ធនាគារ វីង កោតសរសើរក្រសួងពាណិជ្ជកម្ម ចំពោះភាពជោគជ័យនៃការរៀបចំពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ២០២៥

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ២០២៥ លើកកម្ពស់សហគ្រាសធុនតូច និងមធ្យម ការត្រៀមខ្លួនសម្រាប់ការនាំចេញ និងភាពងាយស្រួលក្នុងការទទួលបានសេវាហិរញ្ញវត្ថុ

ចេញផ្សាយនៅ: Dec 15, 2025

ក្នុងនាមជាដៃគូដ៏សំខាន់មួយរបស់ក្រសួងពាណិជ្ជកម្ម ធនាគារ វីង សូមសម្តែងនូវការកោតសរសើរ និងអបអរចំពោះក្រសួងពាណិជ្ជកម្ម ដែលបានរៀបចំពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTExpo 2025) ប្រកបដោយភាពជោគជ័យ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ ពិតជាបានរួមចំណែកដល់ការជំរុញពាណិជ្ជកម្មជាតិ និងគាំទ្រដល់កំណើនសហគ្រាសធុនតូច និងមធ្យម។ ធនាគារ វីង ប្តេជ្ញាចិត្តក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈភាពជាដៃគូដ៏រឹងមាំ និងការផ្តល់ជូនដំណោះស្រាយហិរញ្ញវត្ថុដែលឆ្លើយតបនឹងតម្រូវការជាក់ស្តែង។


ការតាំងពិព័រណ៍រយៈពេល ៤ ថ្ងៃនេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីសក្តានុពលនៃផលិតកម្មក្នុងស្រុក ដោយក្នុងនោះជាង ៦០% នៃផលិតផលដែលបានដាក់តាំងបង្ហាញ គឺជាផលិតផលរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ តាមរយៈព្រឹត្តិការណ៍នេះផងដែរ ធនាគារ វីង បាននាំយកនូវដំណោះស្រាយហិរញ្ញវត្ថុ និងឌីជីថល ដែលត្រូវបានរៀបចំឡើងយ៉ាងពិសេសដើម្បីគាំទ្រប្រតិបត្តិការប្រចាំថ្ងៃរបស់សហគ្រាសធុនតូច និងមធ្យម ក្នុងគោលដៅជំរុញកំណើន និងសមត្ថភាពប្រកួតប្រជែងរបស់ពួកគេនៅក្នុងទីផ្សារតំបន់។


លោក ហោ ប៊ុនថែ អគ្គនាយករងនៃធនាគារ វីង បានលើកឡើងថា៖ “ការជួយឱ្យសហគ្រាសធុនតូច និងមធ្យម មានលទ្ធភាពទទួលបានហិរញ្ញប្បទានកាន់តែប្រសើរ ការទូទាត់តាមប្រព័ន្ធឌីជីថល និងឱកាសទីផ្សារ គឺជាកត្តាចាំបាច់បំផុតសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា”។


លោកបានបន្ថែមថា៖ “គោលដៅរបស់យើង គឺជួយសម្រួលដល់ប្រតិបត្តិការអាជីវកម្មក្នុងស្រុកមានភាពងាយស្រួល ដើម្បីឱ្យពួកគេអាចរីកចម្រើន និងពង្រីកខ្លួនទៅកាន់ទីផ្សារថ្មីៗ។ យើងខ្ញុំសូមថ្លែងអំណរគុណដល់ក្រសួងពាណិជ្ជកម្ម ដែលបានបង្កើតវេទិកានេះឡើង ដើម្បីឱ្យធុរជនអាចភ្ជាប់ទំនាក់ទំនង ហើយផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក។”


ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ២០២៥ បានក្លាយជាវេទិកាជួបជុំរវាងអ្នកនាំចេញក្នុងស្រុក ជាមួយអ្នកទិញ និងវិនិយោគិនមកពីទីផ្សារសំខាន់ៗ ដូចជា៖ ប្រទេសចិន ឥណ្ឌូនេស៊ី និងឥណ្ឌា ជាដើម។ មិនតែប៉ុណ្ណោះ ព្រឹត្តិការណ៍នេះក៏បានរៀបចំឡើងនូវសិក្ខាសាលាពាណិជ្ជកម្ម កិច្ចពិភាក្សាស្តីពីការត្រៀមខ្លួនសម្រាប់ការនាំចេញរបស់សហគ្រាសធុនតូច និងមធ្យម និងជំនាញឌីជីថល ការផ្គូផ្គងអាជីវកម្មជាមួយវិនិយោគិនកូរ៉េ និងការសម្តែងសិល្បៈវប្បធម៌ ដែលផ្តល់ឱកាសកាន់តែទូលំទូលាយដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការបង្ហាញសក្តានុពល និងរៀនសូត្របានកាន់តែច្រើនថែមទៀត។


