fbpx

ធនាគារ វីងទទួលបាន “ពានរង្វាន់និយោជកឆ្នើម” លើផ្នែកថែទាំបុគ្គលិក

មករា 24, 2022

ធនាគារ វីង ត្រូវបានទទួលស្គាល់ចំពោះការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការលើកកម្ពស់សុខុមាលភាព និងការអភិវឌ្ឍវិជ្ជាជីវៈរបស់បុគ្គលិកក្នុងអំឡុងពេលជំងឺកូវីដ-១៩។

ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងធនាគារ វីង (ខេមបូឌា) ម.ក បានឈ្នះ “ពានរង្វាន់និយោជកឆ្នើម” ពី World HRD Congress ក្នុងពិធីប្រចាំឆ្នាំលើកទី ១២ នៅប្រទេសសិង្ហបុរី សម្រាប់ការគាំទ្រជានិច្ចជាកាលដល់និយោជិតក្នុងឆ្នាំ ២០២១។

លោក ហាន ប៉េងក្វាង អគ្គនាយក​នៃ​ធនាគារ​វីង​ បានមានប្រសាសន៍ថា៖ “បុគ្គលិក គឺជាចំណុចខ្លាំងបំផុតរបស់យើង ហើយគោលដៅរបស់យើងក្នុងការផ្តល់នូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុដែលមានគុណភាពខ្ពស់ គឺអាចធ្វើទៅបានដោយសារការខិតខំប្រឹងប្រែង និងជំនាញរបស់បុគ្គលិកទាំងអស់គ្នា។ យើងប្តេជ្ញាពង្រឹង និងបង្កើតគំនិតផ្តួចផ្តើមនានាដើម្បីធានាថាបុគ្គលិកធនាគារ វីង នឹងរីករាយជាមួយពេលវាលាបំពេញការងារជាមួយយើង។”

ធនាគារ វីង តែងតែយកចិត្តទុកដាក់ចំពោះបុគ្គលិក។ នៅឆ្នាំ ២០២១ ជំងឺរាតត្បាតបានប៉ះពាល់ដល់មនុស្សជាច្រើន ក្នុងពេលជាមួយគ្នានេះ ធនាគារ វីង បានដាក់ចេញយន្តការជាបន្តបន្ទាប់ដើម្បីធានាថាបុគ្គលិកអាចបន្ដបម្រើដល់សហគមន៍ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធផល។ បុគ្គលិករបស់ធនាគារ វីង ភាគច្រើនត្រូវបានអនុញ្ញាតឲ្យធ្វើការពីផ្ទះ។ និយោជិតដែលមកធ្វើការនៅការិយាល័យ ត្រូវអនុវត្តតាមវិធានការយ៉ាងហ្មត់ចត់​​ ដូចដែលបានណែនាំដោយអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាលរួមទាំងតម្រូវឲ្យធ្វើតេស្តរហ័ស កូវីដ-១៩ ជាទៀងទាត់ផងដែរ។

លោក ឡៅ សៀងហៃ នាយកគ្រប់គ្រងធានមនុស្សនៃធនាគារ វីង បានមានប្រសាសន៍ថា៖ “យើងពិតជាមានមោទនៈភាពចំពោះបុគ្គលិករបស់យើង ហើយការសម្ដែងការអរគុណរបស់យើង គឺផ្តល់នូវការថែទាំល្អបំផុតដែលអាចធ្វើទៅបានក្នុងគ្រប់កាលៈទេសៈ។ ពិតជាល្អណាស់ដែលថាការខិតខំប្រឹងប្រែងរបស់យើង ត្រូវបានទទួលស្គាល់ពីអ្នកខាងក្រៅ ហើយយើងមានបំណងធ្វើឲ្យការគាំទ្របុគ្គលិកកាន់តែល្អប្រសើរតាមរយៈគំនិតផ្តួចផ្តើមដទៃទៀតនាពេលអនាគត។”

