ធនាគារ វីង ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងសមាគមសិល្បករខ្មែរ នាំយកអំណោយសប្បុរសធម៌ចំនួន ១១ រថយន្ត ចែកជូនដល់ជនភៀសសឹក

មូលនិធិទ្រទ្រង់ជនភៀសសឹក អំពាវនាវដល់សាធារណជនឱ្យបន្តចូលរួមបរិច្ចាគ ដើម្បីជួយសង្គ្រោះដល់គ្រួសាររាប់ពាន់ដែលកំពុងត្រូវការជំនួយជាបន្ទាន់ នៅតាមតំបន់ព្រំដែន។

ចេញផ្សាយនៅ: Dec 22, 2025

ក្បួនរថយន្តដឹកជំនួយចំនួន ១១ គ្រឿង ផ្ទុកដោយស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់ បានចេញដំណើរពីអគារធនាគារវីងថៅវើ ក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តកោះកុង និងខេត្តពោធិ៍សាត់ ដើម្បីនាំយកអំណោយសប្បុរសធម៌ជូនដល់គ្រួសារដែលត្រូវបានផ្លាស់ទីលំនៅ ដោយសារជម្លោះព្រំដែននាពេលថ្មីៗនេះ។

 

រថយន្ត​ទាំងនេះ​មានផ្ទុក​នូវ​អង្ករចំនួន ៣០ តោន មីចំនួន​ ២.០០០ កេស ព្រមទាំងកញ្ចប់​​ចំនួន​៣.០០០ ដោយ​កញ្ចប់នីមួយៗមាននូវ​​មុង ភួយ កន្ទេល ក្រមា និងសារ៉ុង ហើយ​បន្ថែមពីនេះ​ក៏មាននូវ​របស់របរ​ប្រើប្រាស់ចាំបាច់ផ្សេងៗទៀតសម្រាប់តម្រូវ​ការ​​ប្រចាំថ្ងៃ។

 

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានមានប្រសាសន៍ថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជននានា​ ដែលបានបង្ហាញនូវក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ ដល់ប្រជាជន​ដែលកំពុង​ខ្វះខាត។ រាល់ការចូលរួមបរិច្ចាគ មិនថាស្ថិតក្នុងរូបភាពណាក៏ដោយ គឺពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ក្រុមគ្រួសារដែលកំពុងភៀសសឹក។ យើងប្រឹងប្រែងដើម្បីខ្មែរ យើងមិនបោះបង់ចោល​គ្នានោះ​ឡើយ។»

 

គំនិតផ្ដួចផ្ដើមនេះ ត្រូវ​បាន​ដឹកនាំ​ដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ព្រមទាំង លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន អនុប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ។

 

ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បុគ្គលិកនៃធនាគារ វីង ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ព្រមទាំងសមាជិកនៃសមាគមសិល្បករខ្មែរ បានរួមគ្នាយ៉ាងសកម្មក្នុងការកៀរគរថវិកា និងរៀបចំជំនួយសប្បុរសធម៌ដាក់ក្នុងរថយន្ត ដើម្បីធានានូវការដឹកជញ្ជូនឱ្យ​បានទាន់ពេលវេលាដល់ដៃប្រជាជន​ដែលកំពុងខ្វះខាត ។ ទន្ទឹមនឹងនេះ បុគ្គលិកធនាគារ វីង ក៏បានបង្ហាញនូវស្មារតីសាមគ្គីភាពយ៉ាងមោះមុត តាមរយៈការបរិច្ចាគប្រាក់បៀវត្សរ៍ចំនួន ៥% ដែលនេះគឺជាការរួមចំណែកលើកទី៣ បន្ទាប់​ពីជម្លោះព្រំដែនបានផ្ទុះឡើងនៅពាក់កណ្ដាលឆ្នាំ ២០២៥។ ការបរិច្ចាគ​ប្រាក់បៀវត្សរ៍លើកទី១ ត្រូវ​បានធ្វើឡើងកាលពីខែមិថុនា ហើយ​ការបរិច្ចាគ​ប្រាក់បៀវត្សរ៍លើកទី២ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុងខែសីហា។

