fbpx

វីងពង្រឹងការអនុវត្តវិធីបង្ការកូវីដ​១៩ក្នុងចំណោមភ្នាក់ងាររបស់ខ្លួន

ធ្នូ 21, 2020

វីងលើកទឹកចិត្តភ្នាក់ងារនិងសហគមន៍របស់ខ្លួនឱ្យប្រកាន់ខ្ជាប់នូវការប្រុងប្រយ័ត្នចំពោះកូវីដ១៩ដើម្បីសុវត្ថិភាពរបស់ពួកគេ។

នៅពេលដែលប្រទេសកម្ពុជាកំពុងបន្តប្រឈមនឹងបញ្ហាដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ១៩ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានបង្កើនវិធានការណ៍ប្រុងប្រយ័ត្ននៅតាមភ្នាក់ងារវីងទូទាំងប្រទេស។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង បានមានប្រសាសន៍ថា៖ “យើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងាររបស់យើងនៅទូទាំងប្រទេសដើម្បីធានាថាពួកគេអនុវត្តវិធានការណ៍ដើម្បីការពារពីការឆ្លងជំងឺនេះ។ ឥឡូវនេះយើងក៏បានសម្រេចចិត្តចាត់វិធានការណ៍ផ្សេងបន្ថែមទៀតដើម្បីធានាសុវត្ថិភាពដល់ភ្នាក់ងារនិងសហគមន៍របស់យើង” ។

អតិថិជនរបស់វីងនឹងឃើញនូវសញ្ញាដើម្បីធានាបាននូវគម្លាតសុវត្ថិភាពនៅពេលរង់ចាំ មានអាកុលឬជែលលាងដៃ និងប័ណ្ណព័ត៌មានដែលជំរុញឱ្យសាធារណជនធ្វើតាមវិធីបង្ការកូវីដ១៩រួមមាន៖ការពាក់ម៉ាស់ និងទៅពិនិត្យសុខភាពប្រសិនបើពួកគេមានរោគសញ្ញានៃជំងឺនេះ។ ភ្នាក់ងារវីងក៏តម្រូវឲ្យពាក់ម៉ាស់និងផ្តល់ជូនអតិថិជននូវអាកុលឬជែលលាងដៃផងដែរ។

លោកស្រី វឿន ម៉ារីណា ភ្នាក់ងារវីងនៅខេត្តកណ្តាលបានមានប្រសាសន៍ថា៖“ខ្ញុំត្រូវពាក់ម៉ាស់និងប្រកាន់យកការរក្សាគម្លាតសង្គមប្រកបដោយសុវត្ថិភាពនៅទីតាំរបស់ខ្ញុំ។ នៅពេលមានអតិថិជនច្រើននៅទីនេះ ខ្ញុំលើកទឹកចិត្តពួកគេអោយតំរង់ជួរនិងធ្វើតាមផ្លាកសុវត្ថិភាព។ ខ្ញុំក៏រក្សាទីតាំងរបស់ខ្ញុំឱ្យស្អាតនិងផ្តល់ឱ្យអតិថិជននូវអាកុលលាងដៃផងដែរ។

វីងបានខិតខំប្រឹងប្រែងជាច្រើនចាប់តាំងពីខែមីនាឆ្នាំ ២០២០ ដើម្បីជម្រុញការយល់ដឹងអំពីកូវីដ១៩ ។ ទាំងនេះរួមបញ្ចូលការផ្សព្វផ្សាយអំពីការយល់ដឹងនៃគម្លាតសុវត្ថិភាព និងវិធានការណ៍ផ្សេងៗទៀតក្នុងពេលមានជំងឺរាតត្បាត។ ក្រុមហ៊ុនក៏បានបើកកម្មវិធីជជែកនៅលើទំព័រហ្វេសប៊ុកដើម្បីចែករំលែកព័ត៌មានឥតគិតថ្លៃនិងគួរឱ្យទុកចិត្តដល់សាធារណជនផងដែរ។

