កម្មវិធីអភិវឌ្ឍន៍បុគ្គលិកកម្មសិក្សាធនាគារ វីង ជួយយុវជនមកពីជនបទផ្លាស់ប្តូរជីវិតទាំងការរីកចម្រើនសមត្ថភាពផ្ទាល់ខ្លួន និងអាជីពការងារ

ជាក្មេងស្រីដែលរស់នៅភូមិដាច់ស្រយាលមួយក្នុងខេត្តតាកែវ យុវតី យ៉ុន ស្រីពៅ បានចាប់យកក្តីស្រមៃបន្តការសិក្សាថ្នាក់មហាវិទ្យាល័យនៅរាជធានីភ្នំពេញ ដែលមិនមានសមាជិកណាម្នាក់នៅក្នុងគ្រួសាររបស់នាងបានបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សានេះឡើយ។ ដោយមានបំណងប្រាថ្នាយ៉ាងខ្លាំងចង់ជួយលើកកម្ពស់ជីវភាពគ្រួសារឱ្យរួចផុតពីភាពក្រីក្រ យុវតី ស្រីពៅបានចាប់យកឱកាសផ្លាស់ប្តូរជីវិតមួយក្នុងឆ្នាំ២០២៤ ពេលដែលនាងបានចូលរួមក្នុងកម្មវិធីអភិវឌ្ឍន៍បុគ្គលិកកម្មសិក្សារបស់ធនាគារដ៏ធំមួយនៅភ្នំពេញ។ ចាប់តាំងពីពេលនោះមក ស្រីពៅទទួលបានភាពរីកចម្រើនទាំងសមត្ថភាពផ្ទាល់ខ្លួន និងអាជីពការងាររបស់គាត់។ ឥឡូវនេះ យុវតី ស្រីពៅនឹងចែករំលែកពីដំណើរជីវិតរបស់នាងដើម្បីជំរុញទឹកចិត្តដល់យុវជនដទៃទៀតឱ្យចាប់យកឱកាសដ៏មានសក្តានុពលនេះ ព្រោះវាបានជួយឱ្យនាង មានចំណេះជំនាញ ភាពក្លាហាន ហើយថែមទាំងទទួលបានចំណូលថេរដើម្បីផ្គត់ផ្គង់​ខ្លួនឯង និងគ្រួសារថែមទៀតផង។ កញ្ញា យ៉ុន ស្រីពៅ បច្ចុប្បន្នមានអាយុ ២៣ឆ្នាំ កំពុងបម្រើការងារជាទីប្រឹក្សាសេវាកម្មអតិថិជននៅធនាគារ វីង សាខាទួលគោក ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលរយៈពេល៦ខែពីកម្មវិធីអភិវឌ្ឍន៍បុគ្គលិកកម្មសិក្សារបស់ធនាគារ វីងកាលពីឆ្នាំមុន។ ឆ្លៀត​ពេលសម្រាកពីការងារ យុវតីស្រីពៅក៏ជានិស្សិតកំពុងបន្តការសិក្សាផ្នែកគណនេយ្យឆ្នាំទី៤ នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដាផងដែរ។ ជាកូនស្រីពៅនៅក្នុងបន្ទុកគ្រួសារដែលមានសមាជិក៨នាក់ ស្រីពៅ បានខិតខំសិក្សានៅវិទ្យាល័យដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យក្នុងរាជធានីភ្នំពេញនៅអាយុ១៨ឆ្នាំ។ បន្តដំណើរជីវិតតែម្នាក់ឯងនៅក្នុងទីក្រុង យុវតីស្រីពៅបានតស៊ូជម្នះឧបសគ្គគ្រប់យ៉ាងដើម្បីសម្រេចគោលដៅផ្លាស់ប្តូរជោគវាសនាគ្រួសាររបស់នាងតាមរយៈការរកប្រាក់ចំណូលមួយដែលល្អប្រសើរជាងមុន។ ស្រីពៅ បានរម្លឹករឿងរ៉ាវពីអតីតកាលថា៖ “កាលនៅតូចៗ ខ្ញុំតែងតែគិតថាគ្រួសារខ្ញុំមិនមានជីវភាពល្អដូចគ្រួសារដទៃឡើយ។ ខ្ញុំគ្រាន់តែប្រាថ្នារៀនឱ្យចប់ ហើយទទួលបានការងារមួយដែលមានចំណូលជាប់លាប់ដើម្បីជួយដល់គ្រួសារ។” ក្នុងអំឡុងនៃការសិក្សាឆ្នាំទី២ និងទី៣ នៅសាកលវិទ្យាល័យ ស្រីពៅ បានឆ្លៀតពេលធ្វើការក្រៅម៉ោងនៅផ្សារទំនើបមួយឋិតនៅខណ្ឌសែនសុខក្នុងរាជធានីភ្នំពេញ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១០ ឬ១១យប់ […]

