fbpx

វីង អបអរសាទរខួប ១៥ឆ្នាំក្នុងការរីកចម្រើនដ៏ត្រចះត្រចង់ជាមួយកម្ពុជា

សីហា 18, 2023

វីងដែលជាម៉ាកយីហោទទួលបានទំនុកចិត្តប្រើប្រាស់ច្រើនបំផុតមួយនៅកម្ពុជាបានប្រារព្ធខួប១៥ឆ្នាំរបស់ខ្លួននៃការប្រើប្រាស់សេវាហិរញ្ញវត្ថុ​ឌីជីថលប្រកបដោយភាពច្នៃប្រឌិត ដើម្បីជួយសម្រួលទៅ​ដល់សហគមន៍ និងប្រជាជនកម្ពុជា។

វីង បានវិវឌ្ឍមកដល់ដំណាក់កាលដ៏សំខាន់មួយ នោះគឺការប្រារព្ធខួបរយៈ​ពេល ១៥ឆ្នាំរបស់ខ្លួនដោយបានធ្វើទំនើបកម្មវិស័យហិរញ្ញវត្ថុ​ និងផ្តល់ភាពងាយស្រួលទៅដល់ពលរដ្ឋកម្ពុជារាប់លាននាក់ជាមួយនឹងដំណោះស្រាយហិរញ្ញវត្ថុ​ងាយស្រួលប្រើប្រាស់ តម្លៃសមរម្យ​ ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន​ ហើយបានក្លាយជាម៉ាកយីហោមួយទទួលបានការទុកចិត្តបំផុត និងមានការប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

រយៈពេល ១៥ឆ្នាំកន្លងមកនេះ វីង បានចាប់ផ្តើមជាមួយនឹងទស្សនៈទានមួយដើម្បីក្លាយជាកត្តាលីករដ៏សំខាន់ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា​ តាមរយៈការខិតខំ​ប្រឹងប្រែ​ងបិទគម្លាតហិរញ្ញវត្ថុក្នុងចំណោមអ្នកមិនមានគណនីធនាគារ ដោយផ្តល់ជូននូវសេវាហិរញ្ញវត្ថុដែលមានសុវត្ថិភាព អាចទុកចិត្តបាន និងងាយស្រួលប្រើប្រាស់ទៅដល់ពលរដ្ឋគ្រប់រូប។​

ការចាប់ផ្តើមដំណើរការ​ដ៏សាមញ្ញរបស់ វីង ដើម្បី​​ផ្តល់សេវាហិរញ្ញវត្ថុដល់ជាង ៨០ភាគរយនៃ​ប្រជាជនកម្ពុជា

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកក្រុមហ៊ុន វីង បានលើកឡើងថា​៖ “វីង តែងតែឈានមុខគេក្នុងជួយលើកម្ពស់ជីវភាពរស់នៅទៅដល់ពលរដ្ឋកម្ពុជាជាមួយនឹងការ​ផ្តល់នូវ​សេវាហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់​ ។ស្របពេលការអបអរសាទរខួប១៥ឆ្នាំយើងខ្ញុំនៅតែរក្សាការប្តេជ្ញាចិត្តនិង​គោល​ជំហរ​​ក្នុងការបង្កើតឲ្យបាននូវប្រព័ន្ធអេ​កូឡូស៊ីហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន ដើម្បីជួយអតិថិជន​ទាំងរូបវ័ន្តបុគ្គល​ និងម្ចាស់​អាជីវកម្មនានា។”​

តាំងពីចាប់ផ្តើមដំណើរការ​អាជីវកម្មមក វីង តែងតែយកចិត្ត​ទុកដាក់​ចំពោះ​ភាពរីកចម្រើននិង​អតិថិជន ដែលជាហេតុធ្វើឲ្យវីងទទួលបា​​ន​ភាព​ជោគជ័យជាបន្ត​​បន្ទាប់​។ វីង បាន​ពង្រីកបណ្តាញភ្នាក់ងារពី​៦០០កន្លែង រហូត​ដល់ជាង ១១.០០០​​ កន្លែងគ្រប់ដណ្តប់ទូទាំងប្រទេសកម្ពុជាមកទល់នឹងបច្ចុប្បន្ន ហើយ​បានផ្តល់សេវាហិរញ្ញវត្ថុទៅដល់អ្នកប្រើប្រាស់១៤ លាននាក់​ ដែលចំនួននេះស្មើនឹងប្រមាណ ៨០ ​ភាគរយនៃចំនួនប្រជាជនកម្ពុជាទាំងមូល។​

