fbpx

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធនាគារ វីង និង Wingagri សហការជំរុញកំណើនអាជីវកម្មកសិកម្មនៅកម្ពុជា

វិច្ឆិកា 14, 2023

តាមរយៈការសម្របសម្រួលពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យកសិកម្មនៅទូទាំងប្រទេសកម្ពុជា  កាន់តែងាយស្រួលក្នុងការទទួលបានឥណទានពីធនាគារ វីង ហើយអាចប្រើប្រាស់ថ្នាល Wingagri ដើម្បីជួយទ្រទ្រង់កំណើនអាជីវកម្មក្នុងវិស័យកសិកម្ម។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងធនាគារ វីង (ខេមបូឌា) ម.ក បានរៀបចំកិច្ចសហការលើការចុះអនុស្សរណៈនៃការយោគយល់គ្នា សំដៅលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ដោយផ្តល់ជូននូវឥណទានដែលមានអត្រាការប្រាកសមរម្យ ដើម្បីគាំទ្រដល់គោលនយោបាយអាទិភាពសម្រាប់វិស័យកសិកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈថ្នាលនៃខ្សែចង្វាក់ផ្គត់ផ្គង់ប្រកបដោយភាពច្នៃប្រឌិតនៃទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិចកសិកម្ម ឬ Wingagri ដែលបង្កើតឡើងជាពិសេសដើម្បីគាំទ្រដល់វិស័យកសិកម្ម។

ពិធីចុះអនុស្សរណៈយោគយល់គ្នានេះ មានការអញ្ជើញចូលរួមចុះហត្ថលេខាដោយឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង នៅឯទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  រាជធានីភ្នំពេញ។

តាមរយៈកិច្ចសហការគ្នានេះ ធនាគារ វីង នឹងផ្តល់នូវប្រាក់កម្ចីក្នុងអត្រាការប្រាក់សមរម្យដល់អាជីវកម្មក្នុង វិស័យកសិកម្ម ក្រោមការសម្របសម្រួលដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណងដោះស្រាយបញ្ហាហិរញ្ញប្បទាន ខ្សែចង្វាក់ផលិតកម្ម និងជំរុញការទទួលបានលទ្ធភាពហិរញ្ញវត្ថុទៅដល់អអាជីវកម្មទាំងនោះ ដើម្បីជួយបង្កើនផលិតផលកម្មកសិកម្ម និងឆ្លើយតបទៅនឹងតម្រូវការដែលកំពុងមានការកើនឡើង។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសស៍ថា៖ “ភាពជាដៃគូជាមួយធនាគារ វីង នាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយាបានអនុញ្ញាតឲ្យយើងខ្ញុំធ្វើការពង្រឹងការគាំទ្រទៅលើវិស័យកសិកម្ម ក្នុងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុ ដែលកំពុងមានត្រូវការយ៉ាងច្រើន និងដើម្បីពង្រីកទីផ្សារសម្រាប់កសិករ និងអាជីវកម្មក្នុងវិស័យចកសិកម្មនៅទូទាំងប្រទេសកម្ពុជា។” ឯកឧត្តម មានប្រសាសន៍បន្ថែមទៀតថា៖ “យើងខ្ញុំកំពុងបាននឹងកំពុងស្វែងរក ស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត ដោយដើរតាមជំហានរបស់ធនាគារ វីង ក្នុងការជួយដល់កសិកររបស់យើងឲ្យបានរីកចម្រើន” ។

លើសពីនេះ តាមរយៈភាពជាដៃគូធុរកិច្ចកសិកម្ម នឹងអាចប្រើប្រាស់បាននូវថ្នាលឌីជីថល Wingagri ដែលមានភាពទំនើប។ ការប្រើប្រាស់ជាមជ្ឈមណ្ឌលឌីជីថលកណ្តាលសម្រាប់វិស័យកសិកម្ម ថ្នាលឌីជីថលនេះក៏ផ្តល់នូវការគ្រប់គ្រងដែលមានលក្ខណៈងាយស្រួលសម្រាប់ខ្សែចង្វាក់ផ្គត់ផ្គង់កសិកម្មផងដែរ។ Wingagri ផ្តល់នូវដំណោះស្រាយហិរញ្ញប្បទានយ៉ាងល្អប្រសើរសម្រាប់ការគាំទ្រដល់សហគមន៍កសិកម្ម អ្នកទិញ អ្នកផ្គត់ផ្គង់វត្ថុធាតុដើម និងកសិករ ដោយធានាបាននូវដំណើរការប្រកបដោយប្រសិទ្ធភាព និងរលូន។

ថ្លែងក្នុងឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍ផងដែរថា៖ “យើងខ្ញុំជឿជាក់យ៉ាងមុតមាំថា ការដាក់បញ្ចូលបរិយាបន្នហិរញ្ញវត្ថុ គឺជាធាតុផ្សំដ៏សំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងការរីកចម្រើននៅពេលនេះ។ ដើម្បីបំពេញតម្រូវការរបស់សហគ្រាសធុនតូច និងមធ្យម សម្រាប់វិស័យកសិកម្ម យើងខ្ញុំបានធ្វើការកែសម្រួលសេវាកម្មហិរញ្ញវត្ថុរបស់យើងទៅតាមតម្រូវការជាក់ស្តែង”។ អ្នកឧកញ៉ា បានបន្តថា៖ “ខ្ញុំ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានជឿទុកចិត្តលើដំណោះស្រាយហិរញ្ញវត្ថុរបស់យើងខ្ញុំ”។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជាសម្រេចបាននូវលទ្ធផលគួរឲ្យកត់សម្គាល់សម្រាប់     វិស័យកសិកម្មកាលពីឆ្នាំ២០២២ ជាមួយនឹងការនាំចេញផលិតផលកសិកម្មជាផ្លូវការសម្រេចបាន ៨,៦ លានតោន ដែលនាំចេញទៅកាន់ ៧៤ ទីផ្សារនៅលើពិភពលោក។ តម្លៃនៃការនាំចេញសរុបមានប្រមាណជិត ៥ ពាន់លានដុល្លារ ដែលនេះបានឆ្លុះបញ្ចាំងពីកំណើនគួរឲ្យកត់សម្គាល់ចំនួន ៧,៨ ភាគរយ បើធៀបនឹង ៧,៩ លានតោនដែលសម្រេចបានការនាំចេញកាលពីឆ្នាំ ២០២១។ សមិទ្ធិផលដ៏គួរឲ្យកត់សម្គាល់នេះបង្ហាញពីការរួមចំណែកយ៉ាងសំខាន់នៃវិស័យកសិកម្មដែលស្មើនឹង ២២,២ ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា ក្នុងឆ្នាំ២០២២ ។

 

តាមរយៈការចុះអនុស្សរណៈយោគយល់គ្នានេះ អាជីវកម្មក្នុងវិស័យកសិម្មនៅទូទាំងប្រទេសកម្ពុជាអាចទំនាក់ទំនងទៅកាន់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីដាក់សំណើសុំឥណទានពីធនាគារ វីង។ ឥណទាននេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រ និងពង្រីកអាជីវកម្មរបស់ពួកគេ ដោយផ្តល់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុចាំបាច់ដើម្បីជំរុញកំណើន និងអភិវឌ្ឍអាជីវកម្មក្នុងវិស័យកិច្ចកសិកម្ម។