ចេញផ្សាយនៅ: Apr 25, 2025

ជាក្មេងស្រីដែលរស់នៅភូមិដាច់ស្រយាលមួយក្នុងខេត្តតាកែវ យុវតី យ៉ុន ស្រីពៅ បានចាប់យកក្តីស្រមៃបន្តការសិក្សាថ្នាក់មហាវិទ្យាល័យនៅរាជធានីភ្នំពេញ ដែលមិនមានសមាជិកណាម្នាក់នៅក្នុងគ្រួសាររបស់នាងបានបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សានេះឡើយ។ ដោយមានបំណងប្រាថ្នាយ៉ាងខ្លាំងចង់ជួយលើកកម្ពស់ជីវភាពគ្រួសារឱ្យរួចផុតពីភាពក្រីក្រ យុវតី ស្រីពៅបានចាប់យកឱកាសផ្លាស់ប្តូរជីវិតមួយក្នុងឆ្នាំ២០២៤ ពេលដែលនាងបានចូលរួមក្នុងកម្មវិធីអភិវឌ្ឍន៍បុគ្គលិកកម្មសិក្សារបស់ធនាគារដ៏ធំមួយនៅភ្នំពេញ។ ចាប់តាំងពីពេលនោះមក ស្រីពៅទទួលបានភាពរីកចម្រើនទាំងសមត្ថភាពផ្ទាល់ខ្លួន និងអាជីពការងាររបស់គាត់។ ឥឡូវនេះ យុវតី ស្រីពៅនឹងចែករំលែកពីដំណើរជីវិតរបស់នាងដើម្បីជំរុញទឹកចិត្តដល់យុវជនដទៃទៀតឱ្យចាប់យកឱកាសដ៏មានសក្តានុពលនេះ ព្រោះវាបានជួយឱ្យនាង មានចំណេះជំនាញ ភាពក្លាហាន ហើយថែមទាំងទទួលបានចំណូលថេរដើម្បីផ្គត់ផ្គង់​ខ្លួនឯង និងគ្រួសារថែមទៀតផង។

កញ្ញា យ៉ុន ស្រីពៅ បច្ចុប្បន្នមានអាយុ ២៣ឆ្នាំ កំពុងបម្រើការងារជាទីប្រឹក្សាសេវាកម្មអតិថិជននៅធនាគារ វីង សាខាទួលគោក ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលរយៈពេល៦ខែពីកម្មវិធីអភិវឌ្ឍន៍បុគ្គលិកកម្មសិក្សារបស់ធនាគារ វីងកាលពីឆ្នាំមុន។ ឆ្លៀត​ពេលសម្រាកពីការងារ យុវតីស្រីពៅក៏ជានិស្សិតកំពុងបន្តការសិក្សាផ្នែកគណនេយ្យឆ្នាំទី៤ នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដាផងដែរ។

ជាកូនស្រីពៅនៅក្នុងបន្ទុកគ្រួសារដែលមានសមាជិក៨នាក់ ស្រីពៅ បានខិតខំសិក្សានៅវិទ្យាល័យដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យក្នុងរាជធានីភ្នំពេញនៅអាយុ១៨ឆ្នាំ។ បន្តដំណើរជីវិតតែម្នាក់ឯងនៅក្នុងទីក្រុង យុវតីស្រីពៅបានតស៊ូជម្នះឧបសគ្គគ្រប់យ៉ាងដើម្បីសម្រេចគោលដៅផ្លាស់ប្តូរជោគវាសនាគ្រួសាររបស់នាងតាមរយៈការរកប្រាក់ចំណូលមួយដែលល្អប្រសើរជាងមុន។

