ជានាយកប្រតិបត្តិក្រុមហ៊ុន FinTech មួយរូបមែន តែលោក ឡាយ វីឡា មិនប្រើការរស់នៅបែបហ៊ឺហានោះទេ។ ជាច្រើនឆ្នាំមកនេះ ទោះក្រុមហ៊ុនកាក់កបយ៉ាងណា ក៏លោកនៅតែរក្សារបៀបរស់នៅសាមញ្ញដដែល។ ស្របពេលដែលអ្នកដទៃឱ្យតម្លៃភាពជោគជ័យទៅលើរថយន្តទំនើប និងផ្ទះវីឡា សម្រាប់លោក វីឡា វិញ ភាពជោគជ័យគឺការធានាឱ្យបានថា ក្រុមហ៊ុនរបស់គាត់អាចបន្តឈរជើងបានមួយខែទៀត ឬអាចរស់រានឆ្លងផុតរាល់ឧបសគ្គដែលចូលមកដល់។
លោកបានប្រាប់សារព័ត៌មាន Kiripost ថា៖ "មិត្តភក្តិរបស់ខ្ញុំជាច្រើនតែងតែនិយាយថា ឯងមានក្រុមហ៊ុន ឯងមានបុគ្គលិក ឯងមានលុយឱ្យគេខ្ចី ចុះហេតុអីមិនទិញឡានថ្មីជិះទៅ នៅតែជិះម៉ូតូអញ្ចឹង? ខ្ញុំធ្លាប់ឮពាក្យដដែលៗនេះ ជាង ៥ ឆ្នាំមកហើយ។"
"ខ្ញុំមានលុយ ប៉ុន្តែខ្ញុំមិនដែលហ៊ានយកវាទៅវិនិយោគលើអចលនទ្រព្យទេ។ លុយដែលខ្ញុំរកបាន ខ្ញុំសន្សំទុក ដើម្បីធានាថាក្រុមហ៊ុនរបស់ខ្ញុំអាចបន្តដំណើរទៅមុខទៀតបាន។"
ផ្នត់គំនិតនេះហើយ ជាស្នូលដ៏សំខាន់នៃក្រុមហ៊ុន Delightech ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងស្រុកមួយ បង្កើតឡើងដោយលោក វីឡា ក្នុងឆ្នាំ២០១៨។ សព្វថ្ងៃនេះ ក្រុមហ៊ុនមានជំនាញលើការផ្តល់ប្រាក់កម្ចីតាមបែបឌីជីថល និងការវាយតម្លៃឥណទាន តាមរយៈប្រព័ន្ធផ្ទាល់ខ្លួនរបស់ខ្លួន រួមទាំងកម្មវិធីទូរសព្ទដៃ “លុយលឿន (LuyLeun)” ដែលផ្តល់ប្រាក់កម្ចីខ្នាតតូចចាប់ពី ៥០ ដល់ ១.០០០ ដុល្លារ។
ទោះបីជាមានឧបសគ្គធំៗជាច្រើននៅតាមផ្លូវក៏ដោយ ក៏ការលះបង់របស់លោក វីឡា បានជួយឱ្យ Delightech រីកចម្រើនក្លាយជាក្រុមហ៊ុនឌីជីថលឈានមុខគេមួយ ដែលមានបុគ្គលិកជាង ៣០នាក់។ វឌ្ឍនភាពនេះត្រូវបានទទួលស្គាល់នៅក្នុងឆ្នាំ២០២១ នៅពេលដែលក្រុមហ៊ុនបានក្លាយជាជ័យលាភីនៃកម្មវិធី Digital SME ដែលដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការរៀបចំដោយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ (Techo Startup Centre) និងមានការគាំទ្រពីធនាគារ វីង (Wing Bank)។
ការជ្រើសរើសផ្លូវដើរផ្សេងពីគេ
បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យក្នុងឆ្នាំ២០១០ លោក វីឡា បានបន្តការសិក្សាផ្នែកច្បាប់នៅសាកលវិទ្យាល័យន័រតុន មុនពេលបន្តរៀនចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម។ លោកបានចូលបម្រើការងារនៅក្នុងឆ្នាំ២០១៣ ដោយចំណាយពេលជាងមួយទសវត្សរ៍នៅក្នុងវិស័យហិរញ្ញវត្ថុ សន្សំបទពិសោធន៍យ៉ាងក្រាស់ក្រែលលើការប្រមូលបំណុល ការគ្រប់គ្រងទំនាក់ទំនង និងភស្តុភារប្រតិបត្តិការសម្រាប់ក្រុមហ៊ុន FinTech ទើបបង្កើតថ្មី (Startups)។
នៅពេលដែលលោកសម្រេចចិត្តលាឈប់ពីការងារ ដើម្បីចេញរកស៊ីខ្លួនឯង លោក វីឡា បានបញ្ជាក់ថា ប្រាក់ខែដែលលោកទទួលបាននៅពេលនោះ គឺច្រើនជាងអ្វីដែលលោកទទួលបាននៅថ្ងៃនេះ ក្នុងនាមជា CEO ក្រុមហ៊ុនរបស់លោកទៅទៀត។ យ៉ាងណាក្តី លោកនៅតែសម្រេចចិត្តសាកល្បងជាមួយនឹងការផ្លាស់ប្តូរមួយនេះ។
លោក វីឡា បានបន្ថែមថា លោកបានកំណត់ប្រាក់ខែដំបូងរបស់លោកត្រឹមតែ ៣០០ ដុល្លារប៉ុណ្ណោះក្នុងមួយខែ៖ "ខ្ញុំបានផ្លាស់ប្តូរផ្នត់គំនិតខ្លួនឯង។ ពិតណាស់ ប្រសិនបើខ្ញុំគិតតែពីរឿងលុយ ខ្ញុំប្រាកដជាអាចរកប្រាក់ខែបានច្រើនជាងនេះ បើខ្ញុំនៅតែប្រឹងប្រែងធ្វើការងារឱ្យគេដោយមហិច្ឆតា។ ប៉ុន្តែដោយសារតែខ្ញុំចង់រីកចម្រើន ខ្ញុំក៏សម្រេចចិត្តទម្លាក់ប្រាក់ខែខ្លួនឯង ហើយទទួលយកប្រាក់ខែតិចជាងមុន។"
"ផ្នត់គំនិត គឺជារឿងដំបូងដែលខ្ញុំបានរៀនសូត្រ ហើយខ្ញុំតែងតែប្រាប់ប្អូនៗជំនាន់ក្រោយជានិច្ចថា ប្រសិនបើយើងមានផ្នត់គំនិតត្រឹមត្រូវ យើងនឹងអាចផ្លាស់ប្តូរអនាគតរបស់យើងបាន។"
នៅពេលចាប់ផ្តើមសាងសង់អាជីវកម្មនេះក្នុងឆ្នាំ ២០១៨ លោក វីឡា មិនបានប្រាប់គ្រួសាររបស់លោកនោះទេ។ ផ្ទុយទៅវិញ លោកបានលួចសន្សំប្រាក់ដោយស្ងៀមស្ងាត់ រហូតទីបំផុតលោកបានយកប្រាក់ផ្ទាល់ខ្លួនចំនួន ៥.០០០ ដុល្លារ មកវិនិយោគដើម្បីចាប់ផ្តើម។ លោកបាននិយាយថា៖ "ចាត់ទុកថាសំណាងហើយ ដែលខ្ញុំកើតមកក្នុងគ្រួសារដែលបង្រៀនពីរបៀបសន្សំសំចៃ ហើយខ្ញុំក៏មានកញ្ចប់ថវិកាផ្ទាល់ខ្លួន មុនពេលលាឈប់ពីកន្លែងធ្វើការចាស់។"
ក្នុងនាមជាកូនទី៣ នៅក្នុងគ្រួសារមន្ត្រីរាជការ លោក វីឡា មានការតាំងចិត្តជាយូរមកហើយ ក្នុងការត្រួសត្រាយផ្លូវដើរឱ្យខុសពីបងប្អូនរបស់លោក ហើយភាពជាសហគ្រិន គឺជាឱកាសដែលបានផ្តល់ផ្លូវនេះដល់លោក។
ការចាប់ផ្តើមកសាងពីចំណុចសូន្យ នៅថ្ងៃដំបូងៗនៃការបង្កើតក្រុមហ៊ុន Delightech គឺជាអាជីវកម្មខ្នាតតូច ដែលជំរុញដោយគោលដៅសាមញ្ញមួយ គឺ៖ ទាញយកទស្សនវិជ្ជាដឹកនាំដោយ «យកខ្លួនឯងធ្វើជាគំរូ» ដើម្បីផ្តល់ទុនសង្គ្រោះបន្ទាន់ដល់អ្នកដែលកំពុងត្រូវការ។ លោក វីឡា បានរក្សាប្រាក់ខែរបស់លោកឱ្យនៅទាបបំផុត ដោយផ្តោតលើការកសាងបណ្តាញទំនាក់ទំនង រៀនសូត្រពីអ្នកជំនាញ (Mentors) និងយកប្រាក់រាល់ដុល្លារដែលរកបាន ទៅវិនិយោគបញ្ចូលក្នុងអាជីវកម្មវិញ។
