fbpx

Wingpoints ជួយឱ្យអ្នកប្រើប្រាស់អាចទិញទំនិញបានច្រើនជាងមុន

មីនា 6, 2024

ឥឡូវនេះ អ្នកប្រើប្រាស់អេប Wing Bank ទាំងអស់នឹងទទួលបានរង្វាន់ជា Wingpoints ភ្លាមៗរាល់ពេលធ្វើប្រតិបត្តិការ ដែលជួយទៅដល់អតិថិជនសន្សំបានកាន់តែច្រើន ហើយអាចទិញទំនិញបានច្រើនជាងមុនថែមទៀតផង។

ធនាគារ វីង (ខេមបូឌា) ម.ក បានដាក់ឱ្យដំណើរការផលិតផលដ៏មានភាពទាក់ទាញថ្មីមួយនៅក្នុងទីផ្សារនោះគឺ Wingpoints ដែលជាកម្មវិធីផ្តល់រង្វាន់ដំបូងគេដំណើរការដោយបច្ចេកវិទ្យាប្លុកឆេន​ ដើម្បី​ជួយសម្រួលការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រចាំថ្ងៃទៅដល់អ្នកប្រើប្រាស់ក្នុងការចំណាយ ដោយទទួលបានមកវិញនូវការសន្សំបានយ៉ាងច្រើនសន្ធឹកសន្ធាប់។

Wingpoints ផ្តល់ជូនអ្នកប្រើប្រាស់ទទួលបាននូវពិន្ទុរង្វាន់ដ៏ច្រើន រាល់ពេលដែលធ្វើប្រតិបត្តិការតាម​អេប​​ Wing Bank។ ប្រតិបត្តិការហិរញ្ញវត្ថុទាំងនោះមានដូចជាការវេលុយទៅមិត្តភក្កិ សមាជិកគ្រួសារ ឬមនុស្សជាទីស្រលាញ់ តាមរយៈការប្រើប្រាស់គណនីធនាគារ វីង ដូចគ្នា, ការបញ្ចូលលុយតាមទូរសព្ទសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធសែលកាត, ក៏ដូចជាការប្រើមុខងារ KHQR ឬ Wingpay សម្រាប់ការស្កេនទូទាត់នៅតាមហាងដែលចូលរួមជាមួយកម្មវិធីផ្តល់រង្វាន់នេះ។

លោក ហាន​ ប៉េងក្វាង អគ្គនាយកធនាគារ វីង​ បានលើកឡើងថា៖ “Wingpoints តំណាងឱ្យការបញ្ចូលគ្នារវាង ភាពច្នៃប្រឌិត និងការជំរុញលើកទឹកចិត្ត ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទទួលយកបទពិសោធន៍នៃការធ្វើប្រតិបត្តិការហិរញ្ញវត្ថុប្រចាំថ្ងៃមានភាពងាយស្រួល និងទទួលបានរង្វាន់ថែមទៀតផង”។

ចំនួន ១០០​ Wingpoints មានតម្លៃស្មើនឹងទឹកប្រាក់ ១ដុល្លារ ហើយរង្វាន់នេះមានសុពលភាពរហូតដល់រយៈពេល ១២ខែ ដោយគិតចាប់ពីថ្ងៃដែលទទួលបាន ដែលការផ្តល់ជូននេះនឹងជំរុញលើកទឹកចិត្តអ្នកប្រើប្រាស់ធ្វើប្រតិបត្តិការញឹកញាប់ ហើយទទួលបានរង្វាន់បានកាន់តែច្រើន។

ភាពបត់បែនរបស់ Wingpoints លើសពីកម្មវិធីផ្តល់រង្វាន់ទូទៅ។ មានន័យថា អតិថិជនអាចប្រើប្រាស់ Wingpoints ប្តូរជាមួយនឹងផលិតផលជាង ១សែន​មុខ នៅលើថ្នាលទិញទំនិញតាមអ៊ីនធឺណិត Wingmall ដែលមានទំនិញ និងផលិតផលជាច្រើនប្រភេទរួមមាន៖ គ្រឿងអេឡិចត្រូនិច, សម្ភារៈប្រើប្រាស់ក្នុងផ្ទះ, ភេសជ្ជៈ, ម្ហូបអាហារឆ្ងាញ់ៗ និងទំនិញជាច្រើនប្រភេទផ្សេងទៀត។

