លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយកធនាគារ វីង​៖ ទស្សនវិស័យអ្នកដឹកនាំសម្រាប់ ២០២៦

លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ កាន់មុខដំណែងជាអគ្គនាយកធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅក្នុងប្រទេសកម្ពុជា។ ជាមួយបទពិសោធន៍ដឹកនាំក្នុងវិស័យធនាគារនៅលើឆាកអន្តរជាតិជិត ៣០ ឆ្នាំ លោកបណ្ឌិតបានចូលកាន់តំណែងជាថ្នាក់ដឹកនាំជាន់ខ្ពស់នៅធនាគារ វីង នៅចុងឆ្នាំ២០២៤ ហើយបាននឹងកំពុងដឹកនាំស្ថាប័ននេះឆ្ពោះទៅរក​វឌ្ឍនភាពថ្មីមួយ ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាកំពុងសម្របខ្លួនទៅនឹងបរិវត្តកម្មឌីជីថលយ៉ាងឆាប់រហ័ស។

ចេញផ្សាយនៅ: Mar 18, 2026

លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ កាន់មុខដំណែងជាអគ្គនាយកធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅក្នុងប្រទេសកម្ពុជា។ ជាមួយបទពិសោធន៍ដឹកនាំក្នុងវិស័យធនាគារនៅលើឆាកអន្តរជាតិជិត ៣០ ឆ្នាំ លោកបណ្ឌិតបានចូលកាន់តំណែងជាថ្នាក់ដឹកនាំជាន់ខ្ពស់នៅធនាគារ វីង នៅចុងឆ្នាំ២០២៤ ហើយបាននឹងកំពុងដឹកនាំស្ថាប័ននេះឆ្ពោះទៅរក​វឌ្ឍនភាពថ្មីមួយ ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាកំពុងសម្របខ្លួនទៅនឹងបរិវត្តកម្មឌីជីថលយ៉ាងឆាប់រហ័ស។

 

ក្រោមការដឹកនាំរបស់លោកបណ្ឌិត ធនាគារ វីង នៅតែបន្តពង្រីកបរិយាប័ន្នហិរញ្ញវត្ថុ បង្កើនការតភ្ជាប់ប្រតិបត្តិការឆ្លងដែន និងនវានុវត្តន៍ឌីជីថល ដែលធ្វើឱ្យធនាគារ វីង ក្លាយជាដៃគូឯកជនដ៏សំខាន់មួយ ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា។ នៅក្នុងបទសម្ភាសន៍នេះ លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ  បានឆ្លុះបញ្ចាំងពីការដឹកនាំប្រកបដោយចក្ខុវិស័យ ក៏ដូចជាគំនិតផ្តួចផ្តើមនានា រាប់ចាប់ពីដំណោះស្រាយផ្ទេរប្រាក់របស់ពលករចំណាកស្រុក ការផ្តល់ហិរញ្ញប្បទានបរិយាប័ន្ន រួមទាំងការចែករំលែកពីអនាគតនៃវិស័យធនាគារឌីជីថលនៅក្នុងប្រទេសកម្ពុជា ផងដែរ

 

ភាពជាអ្នកដឹកនាំ និងគោលដៅជំរុញវឌ្ឍនភាពធនាគារឌីជីថល

 

ភាពជាអ្នកដឹកនាំ និងគោលដៅជំរុញវឌ្ឍនភាពធនាគារឌីជីថល

 

CLR៖ ក្នុងនាមជាអគ្គនាយកធនាគារ វីង លោកកំពុងដឹកនាំស្ថាប័នហិរញ្ញវត្ថុឌីជីថលឈានមុខគេមួយនៅកម្ពុជា ហើយស្ថិតក្នុងដំណាក់កាលដែលស្ថាប័ននេះមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ តើអាចរៀបរាប់ពីទស្សនវិស័យនៃការដឹកនាំរបស់លោកបណ្ឌិតបានទេ? ហើយថាតើលោកបណ្ឌិតធ្វើតុល្យភាពយ៉ាងដូចម្តេច រវាងកំណើនអាជីវកម្ម និងគោលដៅដ៏ធំរបស់ធនាគារ វីង ក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ រួមទាំងការរួមចំណែកដល់ការកសាងភាពធន់នៃកំណើនសេដ្ឋកិច្ចជាតិ ផងដែរនោះ?

