រាជធានីភ្នំពេញ ថ្ងៃទី27 ខែសីហា ឆ្នាំ2026៖ ធនាគារ វីង (ខេមបូឌា) ម.ក បានសម្រេចផ្តល់អាហារូបករណ៍ពេញលេញដែលសរុបជាទឹកប្រាក់ចំនួន 600លានរៀល ដល់សិស្សានុសិស្សមានទេពកោសល្យចំនួន 18រូប មកពីសហគមន៍ខ្វះខាត ដើម្បីឱ្យពួកគេមានលទ្ធភាពបន្តការសិក្សានៅវិទ្យាល័យ ជា ចាន់តូ។
តាមរយៈអនុស្សរណៈនៃការយោគយល់គ្នារយៈពេល 3ឆ្នាំ ធនាគារ វីង នឹងរ៉ាប់រងទាំងស្រុងលើថ្លៃសិក្សា ការស្នាក់នៅ អាហារូបត្ថម្ភ និងការចំណាយលើការសិក្សាផ្សេងៗទៀត គិតចាប់ពីឆ្នាំសិក្សា 2026-2027 រហូតដល់ឆ្នាំ 2028-2029។ ការឧបត្ថម្ភនេះ នឹងជួយឱ្យសិស្សានុសិស្សអាចផ្តោតលើការសិក្សាបានពេញលេញ ដោយមិនព្រួយបារម្ភការចំណាយលើការសិក្សា និងជីវភាពរស់នៅប្រចាំថ្ងៃឡើយ។
បណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “យុវជនដែលមានទេពកោសល្យ គឺមាននៅគ្រប់ទិសទីទូទាំងប្រទេសកម្ពុជា ប៉ុន្តែមិនមែនយុវជនគ្រប់រូបសុទ្ធតែមានឱកាសដូចគ្នាក្នុងការបញ្ចេញសមត្ថភាពនោះឡើយ។ អាហារូបករណ៍នេះ នឹងផ្តល់ការគាំទ្រដែលចាំបាច់ ដើម្បីជួយឱ្យយុវជនទាំង 18រូប អាចបញ្ចប់ថ្នាក់វិទ្យាល័យ និងរៀបចំខ្លួនបានយ៉ាងល្អសម្រាប់អនាគត។ ស្របពេលដែលធនាគារ វីង បន្តលើកកម្ពស់សេវាហិរញ្ញវត្ថុឌីជីថល និងចំណេះដឹងហិរញ្ញវត្ថុ យើងក៏ចង់ចូលរួមជួយឱ្យយុវជនកម្ពុជា អាចអភិវឌ្ឍចំណេះដឹង និងជំនាញ ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញពីសេដ្ឋកិច្ចកម្ពុជា ដែលកំពុងមានការវិវឌ្ឍយ៉ាងឆាប់រហ័សផងដែរ។”
វិទ្យាល័យ ជា ចាន់តូ មានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ធំ ហើយត្រូវបានបង្កើតឡើងជាការគោរពដឹងគុណដល់ ឯកឧត្តម ជា ចាន់តូ អតីតអគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា ព្រមទាំងដើម្បីចងចាំនូវការលះបង់ពេញមួយជីវិតរបស់ឯកឧត្តម ចំពោះវិស័យអប់រំ សេវាសាធារណៈ និងការអភិវឌ្ឍនៅក្នុងសហគមន៍។
គ្រឹះស្ថានសិក្សាមួយនេះបានបន្តនូវមរតករបស់ឯកឧត្តម តាមរយៈការបណ្តុះបណ្តាលយុវជន ដើម្បីឱ្យពួកគេមានសមត្ថភាពចូលរួមកសាងអនាគតរបស់កម្ពុជា ដែលនេះគឺជាបេសកកម្មមួយដែលធនាគារ វីង ពិតជាមានមោទនភាពបំផុតក្នុងការចូលរួមគាំទ្រ។ វិទ្យាល័យ ជា ចាន់តូ ផ្តល់ការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិថ្នាក់ទី 10 ដល់ទី 12 ដល់សិស្សានុសិស្សមកពីគ្រួសារ និងសហគមន៍ដែលមានជីវភាពខ្វះខាត ដោយផ្តោតសំខាន់លើមុខវិជ្ជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ឬហៅកាត់ថា STEM ភាសាអង់គ្លេស ភាពជាអ្នកដឹកនាំ និងជំនាញជីវិតចាំបាច់សម្រាប់អនាគត។
