ធនាគារ វីង ដាក់ដំណើរការគណនី WingGen ជួយបង្កើតទម្លាប់ហិរញ្ញវត្ថុឆ្លាតវៃដល់កុមារ និងក្មេងជំទង់

លើសពីគណនីសន្សំសម្រាប់កុមារទូទៅ គណនី WingGen បានរួមបញ្ចូលនូវការសន្សំ ការទូទាត់ទិញទំនិញប្រចាំថ្ងៃតាម KHQR កំណត់គោលដៅ បំពេញបេសកកម្ម ទទួលបានរង្វាន់ និងការណែនាំពីឪពុកម្តាយ ដែលមាននៅផ្លេតហ្វមតែមួយសម្រាប់កុមារ និងក្មេងជំទង់មានអាយុចាប់ពី 10 ដល់ 17 ឆ្នាំ។

ចេញផ្សាយនៅ: Oct 28, 2026

ធនាគារ វីង (ខេមបូឌា) ម.ក បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវគណនី WingGen ដែលជាដំណោះស្រាយហិរញ្ញវត្ថុថ្មីមួយ ត្រូវបានរៀបចំឡើងយ៉ាងពិសេសដើម្បីជួយឱ្យកុមារ និងក្មេងជំទង់នូវសេរីភាពទូលំទូលាយក្នុងការចាត់ចែងលុយកាក់ និងបង្កើតទម្លាប់ហិរញ្ញវត្ថុឆ្លាតវៃ ហើយឪពុកម្តាយនៅតែអាចតាមដាន ជួយគ្រប់គ្រងបានគ្រប់ពេលវេលា។  

 

គណនី WingGen ត្រូវបានបង្កើតឡើង ដើម្បីឱ្យកុមារ​ និងក្មេងជំទង់មិនត្រឹមតែមានគណនីធនាគារមួយប៉ុណ្ណោះទេ ប៉ុន្តែជួយឱ្យពួកគេចាប់ផ្តើមរៀនចាត់ចែងលុយតាមរយៈការប្រើប្រាស់ជាក់ស្តែងក្នុងជីវិតប្រចាំថ្ងៃ។ ពួកគេអាចចំណាយសម្រាប់អ្វីដែលត្រូវការ ពិនិត្យមើលសមតុល្យ សន្សំសម្រាប់គោលដៅដែលខ្លួនចង់បាន បំពេញបេសកកម្ម និងទទួលរង្វាន់ពីការបង្កើតទម្លាប់ហិរញ្ញវត្ថុល្អៗ។  

 

សម្រាប់ឪពុកម្តាយ គណនី WingGen ផ្តល់ឱ្យកូនៗនូវឱកាសចាប់ផ្តើមមានភាពម្ចាស់ការលើការចាត់ចែងលុយកាក់របស់ខ្លួន ខណៈឪពុកម្តាយមានសិទ្ធិពេញលេញក្នុងការតាមដាន និងកំណត់កម្រិតនៃការចំណាយ និងគ្រប់គ្រងសកម្មភាពរបស់កូនៗនៅពេលចាំបាច់។​ 

 

គណនី WingGen អមមកជាមួយនូវសារដ៏មានអត្ថន័យ “បង្ហាញថាមពលរបស់អ្នក” ដែលអនុញ្ញាត​ឱ្យកុមារ​ និងក្មេងជំទង់ អាចទទួលបានថាមពលពិសេសៗ​ចំនួន4 រួមមាន៖ មុខងារសន្សំ ឬ Savings Power, មុខងារសន្សំដើម្បីគោលដៅ ឬ Save-for-a-Goal Power, មុខងារស្កេនទូទាត់ ឬ Scan-to-Pay Power, និងមុខងារបំពេញបេសកកម្ម ឬ Missions Power។ ចំណែកឯឪពុកម្តាយវិញ ក៏ទទួលបានថាមពលពិសេសជាមួយមុខងារ​ចំនួន 4 ដូចគ្នាដែរ ដូចជា៖ មុខងារឆ្លើយតបសំណើសុំលុយ ការតាមដានការចំណាយ ការកំណត់ការចំណាយ និងការបិទគណនីជាបណ្តោះអាសន្ននៅពេលចាំបាច់។ 

 

លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយកនៃធនាគារ វីង បានលើកឡើងថា៖ "កុមារ និងក្មេងជំទង់ មិនអាចស្វែងយល់ពីការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ ត្រឹមតែការមានគណនីធនាគារនោះឡើយ។ ពួកគេរៀនចេះចាត់ចែង តាមរយៈការធ្វើការសម្រេចចិត្តដោយខ្លួនឯង និងការមើលឃើញពីលទ្ធផលជាក់ស្តែង។ ហេតុនេះហើយ គណនី WingGen ផ្តល់ឱកាសឱ្យពួកគេបានអនុវត្តការសម្រេចចិត្តទាំងនោះនៅក្នុងជីវិតប្រចាំថ្ងៃ ហើយក៏បានផ្តល់នូវមុខងារសំខាន់ៗដល់ឪពុកម្តាយ ដើម្បីជួយណែនាំកូនៗ គ្រប់គ្រងដោយទំនុកចិត្តផងដែរ។ តាមរយៈគណនី WingGen ពួកគេមិនត្រឹមតែចេះសន្សំប៉ុណ្ណោះទេ តែក៏អាចបង្កើតទម្លាប់ល្អ និងសមត្ថភាពឆ្លាតវៃក្នុងការចាត់ចែងហិរញ្ញវត្ថុតាំងពីវ័យក្មេង។” 

 

លើសពីគណនីធនាគារ 

 

គណនី WingGen ត្រូវបានបង្កើតឡើងដោយផ្អែកលើគំនិតដ៏សាមញ្ញមួយ គឺកុមារ និងក្មេងជំទង់ មិនគ្រាន់តែស្វែងយល់ពីរឿងលុយកាក់ តាមរយៈសកម្មភាពតែមួយមុខនោះទេ។ 

 

ពួកគេទទួលបានប្រាក់ពីឪពុកម្តាយ ពួកគេត្រូវចាយវាយទិញរបស់របរប្រចាំថ្ងៃ ហើយពួកគេត្រូវសម្រេចចិត្តថាគួរចាយនៅថ្ងៃនេះ ឬសន្សំទុកសម្រាប់ថ្ងៃក្រោយ។ ពួកគេអាចកំណត់គោលដៅ ប្តូរចិត្ត ហើយរៀនយល់បន្តិចម្តងៗថា រាល់ការសម្រេចចិត្ត គឺតែងតែជះឥទ្ធិពលដល់លទ្ធផលនៅជំហានបន្ទាប់។ គណនី WingGen បាននាំយកបទពិសោធទាំងនេះមកភ្ជាប់គ្នានៅក្នុងកន្លែងតែមួយ ដើម្បីឱ្យកុមារ​ និងក្មេងជំទង់ អាចរៀនចាត់ចែងលុយតាមរយៈការប្រើប្រាស់ជាក់ស្តែងនៅក្នុងជីវិតប្រចាំថ្ងៃ។ 

 

ឪពុកម្តាយ​អាចបើកគណនី WingGen ឱ្យកូនៗដែលមានអាយុស្របតាមលក្ខខណ្ឌ បានយ៉ាងងាយតាមរយៈអេប Wing Bank។ បន្ទាប់មក កូនៗអាចបើកដំណើរការ WingGen នៅលើទូរសព្ទរបស់ខ្លួន ដើម្បីពិនិត្យមើលសមតុល្យ របាយការណ៍ប្រតិបត្តិការ និងទូទាត់ថ្លៃទំនិញប្រចាំថ្ងៃតាមរយៈ KHQR។ 

 

នៅពេលកូនៗត្រូវការប្រាក់បន្ថែម ពួកគេអាចផ្ញើសំណើរសុំប្រាក់តាមរយៈគណនី WingGen។ ឪពុកម្តាយនឹងទទួលបានសំណើនោះ ហើយអាចសម្រេចចិត្តថាគួរអនុម័ត ឬបដិសេធ។ 

 

អ្វីដែលកូនៗទទួលបាន មិនមែនគ្រាន់តែជាការចូលប្រើសេវាធនាគារប៉ុណ្ណោះទេ ពោលគឺគណនី WingGen ផ្តល់ឱ្យពួកគេនូវឱកាសចាប់ផ្តើមរៀនចាត់ចែងលុយដោយខ្លួនឯង តាមរយៈការប្រើប្រាស់ជាក់ស្តែងក្នុងជីវិតប្រចាំថ្ងៃ ហើយក៏អាចចូលរួមក្នុងការទូទាត់ក្នុងបរិបទសេដ្ឋកិច្ចឌីជីថលដែលកំពុងក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃនៅជុំវិញពួកគេ។ 

 

ធ្វើឱ្យការសន្សំមានគោលដៅ និងមានន័យជាងមុន 

 

