fbpx

ធ្វើដំណើរជាមួយកាតរថយន្តក្រុងសាធារណៈដំបូងបង្អស់នៅកម្ពុជា

មិថុនា 19, 2018

កាតរថយន្តក្រុងសាធារណៈដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់នៅ​ថ្ងៃនេះ ក្រោមកិច្ចសហការរវាង ធនាគារឯកទេសវីង និងរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដើម្បីជួយ សម្រួលដល់ការធ្វើដំណើរក្នុងរាជធានីភ្នំពេញ ឲ្យកាន់តែមានភាពងាយស្រួលជាងមុន។

កាតរថយន្តក្រុងសាធារណៈ គឺជាការបណ្តាក់ទុនក្នុងស្រុកជាលើកដំបូង ដែលអនុញ្ញាតឲ្យអតិថិជន​ប្រើប្រាស់​​សេវារថយន្តក្រុងនៅក្នុងរាជធានីភ្នំពេញ ដោយគ្រាន់តែថេបកាត។ តាមរយៈកាតរថយន្តក្រុង និងបច្ចេកវិទ្យា របស់វីង ប្រជាពលរដ្ឋនឹងមានភាពងាយស្រួលជាងមុន ដោយពួកគាត់អាចឡើងជិះ​រថយន្ត​ក្រុង​សាធារណៈ​ទាំង១៥៥ ដោយពុំចាំបាច់ព្រួយបារម្ភពីរឿងមានសាច់ប្រាក់ក្នុងហោប៉ៅ និង​រីករាយនឹងភាពបត់បែនជាច្រើន ដែលផ្តល់ជូនតាមរយៈសេវាកម្មវីង។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង មានប្រសាសន៍នៅក្នុងកម្មវិធីនេះថា កិច្ច​សហការរវាង ធនាគារឯកទេសវីង និងរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង នឹងជួយកែប្រែ​មុខមាត់​នៃសេវាកម្មដឹក ជញ្ជូនសាធារណៈ​ នៅរាជធានីភ្នំពេញ ដោយផ្តល់ជូននូវការធ្វើដំណើរដែល​មាន​ភាពរហ័សនិងងាយស្រួល សម្រាប់អ្នករាល់គ្នា និងជំរុញសង្គមកម្ពុជាឱ្យទៅជាសង្គមមួយដែល​ធ្វើការ​ទូទាត់ប្រាក់ ​ដោយពុំចាំបាច់មាន សាច់ប្រាក់។

លោក ម៉ាឡូឡូស មានប្រសាសន៍ថា “យើងមានសេចក្តីរំភើបរីករាយជាខ្លាំង ក្នុងការរួមចំនែក​បង្កើត​​​សេវាកម្ម​ថ្មី សម្រាប់ប្រជាជនកម្ពុជា។ កាត​រថយន្តក្រុងសាធារណៈ នឹងនាំមកនូវរបៀបថ្មី ​ក្នុង​ការ​ប្រើប្រាស់ សេវាកម្មដឹកជញ្ជូនសាធារណៈ​នៅក្នុង​ទីក្រុង។ ធនាគារឯកទេស វីង តែងតែខិតខំ​ប្រឹងប្រែង​បង្កើតផលិតផល និងសេវាកម្មថ្មីៗ សម្រាប់ជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ ប្រជាពលរដ្ឋ និងក្លាយជាក្រុមហ៊ុនឈាន មុខគេ​ផ្នែកផ្គត់ផ្គង់បច្ចេកវិទ្យាហិរញ្ញវត្ថុ។”