ស្រីពៅ បានរម្លឹករឿងរ៉ាវពីអតីតកាលថា៖ “កាលនៅតូចៗ ខ្ញុំតែងតែគិតថាគ្រួសារខ្ញុំមិនមានជីវភាពល្អដូចគ្រួសារដទៃឡើយ។ ខ្ញុំគ្រាន់តែប្រាថ្នារៀនឱ្យចប់ ហើយទទួលបានការងារមួយដែលមានចំណូលជាប់លាប់ដើម្បីជួយដល់គ្រួសារ។”

ក្នុងអំឡុងនៃការសិក្សាឆ្នាំទី២ និងទី៣ នៅសាកលវិទ្យាល័យ ស្រីពៅ បានឆ្លៀតពេលធ្វើការក្រៅម៉ោងនៅផ្សារទំនើបមួយឋិតនៅខណ្ឌសែនសុខក្នុងរាជធានីភ្នំពេញ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១០ ឬ១១យប់ ហើយពេលខ្លះ​ត្រលប់ទៅដល់ផ្ទះយប់ជ្រៅក៏មាន អាស្រ័យលើម៉ោង​កំណត់ត្រូវបញ្ចប់ការងារ។

ស្រីពៅបាននិយាយថា៖ “ខ្ញុំត្រូវធ្វើការដល់យប់ជ្រៅជារៀងរាល់ថ្ងៃ ហើយវាពិតជាលំបាកណាស់សម្រាប់ខ្ញុំជាក្មេងស្រី។”

ដោយសារការងារក្រៅម៉ោងនោះមិនមានអំណោយ​ផល ស្រីពៅក៏បានសម្រេចចិត្តឈប់ធ្វើការយប់ជ្រៅតទៅទៀត ហើយចាប់ផ្តើមស្វែងរកឱកាសការនៅកន្លែងផ្សេង ឬការងារហាត់ការណាដែលផ្តល់នូវប្រាក់ឧបត្ថម្ភដើម្បីជួយឱ្យនាងទទួលបា​នលុយកាក់ខ្លះ និងផ្តល់ជំនាញសមស្របមួយ ដែលនឹងមិនរំខានដល់ការសិក្សា ឬគំរាមកំហែងដល់សុវត្ថិភាពរបស់នាងទៀតនោះឡើយ។

កម្មវិធីអភិវឌ្ឍន៍បុគ្គលិកកម្មសិក្សា

ស្រីពៅ មានការចង់ដឹងជាខ្លាំងអំពី វីង ដែលធ្លាប់ជាភ្នាក់ងារផ្ទេរប្រាក់តែមួយគត់នៅកម្ពុជា។ មកទល់បច្ចុប្បន្ន វីង បានវិវឌ្ឍខ្លួនយ៉ាងឆាប់រហ័សក្លាយជាធនាគារពាណិជ្ជពេញលេញមួយ ដោយបានដើរតួនាទីយ៉ាងសំខាន់សម្រាប់វិស័យហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យស្រីពៅកាន់តែមានចំណាប់អារម្មណ៍ខ្លាំងឡើងចង់ក្លាយជាផ្នែកមួយនៃស្ថាប័ននេះ។

ថ្ងៃមួយ ពេលកំពុងធ្វើដំណើរឆ្លងកាត់ក្នុងទីក្រុង នាងបានជក់ចិត្តនឹងអគារ ធនាគារ វីង ថៅវើ​ ដែលមើលទៅអស្ចារ្យ ហើយនាងមានអារម្មណ៍ចង់ធ្វើការនៅទីនេះភ្លាមៗតែម្តង។

ក្រោយមក ពេលដែលនាងកំពុងបើកមើលបណ្តាញសង្គម Facebook ស្រីពៅក៏បានឃើញការផ្សព្វផ្សាយពីកម្មវិធីអភិវឌ្ឍន៍បុគ្គលិកម្មសិក្សារបស់ធនាគារ វីង ដែលជាកម្មវិធីបណ្តុះបណ្តាលការងារដោយផ្ទាល់មួយត្រូវបានបង្កើតឡើងជួយដល់សិស្ស-និស្សិតដែលមានចំណាប់អារម្មណ៍បម្រើការងារក្នុងវិស័យហិរញ្ញវត្ថុ ក៏ដូចជាយុវជនដែលចង់បានជំនាញដ៏មានសក្តានុពលមួយ​ ហើយទទួលបានប្រាក់ចំណូលសមរម្យក្នុងពេលកំពុងបន្តការសិក្សា។

