ក្រុមហ៊ុន LIONPRO ដែលជាក្រុមហ៊ុនពាណិជ្ជកម្មគ្រឿងផ្សំចំណី និងអាហារូបត្ថម្ភសត្វ ព្រមទាំងមានជំនាញច្បាស់លាស់ក្នុងការអប់រំ និងនវានុវត្តន៍វារីវប្បកម្ម កំពុងពង្រីកវត្តមានរបស់ខ្លួននៅតំបន់អាស៊ី តាមរយៈការចាប់ដៃគូជាយុទ្ធសាស្ត្រជាមួយ ធនាគារ វីង ដែលជាធនាគារឌីជីថលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា រួមជាមួយនឹងសមាគមវារីវប្បករកម្ពុជា។
កិច្ចសហការត្រីភាគីនេះ មានគោលបំណងចម្បងដើម្បីចែករំលែកចំណេះដឹង បណ្តុះបណ្តាលជំនាញជាក់ស្តែង ក៏ដូចជាផ្តល់នូវលទ្ធភាពហិរញ្ញវត្ថុសំដៅគាំទ្រវិស័យវារីវប្បកម្ម ដែលកំពុងរីកលូតលាស់យ៉ាងឆាប់រហ័សនៅកម្ពុជា ដោយជួយដល់កសិករ សហគ្រិន និងអាជីវកម្មខ្នាតតូច ក្នុងការសម្របខ្លួនប្រើប្រាស់នូវវិធីសាស្ត្រថ្មីៗ ហើយមាននិរន្តរភាព។
លោក យុន សុវណ្ណារិទ្ធ សមាជិកក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្ម និងជានាយកវារីវប្បកម្មនៃសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា៖ “ការចែករំលែកចំណេះដឹង និងការពង្រឹងជំនាញសម្រាប់ការអនុវត្តជាក់ស្តែង គឺជារឿងសំខាន់ណាស់ក្នុងការអភិវឌ្ឍវិស័យវារីវប្បកម្ម និងធានាបាននូវសន្តិសុខស្បៀងជាតិ។”
លោក យុន សុវណ្ណារិទ្ធ បានបន្ថែមថា៖ “សហគមន៍កសិករកម្ពុជាពិតជាសាទរក្នុងការទទួលយកគំនិត ក៏ដូចជាបច្ចេកវិទ្យាថ្មីៗ ដើម្បីជំរុញវិស័យកសិកម្មឱ្យកាន់តែមានភាពប្រកួតប្រជែង និងរីកចម្រើនខ្លាំងក្លាថែមទៀត។”
សមាគមវារីវប្បករនៅម្ពុជា បានដើរតួយ៉ាងសំខាន់ក្នុងការប្រមូលផ្តុំសហគមន៍អ្នកចិញ្ចឹមត្រីនៅទូទាំងប្រទេសឱ្យមកចូលរួមនៅក្នុងគំនិតផ្តួចផ្តើមនេះ។ តាមរយៈការសហការគ្នាយ៉ាងជិតស្និទ្ធ សមាគមនេះអាចជួយពន្លឿនការងារអប់រំបណ្តុះបណ្តាល បច្ចេកទេសទំនើប មធ្យោបាយច្នៃប្រឌិតថ្មីៗ ក៏ដូចជាផ្តល់នូវកម្ចីទៅដល់ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីគ្រប់ទីកន្លែងនៅទូទាំងប្រទេសកម្ពុជា។
យោងតាមអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានបង្ហាញថា វារីវប្បកម្មនៅកម្ពុជាសម្រេចបានទិន្នផល ៣៤៨.៣៥០ តោនក្នុងឆ្នាំ២០២១ ដែលស្មើនឹង ៤០.៧% នៃផលនេសាទសរុបទូទាំងប្រទេស។ ជាមួយគ្នានេះ របាយការណ៍ស្ទង់មតិកសិកម្មកម្ពុជា ដែលផលិតដោយវិទ្យាស្ថានជាតិស្ថិតិ ក៏បានបង្ហាញឱ្យដឹងដែរថា មានប្រមាណ ៨៩.០៥០ គ្រួសារប្រកបមុខរបរវារីវប្បកម្ម ដែលនេះបង្ហាញយ៉ាងច្បាស់ថា វិស័យវារីវប្បកម្មកំពុងដើរតួនាទីកាន់តែសំខាន់ឡើងក្នុងការលើកកម្ពស់ជីវភាពក្នុងសហគមន៍។
លោកស្រី Zane Kuļikovska សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន LIONPRO បានលើកឡើងថា៖ “ចំណេះដឹងគឺជាគ្រឹះនៃចីរភាព។ នៅពេលដែលកសិករយល់ដឹងពីរបៀបដែលផលិតផលដំណើរការ និងរបៀបផ្សំចំណីបានត្រឹមត្រូវ ពិតណាស់វានឹងជួយលើកកម្ពស់ទាំងសុខភាពសត្វ និងកំណើនផលិតផល ដែលជាមូលដ្ឋានគ្រឹះនៃការប្រកបរបរកសិកម្មប្រកបដោយស្ថិរភាព ហើយរកប្រាក់ចំណេញបានច្រើន។”
