fbpx

ធនាគារ វីង ចូលជាសមាជិកថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា បង្កើនប្រសិទ្ធភាពសម្គាល់អត្តសញ្ញណអ្នកប្រើប្រាស់

កញ្ញា 4, 2023

ធនាគារ វីង ពង្រឹងសមត្ថភាពប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល (e-KYC) របស់ខ្លួនតាមរយៈការចូលជាសមាជិកថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX) ដើម្បីការពារការក្លែងបន្លំ និងធ្វើឲ្យបទពិសោធន៍នៃការប្រើប្រាស់សេវាធនាគាររបស់អតិថិជន​កាន់តែប្រសើរឡើង។​

ធនាគារ វីង ដែលជាធនាគារពាណិជ្ជរីកចម្រើន​យ៉ាងឆាប់រហ័សមួយនៅកម្ពុជា បានបោះជំហានដ៏សំខាន់សំដៅពង្រឹងដំណើរការប្រើប្រាស់សេវាធនាគារទៅដល់អតិថិជន​ ដោយថ្មីៗនេះ​ធនាគារ វីង​ បានចូលជាសមាជិកថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា​ ឬហៅកាត់ថា​ ថ្នាល CamDX។

តាមរយៈការវិវឌ្ឍជាយុទ្ធសាស្រ្តនេះ នឹងអនុញ្ញាតដល់ធនាគារ វីង អាចពង្រឹងសមត្ថភាពមួយកម្រិតថែមទៀតលើការសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល (e-KYC) ដោយជួយសម្រួលនៅពេលអតិថិជ​នប្រើប្រាស់សេវាធនាគារ ជាពិសេសការបើកគណនី ហើយអាចពង្រឹងវិធានទប់ស្កាត់នៃការក្លែងបន្លំ និង​ការប្រព្រឹត្ត​បទ​ល្មើស​បច្ចេកវិទ្យា​ផ្សេងៗថែមទៀតផង។​

CamDX ដែលអភវិឌ្ឍតាមលំនាំំថ្នាលបច្ចេកវិទ្យា X-Road របស់ប្រទេសអេស្តូនីនៅប៉ែកអ៉ឺរ៉ុប គឺជាថ្នាលបច្ចេកវិទ្យាព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានបង្កើតឡើងសម្រាប់ការផ្លាស់ប្តូរទិន្នន័យដោយប្រើប្រាស់សន្ធានកម្មនៃកម្មវិធីកុំព្យូទ័រ (API) រវាងបច្ចេកវិទ្យាព័ត៌មានមួយ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយទៀតក្នុងវិស័យសាធារណៈ និងវិស័យឯកជន (សមាជិកថ្នាល CamDx) ដោយសុវត្ថិភាពតាមរយៈការប្រើប្រាស់ប្រព័ន្ធអ៉ិនធឺណិត ដោយតភ្ជាប់ក្នុងបណ្តាញឌីជីថលផ្សេងៗ។​

ការទទួលបានជាសមាជិកភាពនៃថ្នាល CamDX នឹងជួយដល់ធនាគារ វីង អាចពង្រឹងសមត្ថភាពក្នុងការសម្គាល់អត្តសញ្ញាណអតិថិជន ដោយអាចធ្វើការផ្ទៀងផ្ទាត់បានភ្លាមៗចំពោះឯកសាររបស់អតិថិជនក្នុងការផ្គូផ្គងជាមួយទិន្នន័យមូលដ្ឋាននៃក្រសួងមហាផ្ទៃ។ ការធ្វើសមាហរណកម្មបែបនេះ ដើម្បីធានាបាននូវសុវត្ថិភាពឲ្យកាន់តែប្រសើរឡើង ហើយកាត់បន្ថយហានិភ័យពីសកម្មភាពក្លែងបន្លំផ្សេងៗ។​ ធនាគារ វីង បានចូលជាសមាជិកថ្នាល CamDX ជាផ្លូវការនៅថ្ងៃ​ ២៦ ខែមេសា ឆ្នាំ២០២៣។​

លោក ហាន ប៉េងក្វាង​ អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “ការក្លាយជាសមាជិកថ្នាល CamDX ​បានធ្វើឲ្យធនាគារ វីង ក្លាយជាគ្រឹះស្ថានធនាគារនាំមុខគេមួយលើការធ្វើទំនើបកម្មឌីជីថល ដោយប្រើប្រាស់បច្ចេកវិទ្យាដើម្បីជួយសម្រួលការប្រើប្រាស់សេវាធនាគារទៅដល់អតិថិជន ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំ និងជំរុញបរិយាបន្នហិរញ្ញវត្ថុឲ្យកាន់តែប្រសើរ”។

លោក ហាន ប៉េងក្វាង បានបន្ថែមថា៖ “ជាមួយនឹងការពង្រឹងសមត្ថភាពចំពោះការសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល (e-KYC) យើងខ្ញុំមានការប្តេជ្ញាចិត្តដើម្បីផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់សេវាធនាគារទៅ​ដល់អតិថិជនយ៉ាងរលូន និងមានសុវត្ថិភាព​ ក៏ដូចជាបង្កើនទំនុក និងការជឿជាក់លើសេវាកម្មធនាគារឌីជីថលរបស់យើងខ្ញុំ”។

ប្រព័ន្ធបច្ចេកវិទ្យា e-KYC អាចជួយដល់ស្ថាប័ននានាងាយស្រួល ផ្ទៀងផ្ទាត់ឯកសារអតិថិជនជាលក្ខណៈឌីជីថល ដោយអាចធ្វើការផ្គូផ្គងឯកសារទាំងនោះជាមួយនឹងទិន្នន័យមូលដ្ឋានដែលមានសុពលភាព។ ការពង្រឹងសមត្ថភាពតាមរយៈការប្រើប្រាស់ e-KYC ដើម្បីធានាបានសុវត្ថិភាពឲ្យបានរឹងមាំ​គឺស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ របស់រដ្ឋាភិបាលកម្ពុជាដែលមានគោលដៅយ៉ាងសំខាន់ ជាពិសេសសម្រាប់ការអភិវឌ្ឍ​វិស័យធនាគារ។​

កាលពីឆ្នាំ២០២២ ធនាគារជាតិ នៃកម្ពុជា និង​មជ្ឈមណ្ឌល​​បណ្តុះ​ធុរកិច្ច​ថ្មី ​“តេ​ជោ”​ នៃ​ក្រ​សួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ បានសម្រេចកិច្ចសហការមួយដើម្បីលើកកម្ពស់ការប្រើបា្រស់ e-KYC នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។

ឯកឧត្តមបណ្ឌិត គង់ ម៉ារី អនុ​រដ្ឋលេខា​ធិ​ការ​ក្រសួង​សេដ្ឋកិច្ច និង​ហិ​​រញ្ញ​វត្ថុ និង​ជា​ប្រធាន​ក្រុមការងារ​អន្តរក្រសួង​អនុវត្ត​ប្រព័ន្ធ​សម្គាល់​អត្តសញ្ញាណ​អតិថិជន​ឌីជីថល​ ត្រូវបានសារព័ត៌មានក្នុងស្រុកដកស្រង់សម្តី ដោយថ្លែងថ្លា៖ “​កន្លងទៅ​វិស័យ​ឯកជន ពិសេស​វិស័យ​ធនាគារ​បាន​លើកសំណើ​មក​រាជរដ្ឋាភិបាល តាមរយៈ​វេទិកា​រដ្ឋាភិបាល​​ផ្នែក​ឯកជន ដើម្បី​អាច​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​អតិថិជន​របស់ខ្លួន តាមរយៈ​ការ​​ត​ភ្ជាប់​មកកាន់​ទិន្នន័យ​របស់​រដ្ឋ​”។

ឯកឧត្តមបណ្ឌិត គង់ ម៉ារី បានបន្តថា៖ “តប​តាម​សំណើ​នេះ​ក្រសួង​សេដ្ឋកិច្ច​ក៏បាន​រៀបចំ​ជា​ប្រព័ន្ធ e-KYC ឡើង ដើម្បី​ប្រើប្រាស់​ជា​យន្តការ​ក្នុង​ការតភ្ជាប់​ជាមួយ​ព័ត៌មាន​អត្តសញ្ញាណ​កម្ម​របស់​ក្រសួងមហាផ្ទៃ​​”។​

រដ្ឋាភិបាលកម្ពុជា បានដាក់ឲ្យប្រើប្រាស់ថ្នាល CamDX ជាផ្លូវការកាលពីខែមិថុនា ឆ្នាំ២០២២ ដើម្បីធានាបាននូវការធ្វើកូដនីយកម្មទិន្នន័យ ការប្រើប្រាស់បច្ចេកវិទ្យាហត្ថលេខាឌីជីថល​​​ ក៏ដូចជាការធ្វើកំណត់ត្រាអេឡិចត្រូនិកនៃការផ្លាស់ប្តូរទិន្នន័យ​ អាចដំណើរការទៅដោយសុវត្ថិភាព សុចរិតភាព និងភាពត្រឹមត្រូវ។​ ថ្នាល CamDx ទទួលបានទទួល​ជ័យលាភី​នៃ​ពានរង្វាន់​ការ​សម្រប​ខ្លួន​ប្រើប្រាស់​បច្ចេកវិទ្យា​បើកចំហ​កូដ​ប្រចាំឆ្នាំ២០២២ (Open Source Adaptation of the Year) ពីពានរង្វាន់​អនាគត​នៃ​រដ្ឋាភិបាល​ (Future of Government Awards) ដែលជា​កិច្ចសហការ​គាំទ្រ​រវាង​វិទ្យាស្ថាន Amazon Web Services, អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និង​បណ្ដាញ​សកល​សម្រាប់​រដ្ឋាភិបាល Apolitical​។​

អ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងឌីជីថល​មើលឃើញថាថ្នាល CamDX មិនត្រឹមតែជាយន្តការសម្រាប់ការសម្គាល់អត្តសញ្ញាណអ្នកប្រើប្រាស់ប៉ុណ្ណោះទេ តែក៏ជាថ្នាលជួយសម្រួលសម្រាប់ការចុះបញ្ជីអាជីវកម្មតាមបច្ចេកវិទ្យាព័ត៌មានដ៏សំខាន់ផងដែរ ដែលនឹងជួយបង្កើនបរិយាកាសទាក់ទាញសម្រាប់ការវិនិយោគនៅក្នុងប្រទេសកម្ពុជា៕