កម្មវិធីសម្លេងស្រ្តីខ្មែរទាំង 50រូប ប្រចាំឆ្នាំ2026៖ កិច្ចសម្ភាសន៍ពិសេសជាមួយលោកស្រី ហេង ស្រីប៉ុច នាយិកាប្រតិបត្តិតាម នៃធនាគារ វីង

ជាថ្នាក់ដឹកនាំមួយរូបកាន់តួនាទីជានាយិកាប្រតិបត្តិតាម នៃធនាគារ វីង លោកស្រី ហេង ស្រីប៉ុច បានបំពេញភារកិច្ចយ៉ាងសំខាន់ក្នុងការពង្រឹងអភិបាលកិច្ច ការអនុលោមតាមបទប្បញ្ញត្តិ និងការគ្រប់គ្រងហានិភ័យនៅក្នុងធនាគារឌីជីថលឈានមុខគេមួយនៅកម្ពុជា។ ជាមួយនឹងបទពិសោធជាង 16 ឆ្នាំ លោកស្រីបានដឹកនាំស្ថាប័ននានាឱ្យឆ្លងកាត់ការកែទម្រង់ ការផ្លាស់ប្តូរបទដ្ឋានគតិយុត្ត និងបន្តសម្រេចបាននូវភាពជោគជ័យជាបន្តបន្ទាប់។

ចេញផ្សាយនៅ: Jul 31, 2026

ដោយមានឆន្ទៈមោះមុត លើការជំរុញប្រតិបត្តិការធនាគារដោយឈរលើស្មារតីទទួលខុសត្រូវ និងភាពជាអ្នកដឹកនាំប្រកបដោយបរិយាបន្ន លោកស្រីស្រីប៉ុចជឿជាក់យ៉ាងមុតមាំថា អភិបាលកិច្ចដ៏រឹងមាំគឺជាគ្រឹះដ៏សំខាន់ក្នុងការកសាងទំនុកចិត្ត គាំទ្រនវានុវត្តន៍ និងការពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុនៅទូទាំងប្រទេសកម្ពុជា។ នៅក្នុងអាជីពការងារ លោកស្រីតែងតែ លើកកម្ពស់វប្បធម៌នៃសុចរិតភាព ព្រមទាំងបានគាំទ្ររាល់គំនិតផ្តួចផ្តើមនានាដែលលើកកម្ពស់ដល់សហគ្រិនស្រ្តី និងជួយឱ្យសហគមន៍ទទួលបានសេវាហិរញ្ញវត្ថុបានកាន់តែទូលំទូលាយ។ 

 

ពេញមួយអាជីពការងារ លោកស្រី បានកត់សម្គាល់ពីការវិវឌ្ឍនៃវិស័យធនាគារកម្ពុជា ដែលបច្ចុប្បន្នបានក្លាយជាវិស័យហិរញ្ញវត្ថុដ៏ស្វាហាប់បំផុតមួយនៅក្នុងតំបន់។  សម្រាប់ការចូលរួមក្នុងកម្មវិធី “សំឡេងស្ត្រីខ្មែរទាំង 50រូប ប្រចាំឆ្នាំ2026។  

 

លោកស្រី ស្រីប៉ុច នឹងចែករំលែកនូវទស្សនៈជុំវិញសារៈសំខាន់នៃការផ្តល់ភាពអង់អាចដល់ស្ត្រី បរិយាបន្នហិរញ្ញវត្ថុ ភាពជាអ្នកដឹកនាំនៅក្នុងវិស័យធនាគារដែលកំពុងវិវឌ្ឍយ៉ាងរហ័ស ព្រមទាំងផ្តល់នូវមតិយោបល់ដ៏មាន ជាត្រីវិស័យសម្រាប់អ្នកដឹកនាំជាស្ត្រីជំនាន់ក្រោយ។ 

 

ការផ្តល់ភាពអង់អាចដល់ស្ត្រី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជារយៈពេលវែង 

 

CLR៖សព្វថ្ងៃនេះ យើងសង្កេតឃើញ ស្ត្រីកំពុងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងវិស័យធុរកិច្ច បច្ចេកវិទ្យា និងសហគ្រិនភាព តាមការយល់ឃើញរបស់លោកស្រី តើការផ្តល់សិទ្ធិអំណាចដល់ស្ត្រី មានសារៈសំខាន់យ៉ាងណាដែរចំពោះការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជារយៈពេលវែង? 

