fbpx

វីងចូលរួមលើកកម្ពស់ការយល់ដឹងស្តីពីបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងពិព័ណ៌ជំនាញសិក្សា និងការងារឆ្នាំ២០១៩

មិថុនា 13, 2019

ក្នុងនាមជាក្រុមហ៊ុនក្នុងស្រុកមួយ ដែលមានជំនាញជាង១០ឆ្នាំលើបច្ចេកវិទ្យាហិរញ្ញវត្ថុ និងត្រូវបានទទួលស្គាល់ថាជា​ក្រុមហ៊ុនឈានមុខគេផ្នែកសេវាកម្មធនាគារចល័តនៅកម្ពុជា ធនាគារឯកទេសវីង បានចូលរួមលើកកម្ពស់ការយល់ដឹងស្តីពីបច្ចេកវិទ្យហិរញ្ញវត្ថុ ទៅដល់សិស្សនិងនិស្សិតជាង ២០០០ នាក់នៅក្នុង   ពិព័ណ៌ជំនាញសិក្សា និងការងារឆ្នាំ២០១៩។

ពិព័ណ៌ជំនាញសិក្សា និងការងារឆ្នាំ២០១៩ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី​០៩ ខែមិថុនា នាបរិវេណវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ កម្មវិធីនេះត្រូវបានរៀបចំឡើង ដោយសមាគមសិស្សនិស្សិតអាហារូបករណ៍ហ្វុលប្រាយ និងសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា (ហៅកាត់ថាFUSSAC) ក្រោមកិច្ចសហការពីក្រសួងអប់រំយុវជន និងកីឡា ក៏ដូចជាស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា។

សម្រាប់ឆ្នាំនេះដែរ ប្រធានបទចម្បងនៅក្នុងកម្មវិធីនេះ គឺពាក់ព័ន្ធនឹង “បច្ចេកវិទ្យាហិរញ្ញវត្ថុ”។ បច្ចេកវិទ្យាហិរញ្ញវត្ថុ ​សំដៅ​លើ​ការប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​ការផ្តល់សេវាកម្ម​ហិរញ្ញវត្ថុ។ សម្រាប់ប្រទេសកម្ពុជា បច្ចេកវិទ្យាហិរញ្ញវត្ថុអាចត្រូវបានមើលឃើញតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា​អេឡិចត្រូនិកដើម្បីធ្វើប្រតិបត្តិការសេវាកម្មហិរញ្ញវត្ថុដូចជាការផ្ទេរប្រាក់ ទូទាត់ថ្លៃទំនិញ បង់ប្រាក់កម្ចី ឬកាបូបលុយឌីជីថលជាដើម (Digital E-Wallet)។

ក្រៅពីការតាំងពិព័រណ៌របស់សាកលវិទ្យាល័យ និងក្រុមហ៊ុនផ្តល់សេវាកម្មបច្ចេកវិទ្យា និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ពិព័ណ៌ជំនាញសិក្សា និងការងារឆ្នាំ២០១៩ ក៏មានជាវេទិកាពិភាក្សាដែលមាន​អ្នកជំនាញពីស្ថាប័នពាក់ព័ន្ធមកជជែកពិភាក្សាជុំវិញប្រធានបទ “តើបច្ចេកវិទ្យាហិរញ្ញវត្ថុគឺសម្រាប់មនុស្សគ្រប់គ្នាឬ?”។

លោកស្រី ឆាយ កញ្ញា ប្រធានជាន់ខ្ពស់ ផ្នែកទីផ្សារផលិតផលនៃធនាគារឯកទេសវីង ដែលបានចូលរួម​ក្នុងកិច្ចពិភក្សាបានប្រាប់ឲ្យដឹងថា “បច្ចេកវិទ្យាហិរញ្ញវត្ថុពិតជាបានជួយសម្រួល​ទៅដល់​ជីវភាព​រស់នៅ​របស់បុគ្គល គ្រួសារ និងសហគមន៍ ក៏ដូចជាជួយដល់ការរីកចម្រើនសេដ្ឋកិច្ចផងដែរ។ ហេតុដូច្នេះហើយ វាពិតជារឿងដ៏សំខាន់សម្រាប់យុវជនក្នុងការយល់ដឹងច្បាស់អំពីបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីឲ្យពួកគាត់​អាចដើរទាន់នូវការរីកចម្រើននៃបច្ចេកវិទ្យានៅកម្ពុជា ក៏ដូចជាជុំវិញពិភពលោក។”

