខូចខាតដោយចៃដន្យ សំណងមិនចំពោះ ការរំលោភលើទំនុកចិត្ត (រាប់បញ្ចូលទាំងការបាត់បង់ឱកាសអាជីវកម្ម ការបាត់បង់ប្រាក់ចំណូល ឬការខាតបង់នៃប្រាក់ចំណេញព្រាងទុក ឬការខាតបង់ផ្សេងៗដែលពាក់ព័ន្ធ ឬមិនពាក់ព័ន្ធនឹងប្រាក់កាសណាមួយ) ដែលកើតឡើងឬពាក់ព័ន្ធនឹង៖
- (i) កិច្ចព្រមព្រៀង។
- (ii) កម្មវិធីវីងភ័ញ (WingPoints Program) ទម្រង់កម្មវិធីវីងភ័ញ (WingPoints Platform) គេហទំព័រយោង កម្មវិធី ទម្រង់នៃការផ្តល់សេវា ឬសេវាកម្ម។ ឬ
- (iii) ការប្រើប្រាស់ ឬអសមត្ថភាពរបស់លោកអ្នកក្នុងការប្រើប្រាស់សេវាទម្រង់កម្មវិធីវីងភ័ញ (WingPoints Platform) (រួមទាំងសំភារៈនិងឯកសារទាំងអស់) ឬគេហទំព័រយោង កម្មវិធី ទម្រង់នៃការផ្តល់សេវា សេវាកម្ម ទោះបីជាវីង ឬអ្នកមានសិទ្ធិជាតំណាងវីង ត្រូវបានជូនដំណឹងអំពីលទ្ធភាពដែលអាចកើតមានការខូចខាតដូចបានរៀបរាប់ខាងលើក៏ដោយ។
ទោះនៅក្នុងករណីណាក៏ដោយ វីង អភិបាល និយោជិត ភ្នាក់ងាររបស់វីងមិនទទួលខុសត្រូវចំពោះលោកអ្នកចំពោះការខូចខាត ការទទួលខុសត្រូវ ការខាតបង់ផ្សេងៗ និងមូលហេតុនៃសកម្មភាពដែលកើតឡើង ឬទាក់ទងនឹង៖
- (i) កិច្ចព្រមព្រៀងនេះ។
- (ii) សេវាកម្មវីង ទម្រង់កម្មវិធីវីងភ័ញ (WingPoints Platform) គេហទំព័រ កម្មវិធី ទម្រង់នៃការផ្តល់សេវា សេវាកម្មណាមួយ។
- (iii) ការប្រើប្រាស់ ឬអសមត្ថភាពរបស់លោកអ្នកក្នុងការប្រើប្រាស់សេវាកម្មវីង ទម្រង់កម្មវិធីវីងភ័ញ (WingPoints Platform) (រួមទាំងសំភារៈ និងឯកសារទាំងអស់) ឬ គេហទំព័រ កម្មវិធី ទម្រង់នៃការផ្តល់សេវា ឬសេវាកម្ម។ ឬ
- (iv) ទំនាក់ទំនងផ្សេងទៀតជាមួយវីង ទោះជាបានកើតឡើង និងទោះជាកើតចេញពីកិច្ចព្រមព្រៀង អំពើអនីត្យានុកូល រួមទាំងការធ្វេសប្រហែស ការធានា ឬអ្វីផ្សេងៗទៀត ដែលលើស ឬច្រើនជាងចំនួនទឹកប្រាក់ដែលលោកអ្នកបានបង់ សម្រាប់ការប្រើប្រាស់ចំណែកនៃសេវាកម្មវីងនេះឬ ទម្រង់កម្មវិធីវីងភ័ញ (WingPoints Platform) ក៏ដោយ។