លោក អ៊ាន សុឃីម អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្ត​​​ក្រុង ​ មាន​ប្រសាសន៍​ថា “ជាមួយ នឹងការបំពាក់ម៉ាស៊ីនទូរទាត់ តាមប្រព័ន្ធអេឡិកត្រូនិកនេះ ខ្ញុំសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា រដ្ឋាករ​នឹង​មានសមត្ថភាពកាន់តែប្រសើរឡើងថែមទៀត ក្នុងការគ្រប់គ្រង​ចំណូល និងទិន្ន័យអតិថិជន និង​សូម​ឱ្យភាគីទាំងពីរបន្តកិច្ចសហការ​​ល្អជាមួយគ្នាឱ្យបានជោគជ័យនាពេលអនាគត។”

កាតរថយន្តក្រុងសាធារណៈ ដែលផ្តល់ជូនដោយវីង មានពីរជម្រើសសម្រាប់អតិថិជន។ កាតពណ៌ ខៀវ គឺសម្រាប់សិស្ស មនុស្សចាស់ ព្រះសង្ឃ បុគ្គលិករោងចក្រ ជនពិការ និងកុមារកម្ពស់ក្រោម ១ម៉ែត្រ ដែលអតិថិជនអាចជិះបាន១៨០ដង ដោយឥតគិតថ្លៃ។ កាតពណ៌ខៀវមានតម្លៃ៤០០០រៀល ដែលអតិថិជនអាចបញ្ចូលចំនួនជិះដោយឥតគិតថ្លៃ នៅ​គ្រប់ស្ថានីយ៍ឡានក្រុង។ កាតពណ៌បៃតងគឺ សម្រាប់អតិថិជនទូទៅ។ កាតនេះមានតម្លៃ១០០០០ រៀល និងមានទឹកប្រាក់ក្នុងកាតចំនួន ៦០០០រៀល សម្រាប់ធ្វើដំណើរ ដែលអតិថិជនអាចបញ្ចូលទឹកប្រាក់ទៅក្នុងកាត នៅគ្រប់ភ្នាក់ងារវីង​គ្រប់ទីកន្លែង។

លើសពីនេះទៅទៀត អតិថិជនដែលមានកាតវីងទាំងអស់ ក៏អាចយកកាតវីងរបស់ខ្លួន​​ ឱ្យដំណើរការប្រព័ន្ធគិត លុយលើរថយន្តក្រុង នៅតាមបញ្ជរស្តង់ស្ថិតក្នុងស្ថាយនីយ៍រថយន្តក្រុង ឬការិយាល័យ​កណ្តាលធនាគារ​ឯកទេស​វីង ដើម្បីរីករាយជាមួយ​ការធ្វើដំណើរតាមទីក្រុងរបស់ពួកគេ​ គ្រប់ពេលដោយមិនចាំបាច់ព្រួយបារម្ភ​អំពីលុយអាប់ ឬលុយរាយដើម្បីជិះឡានក្រុងឡើយ។ សម្រាប់អតិថិជនវីង ដែលប្រើប្រាស់​គណនីគ្មានកាត​ ពួកគាត់ត្រូវតម្រូវឲ្យបង្កើតកាតវីង​ ឬជាវកាតពណ៌បៃតង ដើម្បីទូទាត់តាមអេឡិចត្រនិកពេលឡើង​ជិះរថយន្តក្រុងសាធារណៈ។

បើកដំណើរការនៅឆ្នាំ 2014 រថយន្ដក្រុងសាធារណៈ គឺជាប្រព័ន្ធដឹកជញ្ជូនសាធារណៈ របស់សាលារាជធានី ភ្នំពេញ ដែលបម្រើដល់ប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ។ ជាមធ្យម មានមនុស្សចន្លោះពី ២០០០០ ទៅ ២១០០០នាក់ ដែលធ្វើដំណើរប្រចាំថ្ងៃតាមរយៈរថយន្តក្រុងសាធារណៈទាំង៨ខ្សែ។