 

លោកស្រី ស្រីប៉ុច៖តាមយល់ឃើញរបស់នាងខ្ញុំ ការផ្តល់សិទ្ធិអំណាចដល់ស្ត្រី គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា ទាំងផ្នែកសេដ្ឋកិច្ច និងសង្គម។ នៅពេលដែលស្ត្រីកាន់តែច្រើន ចូលរួមចំណែកយ៉ាងសកម្មក្នុងវិស័យធុរកិច្ច ហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ពួកគេមិនត្រឹមតែជួយជំរុញកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងប្រសិទ្ធភាពនៃអភិបាលកិច្ច និងការសម្រេចចិត្តនៅក្នុងស្ថាប័នទៀតផង។ 

 

ជាមួយគ្នានេះដែរ ការផ្តល់សិទ្ធិអំណាចអាចដល់ស្ត្រី មិនមែនសំដៅត្រឹមតែការឱ្យស្ត្រីចូលរួមនោះទេ តែគឺជាការបើកលំហដែលមានលក្ខណៈអំណោយផល ដើម្បីឱ្យស្ត្រីអាចឈានមុខក្នុងការដឹកនាំ កំណត់ជោគវាសនានៃលទ្ធផលការងារ និងបង្កើតផលវិជ្ជមានដែលស្ថិតស្ថេរយូរអង្វែង។ ជាលទ្ធផល វានឹងក្លាយជាកម្លាំងចលករជួយឱ្យស្ថាប័នកាន់តែរឹងមាំ និងជំរុញឱ្យសេដ្ឋកិច្ចជាតិកាន់តែមានភាពធន់ និងបើកទូលាយសម្រាប់គ្រប់គ្នា។ 

 

ការបង្កើតឱកាសកាន់តែច្រើនសម្រាប់ស្ត្រីសហគ្រិន និងអ្នកដឹកនាំនាពេលអនាគត 

 

CLR៖ធនាគារ វីង បានចាប់ដៃគូជាមួយអង្គការនានា ដូចជាសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) និងអង្គការមូលនិធិកុមារកម្ពុជា (CCF) ដើម្បីជួយគាំទ្រដល់ស្ត្រី និងសហគមន៍នៅទូទាំងប្រទេស។ ហេតុអ្វីបានជាភាពជាដៃគូទាំងនេះ មានសារៈសំខាន់ក្នុងការបង្កើតឱកាសកាន់តែច្រើនសម្រាប់ស្ត្រីជាសហគ្រិន និងអ្នកដឹកនាំនាពេលអនាគត? 

 

លោកស្រី ស្រីប៉ុច៖ភាពជាដៃគូពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតឱកាសកាន់តែច្រើនសម្រាប់សហគ្រិនស្ត្រី។ថ្វីត្បិតតែលទ្ធភាពទទួលបានប្រភពទុន គឺជារឿងចាំបាច់ក៏ពិតមែន ប៉ុន្តែស្ត្រីជាច្រើនក៏កំពុងត្រូវការ ការណែនាំតម្រង់ទិសការអភិវឌ្ឍជំនាញ និងការកសាងបណ្តាញទំនាក់ទំនងឱ្យបានរឹងមាំ ដើម្បីពង្រីកអាជីវកម្មរបស់ពួកគេឱ្យកាន់តែមានប្រសិទ្ធភាព។ តាមរយៈការសហការជាមួយស្ថាប័នដូចជាសមាគមសហគ្រិនស្ត្រីកម្ពុជា និងអង្គការមូលនិធិកុមារកម្ពុជា គឺអនុញ្ញាតឱ្យយើងអាចគាំទ្រស្ត្រីបានយ៉ាងពេញលេញ និងគ្រប់ជ្រុងជ្រោយគ្រប់ដំណាក់កាលនៃដំណើរការអាជីវកម្មរបស់ពួកគេ។ 

 

នាងខ្ញុំជឿជាក់ថា កិច្ចសហការទាំងនេះជួយផ្សាភ្ជាប់គម្លាត តាំងពីដំណាក់កាលចាប់ផ្តើមអាជីវកម្ម រហូតដល់ការពង្រីកទីផ្សារ ព្រមទាំងបង្កើតបាននូវបរិយាកាសអំណោយផលឱ្យស្ត្រីអាចរៀនសូត្រ ផ្សាភ្ជាប់ទំនាក់ទំនង និងកសាងទំនុកចិត្ត។ ក្នុងរយៈពេលវែង កត្តានេះនឹងរួមចំណែកបង្កើតបាននូវបណ្តាញអ្នកដឹកនាំស្ត្រីដែលមានសមត្ថភាពខ្ពស់កាន់តែច្រើន។ 

 

ការគាំទ្រសហគ្រាសធុនតូច និងមធ្យម របស់ស្ត្រី និងជំរុញការចូលរួមរបស់ស្ត្រីដើម្បីលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ 

 

CLR៖នាពេលបច្ចុប្បន្ន ធនាគារឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុ កំពុងជួយពង្រីកវិសាលភាពនៃសេវាហិរញ្ញវត្ថុនៅទូទាំងប្រទេស។ តើលោកស្រីយល់ថា បរិយាបន្នហិរញ្ញវត្ថុមានសារៈសំខាន់កម្រិតណា ក្នុងការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ដែលដឹកនាំដោយស្ត្រី និងជួយត្រួសត្រាយផ្លូវឱ្យស្ត្រីកាន់តែច្រើនឡើងអាចចូលរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា? 