ជា​ភស្តុតាងនោះ គឺ វីង បានក្លាយជាដៃគូដ៏ទុកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា
ក្នុងការជួយសម្រួលលើការអនុវត្តគម្រោងផ្សេងៗជាច្រើនដោយជោគជ័យ។​​ តួយ៉ាង តាមសេចក្តីរាយការណ៍សារព័ត៌មានក្នុងស្រុកបានបង្ហាញថា វីង ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ទេរសាច់ប្រាក់ ដោយមានទំហំទឹកប្រាក់ប្រមាណ ១,១ពាន់លានដុល្លារអាមេរិក ក្រោមកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះជាង ៧០០.០០០ គ្រួសារនៅទូទាំងប្រទេសកម្ពុជាក្នុងអំឡុងពេលដ៏លំបាកនៃការប្រាយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

លោក ម៉ានូ រ៉ាចាន់ បានគូសបញ្ជាក់បន្ថែមថា៖ “យើងសូមថ្លែងអំណរគុណចំពោះការជឿជាក់ និងទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋកម្ពុជាក្នុងរយៈពេល ១៥ឆ្នាំកន្លងមកនេះ។ ភាពជោគជ័យរបស់ វីង បញ្ជាក់​ឲ្យឃើញយ៉ាងច្បាស់ថា ភាពច្នៃប្រឌិត​ ដែលបង្កើតឲ្យមានដំណោះស្រាយដែល​ចាំបាច់ និង​មាន​ភាពងាយស្រួលប្រើ​ប្រាស់​ដល់អតិថិជន​គឺតែងមានការទទួលស្គាល់ និងជឿជាក់ពីសំណាក់អ្នកប្រើប្រាស់។​ បុគ្គលិក ភ្នាក់ងារ អតិថិជន និងដៃគូទាំងអស់ ដែលបានគាំទ្រ​ចំពោះ​ចក្ខុវិស័យរបស់យើងក្នុងការជួយសម្រួលផ្នែកហិរញ្ញវត្ថុ ពិតជាបានដើរតួយ៉ាងសំខាន់ក្នុងការរួមចំណែកនៃភាពជោគជ័យរបស់យើងនាពេល​កន្លងមក​។”

ការប្រែក្លាយជាធនាគារពាណិជ្ជ ដោយបង្កើតបាននូវប្រព័ន្ធធនាគារឌីជីថលធំជាងគេមួយនៅកម្ពុជា

សមិទ្ធផលដ៏សំខាន់មួយទៀតក្នុងការវិវឌ្ឍរបស់ វីង នោះគឺការប្រែក្លាយទៅជាធនាគារពាណិជ្ជពេញលេញនៅចុងឆ្នាំ ២០២០។ ការផ្លាស់ប្តូរនេះបានធ្វើឲ្យធនាគារ វីង អាចពង្រីកការផ្តល់សេវាហិរញ្ញវត្ថុរបស់ខ្លួន ដោយបានបើកដំណើរការសាខាចំនួន ១៧ ទីតាំងសំខាន់ៗ ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។

ជាមួយនឹងការពង្រីកនេះ ធនាគារ​ វីង ផ្តល់ជូនអតិថិជនជាមួយចំណតរថយន្តធំទូលាយ និងទូម៉ាស៊ីន ATM ទំនើបដែលអាចប្រើបាន២៤ម៉ោង​ក្នុងមួយសប្តាហ៍។ បន្ថែមលើនេះ ធនាគារ វីង ក៏ផ្តល់ជូននូវសេវាកម្មធនាគារយ៉ាងសំបូរបែប ដោយធានាបាននូវភាពងាយស្រួល ហើយអតិថិជនក៏អាចប្រើប្រាស់សេវាធនាគារឌីជីថលតាមរយៈកម្មវិធី Wing Bank App របស់ធនាគារ វីង ផងដែរ។