អំពីធានាគារឯកទេសវីង

ធនាគារឯកទេសវីង (ខេមបូឌា)លីមីធីត ផ្តល់សេវាកម្មហិរិញវត្ថុតាមទូរស័ព្ទចល័តឈានមុខគេនៅប្រទេស​កម្ពុជា​។​ វីងជាធនាគារមួយក្នុងចំណោមធនាគារឯកទេសមួយចំនួនក្នុងពិភពលោក។​បង្កើតឡើងក្នុងឆ្នាំ​២០០៩ ធនាគារឯកទេស​វីង​ ផ្តល់ជូនវីធីសាស្ត្រជាច្រើនសម្រាប់ប្រជាជនកម្ពុជាក្នុងការផ្ញើ និង ទទួលប្រាក់គ្រប់​ពេល​វេលា គ្រប់ទីកន្លែង​ដោយការ​ប្រើ​ប្រាស់​​ទូរស័ព្ទចល័ត។

ធនាគារឯកទេសវីង បានប្តេជ្ញាផ្តល់សេវាហិរញ្ញវត្ថុតាមរយៈសេវាកម្មហិរិញ្ញវត្ថុតាមទូរស័ព្ទចល័ត ទៅកាន់អ្នក​មិន​មាន​គណនីធនាគារនិងមិនស្ថិតក្នុងបណ្តាញធនាគារ ដោយផ្តល់ជូននូវផលិតផល​ និងសេវាកម្មប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ដែល​ផ្តល់​លទ្ធភាព​ដល់អតិថិជនគ្រប់ៗ គ្នាក្នុងការទទួលបានសេវាដូចជាការផ្ទេរប្រាក់​ក្នុងស្រុក ផ្ញើប្រាក់ពីក្រៅប្រទេសភ្លាមៗពីជាង ៥០ប្រទេស បញ្ចូលទឹកប្រាក់ទូរស័ព្ទ និងបង់វិក័យប័ត្រ។

ភាពជោគជ័យរបស់ធនាគារវីង ត្រូវបានទទួលស្គាល់នៅពេលដែលត្រូវបានគេដាក់ឈ្មោះថាជា “ធនាគារ​ទូទាត់ចល័តល្អបំផុតនៅកម្ពុជា” ក្នុងកម្រិតកិត្យានុភាពនៃពានរង្វាន់ហិរញ្ញវត្ថុ និង​ធនាគារ​ជា​សាកលឆ្នាំ​២០១៧។ ធនាគារវីងនៅតែជាអ្នកនាំមុខគេក្នុងការផ្តល់សេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក និងការ​ទូទាត់​ប្រាក់ចល័តនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការគ្របដណ្តប់ក្នុងស្រុក១០០% តាមរយៈបណ្តាញ​ទូទាំង​ប្រទេសរបស់យើងដែលមានសាខាវីងចំនួន ៥០០០ និង អាជីវករជាង៨០០០ និងចងសម្ព័ន្ធភាពជាក្រុមហ៊ុន​នាំ​មុខ​ឧស្សាហកម្ម​ជាសាកល រួមមាន កាតឥណទានអន្តរជាតិតាមអនឡាញ (Online Mastercard) និង​ក្រុមហ៊ុន WorldRemit។

ធនាគារឯកទេសវីងក៏ផ្តល់ជូននូវហិរញ្ញវត្ថុ និងដំណោះស្រាយទូទាត់ ដល់វិស័យសាជីវកម្ម​តាមរយៈសេវាកម្ម​សហគ្រាស​របស់យើង។ ជាមួយ វីង សហគ្រាសខ្នាតតូច និងមធ្យម (SMEs)ព្រមទាំង​ក្រុមហ៊ុន​នានា​អាច​ប្រើប្រាស់សេវាបើកប្រាក់បៀវត្ស និងសេវាទូទាត់ប្រាក់ឲ្យបុគ្គលិករបស់ពួកគេដែលជួយដល់កំណើន និង​ភាព​រីក​ចម្រើននៃប្រព័ន្ធអេកូទូទាត់ប្រាក់។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង

ធនាគារឯកទេសវីង
អ៊ីម៉ែល: marketing@wingmoney.com