អ្នកប្រកបមុខរបរជាង ៦លាននាក់ នឹងទទួលបានឱកាសប្រើប្រាស់សេវាហិរញ្ញវត្ថុ និងធានារ៉ាប់រង តាមរយៈកិច្ចសហការរវាងធនាគារ វីង ក្រុមហ៊ុន RGI និងសមាគម CFEYA

ភាពជាដៃគូនេះនឹងជួយឱ្យអាជីវកម្មខ្នាតតូច និងអ្នកប្រកបមុខរបរឯករាជ្យ ទទួលបាននូវសេវាហិរញ្ញវត្ថុ ធានារ៉ាប់រង និងឱកាសបង្កើតប្រាក់ចំណូលថ្មីៗជាច្រើនទៀត។

ចេញផ្សាយនៅ: Oct 28, 2026

រាជធានីភ្នំពេញ ថ្ងៃទី27 ខែតុលា ឆ្នាំ2026៖  ធនាគារ វីង (ខេមបូឌា) ម.ក ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៊ីនសួរេន (RGI) និងសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា (CEYFA) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ក្នុងគោលបំណងពង្រីកឱកាសទទួលបានសេវាហិរញ្ញវត្ថុ សេវាធានារ៉ាប់រង និងឱកាសអាជីវកម្ម ដល់បណ្តាញសមាជិក និងអតិថិជនរបស់ CEYFA ជាង 6 លាននាក់នៅទូទាំងប្រទេសកម្ពុជា។ 

 

ពិធីចុះហត្ថលេខាបានរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌល The Grand Terrace ក្រោមវត្តមានអ្នកចូលរួមជាង 2200នាក់។ 

 

បណ្តាញរបស់សមាគម CEYFA គ្របដណ្តប់លើមុខរបរចំនួន 18 វិស័យ រួមមាន អាជីវករលក់ដូរតាមផ្សារ អ្នកលក់ម្ហូបអាហារ អ្នកប្រកបមុខរបរដឹកជញ្ជូន និងកសិករជាដើម។ ចំណូលប្រចាំថ្ងៃរបស់ពួកគាត់ គឺជាកម្លាំងទ្រទ្រង់ជីវភាពគ្រួសារ និងសហគមន៍ផ្ទាល់ ប៉ុន្តែពួកគាត់ភាគច្រើននៅតែជួបការលំបាកក្នុងការស្វែងរកប្រភពទុន ដើម្បីរក្សាលំនឹង ឬពង្រីកមុខរបរឱ្យកាន់តែធំ។ 

 

យោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា របស់ធនាគារពិភពលោក ចេញផ្សាយកាលពីខែធ្នូ ឆ្នាំ2025 បានបង្ហាញថា ប្រមាណ 90% នៃសហគ្រាសនៅកម្ពុជាគឺជាអាជីវកម្មក្រៅប្រព័ន្ធ ដែលបានផ្តល់ការងាររហូតដល់ទៅ 88% នៃការងារសរុប។ 

 

ឯកឧត្តមឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគម CEYFA បានមានប្រសាសន៍ថា៖ “សមាជិករបស់យើងខិតខំប្រឹងប្រែងធ្វើការដើម្បីទ្រទ្រង់ជីវភាព ប៉ុន្តែពួកគាត់ជាច្រើននៅតែជួបការលំបាកក្នុងការទទួលបានសេវាហិរញ្ញវត្ថុដែលត្រូវការសម្រាប់ពង្រីកអាជីវកម្ម។ តាមរយៈកិច្ចសហការនេះ ពួកគាត់នឹងមានឱកាសកាន់តែច្រើនក្នុងការទទួលបានហិរញ្ញប្បទាន គ្រប់គ្រងការទូទាត់ និងបង្កើតចំណូលបន្ថែម ដែលនឹងជួយសម្រាលបន្ទុកហិរញ្ញវត្ថុ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់ឱ្យកាន់តែប្រសើរឡើង។" 

 

តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូនេះ ធនាគារ វីង នឹងផ្តល់ជូនសមាជិកសមាគមដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយទទួលបាននូវសេវាទូទាត់តាមប្រព័ន្ធ KHQR សេវាបើកប្រាក់បៀវត្ស កម្ចីអាជីវកម្ម ហិរញ្ញប្បទានខ្សែច្រវាក់ផ្គត់ផ្គង់ កាតឥណទានវីងវីសាដោយមិនតម្រូវឱ្យមានទ្រព្យបញ្ចាំ ព្រមទាំងសេវាហិរញ្ញវត្ថុចាំបាច់ជាច្រើនទៀត។លើសពីនេះ កិច្ចសហការនេះ ក៏បើកឱកាសឱ្យសមាជិកអាចក្លាយជាភ្នាក់ងារធនាគារ វីង ឬភ្នាក់ងារវីង ម៉ាស្ទ័រ ដើម្បីទទួលបានប្រាក់ចំណូលបន្ថែម តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុនៅក្នុងសហគមន៍របស់ពួកគាត់ផ្ទាល់។ មិនត្រឹមតែប៉ុណ្ណោះ សមាជិកក៏អាចស្វែងរកឱកាសក្នុងការណែនាំអតិថិជនឱ្យប្រើប្រាស់សេវាធានារ៉ាប់រងអាយុជីវិត របស់ក្រុមហ៊ុន RGI ដែលជួយឱ្យគ្រួសារកាន់តែច្រើន ទទួលបានការគាំពារផ្នែកហិរញ្ញវត្ថុនៅជិតកន្លែងដែលពួកគេរស់នៅ និងប្រកបមុខរបរ។ 

 

លោក សោម ធីសែន នាយកប្រតិបត្តិគ្រប់គ្រងសេវាធនាគារសាធារណៈ នៃធនាគារ វីង បានលើកឡើងថា៖ “សម្រាប់ម្ចាស់អាជីវកម្មតូចជាច្រើន ប្រាក់ចំណូលដែលពួកគាត់រកបានជារៀងរាល់ថ្ងៃ គឺត្រូវបែងចែកសម្រាប់ចំណាយទាំងលើមុខរបរ និងតម្រូវការក្នុងគ្រួសារ។ ភាពងាយស្រួលក្នុងការទទួលប្រាក់ និងលទ្ធភាពទទួលបានហិរញ្ញប្បទាន អាចជួយពួកគាត់ឱ្យចាត់ចែងសាច់ប្រាក់បានល្អ និងអភិវឌ្ឍអាជីវកម្មឱ្យកាន់តែរីកចម្រើន។ តាមរយៈកិច្ចសហការនេះ យើងនឹងនាំយកសេវាកម្មទាំងនេះកាន់តែខិតជិតបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកប្រកបមុខរបរក្រៅប្រព័ន្ធ ដែលតែងជួបការលំបាកក្នុងការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ។” 

បងប្អូនអាជីវករតាមផ្សារតែងតែមមាញឹកក្នុងការចាត់ចែងការទូទាត់ពីអតិថិជន ការទូទាត់ឱ្យអ្នកផ្គត់ផ្គង់ និងការចំណាយក្នុងគ្រួសារជារៀងរាល់ថ្ងៃ។ សេវាកម្មរបស់ធនាគារ វីង នឹងជួយប្រមូលផ្តុំរាល់ប្រតិបត្តិការទាំងអស់នេះ ឱ្យស្ថិតនៅកន្លែងតែមួយយ៉ាងងាយស្រួល និងមានសុវត្ថិភាព។ 

 

លោក អ៊ុត សឿង អគ្គនាយក ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍អ៊ីនសួរេន ម.ក បានលើកឡើងថា៖ “នៅពេលមានហេតុការណ៍ចៃដន្យណាមួយមករំខានដល់ចំណូលរបស់អ្នកប្រកបមុខរបរ ក្រុមគ្រួសាររបស់ពួកគាត់នឹងជួបការលំបាក សូម្បីតែការចំណាយលើតម្រូវការប្រចាំថ្ងៃ។ សេវាធានារ៉ាប់រងអាយុជីវិត អាចជួយសម្រាលបន្ទុកនេះបានយ៉ាងច្រើន ហើយតាមរយៈការចាប់ដៃគូជាមួយធនាគារ វីង និងសមាគម CEYFA យើងចង់នាំយកការគាំពារដ៏កក់ក្តៅនេះ ទៅដល់គ្រួសារជាច្រើនទៀត ដែលធ្លាប់មានការលំបាកក្នុងការទទួលបានសេវាកម្មទាំងនេះពីមុនមក។" 