ស្រីពៅ បានមើលឃើញឱកាសដ៏ពិសេសនេះដើម្បីចូលបម្រើការងារនៅក្នុងក្រុមហ៊ុនហិរញ្ញវត្ថុធំមួយនេះ ហើយក៏បានសម្រេចចិត្តដាក់ពាក្យចូលរួមក្នុងកម្មវិធីអភិវឌ្ឍន៍បុគ្គលិកកម្មសិក្សារបស់ធនាគារ វីង​ នៅខែកុម្ភៈ ឆ្នាំ២០២៤។ ស្រីពៅ​បានរៀបរាប់ថា៖​ “ខ្ញុំមិននឹកស្មានទាល់តែសោះថាខ្ញុំត្រូវបានជ្រើសរើស ព្រោះវាថ្មីសម្រាប់ខ្ញុំ ហើយមិនមានបទពិសោធន៍ពាក់ព័ន្ធការងារនេះថែមទៀតផង ចំណែកឯចំណេះដឹងភាសាអង់គ្លេសក៏នៅមានកម្រិតផងដែរ។”

យ៉ាងនេះក្តី ស្រីពៅត្រូវបានជ្រើសរើសក្នុងជុំទី១សម្រាប់ការចូលរួមនៅក្នុងកម្មវិធីនេះ។ ស្រពៅបានពន្យល់ប្រាប់ថា៖ “បន្ទាប់ពីចូលបម្រើការងារនៅធនាគារ វីង ទើបខ្ញុំដឹងថាអ្វីដែលបានគិតទុកមុន គឺផ្ទុយស្រឡះតែម្តង។ តាមពិត ឱកាសការងារសម្រាប់កម្មវិធីអភិវឌ្ឍន៍បុគ្គលិកកម្មសិក្សានេះផ្តល់ជូនដល់សិស្ស-និស្សិត​ ដោយមិនទាមទារនូវបទពិសោធន៍ការងារក្នុងវិស័យធនាគារនោះឡើយ។ ឱកាសដែលផ្តល់ជូននេះគឺជួយ​ឱ្យបេក្ខជនអាចរីកចម្រើននៅទីនេះផ្ទាល់តែម្តង។”

ស្រីពៅបានរៀបរាប់បន្តទៀតថា៖ “ខ្ញុំមានការភិតភ័យជាខ្លាំង ព្រោះគិតថា ធនាគារ​ វីង ជាក្រុមហ៊ុនដ៏ធំមួយ ហើយខ្ញុំមិនមានជំនាញខាងវិស័យធនាគារ និងហិរញ្ញវត្ថុឡើយ។ ខ្ញុំខ្លាចថាពេលគេសួរខ្ញុំ ខ្ញុំមិនអាចឆ្លើយបានល្អ ហើយនឹងបរាជ័យក្នុងការសម្ភាសន៍តែម្តង។”

យ៉ាងណាមិញ ស្រីពៅ បានជាប់ក្នុងការសម្ភាសន៍ដោយជោគជ័យ ហើយទទួលបានឱកាសការងារមួយដែលផ្តល់នូវប្រាក់ឧបត្ថម្ភដ៏ល្អ ដែលអនុញ្ញាតឱ្យនាងទទួលបានទាំងចំណេះដឹងអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន និងហិរញ្ញវត្ថុសម្រាប់ទំនុកបម្រុងផ្ទាល់ខ្លួនផងដែរ។ ក្នុងដំណាក់កាលដំបូង នៃការចូលរួមក្នុងកម្មវិធីអភិវឌ្ឍន៍បុគ្គលិកកម្មសិក្សា ស្រីពៅទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ១៥០ ដុល្លារ ហើយនៅក្នុងដំំណាក់កាលទី២ ប្រាក់ឧបត្ថម្ភនេះបានកើនដល់ ១៨០ដុល្លារក្នុងមួយខែ។ ប្រាក់ឧបត្ថម្ភនេះជួយឱ្យនាងបន្តការសិក្សាបានយ៉ាងរលូន។