លោកអ្នកទទួលស្គាល់ និងយល់ព្រមថា វីងបានផ្តល់ជូនផលិតផល និងសេវាកម្មរបស់ខ្លួន កំណត់តម្លៃសេវាកម្ម និងចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងនេះ ដោយពឹងផ្អែកលើការធានាអះអាង និងដែនកំណត់នៃការទទួលខុសត្រូវដែលបានចែងនៅក្នុងខចែង និងលក្ខខណ្ឌនេះ ដែលការធានាអះអាង និងដែនកំណត់នៃការទទួលខុសត្រូវ ដែលមានចែងនៅក្នុងខចែង និងលក្ខខណ្ឌនេះឆ្លុះបញ្ចាំងពីការបែងចែកហានិភ័យរវាងលោកអ្នក និងវីង ដោយសមហេតុផល និងយុត្តិធម៌ ហើយការធានាអះអាង និងដែនកំណត់នៃការទទួលខុសត្រូវ ដែលបានចែងនៅក្នុងខចែង និងលក្ខខណ្ឌនេះ បង្កើតបានជាមូលដ្ឋានសំខាន់នៃការចរចារវាងលោកអ្នក និងវីង។
វីងនឹងមិនអាចផ្តល់សេវាកម្មជូនលោកអ្នក ដោយផ្អែកលើគោលការណ៍សមរម្យផ្នែកសេដ្ឋកិច្ចឡើយ ប្រសិនបើគ្មានដែនកំណត់ទាំងនេះ។ ច្បាប់ជាធរមានអាចនឹងមិនអនុញ្ញាតទាំងស្រុង ឱ្យមានការកំណត់ ឬការមិនរាប់បញ្ចូលនៃការទទួលខុសត្រូវ ឬការខូចខាតដោយចៃដន្យ ឬសំណងមិនចំពោះឡើយ ដូច្នេះដែនកំណត់ ឬការលើកលែងខាងលើ នឹងត្រូវអនុវត្តចំពោះលោកអ្នក ស្របទៅតាមច្បាប់ជាធរមាន។ ក្នុងករណីនេះការទទួលខុសត្រូវរបស់វីងនឹងត្រូវបានកំណត់ត្រឹមកម្រិត ដែលត្រូវបានអនុញ្ញាតដោយច្បាប់ជាធរមាន។ កថាខណ្ឌនេះនឹងត្រូវអនុវត្តទោះកិច្ចព្រមព្រៀងត្រូវបានបញ្ចប់ហើយក៏ដោយ។
សំណងការខូចខាត
លោកអ្នកយល់ព្រមសងការខូចខាតដល់វីង ក្រុមហ៊ុនសម្ព័ន្ធ និយោជិក បុគ្គលិក អភិបាល និងដៃគូរបស់វីងចំពោះការខូចខាតដោយសារការទារសំណង ការបាត់បង់ ការខូចខាត និងបំណុល ការចំណាយ រួមទាំងថ្លៃសេវា និងចំណាយដែលកើតឡើងចេញពី ឬទាក់ទងទៅនឹង៖
- (i) ការប្រើប្រាស់ ឬការប្រើប្រាស់មិនត្រឹមត្រូវនៃសេវាកម្មវីងឬ ទម្រង់កម្មវិធីវីងភ័ញ (WingPoints Platform)។
- (ii) ការបំពានលើកិច្ចព្រមព្រៀងដោយលោកអ្នក។ ឬ
- (iii) ការបំពានលើការអះអាង ការធានា និងការព្រមព្រៀង ដែលធ្វើឡើងដោយលោកអ្នកនៅក្នុងខចែង និងលក្ខខណ្ឌនេះ។
វីងរក្សាសិទ្ធិក្នុងការការពារ និងគ្រប់គ្រងផ្តាច់មុខ ដោយចំណាយជាបន្ទុករបស់លោកអ្នក ចំពោះបញ្ហាណាមួយ ដែលលោកអ្នកត្រូវបានតម្រូវឱ្យសងសំណងការខូចខាតដល់វីង រួមទាំងសិទ្ធិក្នុងការទូទាត់ ហើយលោកអ្នកយល់ព្រមសហការជាមួយវីង ក្នុងការការពារ និងដោះស្រាយបណ្តឹងទាំងនេះ។ វីងនឹងប្រឹងប្រែង ជូនដំណឹងដល់លោកអ្នកអំពីបណ្តឹង សកម្មភាព ឬនីតិវិធីណាមួយ ដែលធ្វើឡើងដោយតតិយភាគី ដែលជាកម្មវត្ថុនៃផ្តល់សំណងជាមុន ក្រោយពេលដែលបានដឹងពីបណ្តឹងនោះ។
