វីងឈ្នះពានរង្វាន់ធុរកិច្ចអាស៊ានរយៈពេលបីឆ្នាំជាប់គ្នា

ចេញផ្សាយនៅ: Jul 29, 2025

ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត​ ដែលជាធនាគារឈានមុខគេក្នុងការផ្តល់សេវាធនាគារចល័តនៅកម្ពុជា ​​​ត្រូវ​បានផ្តល់កិត្តិយសជាមួយពានរង្វាន់ធុរកិច្ចអាស៊ាន(ABA)ប្រចាំឆ្នាំ ២០១៩ ក្នុងប្រភេទ “សហគ្រាស​សង្គម​ដែល​មាន​និរន្តភាព” នាថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ។​ នេះជាឆ្នាំទីបីហើយដែលក្រុមហ៊ុនដ៏ឆ្នើមមួយនេះបានទទួលពានរង្វាន់ធុរកិច្ចអាស៊ាន។

ពិធីប្រគល់ពានរង្វាន់នេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពឧបនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ ឯ.ឧ. Anutin Charnvirakul ដោយមានចូលរួមពីប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍រួមគ្នាស្តីពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ (JSCCIB) លោក Kalin Sarasin ប្រធានសហព័ន្ធឧស្សាហកម្មថៃ លោក Supant Mongkolsuthree ក៏ដូចជាប្រធានសមាគមធនាគារិកថៃ លោក Predee Daochai ។

លោកជំទាវ ម៉ៅ​ ចំណាន អគ្គនាយិកាប្រតិបត្តការ នៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានចូលរួមទទួលពានរង្វាន់នៅក្នុងកម្មវិធីនេះ។ លោកជំទាវបានមានប្រសាសន៍ថា៖ “យើងខ្ញុំពិតសូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះអតិថិជនទាំងអស់ និយោជិក និងដៃគូអាជីវកម្មជាច្រើនទៀត។ បើគ្មានការចូលរួមគាំទ្រដ៏ធំធេងរបស់អ្នកទាំងអស់គ្នានោះទេ ចក្ខុវិស័យរបស់វីងនឹងមិនត្រូវបានទទួលស្គាល់ ព្រមទាំងមានការរីកចម្រើនមកដល់ពេលនេះទេ។

អ្នកឧកញ្ញ៉ា គិត ម៉េង ប្រធានកុ្រមបឹ្រក្សាភិបាលនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានមានប្រសាសន៍ថា៖ “សមិទ្ធិផលថ្ងៃនេះពិតជាឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងការខិតខំរបស់យើងនៅក្នុងប្រទេស​កម្ពុជាក៏ដូចជានៅក្នុងតំបន់ទាំងមូល។ ការទទួលស្គាល់មួយនេះគឺជាការជំរុញទឹកចិត្តយើងឱ្យខិតខំដើរទៅមុខទៀតនិងបន្តនាំមកនូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតតាមរយៈផលិតផលថ្មីដែលបំពេញតំរូវការអតិថិជនរបស់យើង” ។

ពានរង្វាន់ធុរកិច្ចអាស៊ានត្រូវបានផ្តួចផ្តើមដោយ ASEAN-BAC ក្នុងឆ្នាំ ២០០៧ ហើយជារៀងរាល់ឆ្នាំ​ ពួកគេទទួលស្គាល់សហគ្រាសសង្គមឆ្នើមដែលមានលក្ខណៈច្នៃប្រឌិត និងបានចូលរួមវិភាគទានយ៉ាងសំខាន់ដល់អ្នកខ្សត់ខ្សោយនៅក្នុងសហគមន៍នានារបស់ពួកគេ។

លោក Manu Rajan អគ្គនាយកនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានថ្លែងដោយមោទនភាព​ថា៖“ខ្ញុំពិតជាមាននូវត្រេកអរនិងសប្បាយរីករាយឥតឧបមាដែលអាចគាំទ្របេសកកម្មរបស់ក្រុមហ៊ុនយើងប្រកបដោយប្រសិទ្ធភាព ដែលការធ្វើបែបនេះជះឥទ្ធិពលជាវិជ្ជមានដល់ការទទួលបានសេវាហិរញ្ញវត្ថុតាមទូរស័ព្ទចល័តសម្រាប់ប្រជាជនកម្ពុជានៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ” ។

កាលពី ១០ ឆ្នាំមុន វីង បានចាប់ផ្តើមផ្ដល់សេវាផ្ទេរប្រាក់ ហើយក៏បានបន្តអភិវឌ្ឍន៍ខ្លួនរហូតមកដើម្បី​ផ្តល់ជូននូវផលិតផល រួមទាំងសេវាកម្មជាច្រើន​ ដែលកំពុងជំរុញកំណើននៃសង្គមនៃការទូទាត់ដោយមិនប្រើប្រាស់ក្រដាសប្រាក់នៅក្នុងប្រទេសកម្ពុជា។ វីងនៅតែឈរនៅជួរមុខគេនៃទីផ្សារសេវាផ្ទេរប្រាក់តាមទូរស័ព្ទនិងអេឡិចត្រូនិចនៅក្នុងប្រទេសដែលមានសេវាគ្របដណ្តប់តាមស្រុក ១០០ ភាគរយជាមួយភ្នាក់ងារវីងជាង ៧០០០ កន្លែងទូទាំងប្រទេស។ អតិថិជនវីងអាចបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទរបស់ពួកគេ ទូទាត់វិក័យប័ត្រ ផ្ទេរប្រាក់ ទិញទំនិញពីហាងតាមអ៊ីនធឺណេតនៅក្រៅប្រទេស កក់សំបុត្រយន្តហោះ ទូទាត់ថ្លៃអាហារតាមរយៈសេវាកម្ម WingPay ដែលជាសេវាកម្មទូទាត់ប្រាក់ដោយស្កេន QR កូដ ហើយក៏អាចទទួលបានការផ្ញើប្រាក់ពីប្រទេសជាង ២០០ នៅទូទាំងពិភពលោក៕

ពានរង្វាន់ដែលទាក់ទង

អានរហ័ស

កម្មវិធី «សំឡេងស្ត្រីខ្មែរ 50 រូប» ឆ្នាំ 2026៖ កិច្ចសម្ភាសពិសេសជាមួយលោកស្រី នៅ សុខលី នាយិកាគ្រប់គ្រងទទួលបន្ទុករតនាគារ នៃធនាគារ វីង

ចេញផ្សាយនៅ: Aug 19, 2026

អានរហ័ស

ធនាគារ វីង ឈ្នះពានរង្វាន់ឆ្នើមចំនួន៣ ក្នុងវេទិកាបរធនបាលកិច្ច ឆ្នាំ2026

ចេញផ្សាយនៅ: Aug 10, 2026

អានរហ័ស

កម្មវិធីសម្លេងស្រ្តីខ្មែរទាំង 50រូប ប្រចាំឆ្នាំ2026៖ កិច្ចសម្ភាសន៍ពិសេសជាមួយលោកស្រី ហេង ស្រីប៉ុច នាយិកាប្រតិបត្តិតាម នៃធនាគារ វីង

ចេញផ្សាយនៅ: Jul 31, 2026