ខចែង និងលក្ខខណ្ឌប្រើប្រាស់
សេវាធនាគារវីងតាមប្រព័ន្ធអ៊ីនធឺណិត
ខចែង និងលក្ខខណ្ឌប្រើប្រាស់ទាំងនេះត្រូវអនុវត្ត និងគ្រប់គ្រងសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត ដែលធនាគារផ្តល់ជូនដល់អតិថិជន។ លោកអ្នកចាំបាច់អានដោយយកចិត្តទុកដាក់ និងយល់អំពីខចែង និងលក្ខខណ្ឌនៃការប្រើប្រាស់ខាងក្រោមនេះ មុនពេលលោកអ្នកសម្រេចចិត្តប្រើប្រាស់សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិតរបស់ធនាគារ។
១. សេចក្តីផ្តើម
សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត របស់ធនាគារវីង គឺជាវេទិកាឌីជីថលដែលមានភាពងាយស្រួល និងសុវត្ថិភាព ត្រូវបានរចនាឡើងដើម្បីផ្តល់ជូនអតិថិជននូវលទ្ធភាពប្រើប្រាស់សេវាកម្មធនាគារដ៏ធំទូលាយ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង (“សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត”)។ ខចែង និងលក្ខខណ្ឌទាំងនេះគ្រប់គ្រងការប្រើប្រាស់សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត ដែលផ្តល់ជូនដោយ ធនាគារ វីង (ខេមបូឌា) ម.ក និងមានចែងអំពីសិទ្ធិ ទំនួលខុសត្រូវ និងកាតព្វកិច្ចរបស់ធនាគារ និងអ្នកប្រើប្រាស់។ តាមរយៈការប្រើប្រាស់សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិតនេះ លោកអ្នកយល់ព្រមគោរពតាមនូវរាល់ខចែង និងលក្ខខណ្ឌទាំងអស់ដែលមានចែង។
២. និយមន័យ
“ព័ត៌មានសម្ងាត់សម្រាប់ការផ្ទៀងផ្ទាត់អត្តសញ្ញាណ” រួមមានឈ្មោះអ្នកប្រើប្រាស់ លេខសម្ងាត់ លេខកូដសម្ងាត់តែមួយលើក (OTP) ទិន្នន័យជីវមាត្រ (Biometric Data) ឬវិធីសាស្រ្តផ្សេងទៀត ដែលប្រើសម្រាប់ផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់។
“ប្រព័ន្ធបាគង” ជាប្រព័ន្ធមួយ ដែលបានបង្កើតដោយធនាគារជាតិ នៃកម្ពុជា ដើម្បីសម្រួលដល់សេវាកម្មទូទាត់រវាងគណនីវីង គណនីបាគង និងគណនីសមាជិកបាគង។
“ធនាគារ” “ធនាគារវីង” “យើង” “យើងខ្ញុំ” ឬ “របស់យើងខ្ញុំ” ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារពាណិជ្ជ ចុះបញ្ជីក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា រួមទាំងសាខាធនាគារវីងដែលបានចុះបញ្ជី។
“សេវាកម្មធនាគារ” ជម្រើសនៃសេវាកម្មណាមួយ ដែលផ្តល់ជូនតាមរយៈវេទិកាសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិតរបស់ធនាគារវីង។
“ថ្ងៃធ្វើការ” ថ្ងៃដែលធនាគារវីង បើកដំណើរការផ្តល់សេវាកម្មធនាគារ ដោយមិនរាប់បញ្ចូលថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកការងារជាសាធារណៈ។
“សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត” វេទិកាអនឡាញមានសុវត្ថិភាព ដែលផ្តល់ជូនដោយធនាគារវីង ដើម្បីអនុញ្ញាតឱ្យអតិថិជនអាចធ្វើប្រតិបត្តិការធនាគារ និងចូលទៅប្រើប្រាស់សេវាកម្មធនាគារពីចម្ងាយ។
“NBC” ធនាគារជាតិនៃកម្ពុជា។
“លេខសម្ងាត់” លេខកូដសម្ងាត់ពិសេស និងមានសុវត្ថិភាពមួយ ដែលត្រូវបានបង្កើតឡើងដោយអ្នកប្រើប្រាស់ ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណក្នុងការចូលទៅប្រើប្រាស់ និងធ្វើប្រតិបត្តិការក្នុងសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត។
“វេទិកា” ចំណុចប្រទាក់ឌីជីថល (តាមគេហទំព័រ ឬកម្មវិធីទូរស័ព្ទ) សម្រាប់ការចូលទៅប្រើប្រាស់សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត។
“ខចែង និងលក្ខខណ្ឌ” ខចែង និងលក្ខខណ្ឌទាំងនេះ ដែលមានចែង រួមទាំងខចែង និងលក្ខខណ្ឌទូទៅ គោលការណ៍ឯកជនភាពរបស់ធនាគារ ព្រមទាំងខចែង និងលក្ខខណ្ឌផ្សេងទៀត ដែលអនុវត្តចំពោះសេវាកម្មធនាគារ។
“អ្នកផ្តល់សេវាកម្មភាគីទីបី” ស្ថាប័នខាងក្រៅណាមួយ ដែលត្រូវបានជ្រើសរើសដោយធនាគារវីង ដើម្បីគាំទ្រក្នុងការផ្តល់សេវា ការថែទាំ ឬការកែលម្អសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត។
“អ្នកប្រើប្រាស់” “អតិថិជន” ឬ “លោកអ្នក” បុគ្គល ឬស្ថាប័នណាមួយ ដែលបានចុះឈ្មោះ និងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិតរបស់ធនាគារវីង។
“ឈ្មោះអ្នកប្រើប្រាស់” អត្តសញ្ញាណពិសេសមួយ ដែលត្រូវបានបង្កើតដោយអ្នកប្រើប្រាស់ ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណក្នុងការចូលទៅប្រើប្រាស់ និងធ្វើប្រតិបត្តិការក្នុងសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត។
“គណនីវីង” គណនីធនាគារដែលបានបើក និងរក្សាទុកនៅធនាគារវីង ហើយអាចប្រើប្រាស់សម្រាប់សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត។
៣. ការស្នើសុំ និងការទទួលយក
(១) ខចែង និងលក្ខខណ្ឌទាំងនេះ បង្កើតបានជាកិច្ចព្រមព្រៀងស្របតាមច្បាប់រវាងលោកអ្នក ទោះបីជាធ្វើឡើងដោយផ្ទាល់ ឬតំណាងស្ថាប័នណាមួយ ជាមួយធនាគារវីង តាមរយៈការភ្ជាប់គណនីវីង ដែលលោកអ្នកបានចុះឈ្មោះជាមួយយើងខ្ញុំ សម្រាប់ការប្រើប្រាស់សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត។ លោកអ្នកទទួលស្គាល់ថា លោកអ្នកបានអាន យល់ និងព្រមព្រៀងទទួលយកនូវខចែង និងលក្ខខណ្ឌ ទាំងនេះ មុនពេលលោកអ្នកចូលទៅប្រើប្រាស់សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត។