 

ឆ្លងកាត់បទពិសោធន៍ជិត ៣០ ឆ្នាំ ក្នុងវិស័យធនាគារនៅលើឆាកអន្តរជាតិ ខ្ញុំយល់ឃើញថា ភាពជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាព ត្រូវតែផ្អែកលើគោលដៅច្បាស់លាស់ អភិបាលកិច្ចរឹងមាំ និងផ្តល់ការគាំទ្រពេញលេញដល់ក្រុមការងារ ជាពិសេសក្នុងដំណាក់កាលដែលបច្ចេកវិទ្យា និងសេដ្ឋកិច្ចកំពុងផ្លាស់ប្តូរយ៉ាងលឿន។

 

ចាប់តាំងពីបានចូលកាន់តំណែងនៅធនាគារ វីង នៅចុងឆ្នាំ២០២៤មក ការងារចម្បងរបស់ខ្ញុំ គឺការពង្រឹងមូលដ្ឋានគ្រឹះដែលមានស្រាប់របស់ធនាគារឱ្យកាន់តែរឹងមាំ។ ទន្ទឹមគ្នានេះ ខ្ញុំក៏កំពុងតម្រង់ទិសស្ថាប័នមួយនេះឆ្ពោះទៅរកដំណាក់កាលកំណើនថ្មីមួយទៀត ក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុឌីជីថលដ៏លេចធ្លោបំផុតមួយនៅក្នុងប្រទេសកម្ពុជា។

 

ទស្សនវិស័យនៃការដឹកនាំរបស់ខ្ញុំ គឺផ្តោតលើទំនុកចិត្ត គណនេយ្យភាព និងការអនុវត្តប្រកបដោយវិន័យខ្ពស់។ ខ្ញុំជឿជាក់ថា តួនាទីជាអគ្គនាយក មិនមែនត្រូវមានចម្លើយសម្រាប់គ្រប់បញ្ហានោះទេ ប៉ុន្តែត្រូវកំណត់ទិសដៅឱ្យបានច្បាស់លាស់ តម្រង់ទិសក្រុមការងារឆ្ពោះទៅរកអាទិភាពរួមគ្នា និងបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីឱ្យភាពច្នៃប្រឌិតអាចកើតឡើងបានប្រកបដោយការទទួលខុសត្រូវ ហើយរីកលូតលាស់ទៅមុខបានយ៉ាងប្រសើរ។

 

ទិសដៅទាំងនោះ គឺផ្សារភ្ជាប់យ៉ាងស្អិតរមួតទៅនឹងចក្ខុវិស័យរបស់ធនាគារ វីង ពោល គឺការផ្តល់ជូនប្រជាជនកម្ពុជាគ្រប់រូបនូវលទ្ធភាពទទួលបានដំណោះស្រាយឌីជីថលដែលងាយស្រួល ដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ចក្ខុវិស័យនេះហើយ ជាអ្នកកំណត់ពីរបៀបដែលយើងបង្កើតនវានុវត្តន៍ របៀបដែលយើងរីកចម្រើន និងរបៀបដែលយើងវាស់វែងភាពជោគជ័យ។ សម្រាប់យើង ធនាគារឌីជីថល មិនមែនសំដៅត្រឹមតែលើបច្ចេកវិទ្យាប៉ុណ្ណោះទេ តែវាគឺជាការធ្វើឱ្យសេវាហិរញ្ញវត្ថុដែលគ្រប់គ្នាអាចប្រើប្រាស់បាន មានភាពងាយស្រួល ហើយបង្កើតផលវិជ្ជមាននៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

 