 

លោកស្រី ស្រីប៉ុច៖បរិយាបន្នហិរញ្ញវត្ថុ គឺជាកត្តាចាំបាច់បំផុតក្នុងការផ្តល់លទ្ធភាពឱ្យស្ត្រីកាន់តែច្រើន ជាពិសេសអ្នកដែលកំពុងដឹកនាំអាជីវកម្មខ្នាតតូច និងអាជីវកម្មដែលកំពុងលូតលាស់ ឱ្យអាចចូលរួមចំណែកក្នុងសេដ្ឋកិច្ចបានយ៉ាងពេញលេញ។ ស្របពេលដែលសេវាធនាគារឌីជីថលកំពុងបន្តពង្រីកខ្លួន វាបាននឹងកំពុងលុបបំបាត់របាំងរារាំងផ្សេងៗជាបន្តបន្ទាប់ ព្រមទាំងផ្តល់នូវប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុចាំបាច់ ដើម្បីឱ្យស្ត្រីអាចចាត់ចែងសាច់ប្រាក់ដោយភាពជឿជាក់ ពង្រីកអាជីវកម្មរបស់ខ្លួន និងចូលរួមចំណែកកាន់តែសកម្ម ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ 

 

ភាពជាអ្នកដឹកនាំ និងកិច្ចការប្រតិបត្តិតាមក្នុងវិស័យធនាគារ 

 

CLR៖ក្នុងនាមជានាយិកាប្រតិបត្តិតាមនៃធនាគារ វីងតើលោកស្រីមានទស្សនៈវិស័យ និងវិធីសាស្ត្រដឹកនាំបែបណា នៅក្នុងវិស័យធនាគារដែលកំពុងបត់បែនយ៉ាងលឿនទៅរកប្រព័ន្ធឌីជីថល ព្រមទាំងមានការគ្រប់គ្រងបទប្បញ្ញត្តិកាន់តែតឹងរ៉ឹង និងមានការវិវឌ្ឍយ៉ាងឆាប់រហ័សនោះ? 

 

លោកស្រី ស្រីប៉ុច៖ភាពជាអ្នកដឹកនាំក្នុងបរិបទវិស័យធនាគារនាពេលបច្ចុប្បន្ន ដែលមានការវិវឌ្ឍយ៉ាងឆាប់រហ័សនិងពោរពេញដោយការរឹតបន្តឹងបទប្បញ្ញត្តិនេះ គឺទាមទារឱ្យមានការរក្សាតុល្យភាពយ៉ាងល្អរវាងការបង្កើតនវានុវត្តន៍ថ្មីៗ និងប្រព័ន្ធអភិបាលកិច្ចដ៏រឹងមាំ។ ទស្សនៈរបស់នាងខ្ញុំ គឺចាត់ទុកការអនុលោមភាព មិនត្រឹមតែជាយន្តការត្រួតពិនិត្យប៉ុណ្ណោះទេ ប៉ុន្តែគឺជាកម្លាំងចលករដែលជំរុញឱ្យមានកំណើនប្រកបដោយចីរភាព។  

 

យើងសម្រេចកិច្ចការនេះបាន តាមរយៈការបញ្ជ្រាបស្មារតីទទួលខុសត្រូវ និងការយល់ដឹងពីហានិភ័យ ទៅក្នុងប្រតិបត្តិការប្រចាំថ្ងៃ ព្រមទាំងធានាថា ក្របខណ្ឌការងាររបស់យើងមានភាពសមស្របតាមការអនុវត្តជាក់ស្តែង អាចបត់បែនបាន និងស្របតាមបរិវត្តកម្មឌីជីថល ដើម្បីរក្សានូវទំនុកចិត្ត និងសុចរិតភាពរបស់ស្ថាប័ន។ 

 

ការចែករំលែកបទពិសោធន៍ និងមតិផ្តាំផ្ញើ សម្រាប់យុវជនជំនាន់ក្រោយ 

 

CLR៖តើលោកស្រីមានមតិផ្តាំផ្ញើអ្វីខ្លះ សម្រាប់យុវជនកម្ពុជាដែលចង់កសាងអាជីពក្នុងវិស័យធនាគារ ជាពិសេសផ្នែកប្រតិបត្តិតាម ភាពជាអ្នកដឹកនាំធុរកិច្ច ឬសហគ្រិនភាព? 