(២) តាមរយៈការចូលទៅប្រើប្រាស់សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត លោកអ្នកយល់ព្រមទទួលយកនូវរាល់ខចែង និងលក្ខខណ្ឌទាំងនេះ។ លោកអ្នកទទួលស្គាល់ថា លោកអ្នកកំពុងធ្វើប្រតិបត្តិដោយផ្ទាល់ ហើយលោកអ្នកទទួលខុសត្រូវទាំងស្រុងចំពោះប្រតិបត្តិការធនាគារដែលមិនមានការអនុញ្ញាតតាមរយៈសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត ដែលត្រូវបានធ្វើឡើងក្រោមឈ្មោះរបស់លោកអ្នកផងដែរ។ លោកអ្នកយល់ព្រមទទួលយកនូវរាល់ភាពមិនប្រក្រតីណាមួយ ដែលកើតឡើងពីប្រតិបត្តិការទាំងនោះ ដោយមិនចងភ្ជាប់ការទទួលខុសត្រូវណាមួយចំពោះយើងខ្ញុំឡើយ។
(៣) ធនាគារវីង រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ កែប្រែ បន្ថែម ឬលុបចោល ផ្នែកណាមួយនៃខចែង និងលក្ខខណ្ឌទាំងនេះ ឬបង្ហាញការកែប្រែនៅពេលណាក៏បានតាមរយៈការផ្សព្វផ្សាយតាមវេទិកាផ្លូវការរបស់ធនាគារ។ ខចែង និងលក្ខខណ្ឌ ដែលបានកែប្រែទាំងនេះ នឹងមានប្រសិទ្ធិភាពភ្លាមៗបន្ទាប់ពីការផ្សព្វផ្សាយនៅលើវេទិកាផ្លូវការ។ លោកអ្នកនឹងត្រូវចាត់ទុកថាបានដឹង និងបានយល់ព្រមលើការកែប្រែខចែង និងលក្ខខណ្ឌ តាមរយៈការបន្តប្រើប្រាស់សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត បន្ទាប់ពីការកែប្រែខចែង និងលក្ខខណ្ឌទាំងនេះបានផ្សព្វផ្សាយ។ ប្រសិនបើអ្នកមិនយល់ព្រមលើការកែប្រែខចែង និងលក្ខខណ្ឌទាំងនេះទេ លោកអ្នកត្រូវបញ្ឈប់ការប្រើប្រាស់សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត។ លោកអ្នកមានកាតព្វកិច្ចក្នុងការត្រួតពិនិត្យខចែង និងលក្ខខណ្ឌទាំងនេះជាប្រចាំ ដើម្បីទទួលបានព័ត៌មានអំពីការកែប្រែថ្មី។
(៤) វានអាចមានកាលៈទេសៈមួយចំនួនដែលប្រព័ន្ធប្រតិបត្តិការបរាជ័យ ឬដំណើរការមិនប្រក្រតីដោយសារព្រឹត្តការណ៍មិនច្បាស់លាស់ ដែលជាលក្ខណៈនៃការផ្តល់សេវាជាទូទៅ។ លោកអ្នកយល់ព្រមសហការជាមួយធនាគារ និងអនុវត្តតាមនីតិវិធីរបស់ធនាគារ និងគោលការណ៍ច្បាប់ដែលមានជាធរមានសម្រាប់ដំណោះស្រាយ ដោយមិនធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ភាគីផ្សេងទៀត។ លោកអ្នកទទួលស្គាល់ និងយល់ព្រមឱ្យធនាគារកាត់ និងទូទាត់ចំនួនទឹកប្រាក់មិនប្រក្រតីក្នុងគណនីវីងរបស់លោកអ្នក ដោយមិនចាំបាច់ទទួលបានការយល់ព្រមជាមុនពីលោកអ្នកលើការចំណេញ ឬការខាតបង់ ដែលបានកើតឡើងដោយសារកំហុសប្រព័ន្ធធនាគារ ឬកំហុសពីមនុស្សមួយឡើយ។
៤. សេវាកម្មធនាគារដែលផ្តល់ជូន