ការធ្វើតុល្យភាពរវាងកំណើនពាណិជ្ជកម្ម និងគោលដៅដ៏ធំរបស់យើងក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងភាពធន់នៃសេដ្ឋកិច្ច មិនមែនជាការបោះបង់ម្ខាងដើម្បីយកម្ខាងនោះទេ តែវាគឺជាយុទ្ធសាស្ត្រដែលបានគិតគូរយ៉ាងល្អិតល្អន់។ ពេញមួយអាជីពរបស់ខ្ញុំ ខ្ញុំសង្កេតឃើញថា ស្ថាប័ននានាទទួលបានជោគជ័យប្រកបដោយចីរភាពបំផុត នៅពេលដែលប្រាក់ចំណេញ និងគោលដៅសង្គមដើរទន្ទឹមគ្នា និងគាំទ្រគ្នាទៅវិញទៅមក។ នៅធនាគារ វីង កំណើនមិនត្រូវបានវាស់វែងត្រឹមតែលើលទ្ធផលហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែក៏វាស់វែងទៅលើប្រសិទ្ធភាពនៃការផ្តល់លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុដែលមានសុវត្ថិភាព តម្លៃសមរម្យ និងអាចទុកចិត្តបានសម្រាប់អតិថិជន សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) រួមទាំងសហគមន៍ដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុគ្រប់គ្រាន់នៅទូទាំងប្រទេសកម្ពុជាផងដែរ។

 

តុល្យភាពនេះ លេចចេញជារូបរាងឡើងតាមរយៈនវានុវត្តន៍ដែលផ្តោតលើតម្រូវការអតិថិជនជាចម្បង។ ផលិតផលដែលបានបង្កើតឡើងដូចជា កម្ចីឌីជីថល របស់យើងជួយឱ្យអតិថិជន និងអាជីវកម្មខ្នាតតូច អាចទទួលបានឥណទានយ៉ាងរហ័ស និងប្រកបដោយការទទួលខុសត្រូវ ដែលជួយកាត់បន្ថយភាពស្មុគស្មាញ និងគាំទ្រដល់ជីវភាពរស់នៅរបស់ពួកគាត់ ដែលធនាគារបែបប្រពៃណីអាចនឹងមិនទាន់អាចឆ្លើយតបតម្រូវការបែបនេះបានពេញលេញ។

 

ជាមួយគ្នានេះ គណនីសន្សំដើម្បីគោលដៅ (Save for a Goal) របស់យើងជួយឱ្យអតិថិជនអាចកសាងទម្លាប់ហិរញ្ញវត្ថុដ៏ល្អ មិនថាជាការសន្សំប្រាក់សម្រាប់គោលដៅអប់រំ ករណីបន្ទាន់ ឬការវិនិយោគនាពេលអនាគតនោះឡើយ ពោលគឺគណនីសន្សំដើម្បីគោលដៅ អាចប្រែក្លាយការរៀបចំផែនការហិរញ្ញវត្ថុរយៈពេលវែង ទៅជាសកម្មភាពប្រចាំថ្ងៃដ៏សាមញ្ញ និងអាចសម្រេចបានយ៉ាងងាយស្រួល។

 

ដំណោះស្រាយទាំងនេះបានបង្ហាញយ៉ាងច្បាស់ថា នវានុវត្តន៍ ពិតជាអាចជំរុញបានទាំងបរិយាប័ន្នហិរញ្ញវត្ថុ និងភាពរីកចម្រើនប្រកបដោយចីរភាព។ ទន្ទឹមនឹងការផ្តល់ជូននូវសេវាកម្មដែលសាមញ្ញ និងងាយស្រួលប្រើប្រាស់ យើងក៏មិនភ្លេចឡើយនូវការគ្រប់គ្រងហានិភ័យ និងការរក្សាវិន័យអាជីវកម្មឱ្យបានតឹងរ៉ឹងបំផុត។ ភាពរឹងមាំផ្នែកហិរញ្ញវត្ថុ ទាំងសម្រាប់អតិថិជន និងសម្រាប់ធនាគារផ្ទាល់ គឺជារឿងដែលមិនអាចខ្វះបាន។ ព្រោះប្រសិនបើជាគ្មានភាពរឹងមាំនេះទេ ការពង្រីកបរិយាប័ន្នហិរញ្ញវត្ថុក៏មិនអាចដើរទៅមុខដោយរលូន និងមានចីរភាពបានឡើយ។

 