លោកបណ្ឌិត Dmytro Kolechko អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “នៅធនាគារ វីង យើងជឿថា ការរីកចម្រើនពិតប្រាកដចាប់ផ្តើមនៅពេលដែលប្រជាជនក្នុងសហគមន៍ទទួលបានការគាំទ្រពេញលេញ។ តាមរយៈការចាប់ដៃសហការជាមួយក្រុមហ៊ុន LIONPRO និងសមាគមវារីវប្បករនៅកម្ពុជា យើងមិនត្រឹមតែវិនិយោគលើការអភិវឌ្ឍវារីវប្បកម្មប៉ុណ្ណោះទេ តែវាក៏ជាផ្នែកមួយនៃការលើកកម្ពស់ជីវភាពកសិករដោយផ្ទាល់ផងដែរ។”
លោកបណ្ឌិត Dmytro Kolechko បានគូសបញ្ជាក់ថា៖ “គោលដៅរបស់យើង គឺផ្តល់ឱ្យពួកគាត់នូវចំណេះដឹង ភាពជឿជាក់ ក៏ដូចជាដំណោះស្រាយហិរញ្ញវត្ថុដែលចាំបាច់ ដើម្បីរីកចម្រើនប្រកបដោយចីរភាព និងកសាងអនាគតដ៏រឹងមាំសម្រាប់សហគមន៍របស់ពួកគេ។”
តាមរយៈភាពជាដៃគូនេះ ធនាគារ វីង នឹងផ្តល់ដំណោះស្រាយហិរញ្ញវត្ថុពិសេសដល់ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីដែលចង់ពង្រីកមុខរបររបស់ខ្លួន។ សហគមន៍កសិករ ក៏ដូចជាម្ចាស់អាជីវកម្មវារីវប្បកម្មដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អាចស្នើកម្ចីរហូតដល់ ៥០ ម៉ឺនដុល្លារអាមេរិក ជាមួយអត្រាការប្រាក់សមរម្យចាប់ពី ៨.៥% ក្នុងមួយឆ្នាំ ហើយផ្តល់ជូននូវលក្ខខណ្ឌសងត្រលប់ងាយស្រួលរហូតដល់ ១០ឆ្នាំទៀតផង ដែលដំណោះស្រាយនេះជួយឱ្យកសិករទទួលបាននូវស្ថិរភាពហិរញ្ញវត្ថុក្នុងការវិនិយោគលើកំណើនប្រកបដោយចីរភាព។
វិស័យជលផលមានសារៈសំខាន់ណាស់នៅក្នុងប្រព័ន្ធកសិ-ចំណីអាហាររបស់កម្ពុជា ដោយបានរួមចំណែកប្រមាណ ៣% នៃផលិតផលក្នុងស្រុកសរុប ថែមទាំងរួមចំណែកផលិតបាននូវទិន្នផលជលផលជាង ៥០ម៉ឺនតោនក្នុងមួយឆ្នាំៗ ព្រមទាំងផ្គត់ផ្គង់ប្រូតេអ៊ីនរហូតដល់ ៨០% នៃតម្រូវការប្រជាជនក្នុងស្រុកផងដែរ។ នេះបើយោងតាមរបាយការណ៍ FAO។ យ៉ាងណាមិញ វិស័យនេះបានប្រឈមនឹងបញ្ហាជាច្រើនដូចជា៖ បម្រែបម្រួលអាកាសធាតុ ការរេចរិលនៃទីជម្រក និងការថយចុះធនធានធម្មជាតិជាដើម។
គំនិតផ្តួចផ្តើមថ្មីនេះ គាំទ្រដោយផ្ទាល់នូវផែនការយុទ្ធសាស្ត្រជាតិសម្រាប់ការអភិវឌ្ឍវារីវប្បកម្ម (២០១៦–២០៣០) របស់កម្ពុជា ដែលផ្តោតលើការពង្រឹងសមត្ថភាពកសិករ និងការពង្រីកយន្តការហិរញ្ញវត្ថុ ដើម្បីបង្កើនផលិតភាព។ លើសពីនេះ គំនិតផ្តួចផ្តើមនេះក៏ស្របតាមផែនការយុទ្ធសាស្ត្រស្តីពីការអភិរក្ស និងការគ្រប់គ្រងជលផល (២០២០–២០២៩) ដែលគាំទ្រឱ្យមានការអនុវត្តវារីវប្បកម្មប្រកបដោយនិរន្តរភាពបរិស្ថាន ការលើកកម្ពស់កំណើនសេដ្ឋកិច្ច និងបរិយាប័ន្ននៅក្នុងសង្គម។
តាមរយៈការរួមបញ្ចូលគ្នារវាងជំនាញសកល ជំនាញក្នុងស្រុក និងដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត កិច្ចសហការរវាងក្រុមហ៊ុន LIONPRO ធនាគារ វីង និងសមាគមវារីវប្បកម្ម គឺជាវឌ្ឍនភាពដ៏សំខាន់មួយក្នុងការកសាងឧស្សាហកម្មវារីវប្បកម្មនៅកម្ពុជាឱ្យមានភាពរឹងមាំ ដែលមិនត្រឹមតែជួយលើកកម្ពស់ជីវភាពប្រជាជនក្នុងសហគមន៍ឱ្យប្រសើរឡើងប៉ុណ្ណោះទេ ថែមទាំងធានាបាននូវសន្តិសុខស្បៀង ក៏ដូចជារួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិរយៈពេលវែងផងដែរ៕


