fbpx

ធនាគារឯកទេសវីងជម្រុញការលើកកំពស់មូលនិធិត្រីចក្រយានសប្បុរសធម៌ សម្រាប់អ្នកធាក់ស៊ីក្លូ

មករា 18, 2018

ធនាគារផ្តល់សេវាកម្មទូទាត់ចល័តឈានមុខគេនៅកម្ពុជាបានជួយដល់គំនិតផ្តួចផ្តើមរបស់សម្ដេចនាយករដ្ឋ​មន្ត្រី

 

ភ្នំពេញ ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៨: វីង ដែលជាធនាគារឯកទេសផ្តល់សេវាកម្មទូទាត់ចល័តឈានមុខគេនៅកម្ពុជា កំពុងអនុវត្តសកម្មភាពរបស់ខ្លួនដើម្បីជួយដល់អ្នកធាក់ស៊ីក្លូដែលនៅសល់ក្នុងរាជធានីភ្នំពេញ និងដើម្បីអភិរក្សប្រពៃណីសម្រាប់កូនចៅជំនាន់ក្រោយ។

ធនាគារឯកទេសវីងនឹងដើរតួក្នុងការប្រមូលការបរិច្ចាគ សម្រាប់មូលនិធិដែលត្រូវបានបង្កើតទ្បើង​ដោយ​​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់អ្នកធាក់ស៊ីក្លូចំនួន ៣០០នាក់ ដែលនៅតែបន្តអាជីពរបស់ខ្លួនក្នុងរាជធានីភ្នំពេញ។

ស៊ីក្លូបានបង្ហាញវត្តមានដំបូងរបស់ខ្លួនក្នុងរាជធានីភ្នំពេញក្នុងឆ្នាំ ១៩៣៦ និងបានក្លាយជាមធ្យោបាយដឹកជញ្ជូនដ៏សំខាន់សម្រាប់ប្រជាជននៅក្នុងក្រុង និងជុំវិញទីក្រុង ដោយមធ្យោបាយដឹកជញ្ជូនទាំងនេះក្លាយជាផ្នែកមួយដ៏សំខាន់នៃទេសភាពនៅក្នុងទីក្រុង ប៉ុន្តែក្រោយការមកដល់នៃវត្តមានអ្នករត់ម៉ូតូឌុប ស៊ីក្លូបានបាត់បង់ប្រជាប្រិយភាពរបស់ខ្លួន ហើយអតិថិជនបានថយចុះ ដោយបន្សល់ទុកនូវអ្នកធាក់ស៊ីក្លូវមួយចំនួនដែលនៅបន្តអាជីពនេះ។

កាលពីដើមខែមករានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានប្រកាសថា មូលនិធិត្រីចក្រយានសប្បុរសធម៌មួយនឹងត្រូវបានបង្កើតឡើងដើម្បីផ្តល់ឱ្យអ្នកធាក់ស៊ីក្លូនូវប្រាក់ចំណូល និងអភិរក្សស៊ីក្លូសម្រាប់វិស័យទេសចរណ៍។

ថវិកាសម្រាប់មូលនិធិនេះនឹងត្រូវយកពីថវិកាជាតិ។ សម្តេចតេជោ បានបន្ថែមទៀតថា សម្តេចនឹងបរិច្ចាគថវិកាប្រហែល ៣០.០០០ ​ដុល្លារ (ប្រហែល ១២០ លានរៀល) ចូលទៅក្នុងមូលនិធិនេះ ។

ធនាគារឯកទេសវីងត្រូវបានជ្រើសរើសឲ្យគ្រប់គ្រងលើការបរិច្ចាគនេះ និងបានបង្កើតកម្មវិធីសម្រាប់ការបរិច្ចាគសប្បុរសធម៌នេះតាមប្រព័ន្ធអនឡាញសម្រាប់ប្រមូលមូលនិធិនេះ។

អ្នកធាក់ស៊ីក្លូទាំងអស់នឹងត្រូវបានផ្តល់ជូននូវការបើកគណនីដោយឥតគិតថ្លៃពីធនាគារឯកទេសវីង។ ក្នុងកម្មវិធីជួបសំណេះសំណាលជាមួយពួកគាត់ នាថ្ងៃទី ១៣ ខែ មករា នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រគល់ប័ណ្ណគណនីទាំងនេះដល់ពួកគាត់ ដើម្បីឲ្យពួកគាត់ទទួលបានប្រាក់ងាយស្រួលពីមូល​ និធិ។

លោក Jojo Malolos អគ្គនាយកធនាគារឯកទេសវីងបានលើកទ្បើងថា “យើងរីករាយណាស់ដែលបានចូលរួមនៅក្នុងបុព្វហេតុដ៏មានតម្លៃនេះ”។

“ស៊ីក្លូគឺជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌កម្ពុជា ហើយក្នុងនាមជាក្រុមហ៊ុនខ្មែរមួយ វីងយល់ពីសារៈសំខាន់នៃការអភិរក្សប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។ យើងជឿជាក់ថា យើងទាំងអស់គ្នាអាចចូលរួមចំណែកក្នុងការរស់រានទ្បើងវិញនៃអ្នកធាក់ស៊ីក្លូនៅរាជធានីភ្នំពេញ”។

អ្នកធាក់ស៊ីក្លូនៅពេលដឹងខ្លួនឯងថាមានជម្ងឺ ហើយមិនអាចប្រកបរបរកស៊ីបានក៏នឹងទទួលបាននូវជំនួយហិរញ្ញវត្ថុពីមូលនិធិនេះដែរ។

សម្តេចនាយករដ្ឋមន្រ្តីក៏បានមានប្រសាសន៍ផងដែរថា អ្នកធាក់ស៊ីក្លូនៅតាមសមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធដែលរកប្រាក់ចំណូលជាមធ្យមពី ១០០ ដុល្លារទៅ ១៥០ ដុល្លារក្នុងមួយខែ នឹងតទទួលបានការព្យាបាលជម្ងឺដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ ដូចគ្នានឹងកម្មករបម្រើការនៅរោងចក្រកាត់ដេរផងដែរ។

សម្តេចនាយករដ្ឋមន្រ្តីក៏បានអំពាវនាវដល់យុវវ័យកម្ពជាឲ្យគាំទ្រអ្នកធាក់ស៊ីក្លូ ដោយការប្រើប្រាស់សេវារបស់ពួកគាត់។

មានការជឿជាក់ថា មានតែស៊ីក្លូធ្វើការប្រហែល ៤០០ ប៉ុណ្ណោះដែលនៅសេសសល់ និងប្រកបរបររកស៊ីនៅ ទូទាំងប្រទេសកម្ពុជា។