សេវាធនាគារតាមទូរសព្ទ ដែលសព្វថ្ងៃមានអ្នកប្រើប្រាស់ជាង ១០ លាននាក់ ដោយចំនួននេះបានគ្របដណ្តប់លើប្រជាជនពេញវ័យនៅកម្ពុជាជាង ៦០ ភាគរយ ហើយនេះជាសញ្ញាបង្ហាញថា ប្រទេសកម្ពុជាកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សក្នុងការសម្របខ្លួនទៅនឹងគន្លងសេដ្ឋកិច្ចមិនប្រើប្រាស់ក្រដាស់ប្រាក់។ ស្របពេលដែលប្រទេសកម្ពុជាវិវឌ្ឍខ្លួនជាសង្គមគ្មានក្រដាសប្រាក់ អាជីវករជាច្រើនបានចែករំលែករបៀបនៃការសម្របខ្លួនការទូទាត់ហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថល។
យោងតាមធនាគារជាតិ នៃកម្ពុជា បានឱ្យដឹងថា គិតត្រឹមឆ្នាំ ២០២៤ គណនីកាបូបលុយអេឡិចត្រូនិចមានប្រមាណ ៣០ លានគណនី និងគណនីបញ្ញើមានជាង ២១ លានគណនី។ តួលេខនេះបង្ហាញយ៉ាងច្បាស់ថា ការទូទាត់តាម QR កំពុងធ្វើឱ្យការផ្ញើ និងទទួលប្រាក់កាន់តែងាយស្រួលជាងពេលណាៗទាំងអស់។
អាជីវករជាច្រើនបានអះអាងថា សេវាធនាគារតាមទូរសព្ទ ជួយឱ្យពួកគេងាយស្រួលតាមដានប្រាក់ចំណូល និងប្រាក់ចំណេញប្រចាំថ្ងៃ ដោយមិនចាំបាច់ចំណាយពេលរាប់លុយសុទ្ធដូចមុនទៀតនោះឡើយ។
ទោះជាយ៉ាងណាក៏ដោយ ភាពងាយស្រួលនេះក៏អាចប្រឈមនឹងហានិភ័យមួយចំនួនផងដែរ។ ជួនកាល អ្នកលក់អាចធ្វេសប្រហែសមិនបានពិនិត្យមើលឱ្យច្បាស់នៅពេលមានជនខិលខូចប្រើប្រាស់ QR ក្លែងក្លាយ ឬបោកបញ្ឆោតពេលស្កេន ដែលធ្វើឱ្យប្រាក់នោះមិនបានចូលទៅក្នុងគណនីរបស់ពួកគាត់។ លើសពីនេះ អ្នកលក់កម្រទទួលបានប្រាក់ធីបពីអតិថិជនដែលស្កេន QR ណាស់ បើធៀបនឹងពេលអតិថិជនចាយលុយសុទ្ធ។
ការគ្រប់គ្រងចំណូលកាន់តែងាយស្រួល
សម្រាប់ កញ្ញា វ៉ាន់ ស្រីណែត ជាអាជីវករលក់បាញ់ស៊ុង បានរៀបរាប់ថា ការតាមដានចំណូលតាមប្រព័ន្ធឌីជីថលគឺមានភាពងាយស្រួលជាងការអង្គុយរាប់លុយសុទ្ធ នៅក្រោយចប់ម៉ោងលក់ដូរ។
ស្រីណែត បាននិយាយថា៖ "ពេលចប់ម៉ោងលក់ដូរពេលយប់ ខ្ញុំមិនបាច់ហត់អង្គុយរាប់លុយទៀតទេ។ ខ្ញុំគ្រាន់តែឆែកមើលរបាយការណ៍ក្នុងគណនីធនាគារ គឺដឹងភ្លាមថាថ្ងៃហ្នឹងរកបានប៉ុន្មាន។" កញ្ញាបន្ថែមថា បើជាលុយសុទ្ធ គាត់ត្រូវចំណាយពេលរាប់ទើបដឹងពីប្រាក់ចំណេញ។