ការបដិសេធការទទួលខុសត្រូវ និងការមិនធានា
- (i) តាមវិសាលភាពដែលអនុញ្ញាតដោយច្បាប់ វីង និងដៃគូរបស់ខ្លួន បដិសេធរាល់ការធានា ឬការអះអាងនានា ទោះជាតម្រូវអោយដោយច្បាប់ការបង្ហាញដោយចំពោះ ឬមិនចំពោះ រាប់បញ្ចូលទាំង ការធានាអំពីភាពជាពាណិជ្ជករ ភាពសមស្របនៃគោលបំណង ជាក់លាក់ណាមួយ និងការមិនរំលោភសិទ្ធិលើកម្មសិទ្ធិ។
- (ii) គ្មានដំបូន្មាន ឬព័ត៌មានទោះស្ថិតក្នុងទម្រង់ផ្ទាល់មាត់ ឬលាយលក្ខណ៍អក្សរណាមួយ ដែលលោកអ្នកទទួលបានពីវីង ឬតាមរយៈទម្រង់កម្មវិធីវីងភ័ញ (WingPoints Platform) នឹងបង្កើត និងចាត់ទុកជាការធានា ឬការអះអាងណាមួយ ក្រៅពីអ្វីដែលបានបញ្ជាក់នៅក្នុងខចែង និងលក្ខខណ្ឌនេះទេ។
- (iii) សម្រាប់គោលបំណងនៃការបដិសេធនេះ លោកអ្នកទទួលស្គាល់ថា ពាក្យ "វីង" រួមមានបុគ្គលិក អភិបាល និងនិយោជិតរបស់វីង ដូចដែលបានប្រើនៅក្នុងផ្នែកនេះ។
- (iv) លោកអ្នកយល់ព្រមទទួលយកហានិភ័យនានា ដែលកើតចេញពីការប្រើប្រាស់កម្មវិធីវីងភ័ញ (WingPoints Program) នៅលើទម្រង់ កម្មវិធីវីងភ័ញ (WingPoints Platform)។ វាគឺជាទំនួលខុសត្រូវរបស់លោកអ្នកក្នុងការវាយតម្លៃលើភាពត្រឹមត្រូវ ពេញលេញ និងមានប្រយោជន៍លើរាល់យោបល់ ដំបូន្មាន សេវាកម្មទំនិញ និងព័ត៌មានផ្សេងទៀតដែលបានផ្តល់ជូនតាមរយៈកម្មវិធីនេះ។
- (v) វីងមិនធានាថាកម្មវិធីវីងភ័ញ (WingPoints Program) នឹងមិនមានការរំខាន ឬមិនមានកំហុស ហើយក៏មិនធានាថា វិការៈនៅក្នុង គេហទំព័រទាំងនេះនឹងត្រូវបានកែតម្រូវនោះទេ។
- (vi) កម្មវិធីវីងភ័ញ (WingPoints Program) និងទម្រង់កម្មវិធីវីងភ័ញ (WingPoints Platform) និងទិន្នន័យ ព័ត៌មានកម្មវិធី សូហ្វវែររបស់តតិយភាគី គេហទំព័រយោង សេវាកម្ម ឬសូហ្វវែរដែលអាចរកបានដោយភ្ជាប់ជាមួយ ឬតាមរយៈកម្មវិធីវីងភ័ញ (WingPoints Program) ហើយគេហទំព័រត្រូវបានផ្តល់ជូន ”ជាក់ស្តែង” និង”អាចរកបាន” “ដោយមានកំហុសទាំងអស់" និងដោយគ្មានការធានាឬការអះអាង ណាមួយមិនថាបង្ហាញដោយផ្ទាល់ ឬដោយប្រយោល។
- (vii) វីង និងដៃគូរបស់ខ្លួន មិនធានាថាទិន្នន័យ សូហ្វវែកម្មវិធីវីង មុខងារ ឬព័ត៌មានផ្សេងទៀត ដែលផ្តល់ជូនតាមរយៈកម្មវិធីវីងភ័ញ (WingPoints Program) ឬគេហទំព័រយោង ទម្រង់នៃការផ្តល់សេវា កម្មវិធីទូរសព្ទ សេវាកម្មនានានឹងមិនមានការរំខាន ឬមិនមានកំហុស មានមេរោគ ឬភាពដែលអាចបង្កគ្រោះថ្នាក់ផ្សេងទៀត និងមិនធានាវិការៈទាំងនោះនឹងត្រូវបានកែតម្រូវនោះទេ។
ការបដិសេធការមិនទទួលខុសត្រូវនេះ នៅតែមានសុពលភាពអនុវត្តទោះបីកិច្ចព្រមព្រៀងត្រូវបានបញ្ចប់ក៏ដោយ។ ក្នុងករណីណាក៏ដោយ វីងមិនទទួលខុសត្រូវចំពោះការខូចខាត ដែលកើតឡើងដោយចៃដន្យ ឬដោយប្រយោល (រាប់បញ្ចូលទាំង ការខូចខាត ការបាត់បង់ប្រាក់ចំណេញ ការអាក់ខានធ្វើអាជីវកម្មការបាត់បង់កម្មវិធី ឬព័ត៌មាន និងអ្វីផ្សេងទៀតមិនកំណត់) ដែលកើតឡើងពីការប្រើប្រាស់ ឬអសមត្ថភាពក្នុងការប្រើប្រាស់ ទម្រង់កម្មវិធីវីងភ័ញ (WingPoints Platform)។
ភាពជាម្ចាស់ និងសិទ្ធិជាម្ចាស់កម្មសិទ្ធិ
កម្មវិធីវីងភ័ញ (WingPoints Program) រួមជាមួយទម្រង់កម្មវិធីវីងភ័ញ (WingPoints Platform) ត្រូវបានគ្រប់គ្រង និងដំណើរការដោយវីង។ ការមើលឃើញ ក្រាហ្វិច ការរចនា ការចងក្រងព័ត៌មានលេខកូដកុំព្យូទ័រ (រួមទាំងប្រភពកូដ និងកម្មវត្ថុកូដ) ផលិតផល កម្មវិធី សេវាកម្ម និងធាតុផ្សេងទៀតនៃកម្មវិធីវីងភ័ញ (WingPoints Program) និង ទម្រង់កម្មវិធីវីងភ័ញ (WingPoints Platform) ផ្តល់ជូនដោយវីង (“សម្ភារៈ”) ត្រូវបានការពារដោយច្បាប់ អនុសញ្ញាអន្តរជាតិនិងច្បាប់ជាធរមានផ្សេងៗ ស្តីពីសិទ្ធិអ្នកនិពន្ធ ប្រកាសនីយបត្រត្កកម្ម និងពាណិជ្ជសញ្ញា។
លោកអ្នកយល់ព្រមមិនលុបចោល បង្កជាឧបសគ្គ ផ្លាស់ប្តូរកម្មសិទ្ធិបញ្ញា ប្រកាសនីយបត្រត្កកម្ម ពាណិជ្ជសញ្ញា ឬសេចក្តីជូនដំណឹងស្តីពីសិទ្ធិជាម្ចាស់កម្មសិទ្ធិផ្សេងទៀតរបស់វីង ឬតតិយភាគី ដែលមាននៅក្នុង ឬភ្ជាប់ជាមួយកម្មវិធីវីងភ័ញ (WingPoints Program) នោះឡើយ។
លើកលែងតែមានការអនុញ្ញាតច្បាស់លាស់ពីវីង លោកអ្នកយល់ព្រមមិនលក់ ផ្តល់អាជ្ញាប័ណ្ណ ចែកចាយ ចម្លង កែប្រែ បង្ហាញជាសាធារណៈ បញ្ចូន បោះពុម្ព កែសំរួល បង្កើតស្នាដៃ ដែលទាញយកពី ឬអនុញ្ញាតអោយតតិយជន ប្រើប្រាស់សម្ភារៈឡើយ។
វីងរក្សាសិទ្ធិគ្រប់យ៉ាងដែលមិនបានចែងក្នុងកិច្ចព្រមព្រៀងនេះ។ប្រសិនបើលោកអ្នកមានយោបល់ទាក់ទងនឹងកម្មវិធីវីងភ័ញ (WingPoints Program) ឬគំនិតអំពីវិធីកែលំអកម្មវិធីនេះ សូមទាក់ទងមកកាន់សេវាកម្មអតិថិជន។ សូមកត់សម្គាល់ថា តាមរយៈសកម្មភាពនេះ លោកអ្នកប្រគល់សិទ្ធិឱ្យវីងដោយមិនអាចទាមទារមកវិញបាន នូវការប្រគល់សិទ្ធិ ឈ្មោះ និងផលប្រយោជន៍ កម្មសិទ្ធិបញ្ញាដែលមាននៅក្នុងគំនិត និងការផ្តល់យោបល់នោះ។
លោកអ្នកយល់ព្រមអនុវត្តសកម្មភាពបែបនេះ និងចុះហត្ថលេខាលើឯកសារបែបនេះ ដែលជាហេតុផលសមរម្យ ក្នុងការប្រគល់សិទ្ធិដែលបានរៀបរាប់ខាងលើ។
ការកែសម្រួលកម្មវិធីវីងភ័ញ
(WingPoints Program)
- (i) វីងរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ កែប្រែ បន្ថែម ឬដកផ្នែកនៃកម្មវិធីវីងភ័ញ (WingPoints Program) (ដោយឡែក ហៅថា ការផ្លាស់ប្តូរនីមួយៗ និងជារួមហៅថា ការផ្លាស់ប្តូរមួយចំនួន) គ្រប់ពេលដោយការជូនដំណឹង តាមរយៈ ទម្រង់កម្មវិធីវីងភ័ញ (WingPoints Platform) ឬ ទាក់ទងជូនដំណឹងទៅលោកអ្នក។
- (ii) ការផ្លាស់ប្តូរនឹងមានប្រសិទ្ធភាព និងចាត់ទុកថាបានទទួលយកដោយលោកអ្នកក្នុងរយៈពេល ២៤ ម៉ោង បន្ទាប់ពីការដាក់ប្រកាសដំបូង ហើយត្រូវអនុវត្តជាបន្ដទៅមុខ ដោយគោរពតាមការប្រើប្រាស់ទម្រង់កម្មវិធីវីងភ័ញ (WingPoints Platform) ដែលដំណើរការកម្មវិធី វីងភ័ញ (WingPoints Program) ឬសម្រាប់ការទូទាត់ ប្រតិបត្តិការដែលបានធ្វើឡើង បន្ទាប់ពីកាលបរិច្ឆេទប្រកាស។
- (iii) ប្រសិនបើអ្នកមិនយល់ស្របនឹងការផ្លាស់ប្តូរទាំងនេះទេ វិធីតែមួយគត់ និងផ្តាច់មុខរបស់លោកអ្នក គឺការបញ្ឈប់ការភ្ជាប់គម្រោងកម្មវិធីវីងភ័ញ (WingPoints Program) របស់លោកអ្នក។
ចំពោះការផ្លាស់ប្តូរមួយចំនួន វីងអាចត្រូវបានទាមទារដោយច្បាប់ ជាធរមាន ដើម្បីផ្តល់ឱ្យលោកអ្នកនូវការជូនដំណឹងជាមុន ហើយវីងនឹងគោរពតាមតម្រូវការនោះ។ ការបន្តភ្ជាប់គម្រោងរបស់លោកអ្នកទៅកម្មវិធីវីងភ័ញ (WingPoints Program) បន្ទាប់ពីផ្សព្វផ្សាយការផ្លាស់ប្តូរ មានន័យថា អ្នកទទួលយក និងយល់ព្រមចំពោះការផ្លាស់ប្តូរទាំងនោះ។
