fbpx

អ្នកឧកញ៉ា គិត ម៉េង ឧបត្ថម្ភថវិកា ២០លានរៀល ដល់មន្ទីរពេទ្យកុមារអង្គរ

មិថុនា 14, 2023

អ្នកឧកញ៉ា គិត ម៉េង និងក្រុមគ្រួសារ បានបរិច្ចាគថវិកាចំនួន ២០លានរៀល ដល់មន្ទីរពេទ្យកុមារអង្គរ តាមរយៈធនាគារ វីង។

អ្នកឧកញ៉ា គិត ម៉េង និងក្រុមគ្រួសារ បានផ្តល់ថវិកាចំនួន ២០លានរៀល ឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងឱកាសប្រារព្ធពិធី “បុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំទី១០” ដែលប្រារព្ធឡើងក្នុងគោលបំណងរៃអង្គាសថវិកាជួយដល់ការព្យាបាលជំងឺកុមារកម្ពុជាដោយឥតគិតថ្លៃ។

ឆ្នាំ ២០២៣នេះ គឺជាឆ្នាំទី៤ហើយ ដែលអ្នកឧកញ៉ា និងក្រុមគ្រួសារ តាមរយៈធនាគារ វីង បានចូលរួមឧបត្ថម្ភដល់មន្ទីរពេទ្យនេះ។ ជាមួយគ្នានេះ ធនាគារ វីង តែងតែបានផ្តល់ជាមធ្យោបាយដល់មន្ទីរពេទ្យកុមារអង្គរ សម្រាប់ទទួលថវិកាបរិច្ចាគពីបណ្តាសប្បុរសជននានាដោយឥតគិតថ្លៃ ដើម្បីរួមចំណែក​ដល់ប្រតិបត្តិការប្រកបដោយនិរន្តរភាពរបស់មន្ទីរពេទ្យ។

លោក ហោ ប៊ុនថែ អគ្គនាយករង ធនាគារ វីង មានប្រសាសន៍ថា៖ “កុមារ គឺជាអនាគតសសរស្តម្ភរបស់ប្រទេសជាតិ។ ហេតុនេះ យើងត្រូវធានាថាកុមាររបស់យើងមានសុខភាពល្អប្រសើរ។​ ខ្ញុំយល់ថាបុណ្យផ្កាមហាសាមគ្គីនេះ ជាគំនិតផ្តួចផ្តើមដ៏ល្អដែលអនុញ្ញាតឲ្យសាធារណជនអាចចូលរួមចំណែកបរិច្ចាគ ដើម្បីធ្វើការរួមគ្នាក្នុងការជួយលើកកម្ពស់សុខភាពកុមារ​ ក៏ដូចជាជួយដល់សង្គមជាតិរបស់យើងផងដែរ។​”

បច្ចុប្បន្នមន្ទីរពេទ្យកុមារអង្គរ បានដើរតួយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះកុមារកម្ពុជា។ តាមស្ថិតិរបស់មន្ទីរពេទ្យកុមារអង្គរក្នុងឆ្នាំ២០២២ មន្ទីរពេទ្យបានផ្តល់សេវាពិគ្រោះ និងព្យាបាលដោយឥតគិតថ្លៃដល់កុមារជាង ៩៧.៩៧៨ នាក់ទូទាំងប្រទេស និងជាមធ្យមមានកុមារជាង ៣០០នាក់ ក្នុងមួយថ្ងៃ បានមកទទួលសេវាសុខភាពនៅមន្ទីរពេទ្យនេះ។ ​ដែលនេះជាកិច្ចការសប្បុរសធម៌របស់មន្ទីរពេទ្យបានផ្តល់ផលជាវិជ្ជមានដល់សុខភាពនិងសុខុមាលភាពរបស់កុមារកម្ពុជាជាច្រើន។

លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា ប្រធានមន្ទីរពេទ្យកុមារអង្គរ បានមានប្រសាសន៍ថា៖ “យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ការគាំទ្រជាបន្តបន្ទាប់ពីអ្នកឧកញ៉ា និងក្រុមគ្រួសារ ក៏ដូចជាធនាគារ វីង សម្រាប់សកម្មភាពសប្បុរសធម៌ក្នុងការជួយដល់មន្ទីរពេទ្យកុមារអង្គរ ក៏ដូចជាការជួយសង្គ្រោះជីវិតកុមារកម្ពុជា។ យើងខ្ញុំជឿជាក់ថា កុមារគ្រប់រូបសក្តិសមនឹងទទួលបានសុខភាពល្អ និងការថែទាំប្រកដដោយការយកចិត្តទុកដាក់។”

ថវិកាដែលបានមកពីការបរិច្ចាគរបស់សប្បុរសជនក្នុងកម្មវិធី “បុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំទី១០” នេះ គឺនឹងប្រើប្រាស់ ក្នុងប្រតិបត្តិការ ក៏ដូចជាគាំទ្រដល់និរត្តរភាព លើការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត បរិក្ខារនានា ក៏ដូចជាវគ្គបណ្តុះបណ្តាលបុគ្គលិក ព្រមទាំងសម្រាប់ការកែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់មន្ទីរពេទ្យផងដែរ។

តាមរយៈមន្ទីរពេទ្យកុមារអង្គរបានឲ្យដឹងថា មន្ទីរពេទ្យមានតម្រូវការថវិកាប្រមាណជាជាង ៦លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ សម្រាប់ប្រតិបត្តិការ និងទ្រទ្រង់សេវាវេជ្ជសាស្រ្តរបស់ខ្លួន។ ដើម្បីចូលរួមចំណែកក្នុងការជួយសង្រ្គោះជីវិតកុមារនៅកម្ពុជា សាធារណជនអាចធ្វើការបរិច្ចាគ តាមរយៈបណ្តាញរបស់ធនាគារ វីង ដែលមានដូចជា៖ Wing Bank App ឬអញ្ជើញទៅកាន់ទីតាំងណាមួយរបស់ វីង ដែលមានជាង១១.០០០ កន្លែង ដែលនៅជិតលោកអ្នក ដោយបរិច្ចាគតាមរយៈលេខកូដ ៩១២២ (ប្រាក់រៀលខ្មែរ) និង ៨១២២ (ដុល្លារអាមេរិក)។ លោកអ្នក​ដែល​ប្រើ​គណនី​ធនាគារ​ផ្សេង​​ក៏​អាច​បរិច្ចាគ​តាម​រយៈ KHQR របស់​ធនាគារ វីង បានផងដែរ។ ធនាគារ វីង ក៏បានសហការជាមួយក្រុមហ៊ុន Global Money Express ដែលអនុញ្ញាតឲ្យសប្បុរសជននៅប្រទេសកូរ៉េខាងត្បូងអាចធ្វើការបរិច្ចាគថវិកាដល់មន្ទីរពេទ្យកុមារអង្គរ តាមរយៈGME ដោយមិនគិតថ្លៃសេវាតាមរយៈលេខគណនី ០៤៣៦៥២៤១ (ដុល្លារអាមេរិក)៕