ជារួមមក គោលដៅធំបំផុតរបស់ធនាគារ វីង គឺការបើកឱកាសឱ្យប្រជាពលរដ្ឋគ្រប់រូប អាចចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ចបានកាន់តែទូលំទូលាយ និងមានភាពរឹងមាំ។ តាមរយៈការផ្តល់ជូនប្រជាពលរដ្ឋ និងអាជីវកម្មនានា នូវដំណោះស្រាយឌីជីថលសម្រាប់ទូទាត់ សន្សំ ខ្ចី ហើយអាចរីកលូតលាស់បាន យើងកំពុងរួមចំណែកកសាងសេដ្ឋកិច្ចកម្ពុជាមួយ ដែលកាន់តែរឹងមាំ និងមានបរិយាប័ន្ន។

 

តួនាទីរបស់ខ្ញុំជាអគ្គនាយក គឺត្រូវធានាថា រាល់ការសម្រេចចិត្តជាយុទ្ធសាស្ត្រទាំងអស់ សុទ្ធតែស្របទៅនឹងចក្ខុវិស័យរយៈពេលវែងនេះ ព្រមទាំងមានការអនុវត្តការងារយ៉ាងមុតស្រួច។ ធ្វើបែបនេះ ធនាគារ វីង នឹងបន្តរីកចម្រើនប្រកបដោយការទទួលខុសត្រូវ ព្រមទាំងបន្តផ្តល់នូវផលវិជ្ជមានពិតប្រាកដនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជាយើង។

 

ការផ្សារភ្ជាប់ពលករចំណាកស្រុក និងក្រុមគ្រួសារ តាមរយៈសេវាហិរញ្ញវត្ថុឌីជីថល

 

CLR៖ សម្រាប់ពលរដ្ឋកម្ពុជារាប់លាននាក់ដែលកំពុងបម្រើការងារនៅក្រៅប្រទេស ការផ្ទេរប្រាក់បានរហ័ស និងមានសុវត្ថិភាព បានក្លាយជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ក្រុមគ្រួសារនៅឯស្រុកកំណើត។ តើប្រព័ន្ធឌីជីថល និងភាពជាដៃគូសកលរបស់ធនាគារ វីង បានផ្លាស់ប្តូររបៀបដែលពលករចំណាកស្រុកគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារយ៉ាងដូចម្តេចខ្លះ? ហើយហេតុអ្វីបានជាពួកគាត់មានចំណែកសំខាន់ចំពោះរចនាសម្ព័ន្ធសង្គម និងសេដ្ឋកិច្ចកម្ពុជា?

 

សម្រាប់ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ដែលកំពុងធ្វើការនៅក្រៅប្រទេស ការផ្ទេរប្រាក់គឺជាដង្ហើមរស់ដ៏សំខាន់សម្រាប់ក្រុមគ្រួសារ និងសហគមន៍នៅឯស្រុកកំណើត។ យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឆ្នាំ២០២៤ កន្លងទៅ ពលករខ្មែរនៅក្រៅប្រទេសប្រមាណ ១,៣៨ លាននាក់ បានផ្ញើប្រាក់មកផ្ទះវិញគិតជាទឹកប្រាក់ប្រមាណ ២,៩៥ ពាន់លានដុល្លារអាមេរិក។

 

លំហូរសាច់ប្រាក់ទាំងនេះ បានរួមចំណែកយ៉ាងធំធេងដល់ការកាត់បន្ថយភាពក្រីក្រ ធ្វើឱ្យជីវភាពគ្រួសារកាន់តែរឹងមាំ និងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិទាំងមូល។ ពលករចំណាកស្រុកកម្ពុជា ដែលភាគច្រើនបម្រើការងារនៅប្រទេសម៉ាឡេស៊ី ជប៉ុន កូរ៉េខាងត្បូង និងប្រទេសផ្សេងៗទៀត បានក្លាយជាស្ពានតភ្ជាប់ដ៏មានសារៈសំខាន់ រវាងប្រទេសកម្ពុជា និងសេដ្ឋកិច្ចសកល។

 