កញ្ញា តាន់ សម្ផស្ស អ្នកគ្រប់គ្រងគម្រោងនៃ វិទ្យាល័យ ជា ចាន់តូ បានចែករំលែកចំណាប់អារម្មណ៍ចំពោះភាពជាដៃគូដ៏មានអត្ថន័យនេះ។ កញ្ញា បានលើកឡើងថា៖ “យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារ វីង ដែលបានជួយជ្រោមជ្រែងដល់សិស្សានុសិស្សមានសមត្ថភាពដែលស័ក្តិសមទទួលបានឱកាសបន្តការសិក្សា និងសម្រេចក្តីស្រមៃរបស់ពួកគេ។ តាមរយៈភាពជាដៃគូនេះ យើងកំពុងរួមគ្នាធ្វើឱ្យការអប់រំកាន់តែមានបរិយាបន្ន និងបើកឱកាសឱ្យសិស្សម្នាក់ៗអាចអភិវឌ្ឍសក្តានុពលរបស់ខ្លួនបានពេញលេញ។”
លើសពីការផ្តល់អាហារូបករណ៍ ធនាគារ វីង ក៏នឹងពិនិត្យមើលឱកាសក្នុងការរៀបចំកម្មវិធីផ្តល់នូវចំណេះដឹងហិរញ្ញវត្ថុ ការតម្រង់ទិសសម្រាប់អាជីពការងារ ការចែករំលែកចំណេះដឹង និងជំនាញពីអ្នកមានបទពិសោធ សិក្ខាសាលាអភិវឌ្ឍភាពជាអ្នកដឹកនាំ សកម្មភាពស្ម័គ្រចិត្តសម្រាប់សហគមន៍ និងការចុះទស្សនកិច្ចកន្លែងធ្វើការផ្ទាល់សម្រាប់សិស្សានុសិស្សផងដែរ។
ភាពជាដៃគូនេះ គឺជាការពង្រីកបន្ថែមលើសកម្មភាពការងាររបស់ធនាគារ វីង ដែលកន្លងមកបានសហការជាមួយសាលារៀនជិត 20 គ្រឹះស្ថានសិក្សនៅទូទាំងប្រទេស ព្រមទាំងការគាំទ្រដល់កម្មវិធីសិក្សា STEM សម្រាប់សិស្សនារីវ័យក្មេងនៅសាលា Tomorrow Academy របស់អង្គការមូលនិធិកុមារកម្ពុជា (CCF) ព្រមទាំងបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា ដែលផ្តោតលើការពង្រឹងសក្តានុពលយុវជន។
ការឧបត្ថម្ភគាំទ្រកម្មវិធីអាហារូបករណ៍នេះ ក៏បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ធនាគារ វីង ក្នុងការក្លាយជាធនាគារដៃគូដ៏ល្អបំផុតសម្រាប់យុវជនកម្ពុជាជំនាន់ថ្មី និងក្លាយជាធនាគារដែលពួកគេជ្រើសរើសប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ។ ទិសដៅនេះត្រូវបានបង្ហាញតាមរយៈគំនិតច្នៃប្រឌិត និងការផ្តល់ជូននូវបទពិសោធល្អៗជាច្រើន។ ក្នុងនោះមានដូចជាវត្តមាន ជីប ជីប ដែលជាមិត្តប្រឹក្សាធនាគារ និងជាដៃគូឌីជីថលសម្រាប់យុវជនសម័យថ្មី ដែលនិយមប្រើប្រាស់ទូរសព្ទ និងបច្ចេកវិទ្យា ព្រមភាពជាដៃគូជាមួយរោងភាពយន្ត Legend Cinema និងការគាំទ្រការប្រកួត E-sports ធំៗតាមរយៈ WingFlex។ តាមរយៈគំនិតផ្តួចផ្តើមទាំងនេះ ធនាគារ វីង បន្តបង្កើតផលិតផល និងបទពិសោធថ្មីៗ ស្របតាមរបៀបរស់នៅ ការប្រាស្រ័យទាក់ទង និងការចំណាយពេលវេលារបស់យុវជនកម្ពុជាសព្វថ្ងៃ។ ស្វែងយល់បន្ថែមអំពីធនាគារ វីង តាមរយៈគេហទំព័រ៖ wingbank.com.kh។