អាជីវករវ័យ ២៩ ឆ្នាំរូបនេះ ដែលមានតូបលក់អាហារនៅតំបន់ជ្រោយចង្វារ បានបម្រើអតិថិជនចាប់ពីព្រឹកដល់យប់ ដែលភាគច្រើនជាបុគ្គលិកក្រុមហ៊ុន និងសិស្សនិស្សិត។ ស្រីណែត បានប្រាប់ថា អតិថិជនភាគច្រើនចូលចិត្តទូទាត់លុយតាមការស្កេន QR ប៉ុន្តែនាងក៏នៅតែទទួលលុយសុទ្ធដែរ។ ស្រីណែតបាននិយាយថា៖ "វាប្រហែល ៥០-៥០ អាស្រ័យលើភ្ញៀវ។ ថ្ងៃខ្លះអត់បានលុយសុទ្ធសោះ បានតែស្កេន QR ទាំងអស់ក៏មាន។ ថ្ងៃខ្លះបានតែលុយសុទ្ធក៏មាន។" ទោះជាយ៉ាងណា ស្រីណែត ក៏មានការប្រុងប្រយ័ត្នខ្ពស់ចំពោះការបោកប្រាស់តាមអនឡាញផងដែរ ព្រោះការទូទាត់តាមឌីជីថលតែងមានហានិភ័យថ្មីៗជានិច្ច។
ភាពងាយស្រួល និងការប្រុងប្រយ័ត្ន
លោកស្រី ឡាវ ស៊ីវលី ម្ចាស់តូបកាហ្វេនៅសំណង់ ១២ ក៏យល់ស្របនឹង ស្រីណែត ដែរអំពីភាពងាយស្រួល និងសារៈសំខាន់នៃការប្រុងប្រយ័ត្ន។ គាត់ធ្លាប់ជួបករណីអតិថិជនស្កេនលុយទៅចូល QR ផ្សេង និងករណីខ្លះទៀតសុំប្តូរលុយសុទ្ធវិញក្រោយស្កេនហើយ ប៉ុន្តែគាត់មិនទទួលបានលុយនោះទេ។
ដើម្បីជៀសវាងបញ្ហាទាំងនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ធ្លាប់បានចេញការព្រមានអំពីល្បិចបោកប្រាស់តាម QR ដូចជាជនខិលខូចលួចយក QR របស់ពួកគេមកបិទពីលើ QR របស់អ្នកលក់ ឬការប្រើប្រាស់ QR ក្លែងក្លាយក្រោមរូបភាពសប្បុរសធម៌ជាដើម។
ទោះបីមានបញ្ហាប្រឈមខ្លះក៏ដោយ លោកស្រី ស៊ីវលី យល់ថាការទូទាត់តាមឌីជីថលផ្តល់ផលចំណេញច្រើន។ គាត់មិនបាច់ព្រួយបារម្ភរឿងអត់លុយរាយអាប់ ឬខ្លាចបាត់លុយពេលទុកសាច់ប្រាក់ច្រើនជាប់ខ្លួនទៀតឡើយ។
លោកស្រី ស៊ីវលី លើកឡើងថា៖ "ពីមុនខ្ញុំត្រូវទុកលុយសុទ្ធច្រើនជាប់ខ្លួនរាល់ថ្ងៃ ដែលវាមិនសូវមានសុវត្ថិភាពទេ។ ឥឡូវនេះ ពេលភ្ញៀវភាគច្រើនចូលចិត្តទូទាត់តាមទូរសព្ទ ខ្ញុំមានអារម្មណ៍ថាមានសុវត្ថិភាព ហើយស្រួលទុកដាក់ជាងមុន។ ព្រោះលុយគ្រប់គ្រងនៅក្នុងគណនីធនាគារតែម្តង។"
លោកស្រី ស៊ីវលី ក៏បានកត់សម្គាល់ថា ការចាយលុយតាមទូរសព្ទជួយឱ្យការលក់កាន់តែលឿន ជាពិសេសនៅពេលព្រឹកដែលមនុស្សប្រញាប់ទៅធ្វើការ។ លោកស្រី ស៊ីវលី បាននិយាយថា៖ "ពេលភ្ញៀវច្រើន ការស្កេន QR ជួយឱ្យខ្ញុំចំណេញពេល។ មិនបាច់រាប់លុយអាប់ ឬរកលុយរាយទេ ភ្ញៀវគ្រាន់តែស្កេនហើយទៅបានភ្លាម។"
