ធនាគារ វីង និងសមាគមធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់វប្បធម៌សន្សំនៅក្នុងសហគមន៍

ធនាគារ វីង បានចូលរួមជាមួយសមាគមធនាគារនៅកម្ពុជា និងធនាគារជាតិនៃកម្ពុជា ដើម្បីរៀបចំទិវាសន្សំអាស៊ានឆ្នាំ២០២៥ នៅខេត្តកំពត។

ចេញផ្សាយនៅ: Nov 10, 2025

ក្នុងស្មារតីលើកកម្ពស់សុខុមាលភាពហិរញ្ញវត្ថុជាតិ ធនាគារ វីង បានចូលរួមជាមួយសមាគមធនាគារនៅកម្ពុជា និងធនាគារជាតិនៃកម្ពុជា ដើម្បីរៀបចំទិវាសន្សំអាស៊ានឆ្នាំ២០២៥ នៅខេត្តកំពត។

ព្រឹត្តិការណ៍ដ៏សំខាន់នេះបានគូសបញ្ជាក់យ៉ាងច្បាស់ពីតួនាទីស្នូលនៃការសន្សំដែល​ជាកម្លាំងចលករដ៏មានឥទ្ធិពល សម្រាប់ស្ថិរភាពហិរញ្ញវត្ថុ ការ​គាំទ្រ​ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព ស្របពេល​ដែល​គាំ​ទ្រ​សហគមន៍​តាមរយៈ​ការបណ្ដុះបណ្ដាលចំណេះដឹងហិរញ្ញវត្ថុ និង​ជួយឱ្យ​ប្រជាពលរដ្ឋមាន​​មូលដ្ឋានហិរញ្ញវត្ថុកាន់តែប្រសើរឡើង។

លោក ហោ ប៊ុនថែ អគ្គនាយករងនៃធនាគារ វីង មានប្រសាសន៍ថា៖ “ការសន្សំគឺជាជំហានដំបូងឆ្ពោះទៅរកការសម្រេចបាននូវគោលដៅផ្ទាល់ខ្លួន បំពេញ​បំណង់​​របស់គ្រួសារ ព្រមទាំង​ពង្រឹងសេដ្ឋកិច្ចរបស់ប្រទេសជាតិរបស់យើង។ នៅពេលដែលមនុស្សម្នាក់​ចេះ​សន្សំ ពួកគេកំពុង​បង្កើតភាពធន់សម្រាប់ខ្លួនឯង និងបង្កើតស្ថេរភាពសម្រាប់អ្នកជុំវិញខ្លួនផងដែរ។​”

លោក ហោ ប៊ុនថែ បានបន្ថែមទៀតថា៖ “ធនាគារ វីង មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងការចូលរួមអបអរសាទរទិវាសន្សំអាស៊ាននេះ ដើម្បីជម្រុញទឹកចិត្តប្រជាជនកម្ពុជាគ្រប់រូបឱ្យចាប់ផ្តើមសន្សំពីចំនួនតិចតួច និងរក្សាទម្លាប់សន្សំនេះជាប់ជាប្រចាំ ដើម្បីឆ្ពោះទៅរកអនាគតដ៏រុងរឿង និងមានសុវត្ថិភាពជាងមុន”។

ដើម្បីលើកកម្ពស់តម្លៃនៃការសន្សំ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ កម្មវិធីនេះបានរៀបចំសកម្មភាពអប់រំដ៏​គួរឱ្យ​ចាប់​អារម្ម​ណ៍​ជាច្រើនសម្រាប់សាធារណជន។ យុវជនត្រូវបានលើកទឹកចិត្តឱ្យចូលរួមបង្ហាញគំនិតច្នៃប្រឌិតរបស់ពួកគេ តាមរយៈការប្រកួតប្រជែងធ្វើបទបង្ហាញក្រោមប្រធានបទ «សន្សំប្រាក់ដោយភាពវៃឆ្លាត សន្សំប្រាក់ដោយក្តីស្រលាញ់»។

អ្នកចូលរួម​ក៏មានឱកាសស្វែងយល់ពីផលិតផល និងសេវាកម្មហិរញ្ញវត្ថុជាច្រើនពីស្ថាប័ននានា ចូលរួមក្នុងវគ្គសំណួរចម្លើយដើម្បីពង្រីកចំណេះដឹង និងឈ្នះរង្វាន់ ព្រមទាំ​ង​រីក​រាយ​ជាមួយ​ការ​ប្រគុំ​តន្រ្តី​ផងដែរ​​។