បន្ថែមលើនេះ អតិថិជនក៏ទទួលបាននូវភាពរីករាយជាមួយនឹងការប្រើប្រាស់ Wingpoints សម្រាប់ការបញ្ចូលលុយតាមទូរសព្ទប្រព័ន្ធសែលកាត របស់ប្រតិបត្តិករទូរគមនាគមន៍ CAMGSM Plc ផងដែរ។

លោក ហាន ប៉េងក្វាង បានបន្ថែមថា៖ “ចក្ខុវិស័យរបស់យើងចំពោះ Wingpoints គឺដើម្បីផ្តល់នូវគុណតម្លៃសម្រាប់អ្នកប្រើប្រាស់ ដោយប្រាកដថារាល់ប្រតិបត្តិការនីមួយៗមិនត្រឹមតែទទួលបានរង្វាន់ប៉ុណ្ណោះទេ ប៉ុន្តែវាជាការសន្សំដែលអាចទទួលបានកាន់តែច្រើន ដែលរាល់ការចំណាយតិចតួចក្តីក៏ជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត”។

ក្រៅពីការផ្តល់ជូនទៅកាន់អ្នកប្រើប្រាស់ទូទៅ Wingpoints ក៏ផ្តល់អត្ថប្រយោជន៍ទៅដល់ដៃគូសាជីវកម្ម និងម្ចាស់អាជីវកម្មនានាផងដែរ ដែលនឹងរួមចំណែកដ៏សំខាន់ក្នុងការជំរុញកំណើនអាជីវកម្មរបស់ពួកគេតាមរយៈការផ្សារភ្ជាប់ទំនាក់ទំនងដ៏ល្អប្រសើរជាមួយអតិថិជន។

ដើម្បីលើកទឹកចិត្តទៅដល់អ្នកប្រើប្រាស់ទទួលយកបទពិសោធន៍កាន់តែសំបូរបែបបន្ថែមទៀតនោះ ធនាគារ វីង បានផ្តល់បន្ថែមនូវកម្មវិធីបើកកេសយករង្វាន់ ដែលផ្តល់ជូនយ៉ាងពិសេសសម្រាប់អ្នកប្រើប្រាស់អេប Wing Bank។ កម្មវិធីនេះដំណើរការរហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ដែលអនុញ្ញាតទៅដល់អ្នកចូលរួមមាន​ឱកាសឈ្នះរង្វាន់ប្រចាំថ្ងៃ ប្រចាំខែ ដែលរួមាន៖ ឱកាសឈ្នះរង្វាន់ចាប់ពី ២០ Wingpoints រហូតដល់ ១០.០០០ Wingpoints, ទូរសព្ទ iPhone 15 Pro Max ទូរទស្សន៍ LG 65 អ៊ិញ ទូទឹកកកម៉ាក LG។ សម្រាប់រង្វាន់ប្រចាំត្រីមាសវិញរួមមាន ម៉ូតូ Scoopy  ស៊េរីថ្មីឆ្នាំ២០២៤ និងរង្វាន់ធំជាមាសសុទ្ធទម្ងន់ 0.5kg។

​មុខងារទូទាត់ KHQR របស់ធនាគារ វីង មានការប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងសហគមន៍អាជីវកម្មលក់រាយជាច្រើន ដោយបច្ចុប្បន្នមានប្រមាណ ១៦៥.០០០អាជីវករ ទទួលបានអត្ថប្រយោជន៍ពីដំណើរការទូទាត់ដ៏ងាយស្រួល និងជំរុញប្រតិបត្តិការអាជីវកម្មរបស់ពួកគេកាន់តែមានប្រសិទ្ធភាព ។

ស្របពេលដែលអាជីវករកាន់តែច្រើនឡើងៗទទួលបានអត្ថប្រយោជន៍ពីការប្រើប្រាស់ Wingpoints នោះការចូលរួមជាមួយកម្មវិធីផ្តល់រង្វាន់នេះនឹងមានការឡើងជាលំដាប់ ដោយបច្ចុប្បន្នមានប្រមាណជាង ៥២.០០០អាជីវករ បានចូលរួមជាមួយកម្មវិធី Wingpoints ហើយចំនួននេះនឹងបន្តកើនជារៀងរាល់ថ្ងៃ៕