សម្រាប់ធនាគារ វីង ពលករចំណាកស្រុកគឺជាសសរស្តម្ភដ៏រឹងមាំនៃរចនាសម្ព័ន្ធសង្គម និងសេដ្ឋកិច្ចកម្ពុជា។ តាមរយៈប្រព័ន្ធទូរសព្ទចល័តឌីជីថលដ៏ទំនើប និងភាពជាដៃគូដ៏រឹងមាំជាមួយក្រុមហ៊ុនដៃគូសហការសេវាផ្ទេរប្រាក់លំដាប់ពិភពលោក យើងបានផ្លាស់ប្តូររបៀបដែលប្រជាពលរដ្ឋកម្ពុជានៅក្រៅប្រទេសគាំទ្រដល់ក្រុមគ្រួសាររបស់ពួកគេ។ តួយ៉ាង ពលករចំណាកស្រុកនៅតាមបណ្តាប្រទេសគោលដៅដូចជា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន អាចបើកគណនីធនាគារ វីង និងផ្ទេរប្រាក់ដោយផ្ទាល់ ប្រកបដោយសុវត្ថិភាព និងភ្លាមៗមកកាន់ប្រទេសកម្ពុជា។

 

នៅពេលប្រាក់បានចូលគណនីភ្លាម ក្រុមគ្រួសាររបស់ពួកគាត់អាចប្រើប្រាស់ថវិកានោះភ្លាមៗ ដើម្បីទូទាត់វិក្កយបត្រ បង់ថ្លៃសាលារៀន សងកម្ចី និងបំពេញតម្រូវការប្រចាំថ្ងៃផ្សេងៗទៀត បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ បណ្តាញសកលរបស់យើង រួមមានដៃគូធំៗដូចជាWestern Union, MoneyGram, Ria, Mastercard, Visa, UnionPay, WeChat Pay និងដៃគូជាច្រើនទៀត ដែលជួយសម្រួលដល់ការផ្ទេរប្រាក់ឆ្លងដែនយ៉ាងរលូនពីក្រៅប្រទេសឱ្យកាន់តែងាយស្រួល។ ប្រជាពលរដ្ឋកម្ពុជានៅក្រៅប្រទេស ក៏អាចទទួលបានអត្រាការប្រាក់រហូតដល់ ៣% ក្នុងមួយឆ្នាំ លើប្រាក់សន្សំរបស់ពួកគាត់ ដើម្បីជួយកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំផងដែរ។

 

តាមរយៈការរួមបញ្ចូលគ្នានូវនវានុវត្តន៍ឌីជីថល ជាមួយនឹងភាពជាដៃគូសកលដែលអាចទុកចិត្តបាន ធនាគារ វីង កំពុងបង្កើតបទពិសោធន៍ថ្មីនៃសេវាធនាគារឆ្លងដែន ដោយរក្សាបាននូវការតភ្ជាប់យ៉ាងស្អិតរមួតក្នុងក្រុមគ្រួសារ ការពង្រឹងបរិយាប័ន្នហិរញ្ញវត្ថុ និងប្រែក្លាយការងារនៅក្រៅប្រទេសឱ្យទៅជាវឌ្ឍនភាពសេដ្ឋកិច្ចប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា។

 

 

ការគាំទ្រហិរញ្ញវត្ថុដើម្បីការរីកចម្រើនរួមគ្នា សម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យម ធុរកិច្ចបង្កើតថ្មី និងសហគ្រិនស្ត្រី

 

CLR៖ ធនាគារ វីង បានប្តេជ្ញាផ្តល់ហិរញ្ញប្បទានចំនួន ៥០០ លានដុល្លារអាមេរិក តាមរយៈភាពជាដៃគូជាមួយស្ថាប័នរដ្ឋសំខាន់ៗ ដើម្បីគាំទ្រដល់អាជីវកម្មដែលដឹកនាំដោយស្ត្រី សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ពាណិជ្ជកម្ម និងសហគ្រាសដែលជំរុញដោយនវានុវត្តន៍។ តើគំនិតផ្តួចផ្តើមទាំងនេះ ឆ្លុះបញ្ចាំងពីតួនាទីរបស់ធនាគារ វីង ជាដៃគូឯកជននៅក្នុងរបៀបវារៈនៃការអភិវឌ្ឍរបស់កម្ពុជាយ៉ាងដូចម្តេច? ហើយតើលោកបណ្ឌិតយល់ថា វានឹងជួយជំរុញសេដ្ឋកិច្ចជាក់ស្តែងបានកម្រិតណាដែរ?