 

បច្ចុប្បន្ន បណ្តាញប្រតិបត្តិការរបស់ធនាគារ វីង នៅទូទាំងប្រទេស រួមមានសាខាធនាគារជិត 30ទីតាំង ភ្នាក់ងារវីងម៉ាស្ទ័រជាង 200កន្លែង និងភ្នាក់ងារធនាគារ វីង ជាង 12,000កន្លែង។ តាមរយៈបណ្តាញដ៏ទូលំទូលាយនេះ សមាជិកទាំងអស់អាចស្វែងយល់ និងប្រើប្រាស់សេវាធនាគារ និងសេវាធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុន RGI បានកាន់តែងាយស្រួល និងនៅក្បែរផ្ទះបំផុត។ 

 

សមាជិករបស់សមាគម CEYFA អាចអញ្ជើញទៅកាន់ភ្នាក់ងារធនាគារ វីង ឬសាខាធនាគារ វីង ដែលនៅជិតបំផុត ដើម្បីស្វែងយល់ពីឱកាសក្លាយជាភ្នាក់ងាររបស់ធនាគារ វីង ឬអាចទំនាក់ទំនងមកកាន់លេខ 023 999 989 ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីសេវាហិរញ្ញវត្ថុ ការធានារ៉ាប់រង និងឱកាសអាជីវកម្មដ៏ល្អៗទាំងនេះ៕  

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង ដាក់ដំណើរការគណនី WingGen ជួយបង្កើតទម្លាប់ហិរញ្ញវត្ថុឆ្លាតវៃដល់កុមារ និងក្មេងជំទង់

លើសពីគណនីសន្សំសម្រាប់កុមារទូទៅ គណនី WingGen បានរួមបញ្ចូលនូវការសន្សំ ការទូទាត់ទិញទំនិញប្រចាំថ្ងៃតាម KHQR កំណត់គោលដៅ បំពេញបេសកកម្ម ទទួលបានរង្វាន់ និងការណែនាំពីឪពុកម្តាយ ដែលមាននៅផ្លេតហ្វមតែមួយសម្រាប់កុមារ និងក្មេងជំទង់មានអាយុចាប់ពី 10 ដល់ 17 ឆ្នាំ។

ចេញផ្សាយនៅ: Oct 28, 2026

អានរហ័ស

ហេតុអ្វីកុមារចង់ឆាប់ធំ? ស្វែងយល់ពីសេរីភាព និងការសម្រេចចិត្តដែលពួកគេចង់បាន

កុមារជាច្រើនតែងនិយាយថា ពួកគេចង់ឆាប់ធំ មិនមែនដោយសារតែតួលេខអាយុនោះទេ ដែលធ្វើឱ្យពួកគេមានក្តីរំភើប តែវាគឺជាសេរីភាពដែលពួកគេអាចធ្វើការសម្រេចចិត្តបានដោយខ្លួនឯង។

ចេញផ្សាយនៅ: Oct 26, 2026

អានរហ័ស

កម្ចីកសិកម្មគ្មានទ្រព្យធានា របស់ធនាគារ វីង តាំងបង្ហាញនៅវេទិកាកសិកម្ម CAFE26

ធនាគារ វីង បាននាំយកដំណោះស្រាយហិរញ្ញប្បទានពិសេស ដើម្បីជួយប្រជាកសិករ និងអាជីវកម្មកសិកម្មកម្ពុជា មានលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាកសិកម្មទំនើប និងធន់នឹងការប្រែប្រួលអាកាសធាតុ។

ចេញផ្សាយនៅ: Oct 26, 2026