ស្របតាម «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ (២០២៣-២០២៨)» របស់រាជរដ្ឋាភិបាល ដែលផ្តោតលើការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម កំណើនការនាំចេញ បរិវត្តកម្មឌីជីថល និងការអភិវឌ្ឍវិស័យឧស្សាហកម្ម ពិព័រណ៍ឆ្នាំនេះបានចូលរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិ ក្នុងការជំរុញសហគ្រាសធុនតូច និងមធ្យមឱ្យឈានជើងចូលទៅក្នុងទីផ្សារសកល។


ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៥ កម្ពុជាសម្រេចបានទំហំការនាំចេញប្រមាណ ២៤,៩៤ ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ១៥,២% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ កំណើននេះឆ្លុះបញ្ចាំងឱ្យឃើញពីការកើនឡើងនៃតម្រូវការអន្តរជាតិចំពោះផលិតផលកម្ពុជា។ សន្ទុះនៃការរីកចម្រើននេះ មិនត្រឹមតែជួយបង្កើនប្រាក់ចំណូលសម្រាប់សហគមន៍មូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងគាំទ្រដល់ចក្ខុវិស័យរបស់កម្ពុជា ក្នុងការប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។


ធនាគារ វីង នៅតែបន្តផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុ និងឌីជីថល ដើម្បីជួយជំរុញសហគ្រាសធុនតូច និងមធ្យមកម្ពុជា ឱ្យរីកចម្រើនស្របតាមការវិវឌ្ឍនៃទីផ្សារសកល។ នេះជាឆ្នាំទី២ ជាប់ៗគ្នាហើយដែលធនាគារ វីង បានចូលរួមគាំទ្រ CTExpo ហើយ រំពឹងថានឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីគាំទ្រដល់ការរីកលូតលាស់នៃអាជីវកម្ម និងរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនប្រកបដោយបរិយាបន្ន។

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ពានរង្វាន់ធនាគារ វីង ២០២៦៖ ពង្រឹងស្មារតីក្រុម ដើម្បីបម្រើសហគមន៍ឱ្យកាន់តែល្អប្រសើរ

ក្រុមបាល់ទាត់ចំនួន ២៥ មកពីទីស្នាក់ការកណ្តាល និងបណ្តាសាខានៃធនាគារ វីង បានជួបជុំគ្នាបង្ហាញស្មារតីប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាព ដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាកម្មជូនអតិថិជននៅទូទាំងប្រទេស។

ចេញផ្សាយនៅ: Aug 25, 2026

អានរហ័ស

ដំណើរឆ្ពោះទៅមុខ របស់ វីង ពីធនាគារទទួលបានទំនុកចិត្ត ក្លាយជាមិត្តរួមដំណើរប្រចាំថ្ងៃ

ទំព័រថ្មីរបស់ វីង មិនមែនមានន័យថា វីង នឹងប្រែក្លាយទៅជាធនាគារមួយផ្សេងទៀតនោះទេ។ ប៉ុន្តែ វាគឺជាការវិវឌ្ឍខ្លួនទៅជាធនាគារដែលកាន់តែមានភាពស្និទ្ធស្នាល រស់រវើក និងមានអន្តរកម្មខ្ពស់ជាងមុន—ជាធនាគារដដែលដែលអតិថិជនធ្លាប់បានផ្តល់ទំនុកចិត្តរួចមកហើយ។

ចេញផ្សាយនៅ: Aug 20, 2026

អានរហ័ស

លើសពីភាពច្នៃប្រឌិត៖ ការកសាងទំនុកចិត្តជាមួយប្រជាជនកម្ពុជា

ស្របពេលសេវាហិរញ្ញវត្ថុវិវឌ្ឍកាន់តែលឿន និងឈានទៅរកប្រព័ន្ធឌីជីថលកាន់តែខ្លាំង ធនាគារ វីង ជឿជាក់ថា វឌ្ឍនភាពនេះត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការការពារដ៏រឹងមាំ ការអនុវត្តប្រកបដោយការទទួលខុសត្រូវ និងការអនុវត្តដែលមានការត្រួតពិនិត្យពីស្ថាប័នឯករាជ្យ។

ចេញផ្សាយនៅ: Aug 20, 2026