លោកអ្នកអាចទទួលបាន និងប្រើប្រាស់សេវាកម្មធនាគារដូចខាងក្រោម ដែលផ្តល់ជូនដោយធនាគារវីង តាមរយៈសេវាធនាគារតាមប្រព័ន្ធធនាគារតាមអ៊ីនធឺណិត។ ធនាគារវីង អាចបន្ថែមសេវាកម្មធនាគារផ្សេងទៀតនៅលើសេវាធនាគារតាមប្រព័ន្ធធនាគារតាមអ៊ីនធឺណិតជាបន្តបន្ទាប់។ អតិថិជននឹងត្រូវបានចាត់ទុកថាបានព្រមទទួលខចែង និងលក្ខខណ្ឌ តាមរយៈការបន្តប្រើប្រាស់សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត។
(១) មើលសមតុល្យ និងរបាយការណ៍៖ មើលសមតុល្យគណនី និងប្រវត្តិប្រតិបត្តិការ។
(២) របាយការណ៍លម្អិតអំពីប្រតិបត្តិការ៖ របាយការណ៍លម្អិតនៃប្រតិបត្តិការទាំងអស់ សម្រាប់រយៈពេលដែលបានជ្រើសរើស។
(៣) របាយការណ៍ IMT៖ របាយការណ៍អំពីការផ្ទេរប្រាក់អន្តរជាតិ រួមទាំងស្ថានភាព និងព័ត៌មានលម្អិត។
(៤) ការផ្ទេរប្រាក់៖
- ផ្ទេរទៅធនាគារវីង៖ ការផ្ទេរប្រាក់រវាងគណនីវីងផ្ទាល់ខ្លួន ឬទៅអ្នកកាន់គណនីវីងផ្សេងទៀត។
- ផ្ទេរតាមរយ: NCS៖ ការផ្ទេរប្រាក់ទៅគណនីនៅធនាគារផ្សេងទៀតក្នុងប្រទេសកម្ពុជា។
- ផ្ទេរប្រាក់ទៅក្រៅប្រទេស៖ ផ្ញើប្រាក់ទៅគណនីនៅធនាគារក្រៅប្រទេសកម្ពុជា។
- វីងវេរលុយ៖ ផ្ទេរប្រាក់ដោយប្រើលេខទូរស័ព្ទអ្នកទទួល។ អ្នកទទួលអាចដកសាច់ប្រាក់ជាប្រាក់រៀល ឬដុល្លារអាមេរិកនៅគ្រប់សាខាវីងទូទាំងប្រទេស។
(៥) ផ្ទេរប្រាក់តាមបាគង៖ ផ្ញើប្រាក់ទៅធនាគារផ្សេងទៀតក្នុងប្រទេសកម្ពុជា ដោយប្រើប្រព័ន្ធបាគង។
(៦) សេវាកម្មបើកប្រាក់បៀវត្ស៖ រៀបចំ និងគ្រប់គ្រងការបង់ប្រាក់ជាច្រើនសម្រាប់ប្រាក់ខែបុគ្គលិក។
(៧) ទូទាត់វិក្កយបត្រ៖ បង់វិក្កយបត្រសេវាអគ្គិសនី ថ្លៃសាលា និងស្ថាប័នដៃគូផ្សេងៗ។
(៨) បញ្ចូលលុយទូរសព្ទ៖ បញ្ចូលសមតុល្យទូរស័ព្ទដោយផ្ទាល់ពីគណនីវីងរបស់លោកអ្នក។
(៩) សេវាកម្មផ្សេងទៀត៖ មុខងារបន្ថែមដែលណែនាំដោយធនាគារវីង ដើម្បីបង្កើនបទពិសោធន៍អ្នកប្រើប្រាស់។
៥. លេខសម្ងាត់ ឈ្មោះអ្នកប្រើប្រាស់ និងសុវត្ថិភាព
(១) លោកអ្នកត្រូវតែរក្សាទុកឈ្មោះអ្នកប្រើប្រាស់ និងលេខសម្ងាត់របស់លោកអ្នកជាសម្ងាត់ដោយ៖
- មិនត្រូវបង្ហាញឈ្មោះអ្នកប្រើ និងលេខសម្ងាត់ទៅកាន់អ្នកណាម្នាក់ឡើយ។
- មិនត្រូវឱ្យអ្នកណាម្នាក់មើលឃើញពេលលោកអ្នកបញ្ចូលឈ្មោះអ្នកប្រើប្រាស់ និងលេខសម្ងាត់ឡើយ។
- ត្រូវចងចាំឈ្មោះអ្នកប្រើប្រាស់ និងលេខសម្ងាត់ ដោយមិនត្រូវកត់ត្រាវានៅកន្លែងណាមួយឡើយ។
- មិនត្រូវជ្រើសរើសឈ្មោះអ្នកប្រើប្រាស់ និងលេខសម្ងាត់ ដែលងាយស្រួលធ្វើការកត់សម្គាល់លោកអ្នកឡើយ (ឧ. ថ្ងៃខែឆ្នាំកំណើត ស្លាកលេខឡាន លេខទូរស័ព្ទ ឬឈ្មោះ)។