ក្រៅពីនេះ លោកស្រី ស៊ីវលី បានបន្ថែមថា ការប្រើសេវាធនាគារតាមទូរសព្ទ ក៏ជួយឱ្យគាត់ចេះគ្រប់គ្រងលុយឱ្យកាន់តែមានប្រសិទ្ធភាព ដោយអាចមើលឃើញចំណូលចំណាយច្បាស់លាស់តាមរយៈអេបធនាគារ ហើយក៏មិនបារម្ភរឿងលុយក្លែងក្លាយទៀតឡើយ។
ក្រៅពីផ្តល់ភាពងាយស្រួល លោកស្រី ស៊ីវលី បានបន្ថែមថា ការប្រើប្រាស់ធនាគារតាមទូរសព្ទ ជួយឱ្យគាត់អាចគ្រប់គ្រងចំណូល និងចំណាយបានច្បាស់លាស់ជាងមុន។ គាត់យល់ឃើញថា នៅពេលមានមនុស្សកាន់តែច្រើនងាកមកប្រើការទូទាត់បែបឌីជីថល វាជួយជំរុញឱ្យម្ចាស់អាជីវកម្មខ្នាតតូចដូចជារូបគាត់ ចេះគ្រប់គ្រងលុយកាក់កាន់តែមានប្រសិទ្ធភាព។
លោកស្រីបាននិយាយថា៖ "ដល់ពេលយប់ឡើង ខ្ញុំគ្រាន់តែចូលមើលអេបធនាគារក្នុងទូរសព្ទ គឺដឹងភ្លាមថាថ្ងៃហ្នឹងរកបានប៉ុន្មាន។ វាស្រួលក្នុងការរៀបចំផែនការ និងគ្រប់គ្រងថវិកា។ ហើយខ្ញុំក៏លែងបារម្ភរឿងទទួលបានលុយក្លែងក្លាយទៀតដែរ។"
វិធានការសុវត្ថិភាពក្នុងការទូទាត់តាម QR
ស្របពេលដែលការទូទាត់តាម QR កាន់តែពេញនិយម ធនាគារ វីង កំពុងពង្រឹងសុវត្ថិភាពប្រតិបត្តិការឌីជីថលឱ្យកាន់តែរឹងមាំថែមទៀត។ ដោយមើលឃើញពីឱកាស និងហានិភ័យ នៃការប្រើប្រាស់ធនាគារតាមទូរសព្ទ ធនាគារ វីង បានដាក់ចេញនូវយុទ្ធសាស្រ្តអនុវត្តដ៏រឹងមាំដោយផ្តោតលើ ការពារការក្លែងបន្លំ លើកកម្ពស់ការយល់ដឹងដល់អ្នកប្រើប្រាស់ និងនវានុវត្តបច្ចេកវិទ្យាជាបន្តបន្ទាប់។
លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ "ទំនុកចិត្តគឺជាគ្រឹះនៃសេវាធនាគារឌីជីថល។ យើងបានវិនិយោគលើបច្ចេកវិទ្យា QR ដែលមានសុវត្ថិភាព ការជូនដំណឹងភ្លាមៗ និងប្រព័ន្ធចាប់សញ្ញាការបោកប្រាស់ ដើម្បីការពារអតិថិជន និងដៃគូអាជីវកររបស់យើង។"
ធនាគារ វីង ក៏បានសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការបោកប្រាស់ទូទៅ ដូចជាការទូទាត់ QR ក្លែងក្លាយ និងល្បិចទូទាត់ប្រាក់បន្លំផ្សេងៗ។ តាមរយៈបណ្តាញភ្នាក់ងារធនាគារ វីង នៅទូទាំងប្រទេស ធនាគារ វីង បានផ្តល់ការបណ្តុះបណ្តាលដល់អាជីវករអំពីរបៀបផ្ទៀងផ្ទាត់ប្រតិបត្តិការ ការកំណត់អត្តសញ្ញាណសកម្មភាពគួរឱ្យសង្ស័យ និងការរាយការណ៍អំពីករណីបោកប្រាស់។