ការរីកចម្រើនឥតឈប់ឈររបស់ធនាគារ វីង ក៏បានបង្ហាញពីការរួមចំណែកដ៏សំខាន់ចំពោះសហគមន៍ពាណិជ្ជកម្ម​ផងដែរ​ ដោយបច្ចុប្បន្នមានដៃគូជាង ១៥០.០០០ អាជីវកម្ម ៣.០០០ សហគ្រាសធុន​តូច និងមធ្យម ៦០០សាជីវកម្ម និង១០ស្ថាប័នរដ្ឋាភិបាល ដែលបានប្រើប្រាស់​ប្រព័ន្ធអេ​កូឡូស៊ីរបស់ធនាគារ វីង ​។ ជាងនេះទៅទៀត កិច្ចសហប្រតិបត្តិការជាមួយដៃគូដែលជាស្ថាប័នហិរញ្ញវត្ថុធំៗនៅលើពិភពលោកមានដូចជា៖ Mastercard, Visa, WeChat, Western Union, MoneyGram, Ria, Prudential, និងក្រុមហ៊ុន UnionPay International បានធ្វើឲ្យធនាគារ វីង​ អាចបង្កើតបានជាប្រព័ន្ធអេ​កូឡូស៊ីនៃធនាគារឌីជីថលដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។

លោក ម៉ានូ​ រ៉ាចាន់ បានលើកឡើងថា៖ “ការវិវឌ្ឍរបស់ វីង ទៅជាធនាគារពាណិជ្ជ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងដំណើរឆ្ពោះទៅរកគោលដៅដើម្បីផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដ៏សំបូរបែបទៅដល់ពលរដ្ឋកម្ពុជាគ្រប់រូប។ យើងខ្ញុំពិតជាមានក្តីរំភើបរីករាយក្នុងការ បន្តផ្តល់ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដែលនឹងកំណត់​អនាគតនៃសេវា​ធនាគារនៅកម្ពុជា។ ទស្សនៈវិស័យរបស់យើងគឺផ្តល់ជូនពលរដ្ឋគ្រប់រូបជាមួយនឹងដំណោះស្រាយឌីជីថលដែលងាយស្រួលប្រើប្រាស់ និងចាំបាច់ ដើម្បីលើកកម្ពស់ជីវភាពរបស់នៅប្រចាំថ្ងៃរបស់ពួកគេឲ្យកាន់តែប្រសើរឡើង។”​

វីង បានឈានមុខគេក្នុងការជំរុញសេដ្ឋកិច្ចបើកចំហនៅកម្ពុជា។ ការប្ដេជ្ញាចិត្តរបស់ធនាគារ វីង ចំពោះនវានុវត្តន៍ បានធ្វើឲ្យធនាគារ វីង អាចពង្រីកវិសាលភាពសេវាធនាគាររបស់ខ្លួនយ៉ាងសំបូរបែប ​ដែលរួមមាន៖ សេវាផ្តល់ឥណទាន ប្រាក់បញ្ញើ សន្សំ​ ការផ្ទេរប្រាក់ ការទូទាត់វិក្ក័យបត្រទឹក-ភ្លើង ​និងបង់ប្រាក់​ធានារ៉ាប់រង ប្រតិបត្តិការខ្សែចង្វាក់ផ្គត់ផ្គង់​ សេវាបើកប្រាក់បៀវត្ស ព្រមទាំងការបញ្ចូលទឹកប្រាក់ទូរស័ព្ទ​ជាដើម​។ លើសពីនេះ ថ្នាលឌីជីថលប្រកបដោយភាពច្នៃប្រឌិតមានដូចជា៖​Wingpay, Wingmall, Wingexpress និង Wingmarket សុទ្ធសឹងត្រូវបានបង្កើតឡើងដើម្បីជំរុញប្រតិបត្តិការអ្នកប្រើប្រាស់ជារូបវន្តបុគ្គល និងអាជីវកម្មនានា។ ម្យ៉ាងវិញទៀត ការរួមចំណែករបស់ធនាគារ វីង ទៅដល់វិស័យកសិកម្មនៅកម្ពុជា តាមរយៈថ្នាលឌីជីថល​ WingAgri បានពង្រឹង​ភាព​ជា​ដៃគូដ៏មានសក្តានុពលចំពោះ​ប្រ​ព័ន្ធ​អេកូឡូស៊ី​សេដ្ឋកិច្ច​ជាតិ​ ៕