(២) ប្រសិនបើលេខសម្ងាត់ត្រូវបានបង្ហាញ ឬសង្ស័យថាត្រូវបានបង្ហាញទៅកាន់អ្នកណាម្នាក់ លោកអ្នកត្រូវផ្លាស់ប្តូរលេខសម្ងាត់ភ្លាមៗ ដើម្បីការពារផលប្រយោជន៍របស់លោកអ្នក។ ធនាគារវីង មិនទទួលខុសត្រូវចំពោះការបាត់បង់ ឬការខូចខាតណាមួយក្នុងករណីនេះឡើយ។
(៣) ប្រសិនបើលោកអ្នកជឿថា មានអ្នកណាម្នាក់បានចូលប្រើប្រាស់សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិតដោយប្រើប្រាស់ឈ្មោះ និងលេខសម្ងាត់របស់លោកអ្នកដោយគ្មានការអនុញ្ញាតពីលោកអ្នក លោកអ្នកអាចទាក់ទងមកយើងខ្ញុំភ្លាមៗ ដើម្បីឱ្យយើងខ្ញុំជួយទប់ស្កាត់ការចូលប្រើប្រាស់ និងសម្រាប់ការស៊ើបអង្កេតអំពីករណីនោះ។
(៤) លោកអ្នកត្រូវទទួលខុសត្រូវក្នុងការធានាថាមានប្រាក់គ្រប់គ្រាន់មុនពេលចាប់ផ្តើមប្រតិបត្តិការ។
(៥) ធនាគារវីង អាចផ្អាក ឬបញ្ឈប់ការចូលទៅប្រើប្រាស់សេវាកម្មធនាគារ ដោយសារហេតុផលសុវត្ថិភាព ឬតាមបទប្បញ្ញត្តិ។
(៦) បន្ទាប់ពីបញ្ចូលពាក្យសម្ងាត់មិនត្រឹមត្រូវចំនួន បី (៣) ដង ការចូលប្រើនឹងត្រូវបានរារាំង។
(៧) ជៀសវាងការប្រើកុំព្យូទ័រសាធារណៈ ហើយត្រូវចេញពីប្រព័ន្ធរាល់ពេលបញ្ចប់ការប្រើប្រាស់។
(៨) លោកអ្នកត្រូវប្រុងប្រយ័ត្នចំពោះការបោកប្រាស់ និងការបោកបញ្ឆោតតាមរយៈទំនាក់ទំនងផ្សេងៗ។ ធនាគារវីង មិនដែលស្នើសុំព័ត៌មានសំខាន់ដូចជា លេខសម្ងាត់ លេខកូដសម្ងាត់តែមួយលើក (OTP) តាមរយៈអ៊ីមែល សារSMS ឬការហៅទូរស័ព្ទឡើយ។ ប្រសិនបើអ្នកសង្ស័យថាមានសកម្មភាពបោកប្រាស់ សូមរាយការណ៍ភ្លាមៗទៅកាន់សេវាកម្មអតិថិជនរបស់ធនាគារវីង។
៦. ការអះអាង និងការធានារបស់អ្នកប្រើប្រាស់
តាមរយៈការប្រើប្រាស់សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត អ្នកប្រើប្រាស់អះអាង និងធានាថា៖
(១) លោកអ្នកនឹងប្រើប្រាស់សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិតដោយស្មោះត្រង់ និងស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានទាំងអស់។ លោកអ្នកនឹងមិនប្រើប្រាស់សេវានេះសម្រាប់សកម្មភាពខុសច្បាប់ ឬគោលបំណងដែលមិនមានការអនុញ្ញាត ដែលអាចបង្កឱ្យមានការរឹតត្បិតតាមផ្លូវច្បាប់។
(២) លោកអ្នកនឹងមិនទាញយកទិន្នន័យ ឬខ្លឹមសារផ្សេងទៀតពីសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីបង្កើត ឬចងក្រងបណ្តុំទិន្នន័យ ដោយផ្ទាល់ ឬប្រយោល ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីយើងខ្ញុំឡើយ។
(៣) លោកអ្នកនឹងមិនប្រើព័ត៌មានណាមួយ ដែលទទួលបានពីសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីបៀតបៀន បំពាន ឬបង្កការខូចខាតដល់អ្នកដទៃឡើយ។