អេប Wing Bank ផ្តល់នូវមុខងារដែលត្រូវបានបង្កើតឡើងយ៉ាងពិសេសសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច រួមមានការបញ្ជាក់ការទូទាត់ភ្លាមៗ ការតាមដានចំណូលប្រចាំថ្ងៃ និងការទាក់ទងផ្ទាល់ទៅកាន់សេវាបម្រើអតិថិជន។ មធ្យោបាយទាំងនេះជួយឱ្យអាជីវករគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេកាន់តែមានប្រសិទ្ធភាព និងមានទំនុកចិត្តខ្ពស់។
ធនាគារ វីង ក៏ផ្តល់មុខងារពិសេសសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច ដូចជាការបញ្ជាក់ការទូទាត់ភ្លាមៗ និងការតាមដានចំណូលប្រចាំថ្ងៃ។ ជាពិសេស គណនីអាជីវករ អាចភ្ជាប់ជាមួយគណនី Telegram របស់បុគ្គលិកបានច្រើននាក់ ដើម្បីឱ្យពួកគេអាចមើលឃើញប្រតិបត្តិការទូទាត់ សូម្បីតែពេលម្ចាស់ហាងមិននៅកន្លែងក៏ដោយ ដែលជួយកាត់បន្ថយហានិភ័យនៃការបន្លំ។
ជាធម្មតា អ្នកលក់តាមដងផ្លូវ និងអាជីវកម្មខ្នាតតូចដែលទទួលការទូទាត់តាម QR ប្រើប្រាស់គណនីមួយក្នុងចំណោមពីរប្រភេទ គឺគណនីផ្ទាល់ខ្លួន ឬគណនីអាជីវករ។ គណនីផ្ទាល់ខ្លួន ភ្ជាប់ជាមួយអ្នកប្រើប្រាស់ម្នាក់ ហើយសក្តិសមសម្រាប់ប្រតិបត្តិការទូទៅ។
ចំណែកឯ គណនីអាជីវករ ត្រូវបានរចនាឡើងសម្រាប់ម្ចាស់អាជីវកម្ម ដោយផ្តល់មុខងារដែលអាចប្រើបានច្រើននាក់ និងមានការត្រួតពិនិត្យប្រតិបត្តិការបានល្អជាងមុន ដែលជួយកាត់បន្ថយហានិភ័យនៃការបោកប្រាស់។
លោក ហោ ប៊ុនថែ បានបន្ថែមថា៖ "គណនីអាជីវករអនុញ្ញាតឱ្យមានការផ្ញើការជូនដំណឹងអំពីប្រតិបត្តិការតាមរយៈ Telegram ដែលធ្វើឱ្យបុគ្គលិកងាយស្រួលតាមដានការទូទាត់ សូម្បីតែនៅពេលដែលម្ចាស់ហាងមិននៅកន្លែងក៏ដោយ។" លោកបន្ថែមថា៖ "គណនីនីមួយៗអាចភ្ជាប់ជាមួយអ្នកប្រើប្រាស់ Telegram បានច្រើននាក់ ដើម្បីបង្កើនភាពបត់បែន និងការត្រួតពិនិត្យយ៉ាងមានប្រសិទ្ធភាព។"
កម្មវិធីសន្សំពិន្ទុ WingPoint របស់ធនាគារ វីង ក៏បានចូលរួមចំណែកក្នុងការជំរុញការប្រើប្រាស់ការទូទាត់តាម QR ផងដែរ។ ជាក់ស្តែង ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២៥ ធនាគារបានកត់ត្រាកំណើនជិត ៤០% នៃប្រតិបត្តិការស្កេនទូទាត់តាម KH QR របស់ខ្លួន ដែលឆ្លុះបញ្ចាំងពីការកើនឡើងនូវទំនុកចិត្តរបស់សាធារណជនលើការទូទាត់តាមឌីជីថល។ អតិថិជនទទួលបានពិន្ទុរាល់ពេលធ្វើប្រតិបត្តិការ ដែលអាចយកទៅប្តូរយកទំនិញ ឬសេវាកម្មនៅតាមហាងដៃគូ។ មុខងារនេះជួយលើកទឹកចិត្តឱ្យមានការប្រើប្រាស់ម្តងហើយម្តងទៀត ក៏ដូចជាពង្រឹងទំនាក់ទំនងរវាងអ្នកលក់ និងអតិថិជន ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