 

ការប្តេជ្ញាចិត្តផ្តល់ហិរញ្ញប្បទានទំហំ ៥០០ លានដុល្លារអាមេរិករបស់ធនាគារ វីង ដែលបានប្រកាសកាលពីខែធ្នូ ឆ្នាំ២០២៥ បានបង្ហាញយ៉ាងច្បាស់ពីទំនុកចិត្តរបស់យើងថា វិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញរបៀបវារៈនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ តាមរយៈភាពជាដៃគូជាមួយក្រសួងកិច្ចការនារី អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គំនិតផ្តួចផ្តើមនេះត្រូវបានរៀបចំឡើង មិនត្រឹមតែបង្កើតឡើងដើម្បីជួយឱ្យម្ចាស់អាជីវកម្មងាយស្រួលទទួលបានដើមទុនប៉ុណ្ណោះទេ តែវាក៏ជួយពង្រឹងប្រព័ន្ធគាំទ្រមួយ ដែលជំរុញឱ្យមានការរីកចម្រើនរួមគ្នា ប្រកបដោយចីរភាព និងភាពច្នៃប្រឌិតផងដែរ។

 

ការយកចិត្តទុកដាក់នេះ បានឆ្លុះបញ្ចាំងពីសារៈសំខាន់ផ្នែកសេដ្ឋកិច្ចរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម។ សហគ្រាស MSMEs ប្រមាណ ៧៥៣.០០០ សហគ្រាសនៅកម្ពុជា កំពុងផ្តល់ការងារដល់ប្រជាពលរដ្ឋជិត ៣ លាននាក់ ដែលក្នុងនោះប្រហែល ៦០% ជាស្ត្រីនិងបានចូលរួមចំណែកប្រមាណ ៦៣% នៃផលិតផលក្នុងស្រុកសរុប

 

ថ្វីត្បិតតែពួកគេមានតួនាទីយ៉ាងសំខាន់បែបនេះក្តី ក៏អាជីវកម្មតូចតាចជាច្រើន ជាពិសេសអាជីវកម្មដឹកនាំដោយស្ត្រី និងធុរកិច្ចបង្កើតថ្មី (Startups) នៅតែបន្តជួបការលំបាកក្នុងការស្វែងរកប្រាក់កម្ចីផ្លូវការ ដែលមានអត្រាការប្រាក់សមរម្យ។ ដូច្នេះហើយ ទើបធនាគារ វីង បង្កើតគំនិតផ្តួចផ្តើមនេះឡើង ដើម្បីជួយដោះស្រាយបញ្ហានេះ និងបើកឱកាសឱ្យអាជីវកម្មទាំងនេះប្រើប្រាស់សក្តានុពលពេញលេញដើម្បីអាចរីកចម្រើនទៅមុខបាន 

 

ដោយផ្តល់អាទិភាពដល់សហគ្រាសដឹកនាំដោយស្ត្រី MSMEs ហិរញ្ញប្បទានពាណិជ្ជកម្ម និងអាជីវកម្មបែបនវានុវត្តន៍ ធនាគារ វីង កំពុងដើរស្របគ្នាយ៉ាងជិតស្និទ្ធទៅនឹងអាទិភាពជាតិ ជុំវិញការបង្កើតការងារ បង្កើនផលិតភាព ជំរុញការចុះបញ្ជីអាជីវកម្មឱ្យបានត្រឹមត្រូវ និងការធ្វើពិពិធកម្មសេដ្ឋកិច្ច។ តាមរយៈកិច្ចសហការរវាងរដ្ឋនិងឯកជន យើងមានលទ្ធភាពផ្តល់ហិរញ្ញប្បទានដល់សហគ្រាសដែលមានសក្តានុពល ដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុគ្រប់គ្រាន់ ហើយធានាបាននូវការគ្រប់គ្រងហានិភ័យប្រកបដោយការទទួលខុសត្រូវ។ 

 

 