(៤) លោកអ្នកនឹងមិនប្រើសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិតដើម្បីផ្សព្វផ្សាយ ឬផ្តល់ជូនសម្រាប់ការលក់ទំនិញ ឬសេវាកម្មឡើយ។
(៥) អ្នកនឹងមិនបោកបញ្ឆោត ឆបោក ឬបំភាន់យើងខ្ញុំ និងអ្នកប្រើប្រាស់ផ្សេងទៀត ជាពិសេសក្នុងការប៉ុនប៉ងណាមួយដើម្បីទទួលបានព័ត៌មានសំខាន់ៗអំពីគណនី ដូចជាឈ្មោះអ្នកប្រើប្រាស់ និងលេខសម្ងាត់ឡើយ។
(៦) អ្នកនឹងមិនប្រើសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត និង/ឬ មាតិការបស់វា ក្នុងគោលបំណងប្រកួតប្រជែងជាមួយយើងខ្ញុំ ឬសម្រាប់សកម្មភាពបង្កើតប្រាក់ចំណូលឡើយ។
(៧) អ្នកយល់ព្រមសំណងដល់យើងខ្ញុំ ក្រុមហ៊ុនសម្ព័ន្ធញាតិរបស់យើងខ្ញុំ ធនាគារសាខារបស់យើង អភិបាល បុគ្គលិក ភ្នាក់ងារ និងអ្នកតំណាង ហើយផ្តល់សំណងការខូចខាត ការបាត់បង់ ការទាមទារ និងការទទួលខុសត្រូវណាមួយ (រួមទាំង ការចំណាយផ្នែកច្បាប់ដោយគណនាតាមមូលដ្ឋានសំណងពេញលេញ) ដែលអាចកើតឡើងពីការបំពានខចែង និងលក្ខខណ្ឌទាំងនេះ ឬកិច្ចព្រមព្រៀងបន្ថែមណាមួយជាមួយយើងខ្ញុំ។
៧. សិទ្ធិរបស់ធនាគារ
(១) ធនាគារវីង រក្សាសិទ្ធិក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអ្នកផ្តល់សេវាកម្មភាគីទីបី ដើម្បីគាំទ្រការផ្តល់ និងការចូលទៅប្រើប្រាស់សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត។
(២) ធនាគារវីង រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ កែប្រែ បន្ថែម ឬលុបចោល ផ្នែកណាមួយនៃខចែង និងលក្ខខណ្ឌទាំងនេះ ឬបង្ហាញការកែប្រែតាមរយៈការផ្សព្វផ្សាយតាមវេទិកាផ្លូវការរបស់ធនាគារ។ ខចែង និងល័ក្ខខណ្ឌ ដែលបានកែប្រែទាំងនេះ នឹងមានប្រសិទ្ធភាពភ្លាមៗបន្ទាប់ពីការផ្សព្វផ្សាយនៅលើវេទិកាផ្លូវការ។
(៣) ព័ត៌មាននៅលើសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត អាចនឹងមានកំហុសអក្ខរាវិរុទ្ធ ភាពមិនត្រឹមត្រូវ ឬការខ្វះខាត រួមទាំងការពិពណ៌នា តម្លៃ ភាពអាចប្រើបាន និងព័ត៌មានផ្សេងៗទៀត។ យើងខ្ញុំរក្សាសិទ្ធិក្នុងការកែតម្រូវរាល់កំហុស ភាពមិនត្រឹមត្រូវ ឬការខ្វះចន្លោះ និងកែប្រែ ឬធ្វើបច្ចុប្បន្នភាពព័ត៌មាននៅលើសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត នៅគ្រប់ពេលវេលាដោយមិនមានការជូនដំណឹងជាមុន។
៨. សំណង
លោកអ្នក (“ភាគីផ្តល់សំណង”) នឹងត្រូវផ្តល់សំណងដល់ធនាគារវីង (“ភាគីទទួលសំណង”) នូវរាល់សកម្មភាព ការទាមទារ ការទទួលខុសត្រូវ កាតព្វកិច្ច ការខាតបង់ ការចំណាយ (រួមទាំងចំណាយសេវាផ្នែកច្បាប់ និងពិន័យ) និងការប្រាក់ដែលបានខាតបង់ ឬអាចទទួលរងដោយសារការបំពាន ឬការគំរាមកំហែង មកភាគីទទួលសំណង ដែលបង្កឡើងពីការបំពានខចែង និងលក្ខខណ្ឌពីភាគីផ្តល់សំណង ឬការធ្វេសប្រហែសទាំងស្រុង ការប្រព្រឹត្តខុសដោយចេតនា ការក្លែងបន្លំ ឬភាពមិនស្មោះត្រង់ពីភាគីផ្តល់សំណង ឬបុគ្គលិក ឬភ្នាក់ងារណាមួយ។