 

ធនាគារ វីង ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ព្រមទាំង​សមាគមសិល្បករខ្មែរ ​ នឹងបន្តចែក​ជូន​នូវ​ជំនួយ​សប្បុរសធម៌របស់ខ្លួនបន្ថែមទៀតនាពេលឆាប់ៗនេះ។ ទន្ទឹមនឹងនេះ មូលនិធិទ្រទ្រង់ជនភៀសសឹក នៅតែបន្តទទួល​រាល់ការបរិច្ចាគពីសប្បុរសជនគ្រប់ទិសទី​ដើម្បី​រួម​គ្នា​គាំទ្រ​ដល់​គ្រួសារ​ជន​ភៀសសឹក​នៅ​តាម​បណ្ដោយ​ព្រំដែន។ សប្បុរសជន​អា​ច​ចូលរួមបរិច្ចាគបាននូវស្តង់ទទួលជំនួយក្បែរផ្សារបាយ័ន (ខាងលិចផ្សារធំថ្មី) នៅ​ការិយាល័យកណ្ដាលក្រុមហ៊ុនសែលកាត (Cellcard) ឬតាមរយៈការស្កេន QR Code ពី​គ្រប់​អេប​ធនាគារ​ទាំង​អស់​៕

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

អ្នកប្រកបមុខរបរជាង ៦លាននាក់ នឹងទទួលបានឱកាសប្រើប្រាស់សេវាហិរញ្ញវត្ថុ និងធានារ៉ាប់រង តាមរយៈកិច្ចសហការរវាងធនាគារ វីង ក្រុមហ៊ុន RGI និងសមាគម CFEYA

ភាពជាដៃគូនេះនឹងជួយឱ្យអាជីវកម្មខ្នាតតូច និងអ្នកប្រកបមុខរបរឯករាជ្យ ទទួលបាននូវសេវាហិរញ្ញវត្ថុ ធានារ៉ាប់រង និងឱកាសបង្កើតប្រាក់ចំណូលថ្មីៗជាច្រើនទៀត។

ចេញផ្សាយនៅ: Oct 28, 2026

អានរហ័ស

ធនាគារ វីង ដាក់ដំណើរការគណនី WingGen ជួយបង្កើតទម្លាប់ហិរញ្ញវត្ថុឆ្លាតវៃដល់កុមារ និងក្មេងជំទង់

លើសពីគណនីសន្សំសម្រាប់កុមារទូទៅ គណនី WingGen បានរួមបញ្ចូលនូវការសន្សំ ការទូទាត់ទិញទំនិញប្រចាំថ្ងៃតាម KHQR កំណត់គោលដៅ បំពេញបេសកកម្ម ទទួលបានរង្វាន់ និងការណែនាំពីឪពុកម្តាយ ដែលមាននៅផ្លេតហ្វមតែមួយសម្រាប់កុមារ និងក្មេងជំទង់មានអាយុចាប់ពី 10 ដល់ 17 ឆ្នាំ។

ចេញផ្សាយនៅ: Oct 28, 2026

អានរហ័ស

ហេតុអ្វីកុមារចង់ឆាប់ធំ? ស្វែងយល់ពីសេរីភាព និងការសម្រេចចិត្តដែលពួកគេចង់បាន

កុមារជាច្រើនតែងនិយាយថា ពួកគេចង់ឆាប់ធំ មិនមែនដោយសារតែតួលេខអាយុនោះទេ ដែលធ្វើឱ្យពួកគេមានក្តីរំភើប តែវាគឺជាសេរីភាពដែលពួកគេអាចធ្វើការសម្រេចចិត្តបានដោយខ្លួនឯង។

ចេញផ្សាយនៅ: Oct 26, 2026