នៅក្នុងពិព័ណ៌នោះដែរ ក្រុមការងាររបស់ធនាគារឯកទេសវីងក៏បានចូលរួមនៅក្នុងពិព័រណ៌មួយនេះ ដើម្បីបង្ហាញដល់យុវជនកម្ពុជាអំពីក្រុមហ៊ុនរបស់ខ្លួន និងការដែលផលិតផលនិងសេវាកម្មរបស់របស់វីង បានចូលរួមយ៉ាងណាខ្លះក្នុងការអភិវឌ្ឃបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។ នៅក្នុងកម្មវិធីនោះដែរ សិស្សនិស្សិតជាច្រើនក៏បានមកដាក់ពាក្យស្វែងរកការងារ និងការហាត់ការនៅស្តង់វីង ដែលធនាគារមួយនេះ​កំពុងស្វែងរកបុគ្គលិកសម្រាប់បម្រើការឲ្យក្រុមហ៊ុនផងដែរ។

លោក អ៊ុន នរ៉ា ប្រធានគ្រប់គ្រងធនធានមនុស្សនៃធនាគារឯកទេសវីង បានប្រាប់ឲ្យដឹងថា “ជាក់ស្តែង ធនាគារបានចូលរួមក្នុងកម្មវិធីនេះ គឺដើម្បីនាំយកឲកាសការងារសម្រាប់និស្សិត ដែលកំពុង​សិក្សា និងបញ្ចប់ការសិក្សា ក៏ដូចជាបង្ហាញពីបច្ចេកវិទ្យហិរញ្ញវត្ថុ ឬFinancial Technology។ តាមការ​សង្កេត​ខ្ញុំ ពួកគាត់មានចំណាប់អារម្មណ៍ច្រើន។​ ម្យ៉ាងទៀត សម្រាប់យុវជនដែលនៅតាមទីជនបទដែលមានចំណេះដឹងតិច កម្មវិធីនេះ នឹងជួយឲ្យគាត់មានការយល់ដឹងកាន់តែច្រើនអំពីបច្ចេកវិទ្យាថ្មីៗផងដែរ។”

អ៊ឹម ប៉ុណ្ណារី សិស្សវិទ្យាល័យទួលទំពួងដែលចូលរួមកម្មវិធីបានប្រាប់ឲ្យដឹងថា “កម្មវិធីនេះ ពិតជាមាន​សារៈសំខាន់​ណាស់សម្រាប់សិស្សៗថ្នាក់ទី១២ ដោយហេតុថា វានាំឲ្យយើងមានភាពងាយស្រួល​ក្នុង​ការ​ជ្រើសរើស​មុខវិជ្ជា​ ដែលត្រូវនឹងសមត្ថភាពរបស់យើង។ ក្រុមហ៊ុនវីង ដែលបានមកចុះផ្សព្វផ្សាយនៅទីនេះ ពិតជាមានប្រយោជន៍ដល់អ្នកចូលរួម ដោយហេតុថាពួកគាត់បានស្គាល់កាន់តែច្បាស់អំពីក្រុមហ៊ុនវីង ហើយវីងក៏បានធ្វើការចុះផ្សាយពីឲកាសការងារ។ សម្រាប់នាងខ្ញុំដែលជាសិស្សទី១២ ដែលបញ្ចប់ការ​សិក្សា​ឆ្នាំនេះ ក៏មានឲកាសធ្វើការនៅវីងបានដែរ។”