លោក ស៊ុ្រន ឈាងស្រេង នាយកគ្រប់គ្រងអាជីវកម្មទីផ្សារអតិថិជននៃធនាគារឯកទេស វីង បានមានប្រសាសន៍ថា៖“សុវត្ថិភាពរបស់ភ្នាក់ងារ អតិថិជន និងសហគមន៍គឺជាអាទិភាពចំបងរបស់យើង។ យើងតែងតែផ្តល់ព័ត៌មានថ្មីៗអំពីកូវីដ១៩ដល់ភ្នាក់ងាររបស់យើង ហើយទៅជួបពួកគេជាទៀងទាត់ដើម្បីធានាថាពួកគេកំពុងអនុវត្តនូវវិធានការណ៍សុវត្ថិភាពនានា។ បុគ្គលិកវីងទាំងអស់ក៏តម្រូវឲ្យ​ពាក់ម៉ាស់ របាំងមុខ ស្រោមដៃ លាងដៃនឹងអាកុល ព្រមទំាងរក្សាគម្លាតសុវត្ថិភាពនៅពេលទៅជួបភ្នាក់ងារផងដែរ»។

លោក សរ សាន្តភិរម្យ ដែលជាអតិថិជនវីងម្នាក់នៅខេត្តតាកែវបានឲ្យដឹងថា គាត់ពិតជាកោតសរសើរការប្តេជ្ញាចិត្តរបស់វីងចំពោះសុវត្ថិភាពអតិថិជនតាមរយៈការបង្កើតនូវការណែនាំនានា។

លោក សរ សាន្តភិរម្យ បានឲ្យដឹងថា៖ “ខ្ញុំមានអារម្មណ៍ថាមានសុវត្ថិភាពពេលទៅភ្នាក់ងារវីងព្រោះវាមានទីតាំងនៅក្បែរផ្ទះរបស់ខ្ញុំ។ ខ្ញុំបានកត់សម្គាល់ឃើញថាក្រុមហ៊ុនបានគូសខ្សែបន្ទាត់នៅលើដីហើយពួកគេស្នើសុំឱ្យអតិថិជនតម្រង់ជួរស្របគ្នានិងរក្សាចន្លោះ ១,៥ ម៉ែត្ររវាងគ្នាទៅវិញទៅមក។ ភ្នាក់ងារក៏រំលឹកពួកយើងឱ្យពាក់ម៉ាស់ និងសម្អាតដៃរបស់យើងជាមួយអាកុលមុននិងក្រោយពេលប្រើសេវាកម្មរបស់ពួកគេផងដែរ។ ខ្ញុំមានអារម្មណ៍ជឿជាក់និងពេញចិត្តចំពោះកម្រិតសុវត្ថិភាពនេះណាស់។

នៅទីស្នាក់ការកណ្តាលរបស់វីងនៅទីក្រុងភ្នំពេញ អតិថិជនទាំងអស់តម្រូវឱ្យពាក់ម៉ាស លាងដៃជាមួយអាកុល និងត្រួតពិនិត្យសីតុណ្ហភាពរបស់ពួកគេផងដែរ។

មានភ្នាក់ងារវីងជិត ៩០០០ កន្លែងនៅទូទាំងប្រទេសកម្ពុជាទាំងរាជធានីភ្នំពេញទៅខេត្តដាច់ស្រយាលផ្សេងៗ។ វីងបានធ្វើការដោយមិនខ្លាចនឿយហត់ដើម្បីធានាថាភ្នាក់ងាររបស់ខ្លួនអាចបន្តប្រតិបត្តិការអាជីវកម្មដោយគ្មានការរំខានណាមួយ ដើម្បីឲ្យអតិថិជនអាចបន្តប្រើប្រាស់សេវាកម្មរបស់ខ្លួនផ្ញើប្រាក់ទៅមនុស្សជាទីស្រឡាញ់ ក៏ដូចជាធ្វើប្រតិបត្តិការអាជីវកម្មផ្សេងៗ។

វីងក៏ផ្តួចផ្តើមសកម្មភាពជាច្រើនដើម្បីគាំទ្រសហគមន៍ដែលរងផលប៉ះពាល់ ក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ​១៩នេះ ។ ថ្មីៗនេះវីងបានប្រកាសធ្វើយុទ្ធនាការដើម្បីប្រមូលថវិការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទិញវ៉ាក់សាំងកូវីដ​១៩ ផងដែរ៕