គណនី WingGen មានមុខងារសន្សំដើម្បីគោលដៅដែលអនុញ្ញាតឱ្យកូនៗអាចកំណត់ឈ្មោះគោលដៅដែលខ្លួនចង់បាន ដាក់លុយសន្សំ និងតាមដានវឌ្ឍនភាពរបស់ពួកគេបានដោយផ្ទាល់។  

 

តាមរយៈមុខងារនេះ កូនៗអាចប្រើប្រាស់គណនី WingGen អាចបង្កើតគោលដៅសន្សំផ្ទាល់ខ្លួន ដាក់លុយសន្សំជាបន្តបន្ទាប់ និងតាមដានវឌ្ឍនភាពបានយ៉ាងងាយស្រួល។  មិនថាពួកគេកំពុងសន្សំលុយទិញឧបករណ៍ថ្មី ទិញកាដូ ដើរលេង ឬរបស់ផ្សេងៗដែលសំខាន់នោះទេ ពួកគេអាចមើលឃើញយ៉ាងច្បាស់ថា រាល់ការសន្សំ គឺបានរុញច្រានពួកគេឱ្យខិតទៅកាន់តែជិតគោលដៅ។  

 

វិធីសាស្ត្រនេះ ធ្វើឱ្យការសន្សំលែងជារឿងគួរឱ្យធុញ ឬគ្រាន់តែជាការបង្ខំទៀតហើយ តែវាបានភ្ជាប់ទៅនឹងចំណង់ចំណូលចិត្តពិតប្រាកដរបស់កូនៗ ដែលធ្វើឱ្យពួកគេកាន់តែមានកម្លាំងចិត្ត និងហេតុផលច្បាស់លាស់ក្នុងការបន្តសន្សំ។ 

 

បង្កើតទម្លាប់សន្សំតាមរយៈបេសកកម្ម និងទទួលបានរង្វាន់ 

 

មុខងារបេសកកម្មរបស់គណនី WingGen ជួយឱ្យកូនៗមានទម្លាប់សន្សំប្រាក់បានជាប់លាប់ តាមរយៈការប្រកួតប្រជែងដាក់ប្រាក់បញ្ញើប្រចាំខែបានរង្វាន់។ 

 

ពេលបំពេញបេសកកម្មជោគជ័យ កូនៗនឹងទទួលបាន វីងភ័ញ ដែលអាចអាចយកទៅទូទាត់ទិញទំនិញតាមរយៈបណ្តាញដៃគូពាណិជ្ជកររបស់ធនាគារ វីង ដែលកំពុងតែកើនឡើងជាបន្តបន្ទាប់។ 

 

នេះក៏ជាមេរៀនជាក់ស្តែងមួយទៀតសម្រាប់យុវជនថា រង្វាន់ដែលរកបាន អាចជួយឱ្យលុយរបស់ពួកគេប្រើប្រាស់បានកាន់តែមានប្រយោជន៍។ ពួកគេអាចបន្តសន្សំប្រាក់របស់ខ្លួន ខណៈ វីងភ័ញ ដែលប្រមូលបាន អាចយកទៅជួយទូទាត់មួយផ្នែក ឬទាំងស្រុងលើអ្វីដែលពួកគេចង់បាន ស្របតាមលក្ខណ្ឌនៃការប្រើប្រាស់ វីងភ័ញ។ 

 

អ្វីដែលកាន់តែពិសេស ជីប ជីប ដែលជាអ្នកនាំផ្លូវថាមពលរបស់ឡគណនី WingGen នឹងធ្វើឱ្យបទពិសោធនេះកាន់តែសប្បាយរីករាយ ដោយជួយកូនៗឱ្យស្វែងយល់ពីមុខងារថាមពលផ្សេងៗ បំពេញបេសកកម្ម និងអបអរសាទររាល់ភាពជោគជ័យរបស់ពួកគេ។ 

 

ភាពម្ចាស់ការ ក្រោមការគ្រប់គ្រង និងណែនាំពីឪពុកម្តាយ 

 