ភាពខុសគ្នា​រវាង​ការសិក្សា និងការបណ្តុះបណ្តាលនៅនឹងកន្លែងការងារដោយផ្ទាល់

តាមរយៈការបណ្តុះបណ្តាលពីកម្មវិធីអភិវឌ្ឍន៍បុគ្គលិកកម្មសិក្សា ស្រីពៅទទួលបាននូវភាពរីកចម្រើនគួរឱ្យកត់សម្គាល់ទាំងភាពរីកចម្រើនលើជំនាញទន់ ហើយចំណេះដឹងក្នុងវិស័យធនាគាររបស់នាង​ក៏រីកចម្រើនជាងមុន ដែលលើសពីអ្វីដែលនាងបានរៀននៅក្នុងសាលា។

ស្រីពៅ បាននិយាយថា៖ “វាមានភាពខុសគ្នាពីអ្វីដែលខ្ញុំរៀននៅក្នុងសាលា ដែលខ្ញុំរៀនទាក់ទងនឹងការគណនាប៉ុន្តែឱកាសហាត់ការនៅធនាគារ វីង ខ្ញុំរៀនអំពីសេវាកម្មបម្រើអតិថិជន។ ធនាគារ វីង ផ្តល់ឱកាសជាច្រើនសម្រាប់ខ្ញុំ ជាពិសេសសិស្ស-និស្សិតដែលមិនធ្លាប់មានបទពិសោធន៍ក្នុងវិស័យធនាគារ ដែល​ចាប់ពីពេលនេះពួកគេអាច មានលទ្ធភាពអភិវឌ្ឍចំណេះជំនាញបានយ៉ាងប្រសើរ។”

ក្នុងអំឡុងនៃការបណ្តុះបណ្តាលរយៈ៦ខែ ស្រីពៅទទួលបានជំនាញទន់ (ផ្តោតលើការផ្តល់សេវាបម្រើអតិថិជន), ជំនាញរឹង ក៏ដូចជាបទពិសោធន៍អនុវត្តការងារផ្ទាល់ក្នុងនាមជាបុគ្គលិកបេឡាធិការដែលជួយសម្របសម្រួលលើការបំពេញឯកសារទាក់ទងនឹងប្រតិបត្តិការហិរញ្ញវត្ថុ និងការផ្តល់ឥណទានជាដើម។ ស្រីពៅ បាននិយាយថា មានឱកាសច្រើនជាងបញ្ហាប្រឈម ព្រោះបុគ្គលិកធនាគារ វីង តែងតែយកចិត្តទុកដាក់លើការជួយជ្រោមជ្រែង ដោយផ្តល់នូវការណែនាំ ក៏ដូចជាហ្វឹកហាត់ និងចែករំលែកចំណេះដឹងល្អៗទៅដល់បុគ្គលិកហាត់ការ។

ដំបូងឡើយ ស្រីពៅ មិនមានការរំពឹងទុកច្រើនឡើយពីការបណ្តុះបណ្តាលនៃកម្មវិធីនេះ។ ប៉ុន្តែជាក់ស្តែង ស្រីពៅមិនត្រឹមតែទទួលបានបទពិសោធន៍ការងារអនុវត្តជាក់ស្តែងនៅក្នុងវិស័យធនាគារប៉ុណ្ណោះទេ ថែមទាំងទទួលបាននូវប្រាក់បៀវត្សដែលជួយផ្គត់ផ្គង់លើការចំណាយប្រចាំខែ និងការសិក្សារបស់នាងផងដែរ។

លើកកម្ពស់ជីវភាព និងការផ្លាស់ប្តូរខ្លួនឯងកាន់តែប្រសើរឡើង

គ្រាដែលស្រីពៅធ្វើការរហូតដល់យប់ជ្រៅនៅផ្សារទំនើប នាងទទួលបានប្រាក់ខែប្រហែល ២០០ដុល្លារអាមេរិកក្នុងមួយខែ ដែលចំណូលនេះមិនអាចរ៉ាប់រងលើការចំណាយប្រចាំថ្ងៃ ថ្លៃសិក្សា និងបន្ទប់ជួលស្នាក់នៅបាននោះឡើយ។ ប៉ុន្តែក្រោយទទួលបានឱកាសការងារពេញម៉ោង ការផ្លាស់ប្តូរជាវិជ្ជមានយ៉ាងច្រើនបានកើតឡើងចំពោះស្រីពៅ ដែលនាងចាប់ផ្តើមមានប្រាក់ខែល្អប្រសើរ ហើយបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនកាន់តែរឹងមាំ និងរីកចម្រើនជាងមុនថែមទៀត។