 

លោកស្រី ស្រីប៉ុច៖សម្រាប់ប្អូនៗយុវជនដែលកំពុងបោះជំហានដំបូងក្នុងវិថីអាជីពការងារ គួរផ្តោតលើការកសាងជំនាញមូលដ្ឋានគ្រឹះឱ្យបានរឹងមាំ ព្រមទាំងបើកចិត្តឱ្យទូលាយសម្រាប់ការរៀនសូត្រ និងចាប់យកឱកាសថ្មីៗ។ ក្នុងដំណាក់កាលដំបូងនេះ ការរក្សាឆន្ទៈចង់ចេះចង់ដឹង ការស្វែងយល់ពីបទពិសោធផ្សេងៗ និងភាពក្លាហានក្នុងការបោះជំហានចេញពីតំបន់សុវត្ថិភាព​របស់ខ្លួនគឺជារឿងចាំបាច់បំផុត ដើម្បីអាចអភិវឌ្ឍខ្លួនឱ្យរីកចម្រើន ទាំងក្នុងជីវិតផ្ទាល់ខ្លួន និងក្នុងវិជ្ជាជីវៈ។ 

 

ឧបសគ្គ និងបញ្ហាប្រឈម គឺជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងដំណើរជីវិត ប៉ុន្តែយូរៗទៅ បទពិសោធទាំងនេះនឹងជួយលត់ដំយើងឱ្យមានទំនុកចិត្ត ភាពធន់រឹងមាំ និងមានទស្សនៈវិស័យកាន់តែទូលំទូលាយ។ តាមរយៈភាពខ្ជាប់ខ្ជួន វិន័យ និងផ្នត់គំនិតវិជ្ជមាន នោះឱកាសជាច្រើននឹងរង់ចាំប្អូនៗនៅខាងមុខដែលអាចអភិវឌ្ឍខ្លួនទៅជាថ្នាក់ដឹកនាំ និងអាចចូលរួមចំណែកយ៉ាងមានអត្ថន័យសម្រាប់អនាគតរបស់ប្រទេសកម្ពុជា 

 

អត្ថបទនេះត្រូវបានបកប្រែទាំងស្រុងពីអត្ថបទដើមដែលចុះផ្សាយដោយ Cambodia Leadership Review. 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

តំណាងធនាគារ វីង លោក សុខ ឡេង ចែករំលែកចក្ខុវិស័យអំពីកំណើនប្រកបដោយចីរភាព ក្នុងវេទិកាធុរកិច្ច របស់ Bloomberg នៅប្រទេសសិង្ហបុរី

តាមរយៈការជួបសំណេះសំណាលជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសសិង្ហបុរី និងថ្នាក់ដឹកនាំធុរកិច្ចក្នុងតំបន់ លោក សុខ ឡេង បានបង្ហាញពីឆន្ទៈរបស់ធនាគារ វីង ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុស្តង់ដាអន្តរជាតិ ដែលគាំទ្រដល់អាជីវកម្មនានាក្នុងការវិនិយោគ ធ្វើពាណិជ្ជកម្ម និងរីកចម្រើនប្រកបដោយទំនុកចិត្តនៅកម្ពុជា។

ចេញផ្សាយនៅ: Jul 29, 2026

អានរហ័ស

ដំបូងគេនៅកម្ពុជា! ធនាគារ វីង នាំយកសេវាកម្ម TV360 របស់មិត្តហ្វូន មកកាន់ WingFlex

ជាធនាគារដំបូងគេនៅកម្ពុជាដែលអនុញ្ញាតឱ្យអតិថិជនទាំងអស់អាចភ្ជាប់កញ្ចប់សេវា TV360 របស់ Metfone និងទូទាត់ប្រាក់ដោយឥតគិតថ្លៃសេវាតាមអេប​ Wing Bank។

ចេញផ្សាយនៅ: Jul 24, 2026

អានរហ័ស

ធនាគារ វីង ក្លាយជាដៃគូធនាគារផ្តាច់មុខរបស់សមាគមសណ្ឋាគារកម្ពុជា

ភាពជាដៃគូនេះផ្តល់ជូនកញ្ចប់សេវាបើកប្រាក់បៀវត្ស និងសេវាធនាគារសាជីវកម្មពិសេសសម្រាប់សមាជិកសមាគមសណ្ឋាគារកម្ពុជា ដើម្បីគាំទ្រដល់ប្រតិបត្តិការ និងបុគ្គលិកក្នុងវិស័យបដិសណ្ឋារកិច្ចជាមួយនឹងសេវាហិរញ្ញវត្ថុសម្បូរបែប។

ចេញផ្សាយនៅ: Jul 06, 2026