៩. ការមិនទទួលខុសត្រូវ
ធនាគារវីង មិនទទួលខុសត្រូវ ឬទទួលបន្ទុកចំពោះការខាតបង់ ការខូចខាត ឬផលប៉ះពាល់ដែលកើតឡើង ដែលលោកអ្នក ឬតតិយជនណាមួយទទួលរងឡើយប្រសិនបើ៖
(១) លោកអ្នកមិនបានរក្សាការសម្ងាត់ នៃព័ត៌មានផ្ទៀងផ្ទាត់សម្ងាត់សម្រាប់ការផ្ទៀងផ្ទាត់អត្តសញ្ញាណ ដោយបង្ហាញ ឬអនុញ្ញាតឱ្យព័ត៌មាននោះត្រូវបង្ហាញទៅកាន់អ្នកដទៃ។
(២) លោកអ្នកមិនបានផ្តល់ព័ត៌មានត្រឹមត្រូវ ដែលត្រូវការសម្រាប់ប្រតិបត្តិការប្រើប្រាស់ប្រព័ន្ធធនាគារតាមអ៊ីនធឺណិត។
(៣) ការពន្យារពេល ភាពរអាក់រអួល ឬការផ្អាកបង្កឡើងដោយតតិយជន រួមមានអ្នកផ្ដល់សេវាកម្ម NBC និង/ឬ ប្រព័ន្ធបាគង ដែលបង្កឱ្យមានការរំខាន ឬប៉ះពាល់ដល់ការបំពេញសេវាកម្មរបស់ធនាគារ។
(៤) ករណីប្រធានសក្ដិ ដែលធនាគារមិនអាចធ្វើប្រតិបត្តិការ ឬមិនអាចផ្តល់ជូននូវសេវាណាមួយ ដែលជាលទ្ធផលដោយផ្ទាល់ ឬដោយប្រយោលក្ដី នៃការរឹតត្បិតរបស់រដ្ឋាភិបាល ការដាក់ចេញនូវវិធានការប្រកាសអាសន្ន ឬការផ្អាកដំណើរការអាជីវកម្មដោយទីផ្សារដែលពាក់ព័ន្ធ ចលាចលក្នុងសង្គម សកម្មភាពគំរាមកំហែងខាងភេរវកម្ម គ្រោះមហន្តរាយធម្មជាតិ សង្គ្រាម កូដកម្ម ឬហេតុការណ៍ផ្សេងទៀត ដែលលើសពីការគ្រប់គ្រងរបស់ធនាគារ។
១០. ការការពារទិន្នន័យ និងការរក្សាការសម្ងាត់
(១) លោកអ្នកត្រូវរក្សាការសម្ងាត់នូវព័ត៌មានទាំងអស់ ដែលទទួលបានពីធនាគារវីងពាក់ព័ន្ធនឹងខចែង និងលក្ខខណ្ឌទាំងនេះ។ លោកអ្នកមិនត្រូវបង្ហាញព័ត៌មានសម្ងាត់ទៅតតិតជនឡើយ លើកលែងតែសម្រាប់ការអនុវត្តកាតព្វកិច្ចតាមខចែង និងលក្ខខណ្ឌទាំងនេះ ឬតាមការតម្រូវដោយច្បាប់ ឬអាជ្ញាធរពាក់ព័ន្ធ។ ក្នុងករណីបង្ហាញព័ត៌មាន លោកអ្នកត្រូវជូនដំណឹងជាមុនទៅធនាគារវីង។
(២) ធនាគារវីង នឹងរក្សាទុកច្បាប់ចម្លងនៃព័ត៌មានសម្ងាត់របស់លោកអ្នក ស្របទៅតាមច្បាប់ជាធរមាន សម្រាប់រយៈពេលយ៉ាងតិចដប់ (១០) ឆ្នាំ គិតចាប់ពីថ្ងៃទទួលបានព័ត៌មានសម្ងាត់ ឬដើម្បីអនុវត្តសិទ្ធិរបស់ខ្លួនតាមខចែង និងលក្ខខណ្ឌទាំងនេះ។ ទោះយ៉ាងណា ព័ត៌មានសម្ងាត់ដែលបានរក្សាទុកនឹងមិនត្រូវបង្ហាញ ឬប្រើប្រាស់សម្រាប់គោលបំណងផ្សេងទៀតឡើយ។
