ខេត្តកំពត ថ្ងៃទី8 ខែវិច្ឆិកា ឆ្នាំ2026 – ធនាគារ វីង (ខេមបូឌា) ម.ក បានចូលរួមជាអ្នកឧបត្ថម្ភកម្រិតមាស ក្នុងព្រឹត្តិការណ៍ជិះកង់របស់វិស័យធនាគារលើកទី6 ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី7 ខែវិច្ឆិកា ឆ្នាំ2026 នៅខេត្តកំពត។ ព្រឹត្តិការណ៍នេះមានអ្នកចូលរួមប្រមាណ 500នាក់ រួមមានធនាគារិក និងថ្នាក់ដឹកនាំក្នុងវិស័យធនាគារ ដើម្បីរួមគ្នាលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលខ្មែរ ការរស់នៅប្រកបដោយសុខភាពល្អ និងនិរន្តរភាពបរិស្ថាន។
រៀបចំឡើងដោយសមាគមធនាគារនៅកម្ពុជា (ABC) ក្រោមការគាំទ្រពីធនាគារជាតិនៃកម្ពុជា និងដៃគូពាក់ព័ន្ធផ្សេងទៀត ព្រឹត្តិការណ៍នេះមានកម្មវិធីជិះកង់កម្សាន្តចម្ងាយជាង 16គីឡូម៉ែត្រ និងការប្រណាំងកង់ចម្ងាយជាង 21គីឡូម៉ែត្រ ឆ្លងកាត់តំបន់ទេសភាពដ៏ស្រស់ស្អាតនៃខេត្តកំពត។
លោក ហោ ប៊ុនថែ អគ្គនាយករងនៃធនាគារ វីង បានមានប្រសាសន៍ថា៖ «ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ គឺជាឱកាសដ៏ល្អសម្រាប់ធនាគារិក និងភាគីពាក់ព័ន្ធ បានជួបជុំគ្នា ពង្រឹងទំនាក់ទំនង និងចូលរួមសកម្មភាពដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាព។ ធនាគារ វីង បានចូលរួមក្នុងព្រឹត្តិការណ៍នេះជារៀងរាល់ឆ្នាំ ព្រោះយើងយល់ថា ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលខ្មែរ មិនមែនគ្រាន់តែជាការផ្សព្វផ្សាយការយល់ដឹងប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានការអនុវត្តជាក់ស្តែងផងដែរ។ យើងក៏បានរៀបចំឱ្យបុគ្គលិករបស់យើងទទួលប្រាក់បៀវត្សជាប្រាក់រៀលផងដែរ ដើម្បីជំរុញការប្រើប្រាស់រូបិយប័ណ្ណជាតិក្នុងការចំណាយ និងការសន្សំប្រចាំថ្ងៃផងដែរ។ នៅពេលប្រជាពលរដ្ឋកាន់តែច្រើនទទួលប្រាក់ចំណូល សន្សំ និងទូទាត់ជាប្រាក់រៀល តួនាទីរបស់ប្រាក់រៀលក្នុងសេដ្ឋកិច្ចជាតិក៏កាន់តែរឹងមាំផងដែរ»។
ប្រាក់រៀលខ្មែរមានចំនួនប្រតិបត្តិការទូទាត់ឌីជីថលច្រើនជាងប្រាក់ដុល្លារអាមេរិក។ យោងតាមរបាយការណ៍ប្រចាំឆ្នាំ2025 របស់ធនាគារជាតិនៃកម្ពុជា ប្រព័ន្ធទូទាត់បាគងបានដំណើរការប្រតិបត្តិការជាប្រាក់រៀលចំនួន 771លានប្រតិបត្តិការ ខណៈប្រតិបត្តិការជាប្រាក់ដុល្លារអាមេរិកមានចំនួន ៥៥៤លានប្រតិបត្តិការ។
គិតត្រឹមដំណាច់ខែតុលា ឆ្នាំ2026 ធនាគារ វីង មានគណនីជាប្រាក់រៀលចំនួន 4.1លានគណនី ស្មើនឹង 56% នៃចំនួនគណនីសរុបរបស់ធនាគារ។ ប្រាក់បញ្ញើជាប្រាក់រៀលមានតម្លៃសមមូល 626លានដុល្លារអាមេរិក ខណៈគណនីឥណទានជាប្រាក់រៀលមានចំនួន 123,000គណនី ជាមួយទំហំទឹកប្រាក់សរុបប្រមាណ 281លានដុល្លារអាមេរិក។ ក្នុងរយៈពេលដូចគ្នានេះ ធនាគារ វីង បានដំណើរការប្រតិបត្តិការជាប្រាក់រៀលចំនួន 337លានប្រតិបត្តិការ ដែលមានតម្លៃសរុបប្រមាណ 23ពាន់លានដុល្លារអាមេរិក។
ចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលខ្មែរ ក្នុងប្រតិបត្តិការធនាគារប្រចាំថ្ងៃរបស់លោកអ្នក ដោយបើកគណនីជាប្រាក់រៀលបានយ៉ាងងាយស្រួលតាមរយៈកម្មវិធី Wing Bank App៖ https://wingbank.onelink.me/jA7d/erz6431s
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់មជ្ឈមណ្ឌលបម្រើអតិថិជនរបស់ធនាគារ វីង តាមរយៈលេខទូរស័ព្ទ 023 999 989។