ជាក្មេងស្រីមកពីភូមិជនបទមួយដែលស្ថិតនៅជិតតំបន់ព្រំដែនកម្ពុជា-វៀតណាម ស្រីពៅធ្លាប់មានភាពខ្មាសអៀនច្រើន និងភ័យខ្លាចអ្នកនៅជុំវិញ។ ប៉ុន្តែក្រោយពីបានផ្លាស់ប្តូរមករស់នៅរាជធានីភ្នំពេញដើម្បីបន្តការសិក្សា និងស្វែងរកឱកាសការងារ ស្រីពៅបានក្លាយជាយុវតីមានភាពក្លាហានជាងមុន ហើយអាចពឹងពាក់លើខ្លួនឯងបាន ដោយទទួលបាននូវជំនាញដឹកនាំជីវិត ​និងតែងតែប្រកាន់ភ្ជាប់នូវអាកប្បកិរិយាវិជ្ជមានក្នុងការរស់នៅប្រចាំថ្ងៃ។ បន្ថែមលើនេះ ស្រីពៅតែងតែយកចិត្តទុកដាក់រៀនសូត្រលើការអភិវឌ្ឍជំនាញវិជ្ជាជីវៈរបស់នាងនៅកន្លែងធ្វើការឱ្យមានភាពប្រសើរឡើងជាបន្តបន្ទាប់។

ក្រៅពីភាពរីកចម្រើនសមត្ថភាពផ្ទាល់ខ្លួន ស្រីពៅក៏មានឯករាជ្យភាពហិរញ្ញវត្ថុ ព្រោះនាងមានប្រាក់ខែសមរម្យមួយក្នុងការផ្គត់ផ្គង់លើការសិក្សា និងការចំណាយប្រចាំថ្ងៃ មិនដូចពេលពីមុនដែលត្រូវការឧបត្ថម្ភពីម្តាយរបស់នាងទៀតឡើយ។ ស្រីពៅបាននិយាយទាំងក្តីរំភើបថា៖ “ឥឡូវ ខ្ញុំអាចរកលុយផ្គត់ផ្គង់សម្រាប់ខ្លួនបានហើយ។”

ភាពក្លាហាន ក៏ដូចភាពជឿជាក់ដែលនាងមាន ក៏បានមកពីការរៀនសូត្រពីរបៀបដែលនាងដោះស្រាយបញ្ហានៅកន្លែងធ្វើការ។ ស្រីពៅ ធ្លាប់់ជួបបញ្ហាប្រឈមនៅពេលដែលនាងប្រាស្រ័យទាក់ទងជាមួយអតិថិជន ដែលជួនកាលពួកគាត់ហាក់បង្ហាញអារម្មណ៍មិនពេញចិត្តត្រង់ចំណុចណាមួយ។ យ៉ាងណាក្តី ស្រីពៅ បានតាំងចិត្តដោះស្រាយបញ្ហាទាំងនោះដល់អតិថិជនដោយសន្តិវិធី។

ស្រីពៅ ជឿថាការងាររបស់នាងនៅ ធនាគារ វីង ក៏ជាផ្នែកមួយនៃការជួយសង្គមដោយប្រយោល ដ្បិតថានាងជួយដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់ប្រជាជនតាមរយៈការជួយសម្របសម្រួលើការរៀបចំសំណើរកម្ចី និងការផ្ទេរប្រាក់ទាំងតាមអនឡាញ និងក្រៅប្រព័ន្ធអ៉ិនធឺណេត ដើម្បីធានាបានថាប្រជាជនកម្ពុជាទទួលបាននូវបទពិសោធន៍ក្នុងការប្រើប្រាស់សេវា​ធនាគារដែលងាយស្រួលប្រើប្រាស់ រហ័ស និងមានសុវត្ថិភាពខ្ពស់។