ឪពុកម្តាយ អាចគ្រប់គ្រងគណនីរបស់កូនៗបានយ៉ាងងាយស្រួល តាមរយៈអេប Wing Bank ដែលអាចតាមដានគណនីរបស់កូន និងត្រួតពិនិត្យរាល់ការចាយវាយបានគ្រប់ពេល។ លើសពីនេះ ពួកគាត់ក៏អាចកំណត់កម្រិតទំហំចំណាយ ឆ្លើយតបនឹងសំណើសុំលុយ និងអាចផ្អាកគណនីភ្លាមៗ ក្នុងករណីកូនបាត់ទូរសព្ទ ឬមានរឿងមិនប្រក្រតីណាមួយកើតឡើង។ មុខងារទាំងនេះ ជួយឱ្យប៉ាម៉ាក់អាចកំណត់ព្រំដែនសមស្របសម្រាប់កូន ខណៈនៅតែទុកឱកាសឱ្យពួកគេរៀនគិត និងសម្រេចចិត្តដោយខ្លួនឯង។ 

 

គណនី WingGen ក៏បានភ្ជាប់មកជាមួយនូវប្រព័ន្ធការពារសុវត្ថិភាព ត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់កូនៗផងដែរ។ ប្រតិបត្តិការចំណាយ ត្រូវបានកំណត់ត្រឹម 2 លានរៀល (ឬសមមូល) ក្នុងមួយប្រតិបត្តិការ និងក្នុងមួយថ្ងៃ។ ចំណែកឯ ផលិតផលសម្រាប់តែមនុស្សពេញវ័យ ដូចជា សេវាផ្ទេរប្រាក់អន្តរជាតិ កម្ចីឌីជីថល សេវាជួញដូរ និងក្រេឌីតកាត ត្រូវបានរឹតត្បិតមិនឱ្យប្រើប្រាស់ឡើយ។ គោលបំណងសំខាន់ គឺដើម្បីបង្កើតបរិយាកាសសុវត្ថិភាពមួយ ដែលកូនៗអាចចាប់ផ្តើមចាត់ចែងលុយកាក់បានដោយខ្លួនឯង ដោយមិនចាំបាច់មានការពាក់ព័ន្ធនឹងផលិតផលហិរញ្ញវត្ថុដែលមិនស័ក្តិសមនឹងវ័យរបស់ពួកគេ។ 

 

លើសពីគណនីសន្សំសម្រាប់កុមារទូទៅ 

 

ធនាគារ វីង មិនមែនជាស្ថាប័នហិរញ្ញវត្ថុទីមួយដែលផ្តល់ជូនគណនីសម្រាប់អតិថិជនវ័យក្មេងនោះទេ។ ប៉ុន្តែ គណនី WingGen មានភាពលេចធ្លោខុសប្លែកពីគេ តាមរយៈសកម្មភាពរស់រវើកនៅជុំវិញការប្រើប្រាស់គណនីនេះផ្ទាល់តែម្តង។ 

 

គណនីនេះ បានរួមបញ្ចូលនូវមុខងារចំនួន 4 សម្រាប់កូនៗ អមដោយមុខងារសំខាន់ៗចំនួន 4 ទៀតសម្រាប់ឪពុកម្តាយ។ ការសន្សំត្រូវបានភ្ជាប់ទៅនឹងគោលដៅដែលកូនៗជ្រើសរើសដោយខ្លួនឯង ខណៈការបំពេញបេសកកម្មជាប្រចាំអាចទទួលបានរង្វាន់លើកទឹកចិត្ត។ កូនៗអាចមើល និងយល់ពីការចំណាយរបស់ខ្លួន ហើយប៉ាម៉ាក់ក៏អាចតាមដាន និងជួយកំណត់ព្រំដែនសមស្របបាននៅពេលចាំបាច់។ ទាំងអស់នេះ បានបង្កើតឱ្យមាននូវបទពិសោធហិរញ្ញវត្ថុដ៏រស់រវើក ជំនួសឱ្យគណនីដែលរចនាឡើងគ្រាន់តែដើម្បីទុកលុយក្នុងគណនីធនាគារតែមួយមុខ។ 

 

លោកបណ្ឌិត ខូលេកកូ បានបញ្ជាក់បន្ថែមថា៖ “WingGen មិនមែនគ្រាន់តែជាគណនីដែលយុវវ័យបើកហើយទុកចោលនោះទេ។ វាគឺជាផ្លេតហ្វមដែលត្រូវបានរចនាឡើង ដើម្បីរីកចម្រើនទៅជាមួយពួកគេ ស្របពេលដែលចំណង់ចំណូលចិត្ត គោលដៅ និងតម្រូវការហិរញ្ញវត្ថុរបស់ពួកគេកាន់តែធំឡើង។ ការសម្ពោធនៅថ្ងៃនេះ គឺជាការចាប់ផ្តើមជាមួយនឹងបទពិសោធដ៏រឹងមាំមួយ ហើយយើងនឹងបន្តអភិវឌ្ឍផ្លេតហ្វមនេះឱ្យកាន់តែអស្ចារ្យបន្ថែមទៀត។” 