សព្វថ្ងៃ មានអាជីវករប្រហែល ២០០.០០០ អាជីវករនៅទូទាំងប្រទេសកម្ពុជា ដែលជាម្ចាស់ភោជនីយដ្ឋាន ហាងកាហ្វេ ម៉ាត និងអ្នកលក់តាមដងផ្លូវ កំពុងប្រើប្រាស់ធនាគារ វីង ដើម្បីដំណើរការការទូទាត់។ ដោយសារប្រព័ន្ធបាគង អាជីវកររបស់ធនាគារ វីង អាចទទួលការទូទាត់ពីគណនីធនាគារផ្សេងៗបានយ៉ាងរលូន និងគ្មានការរំខាន។
អាជីវករដែលជ្រើសរើសធនាគារ វីង ជាថ្នាលទូទាត់របស់ពួកគេ អាចទទួលបានអត្រាការប្រាក់រហូតដល់ ៣% ក្នុងមួយឆ្នាំ ជាមួយនឹងជម្រើសដកប្រាក់បត់បែន។ ទាំងនេះគឺផ្តល់នូវតម្លៃបន្ថែម និងភាពងាយស្រួលក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងចាត់ចែងប្រតិបត្តិការប្រចាំថ្ងៃឱ្យកាន់តែមានប្រសិទ្ធភាព។
ទស្សនៈរបស់អ្នកជំនាញសេដ្ឋកិច្ច
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់គិរីផូសថា សេវាធនាគារតាមទូរសព្ទ និងមុខងារទូទាត់តាម QR កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយការពឹងផ្អែកលើសាច់ប្រាក់ និងជំរុញសកម្មភាពសេដ្ឋកិច្ច។
លោកពន្យល់ថា៖ "ការទូទាត់តាមឌីជីថលធ្វើឱ្យប្រតិបត្តិការកាន់តែលឿន និងមានសុវត្ថិភាព ហើយវាជំរុញឱ្យប្រជាជនរក្សាលុយក្នុងប្រព័ន្ធធនាគារ ដែលកត្តានេះជួយសម្រួលដល់ចរន្តសាច់ប្រាក់ និងគាំទ្រដល់បរិយាបន្នហិរញ្ញវត្ថុ។"
លោកបន្ថែមថា ការកើនឡើងនៃការប្រើប្រាស់សេវាធនាគារតាមទូរសព្ទ រួមចំណែកដល់កំណើនសេដ្ឋកិច្ចជារួមរបស់កម្ពុជា ដោយបង្កើនប្រសិទ្ធភាព និងតម្លាភាពក្នុងប្រតិបត្តិការហិរញ្ញវត្ថុ។
លោក វណ្ណៈ បានលើកឡើងថា៖ "នៅពេលមនុស្សកាន់តែច្រើនប្រើប្រាស់ធនាគារឌីជីថល វាជួយឱ្យសេដ្ឋកិច្ចអាចកត់ត្រាលំហូរប្រតិបត្តិការជាក់ស្តែង ដែលជួយពង្រឹងកំណើនផលិតផលក្នុងស្រុកសរុប។ វាក៏អនុញ្ញាតឱ្យអាជីវកម្មខ្នាតតូចអាចរៀបចំប្រតិបត្តិការរបស់ពួកគេឱ្យចូលក្នុងប្រព័ន្ធស្តង់ដារ ងាយស្រួលទទួលបានសេវាហិរញ្ញវត្ថុ និងរៀបចំផែនការរីកចម្រើនបានល្អប្រសើរថែមទៀតផង។"