“បើគ្មានធនាគារ វីង​ ទេ ខ្ញុំមិនដឹងត្រូវធ្វើបែបណានោះទេ។” ស្រីពៅបាននិយាយរៀបរាប់ ដោយលើកទឹកចិត្តទៅដល់មិត្តភក្តិរបស់នាង ក៏ដូចជាសិស្ស​​-និស្សិតដទៃទៀតឱ្យចាប់យកបទពិសោធន៍ការងារ​ហាត់ការដែលទទួលបានប្រាក់ឧបត្ថម្ភសមស្រប។ ស្រីពៅបានគូសបញ្ជាក់ថា៖ “ពេលដែលបេក្ខជនទទួលបានឱកាសចូលរួមនៅក្នុងកម្មវិធីអភិវឌ្ឍន៍បុគ្គលិក​កម្មសិក្សារបស់ធនាគារ វីង ពួកគេនឹងទទួលបានការហ្វឹកហាត់ពីចំណុចសូន្យ រហូតដល់ពួកគេអាចមានសមត្ថភាពស្វែងរកការងារដោយខ្លួនឯងបាន។”

ការលើកកម្ពស់ឱកាសការងារ​សម្រាប់សិស្ស និងនិស្សិតកម្ពុជា

យោងតាមលោក កាំង តាំង នាយកគ្រប់គ្រងការបណ្តុះបណ្តាល និងសេវាកម្មបុគ្គលិកនៃធនាគារ វីង បានឱ្យដឹងថា កម្មវិធីនេះមានគោលបំណងជួយពន្លឿនការអភិវឌ្ឍអាជីពការងារដែលមានរយៈពេល៤ទៅ៦ខែ ដែលត្រូវបានបង្កើតឡើងជាពិសេសសម្រាប់យុវជនកម្ពុជាដែលមានសមត្ថភាព តែខ្វះលទ្ធភាពហិរញ្ញវត្ថុដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យ។

លោក កាំង តាំង បានលើកឡើងថា៖ “កម្មវិធីនេះជួយដល់យុវជនមានសក្តានុពល ប៉ុន្តែខ្វះលទ្ធភាពទទួលបានការអប់រំនៅថ្នាក់ឧត្តមសិក្សា។ យើងជួយឱ្យពួកគេនូវការបណ្តុះបណ្តាល ការទំនុកបម្រុង និងឱកាសការងារពិតប្រាកដ ដែលអនុញ្ញាតឱ្យពួកគេកសាងអនាគតមួយកាន់តែប្រសើរ ទោះបីមិនមានសញ្ញាបត្រ ឬបទពិសោធន៍ការងារពីមុនមកក្តី។”

បេក្ខជនចូលរួមនៅក្នុងកម្មវិធីអភិវឌ្ឍន៍បុគ្គលិកកម្មសិក្សារបស់ធនាគារ វីង ទទួលបានការគាំទ្រយ៉ាងពេញលេញមួយដើម្បីជួយជំរុញអាជីពរបស់ពួកគេឱ្យរីកចម្រើនបានលឿនរហ័ស។ បេក្ខជនទាំងអស់ នឹងទទួលបាននូវជំនួយហិរញ្ញវត្ថុ និងសុខុមាលភាព រួមទាំងប្រាក់ឧបត្ថម្ភប្រចាំខែ ធានារ៉ាប់រងសុខភាព ធានារ៉ាប់រងគ្រោះថ្នាក់ការងារ និងផ្តល់នូវកន្លែងស្នាក់នៅឥតគិតថ្លៃ ដែលធ្វើឱ្យពួកគេអាចផ្តោតទាំងស្រុងលើការអភិវឌ្ឍចំណេះ-ជំនាញ ដោយមិនចាំបាច់បារម្ភលើការ​រ៉ាប់រងបន្ទុកចំណាយប្រចាំថ្ងៃនោះឡើយ។

ទន្ទឹមនឹងនេះ ពួកគេក៏ទទួលបាននូវជំនាញទន់ និងជំនាញរឹងដ៏មានតម្លៃតាមរយៈការបណ្តុះបណ្តាលជាប្រព័ន្ធ ក៏ដូចជាបទពិសោធន៍នៃការហ្វឹកហាត់ការងារផ្ទាល់ ដែលផ្តល់ឱ្យពួកគេនូវចំណេះដឹងអនុវត្តជាក់ស្តែងអំពីប្រតិបត្តិការធនាគារ និងសេវាកម្មបម្រើអតិថិជន។ ចំពោះបេក្ខជនដែលមានការតាំងចិត្ត និងឆន្ទៈមោះមុតដើម្បីអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនឱ្យរីកចម្រើន នឹងមានឱកាសខ្ពស់ក្លាយជាបុគ្គលិកពេញសិទ្ធនៅធនាគារ វីង ក្រោយចប់វគ្គបណ្តុះបណ្តាលនៃកម្មវិធីនេះ។