ធនាគារ វីង បានបង្កើត “Wing Competency Model” ដើម្បីបណ្តុះបណ្តាលឲ្យបុគ្គលិក វីង មានចំណេះដឹងជាមូលដ្ឋាន និងរៀបចំខ្លួនដើម្បីអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ សម្រាប់បុគ្គលិកទាំងអស់ ធនាគារ វីង បានបង្កើតឲ្យមានកម្មវិធី “Wing Employee Passport” ដែលជាកម្មវិធីជួយអភិវឌ្ឍន៍សមត្ថភាពអ្នកគ្រប់គ្រោងនា​ពេល​បច្ចុប្បន្ន និងបុគ្គលិកដែលមានសក្តានុពលដទៃទៀត។ វីង ក៏មានកម្មវិធីតម្រង់ទិសសម្រាប់បុគ្គលិកថ្មី ការផ្ដល់ចំណេះដឹងស៊ីជម្រៅអំពីផលិតផល និងសេវាកម្ម កម្មវិធីជំនាញទន់ កម្មវិធីជំនាញរឹង កម្មវិធីកុំព្យូទ័រ និងកម្មវិធីភាសាអង់គ្លេសសម្រាប់អាជីវកម្ម។ រហូតមកដល់ពេលនេះ វីង បានចាប់ផ្តើមកម្មវិធីតម្រង់ទិសបុគ្គលិកថ្មី កម្មវិធីកុំព្យូទ័រ និងកម្មវិធីភាសាអង់គ្លេសសម្រាប់អាជីវកម្មអនឡាញ។

ក្នុងនាមជានិយោជក ធនាគារ វីង បានវិនិយោគលើគ្រប់កម្មវិធីទាំងអស់ក្នុងគោលបំណងកសាងសមត្ថភាពបុគ្គលិករបស់ខ្លួនឲ្យក្លាយជាធនធានមនុស្សដ៏មានតម្លៃ។ ធនាគារ វីង ដាក់បុគ្គលិករបស់ខ្លួនជាអាទិភាពក្នុងចំណោមធាតុផ្សំទាំងបួននៃបេសកកម្មរបស់ខ្លួនដែលរួមមាន៖ អតិថិជន សហគមន៍ បុគ្គលិក និងភាគហ៊ុននិក។ ធនាគារ វីង លើកទឹកចិត្តបុគ្គលិកតាមរយៈការផ្តល់សិទ្ធិអំណាចក្នុងការបំពេញការងារដោយការទទួលខុសត្រូវ។

ទាក់ទងនឹងការកសាងសហគមន៍ ធនាគារ វីង រៀបចំការប្រជុំជាទៀងទាត់ ព្រឹត្តិការណ៍វប្បធម៌ សកម្មភាពសង្គម និងសកម្មភាពជាច្រើនទៀត ដែលត្រូវបានធ្វើឡើងដើម្បីជំរុញទំនាក់ទំនងទៅវិញទៅមក និងបើកចំហរវាងគណៈគ្រប់គ្រង និងបុគ្គលិក។

ធនាគារ វីង បានវិនិយោគសរុបជាង ២៣.០៦៥ ម៉ោងលើបុគ្គលិក ដើម្បីបង្កើនសមត្ថភាពបុគ្គលិកថ្មី និងបុគ្គលិកដែលមានស្រាប់។ ការបណ្តុះបណ្តាលទាំងអស់ត្រូវបានធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីរក្សាសុវត្ថិភាពអ្នកចូលរួម។ ក្រុមហ៊ុន ក៏បានវិនិយោគលើកម្មវិធី LinkedIn Learning ដែលបុគ្គលិកម្នាក់ៗអាចចូលរៀនដើម្បីអភិវឌ្ឍន៍ជំនាញរបស់ពួកគេ។ មកដល់ពេលនេះ បុគ្គលិកធនាគារ វីង បានបញ្ចប់វគ្គសិក្សាជាង ៣០០ ហើយ។

ធនាគារ វីង ជំរុញយ៉ាងសកម្មឲ្យបុគ្គលិកចូលរួមក្នុងកម្មវិធីទំនួលខុសត្រូវសង្គមរបស់សាជីវកម្មជាច្រើនផងដែរ។ ទាំងនេះរួមបញ្ចូល ការងារសង្គម និងសប្បុរសធម៌ ការរៃអង្គាសប្រាក់ក៏ដូចជាគម្រោងផ្សេងៗទាក់ទងជាមួយបរិស្ថាន ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងលើកកម្ពស់យេនឌ័រ។ ឧទាហរណ៍នាពេលថ្មីៗនេះ រួមមានការបរិច្ចាគឈាមដើម្បីជួយដោះស្រាយបញ្ហាកង្វះឈាមនៅកម្ពុជា ការបរិច្ចាគអាហារសម្រាប់គ្រួសារដែលរងផលប៉ះពាល់ដោយកូវីដ-១៩ ការដាំដើមឈើ ក៏ដូចជាការរៃអង្គាសថវិកាសម្រាប់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ៕