(៣ ធនាគារវីង នឹងគ្រប់គ្រង់ទិន្នន័យរបស់អតិថិជនស្របតាមច្បាប់ស្តីពីការការពារទិន្នន័យដែលអនុវត្តនៅក្នុងប្រទេសកម្ពុជា។ ទិន្នន័យរបស់អតិថិជននឹងត្រូវប្រមូល រក្សាទុក ដំណើរការ និងចែករំលែកតែក្នុងករណីចាំបាច់ប៉ុណ្ណោះ និងគោរពតាមកាតព្វកិច្ចច្បាប់។ ធនាគារវីង អនុវត្តវិធានការបច្ចេកទេស និងគ្រប់គ្រង ដើម្បីការពារទិន្នន័យផ្ទាល់ខ្លួនពីការចូលប្រើដោយគ្មានការអនុញ្ញាត ការបង្ហាញ ការកែប្រែ ឬការបំផ្លាញ។
១១. រយៈពេល និងការបញ្ចប់
(១) ខចែង និងលក្ខខណ្ឌទាំងនេះ នឹងមានប្រសិទ្ធិភាពចាប់ពីថ្ងៃដែលលោកអ្នកយល់ព្រមទទួលយក និងបន្តសុពលភាពអនុវត្តរហូតដល់មានការបញ្ចប់ដោយអនុលោមតាមបទប្បញ្ញត្តិដែលមានចែង។
(២) លោកអ្នកអាចបញ្ចប់ការប្រើប្រាស់សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត តាមរយៈការជូនដំណឹងមកធនាគារវីងអំពីគោលបំណងបញ្ចប់នេះ។
(៣) សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិតអាចត្រូវបានបញ្ចប់ភ្លាមៗ ក្នុងករណីដូចខាងក្រោម៖
- ធនាគារវីង បានរកឃើញថាមុខងារមួយចំនួននៃសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត គឺកំពុងប្រឈមនឹងហានិភ័យខ្ពស់ ភាពមិនស្មោះត្រង់ ឬការក្លែងបន្លំ។
- លោកអ្នកបំពានខចែង និងលក្ខខណ្ឌទាំងនេះ។
- តាមទស្សនៈរបស់ធនាគារវីង សកម្មភាពរបស់លោកអ្នកអាចជះផលអវិជ្ជមានដល់កេរ្តិ៍ឈ្មោះ ឬអាជីវកម្មរបស់ធនាគារ។ ឬ
- ធនាគារវីង ត្រូវបញ្ចប់ការផ្តល់សេវាកម្ម ដោយការតម្រូវដោយច្បាប់ បទប្បញ្ញត្តិ ឬសំណើរពីអាជ្ញាធរមានសមត្ថកិច្ច តាមរយៈផ្ទាល់មាត់ ឬលាយលក្ខណ៍អក្សរ។
(៤) ក្រោយពេលបញ្ចប់ខចែង និងលក្ខខណ្ឌទាំងនេះ គណនីវីងរបស់លោកអ្នកនឹងត្រូវបម្លែងទៅជាគណនីអតិថិជនស្តង់ដារ ដែលការចូលទៅប្រើប្រាស់សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិតមានកម្រិតកំណត់។
១២. ព័ត៌មានទំនាក់ទំនង
លោកអ្នកអាចទាក់ទងមកក្រុមការងារធនាគារវីងសម្រាប់បញ្ហាផ្សេងៗ ដែលទាក់ទងនឹងសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិតតាមរយៈលេខទូរស័ព្ទ [+855 23 999 989/012 999 489] ឬទំនាក់ទំនងមកកាន់អ៊ីមែល [care.centre@wingbank.com.kh]។
១៣. ច្បាប់គ្រប់គ្រង និងដោះស្រាយវិវាទ
ខចែង និងលក្ខខណ្ឌទាំងនេះត្រូវបានគ្រប់គ្រង និងបកស្រាយស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ប្រសិនបើវិវាទ ភាពចម្រូងចម្រាស ឬការទាមទារណាមួយកើតឡើងទាក់ទងនឹងខចែង និងលក្ខខណ្ឌទាំងនេះ ភាគីត្រូវដោះស្រាយតាមរយៈការចរចាគ្នាដោយសន្តិវិធី។ ប្រសិនបើភាគីមិនអាចដោះស្រាយវិវាទសន្តិវិធីបានទេនោះ ភាគីអាចបញ្ជូនវិវាទទៅដោះស្រាយដោយតុលាការមានសមត្ថកិច្ចនៃប្រទេសកម្ពុជា។ ការចំណាយទាំងអស់ដែលពាក់ព័ន្ធនឹងការដោះស្រាយជម្លោះ ត្រូវបានគិតលើភាគីដែលបំពាន។