និស្សិតមានសមត្ថភាពមួយចំនួន ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានបង្ខំចិត្តបោះបង់ក្តីស្រមៃបន្តថ្នាក់ឧត្តមសិក្សារបស់ពួកគេដោយសារតែស្ថានភាពនៃសេដ្ឋកិច្ចគ្រួសារ។ ការស្វែងរកការងាធ្វើទៀតសោត ពួកគេត្រូវជួបនូវឧបសគ្គមួយបន្ថែមទៀត ពោលគឺទីផ្សារការងារតម្រូវឱ្យបេក្ខជនមានសញ្ញាបត្របរិញ្ញាបត្រ ចំណេះដឹងភាសាបរទេស និងចំណេះដឹងឌីជីថលជាដើម។

លោក កាំង តាំង បានលើកឡើងថានេះជាចំណុចខ្វះចន្លោះមួយ ​ ដោយលោកបានគូសបញ្ជាក់ថា កត្តាប្រឈមនេះ បានធ្វើឱ្យយុវជនមានទេពកោសល្យជាច្រើនមិនអាចទទួលបានឱកាសការងារ ឬជាប់គាំងក្នុងការងារមិនមានស្ថិរភាព ហើយទទួលបានប្រាក់ខែទាប។

ដើម្បីដោះស្រាយនូវបញ្ហាប្រឈមនេះ ក៏ដូចជារួមចំណែកដល់គោលដៅអភិវឌ្ឍធនធានមនុស្សស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ធនាគារ វីង បានដាក់ឱ្យដំណើរការកម្មវិធីអភិវឌ្ឍន៍បុគ្គលិកកម្មសិក្សានេះឡើង ដែលជាផ្នែកមួយនៃបេសកកម្មអភិវឌ្ឍសង្គមដ៏ទូលំទូលាយរបស់ខ្លួន។

លោក កាំង តាំង បានគូសបញ្ជាក់ថា៖ “យើងមិនតម្រូវឱ្យបេក្ខជនទាំងអស់ចំាបាច់ត្រូវមានសញ្ញាបត្របរិញ្ញបត្រ,ភាសាអង់គ្លេសស្ទាត់ជំនាញ ឬជំនាញឌីជីថលអ្វីនោះឡើយ។ អ្វីដែលយើងឱ្យតម្លៃបំផុត នោះគឺការប្តេជ្ញាចិត្ត ការខិតខំប្រឹងប្រែង និងឆន្ទៈមោះមុតក្នុងការអភិវឌ្ឍសមត្ថភាពឱ្យរីកចម្រើន។”

ចាប់តាំងពីការបើកដំណើរការនៅខែកុម្ភៈ ឆ្នាំ២០២៤ កម្មវិធីនេះបានផ្តល់ការបណ្តុះបណ្តាលការងារផ្ទាល់ទៅដល់បេក្ខជនដែលបញ្ចប់កម្មវិធីនេះដោយជោគជ័យមានចំនួនជាង ៦០នាក់ ក្នុងនោះ២៥% ជាបេក្ខនារី។ បេក្ខជនជាច្រើននាក់បន្ថែមទៀតរំពឹងចូលរួមកម្មវិធីអភិវឌ្ឍន៍បុគ្គលិកកម្មសិក្សារបស់ធនាគារ វីង នៅក្នុងឆ្នាំនេះ។

ដើម្បីដាក់ពាក្យ បេក្ខជនត្រូវភ្ជាប់មកជាមួយសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងអត្តសញ្ញាណប័ណ្ណ រួចផ្ញើទៅកាន់អ៉ីម៉ែល ឬទំព័របណ្តាញសង្គមផ្លូវការរបស់ធនាគារ វីង ដូចជា៖ Facebook, Telegram និង LinkedIn ឬអាចយកទៅដាក់ដោយផ្ទាល់នៅតាមសាខា ធនាគារ វីង ដែលនៅជិតបំផុត៕

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026