ទិន្នន័យពីធនាគារជាតិ បង្ហាញថា ប្រព័ន្ធទូទាត់ QR ជាតិ ឬហៅថា "បាគង" កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង។ នៅឆ្នាំ ២០២៤ ប្រព័ន្ធទូទាត់ឌីជីថលនេះបានដំណើរជាង ៦០០ លានប្រតិបត្តិការ ដែលមានតម្លៃទឹកប្រាក់ប្រហែល ១៨៣.៧ ទ្រីលានរៀល (ប្រហែល ៤៦ ពាន់លានដុល្លារ) ដែលស្មើនឹងជាង ៣ ដងនៃ GDP របស់កម្ពុជា។
យ៉ាងនេះក្តី លោក វណ្ណៈ បានកត់សម្គាល់ថា នៅតំបន់ជនបទមួយចំនួននៅមានកម្រិតនៅឡើយពាក់ព័ន្ធនឹងសេវាអ៊ីនធឺណិត និងចំណេះដឹងផ្នែកឌីជីថល ដែលជាចំណុចត្រូវបន្តអភិវឌ្ឍ ដើម្បីឱ្យប្រជាជនកម្ពុជាកាន់តែច្រើនអាចទទួលបានអត្ថប្រយោជន៍ពីបច្ចេកវិទ្យានេះ។
លោកបានបញ្ជាក់ថា៖ "បញ្ហាប្រឈមចម្បងឥឡូវនេះ គឺធានាថាប្រជាជននៅតំបន់ដាច់ស្រយាលអាចទទួលបានអ៊ីនធឺណិតដែលគួរឱ្យទុកចិត្ត និងយល់ដឹងពីរបៀបប្រើប្រាស់សេវាធនាគារតាមទូរសព្ទដោយសុវត្ថិភាព។ នៅពេលដែលគម្លាតទាំងនេះត្រូវបានផ្សារភ្ជាប់ ប្រជាជនកម្ពុជានឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើន។"
យោងតាមព្រឹត្តិបត្រសិក្សាស្រាវជ្រាវស្តីមហាអនុតំបន់ទន្លេមេគង្គ ដោយអង្គការវិទ្យាស្ថានខ្មែរសម្រាប់កិច្ចសហប្រតិបត្តិការ និងសន្តិភាព បានឱ្យដឹងថា តំបន់ទីក្រុង និងជាយក្រុងមានអត្រាប្រើប្រាស់សេវាធនាគារតាមទូរសព្ទខ្ពស់ ប៉ុន្តែតំបន់ជនបទមួយចំនួននៅតែជួបបញ្ហាប្រឈម។
នៅក្នុងឆ្នាំ ២០២៤ អត្រាអ្នកប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជាមានការកើនឡើង ៥៦% ខណៈដែលចំនួនអ្នកប្រើប្រាស់ទូរសព្ទចល័តបានកើនដល់ ១៤៤% ធៀបនឹងចំនួនប្រជាជនសរុប។
ការទូទាត់តាមឌីជីថលកំពុងផ្លាស់ប្តូរមុខមាត់វិស័យហិរញ្ញវត្ថុរបស់កម្ពុជាយ៉ាងឆាប់រហ័ស។ ជាក់ស្តែង ប្រតិបត្តិការធនាគារតាមទូរសព្ទក្នុងឆ្នាំ ២០២៣ បានកើនឡើងដល់ប្រមាណ ១៦៤ ពាន់លានដុល្លារអាមេរិក ខណៈដែលប្រតិបត្តិការធនាគារតាមអ៊ីនធឺណិតបែបប្រពៃណីហាក់មានការថមថយ។ របាយការណ៍នេះបានបញ្ជាក់ថា សេវាធនាគារតាមទូរសព្ទបានក្លាយជាមធ្យោបាយដ៏សំខាន់បំផុតសម្រាប់សេវាកម្មហិរញ្ញវត្ថុ៕