ការជូនដំណឹង
វីងអាចផ្តល់ជូនលោកអ្នកនូវការជូនដំណឹង និងទំនាក់ទំនងតាមរយៈ អ៊ីម៉ែលសារ SMS ការលោតឡើងជូនដំណឹង សារជាទៀងទាត់ ឬការចុះផ្សាយលើកម្មវិធីវីងភ័ញ (WingPoints Program) ឬតាមមធ្យោបាយសមហេតុផលផ្សេងទៀត។
ការបោះបង់សិទិ្ធ
ការខកខានរបស់វីងក្នុងការអនុវត្តសិទ្ធិ ឬការផ្តល់ជូនណាមួយ ដែលពាក់ព័ន្ធនឹងកម្មវិធីវីងភ័ញ (WingPoints Program) មិនត្រូវបានចាត់ទុកថាជាការបោះបង់សិទ្ធិ ឬការផ្តល់ជូននោះទេ។ រាល់ការបោះបង់ការផ្តល់ជូន នូវកម្មវិធីវីងភ័ញ (WingPoints Program) នឹងមានប្រសិទ្ធភាព លុះត្រាតែសរសេរជាលាយលក្ខណ៍អក្សរ និងចុះហត្ថលេខាដោយវីង។
ការដោះស្រាយវិវាទ
- (i) ប្រសិនបើមានវិវាទ ឬការទាមទារណាមួយកើតឡើងទាក់ទងនឹងកម្មវិធីវីងភ័ញ (WingPoints Program) បណ្តាភាគីត្រូវខិតខំប្រឹងប្រែងដើម្បីដោះស្រាយវិវាទនេះដោយសន្តិវិធី។
- (ii) ប្រសិនបើបណ្តាភាគីមិនអាចដោះស្រាយវិវាទដោយសន្តិវិធីក្នុងរយៈពេល ៣០ ថ្ងៃគិតចាប់ពីថ្ងៃកើតវិវាទនោះ វីងអាចនាំយកវិវាទនោះមកដោះស្រាយដោយតុលាការកម្ពុជាតាមច្បាប់កម្ពុជា។
- (iii) ទាំងលោកអ្នក ឬវីងអាចសុំដីការរក្សាការពារ ពីតុលាការកម្ពុជា ដើម្បីការពារសិទ្ធិ ឬទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិរបស់លោកអ្នក ឬ វីង (ឬភ្នាក់ងារ អ្នកផ្គត់ផ្គង់ និងអ្នកទទួលកិច្ចសន្យាបន្តរបស់វីង) ។
ការអនុវត្តដោយផ្នែក
ប្រសិនបើបញ្ញត្តិទាំងឡាយណា ដែលទាក់ទងទៅនឹងកម្មវិធីវីងភ័ញ (WingPoints Program) ត្រូវបានធ្វើឡើងផ្ទុយនឹងច្បាប់ ឬមិនមានសុពលភាពក្នុងការអនុវត្ត បញ្ញត្តិនេះនឹងត្រូវបានកំណត់ ឬលុបចោលពីខចែង និងលក្ខខណ្ឌ ហើយបញ្ញត្តិដែលនៅសល់នឹងនៅតែមានសុពលភាព និងត្រូវបន្តអនុវត្តបាន។
ការបន្តសុពលភាព
នៅពេលបញ្ចប់កិច្ចព្រមព្រៀង បញ្ញត្តិទាំងឡាយណា ដែលបានចែងនឹងនៅមានសុពលភាពអនុវត្ត បន្ទាប់ពីការបញ្ចប់ឬផុតកំណត់នៃកិច្ចព្រមព្រៀង ដូចដែលបានអនុវត្តចំពោះការផ្ទេរ និងទំនាក់ទំនងរបស់ភាគីមុនពេលបញ្ចប់ឬផុតកំណត់នៃកិច្ចព្រមព្រៀង។