 

ធនាគារ វីង នឹងបន្តពង្រីកសក្តានុពលគណនី WingGen ជាមួយមុខងារថ្មីៗ កិច្ចសហការជាមួយដៃគូ និងបទពិសោធនានាបន្ថែមទៀត ដើម្បីធ្វើឱ្យការរៀនចាត់ចែងលុយរបស់កូនៗកាន់តែសាមញ្ញ ងាយស្រួលប្រើប្រាស់ និងទទួលបានអត្ថប្រយោជន៍កាន់តែច្រើន ទាំងសម្រាប់កូនៗ និងក្រុមគ្រួសារ។ 

 

តាមរយៈការនាំយកការសន្សំ ការទូទាត់ គោលដៅផ្ទាល់ខ្លួន បេសកកម្ម រង្វាន់ និងការណែនាំពីប៉ាម៉ាក់ មកភ្ជាប់គ្នានៅក្នុងគណនី WingGen កូនៗអាចចាប់ផ្តើមរៀនម្ចាស់ការលើការប្រើប្រាស់លុយរបស់ខ្លួន ខណៈឪពុកម្តាយនៅតែមានមុខងារសម្រាប់តាមដាន និងជួយណែនាំ ដើម្បីឱ្យកូនៗរៀនចាត់ចែងលុយបានកាន់តែប្រសើរ ខណៈឪពុកម្តាយអាចមានភាពស្ងប់ចិត្ត។ 

 

ផ្តល់ភាពម្ចាស់ការកាន់តែច្រើនដល់កូនៗ ផ្តល់ទំនុកចិត្តកាន់តែខ្ពស់ដល់ឪពុកម្តាយ! 

 

ឪពុកម្តាយអាច ទាញយកអេប Wing Bank ថ្ងៃនេះ ដើម្បីបើកគណនី WingGen ឬអញ្ជើញទៅកាន់សាខាធនាគារ វីង ទូទាំងប្រទេស ឬទំនាក់ទំនងមកកាន់លេខ 023 999 989។ សម្រាប់ព័ត៌មានបន្ថែម សូមស្វែងយល់អំពី គណនី WingGen។ 

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

អ្នកប្រកបមុខរបរជាង ៦លាននាក់ នឹងទទួលបានឱកាសប្រើប្រាស់សេវាហិរញ្ញវត្ថុ និងធានារ៉ាប់រង តាមរយៈកិច្ចសហការរវាងធនាគារ វីង ក្រុមហ៊ុន RGI និងសមាគម CFEYA

ភាពជាដៃគូនេះនឹងជួយឱ្យអាជីវកម្មខ្នាតតូច និងអ្នកប្រកបមុខរបរឯករាជ្យ ទទួលបាននូវសេវាហិរញ្ញវត្ថុ ធានារ៉ាប់រង និងឱកាសបង្កើតប្រាក់ចំណូលថ្មីៗជាច្រើនទៀត។

ចេញផ្សាយនៅ: Oct 28, 2026

អានរហ័ស

ហេតុអ្វីកុមារចង់ឆាប់ធំ? ស្វែងយល់ពីសេរីភាព និងការសម្រេចចិត្តដែលពួកគេចង់បាន

កុមារជាច្រើនតែងនិយាយថា ពួកគេចង់ឆាប់ធំ មិនមែនដោយសារតែតួលេខអាយុនោះទេ ដែលធ្វើឱ្យពួកគេមានក្តីរំភើប តែវាគឺជាសេរីភាពដែលពួកគេអាចធ្វើការសម្រេចចិត្តបានដោយខ្លួនឯង។

ចេញផ្សាយនៅ: Oct 26, 2026

អានរហ័ស

កម្ចីកសិកម្មគ្មានទ្រព្យធានា របស់ធនាគារ វីង តាំងបង្ហាញនៅវេទិកាកសិកម្ម CAFE26

ធនាគារ វីង បាននាំយកដំណោះស្រាយហិរញ្ញប្បទានពិសេស ដើម្បីជួយប្រជាកសិករ និងអាជីវកម្មកសិកម្មកម្ពុជា មានលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាកសិកម្មទំនើប និងធន់នឹងការប្រែប្រួលអាកាសធាតុ។

ចេញផ្សាយនៅ: Oct 26, 2026