តួនាទីរបស់យើង គឺមានវិសាលភាពលើសពីការផ្តល់ប្រាក់កម្ចី។ គំរូប្រតិបត្តិការដែលផ្តោតលើឌីជីថលជាចម្បងរបស់ធនាគារ វីង បានរួមបញ្ចូលគ្នានូវការផ្តល់ប្រាក់កម្ចី ជាមួយប្រព័ន្ធទូទាត់ឌីជីថល ការគ្រប់គ្រងលំហូរសាច់ប្រាក់ និងការកត់ត្រាប្រតិបត្តិការច្បាស់លាស់ ដែលជួយពង្រឹងតម្លាភាព និងវិន័យហិរញ្ញវត្ថុរបស់ម្ចាស់អាជីវកម្ម។ ជាពិសេសសម្រាប់បងប្អូនស្ត្រីជាសហគ្រិន សេវាហិរញ្ញវត្ថុឌីជីថលនេះ ជួយសម្រួលដល់ពួកគាត់យ៉ាងច្រើន ក្នុងការកាត់បន្ថយការចំណាយពេលវេលា និងការធ្វើដំណើរ ដែលនេះជាការជួយជំរុញឱ្យអាជីវកម្មរបស់ពួកគាត់មានស្តង់ដារ និងរីកចម្រើនរឹងមាំទៅមុខបាន

 

យើងរំពឹងយ៉ាងមុតមាំថា កញ្ចប់ថវិកា ៥០០ លានដុល្លារនេះ នឹងជួយរុញច្រានសេដ្ឋកិច្ចជាតិឱ្យដើរទៅមុខយ៉ាងពិតប្រាកដ តាមរយៈការជួយពង្រីកអាជីវកម្ម បង្កើតការងារ ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងការលើកទឹកចិត្តឱ្យស្ត្រីចូលរួមដឹកនាំសេដ្ឋកិច្ចកាន់តែច្រើន។ ជារួមមក ធនាគារ វីង ចង់ក្លាយជាកម្លាំងចលករមួយក្នុងការជំរុញការអភិវឌ្ឍរួមគ្នា ដោយប្រើប្រាស់ដើមទុន បច្ចេកវិទ្យា និងភាពជាដៃគូជាមួយរដ្ឋ ដើម្បីប្រែក្លាយគោលដៅជាតិ ឱ្យទៅជាភាពរីកចម្រើនសេដ្ឋកិច្ចរយៈពេលវែងសម្រាប់ប្រទេសកម្ពុជាយើង។

 

សម្លឹងឆ្ពោះទៅមុខ៖ អនាគតនៃធនាគារឌីជីថលនៅកម្ពុជា

 

CLR៖ ក្រឡេកទៅអនាគត តើលោកបណ្ឌិតជឿថានិន្នាការអ្វីខ្លះ នឹងជះឥទ្ធិពលខ្លាំងជាងគេដល់វិស័យធនាគារ និងសេវាហិរញ្ញវត្ថុនៅកម្ពុជា ក្នុងរយៈពេល ៥ ទៅ ១០ ឆ្នាំខាងមុខ? ហើយថាតើធនាគារ វីង បានត្រៀមខ្លួនយ៉ាងដូចម្តេចខ្លះ តាមរយៈបច្ចេកវិទ្យា ភាពជាដៃគូ និងការដើរស្របតាមគោលនយោបាយជាតិ ដើម្បីបន្តលើកកម្ពស់ជីវភាពសហគមន៍គ្រួសារ ការគាំទ្រអាជីវកម្ម និងពង្រឹងសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា?