ប្រទេសកម្ពុជាបន្តប្ដេជ្ញាចិត្តជំរុញបរិយាបន្នហិរញ្ញវត្ថុ តាមរយៈការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥ ដែល​មាន​គោលបំណងលើកទឹកចិត្តឱ្យមាន​ការសន្សំប្រាក់ ដោយពង្រីកការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ កាត់បន្ថយអត្រាមិនទទួលបានសេវាហិរញ្ញវត្ថុផ្លូវការក្នុងចំណោមស្ត្រីឱ្យបានពាក់កណ្តាល (ពី ២៧% មកត្រឹម ១៣%) និងបង្កើនការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការពី ៥៩% ទៅ ៧០% នៅឆ្នាំ ២០២៥ ។

ស្របតាមអាទិភាពជាតិទាំងនេះ ធនាគារ វីង បានដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ តាមរយៈការច្នៃប្រឌិតបច្ចេកវិទ្យាឌីជីថល ការ​អប់​រំ​ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការបង្កើតផលិតផលសន្សំប្រកបដោយបរិយាបន្ន ដែលធ្វើឱ្យការសន្សំមានភាពងាយស្រួលប្រើប្រាស់​ ងាយ​ធ្វើបាន​ និងផ្ដល់ផលចំណេញសម្រាប់មនុស្សគ្រប់រូប។

ជាក់ស្ដែង តាមរយៈអេប​របស់​ធនាគារ វីង អតិថិជនអាចបើកគណនីបានយ៉ាងងាយស្រួលគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយទទួលបានអត្រាការប្រាក់រហូតដល់ ៣% ក្នុងមួយឆ្នាំលើគណនីសន្សំទូទៅ ឬរហូតដល់ ៥% លើគណនីសន្សំដើម្បីគោលដៅ ដែលអនុញ្ញាតឱ្យបុគ្គល ឬក្រុមអាចកំណត់គោលដៅផ្ទាល់ខ្លួន និងតាមដានវឌ្ឍនភាពរបស់ពួកគេជាមួយគ្នាបានយ៉ាងងាយស្រួល។

ជាលទ្ធផល គណនីសន្សំរបស់ធនាគារ វីង បានបង្ហាញពីកំណើនគួរឱ្យកត់សម្គាល់ ដោយបានកើនឡើង ៦២% ក្នុងឆ្នាំ ២០២៤។ ហើយសម្រាប់រយៈពេលត្រឹមតែខែមករាដល់ខែតុលា ឆ្នាំ ២០២៥ នេះប៉ុណ្ណោះ គណនីសន្សំបានកើនឡើងលើសពី ១៥០% ទៅទៀត។ កំណើនដ៏មហាសាលនេះគឺជាសក្ខីភាពច្បាស់លាស់មួយដែលឆ្លុះបញ្ចាំងពីទំនុកចិត្ត និងជំនឿទុកចិត្តយ៉ាងមុតមាំរបស់ប្រជាជនកម្ពុជា ចំពោះការប្តេជ្ញាចិត្តរបស់ធនាគារ វីង ក្នុងការចូលរួមពង្រឹងអនាគតហិរញ្ញវត្ថុរបស់ពួកគេឱ្យកាន់តែរឹងមាំ និងមានសុវត្ថិភាព៕

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង ផ្តល់កម្ចីគ្មានទ្រព្យធានារហូតដល់ ២០ម៉ឺនដុល្លារ ដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យាសមស្របនឹងអាកាសធាតុក្នុងវិស័យកសិកម្ម

គម្រោងហិរញ្ញប្បទាននេះនឹងជួយពង្រឹងសមត្ថភាពកសិករក្នុងការធ្វើកសិកម្មឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ឱ្យក្លាយជាសក្តានុពលនៃការរីកចម្រើនប្រកបដោយចីរភាព។

ចេញផ្សាយនៅ: Apr 30, 2026

អានរហ័ស

អគ្គនាយកធនាគារ វីង ចូលរួមចែករំលែកទស្សនវិស័យ ក្នុងចំណោមថ្នាក់ដឹកនាំអន្តរជាតិឆ្នើម សម្រាប់ឆ្នាំ២០២៦

កម្រងអត្ថបទពិសេសនេះ បានចងក្រងនូវទស្សនវិស័យរបស់ថ្នាក់ដឹកនាំស្ថាប័នឆ្នើម តំណាងឱ្យវិស័យ​ឯកជនសំខាន់ៗ ដើម្បីចូលរួមលើកកម្ពស់វឌ្ឍនភាពនៃបរិយាកាសធុរកិច្ចនៅក្នុងប្រទេសកម្ពុជា។

ចេញផ្សាយនៅ: Apr 27, 2026

អានរហ័ស

សង្ក្រាន្តឆ្នាំនេះ នៅភ្នំពេញ និងសៀមរាប ទៅណាក៏ជួប វីង ដែរ

មកលេងស្តង់ វីង បានកម្មវិធីកម្សាន្ត បានទាំងសប្បាយរីករាយ បានទាំងចំណេះដឹងហិរញ្ញវត្ថុ។

ចេញផ្សាយនៅ: Apr 13, 2026