 

បរិវត្តកម្មឌីជីថលរបស់កម្ពុជា មិនមែនគ្រាន់តែជានិន្នាការទៀតទេ វាគឺជាការផ្លាស់ប្តូររចនាសម្ព័ន្ធក្នុងកម្រិតថ្នាក់ជាតិទាំងមូលទៅហើយ។ បច្ចុប្បន្នមានគណនីកាបូបលុយឌីជីថលប្រហែល ៣០ លានគណនី ដែលស្មើនឹងប្រហែល ១,៧ ដងនៃចំនួនប្រជាជនសរុបក្នុងប្រទេសនិងមានជាង ៤,៥ លានអាជីករ កំពុងទទួលការទូទាត់តាមរយៈកូដស្តង់ដារ Bakong KHQR។ ការទូទាត់ប្រាក់ដោយមិនប្រើសាច់ប្រាក់សុទ្ធ បានក្លាយជារឿងសាមញ្ញ រហ័សទាន់ចិត្ត និងជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃទៅហើយយោងតាមការស្រាវជ្រាវទូទាំងប្រទេសថ្មីៗនេះរបស់យើង ប្រជាជនប្រមាណ ៨៧% ប្រើប្រាស់ការទូទាត់តាមប្រព័ន្ធឌីជីថល ខណៈដែលតួលេខនេះមានរហូតដល់ ៩១% សម្រាប់យុវជនដែលមានអាយុចន្លោះពី ២០ ទៅ ៣០ ឆ្នាំ។

 

ការសម្របខ្លួនយ៉ាងរហ័សនេះ បានបង្ហាញយ៉ាងច្បាស់ពីប្រជាសាស្រ្តកម្ពុជាដែលសម្បូរដោយយុវជននិយមប្រើប្រាស់ទូរសព្ទស្មាតហ្វូន និងការផ្លាស់ប្តូរយ៉ាងប្រាកដប្រជានូវទម្លាប់រស់នៅ ស្របពេលដែលប្រតិបត្តិការឌីជីថលទាំងប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក កំពុងបន្តកើនឡើងយ៉ាងខ្លាំងក្លា។ ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ វិស័យធនាគារនៅកម្ពុជានឹងពឹងផ្អែកខ្លាំងទៅលើ អន្តរប្រតិបត្តិការ ដែលមានល្បឿនរហ័ស និងទំនុកចិត្ត។

 

នៅធនាគារ វីង ការទទួលខុសត្រូវរបស់យើង គឺត្រូវប្រែក្លាយភាពទូលំទូលាយនេះ ឱ្យទៅជាផលវិជ្ជមានពិតប្រាកដ និងយូរអង្វែង តាមរយៈការរួមបញ្ចូលគ្នានូវបច្ចេកវិទ្យា ភាពជាដៃគូ និងស្របតាមគោលនយោបាយអភិវឌ្ឍជាអាទិភាពរបស់ជាតិ ដើម្បីជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ​ គាំទ្រដល់អាជីវកម្ម និងចូលរួមកសាងសេដ្ឋកិច្ចឌីជីថលមួយដែលពោរពេញដោយភាពជឿជាក់ និងភាពរឹងមាំ សម្រាប់អនាគតរបស់ប្រទេសកម្ពុជាយើង

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

បទសម្ភាសន៍ពិសេស៖ លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយកធនាគារ វីង ចែករំលែកការយល់ឃើញជុំវិញស្ថានភាពសេដ្ឋកិច្ច និងបញ្ហាប្រឈមក្នុងវិស័យធនាគារនៅកម្ពុជា

វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា បច្ចុប្បន្នកំពុងឆ្លងកាត់ស្ថានភាពសេដ្ឋកិច្ចមួយដែលត្រូវបានសម្គាល់ដោយការកើនឡើងនៃឥណទានមិនដំណើរការ (NPLs) និងបរិយាកាសនៃការផ្តល់ប្រាក់កម្ចីប្រកបដោយការប្រុងប្រយ័ត្ន ស្របពេលដែលវិស័យអចលនទ្រព្យ និងសំណង់កំពុងមានការថមថយ។

ចេញផ្សាយនៅ: Mar 18, 2026

អានរហ័ស

ជំហាននៃក្តីសង្ឃឹម៖ ធនាគារ វីង ចូលរួមកម្មវិធីដើរសប្បុរសធម៌ ACE ដើម្បីសុខភាពកុមារ

ធនាគារ វីង រួមចំណែកលើកកម្ពស់សុខុមាលភាពសហគមន៍ និងគាំទ្រដល់ការសង្គ្រោះជីវិតកុមារនៅមន្ទីរពេទ្យគន្ធបុប្ផា។

ចេញផ្សាយនៅ: Mar 16, 2026

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026