រហូតមកដល់ឆ្នាំ ២០២១ ក្រុមហ៊ុនត្រូវបានចុះបញ្ជីជាផ្លូវការក្រោមឈ្មោះ Delightech Co., Ltd.។ ឆ្នាំដដែលនោះ ក៏ជាចំណុចរបត់មួយផងដែរ ដោយក្រុមហ៊ុនបានចាប់ផ្តើមអភិវឌ្ឍប្រព័ន្ធផ្តល់ប្រាក់កម្ចីតាមបែបឌីជីថលពេញលេញមួយ ដែលមានឈ្មោះថា "លុយលឿន (LuyLeun)"។
សព្វថ្ងៃនេះ ប្រព័ន្ធមួយនេះកំពុងបម្រើអតិថិជនប្រមាណ ១.០០០ នាក់ជារៀងរាល់ខែ ចាប់ពីសហគ្រាសធុនតូច និងមធ្យម (SMEs) រហូតដល់អ្នកខ្ចីប្រាក់ជាបុគ្គល ដោយមានអតិថិជនសរុបប្រហែល ១០.០០០ នាក់ បានប្រើប្រាស់សេវាកម្មនេះ ចាប់តាំងពីដំណើរការមក។
លោកបានមានប្រសាសន៍ ដោយសង្កត់ធ្ងន់ទៅលើការយកចិត្តទុកដាក់របស់ក្រុមហ៊ុន ក្នុងការកសាងទំនុកចិត្តជាមួយអតិថិជនថា៖ "យើងចង់ផ្តល់សេវាកម្មប្រកបដោយវិជ្ជាជីវៈខ្ពស់ជូនដល់ពួកគេ។"
"សម្រាប់ខ្ញុំដែលធ្លាប់ធ្វើការងារក្នុងវិស័យកម្ចីប្រាក់ ខ្ញុំមើលឃើញថា ខ្ញុំមិនបានផ្តោតលើអត្រាការប្រាក់ខ្ពស់ ឬទាបនោះទេ តែខ្ញុំកំពុងនិយាយអំពីសេវាកម្ម និងភាពងាយស្រួល។ សេវាកម្មល្អ រហ័ស និងងាយស្រួល គឺទាមទារការចំណាយ។ គ្មានរបស់ល្អណាដែលថោកនោះទេ... របស់ដែលល្អ គឺតែងតែមានតម្លៃ។"
ការទទួលស្គាល់បានកើតឡើងតាំងពីដំណាក់កាលដំបូងៗមកម្ល៉េះ នៅពេលដែល Delightech ស្ថិតក្នុងចំណោមម្ចាស់ជ័យលាភី នៃការប្រកួតប្រជែងធុរកិច្ចថ្មី Digital SME ដែលឧបត្ថម្ភដោយធនាគារ វីង។
ការជម្នះនឹងវិបត្តិ ភាពជាអ្នកដឹកនាំរបស់លោក វីឡា ត្រូវបានដាក់ឱ្យសាកល្បងយ៉ាងពិតប្រាកដក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩។ ដោយមើលឃើញមុនពីការរំខានដែលអាចកើតមាន លោកបានណែនាំឱ្យបុគ្គលិកទាំងអស់យកកុំព្យូទ័រទៅផ្ទះរាល់ថ្ងៃ។ ការសម្រេចចិត្តនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ នៅពេលដែលការបិទខ្ទប់ (Lockdown) បានចូលមកដល់។
"សំណាងហើយ ដែលយើងបានត្រៀមខ្លួនរួចរាល់មុនការបិទខ្ទប់កូវីដ។ ប្រសិនបើយើងមិនបានត្រៀមលក្ខណៈឱ្យបុគ្គលិករបស់យើងទេ ក្រុមហ៊ុនរបស់យើងច្បាស់ជាដួលរលំ និងបិទទ្វារក្នុងអំឡុងពេលនោះមិនខាន។ គ្មានអតិថិជន គ្មានកញ្ចប់ថវិកាសម្រាប់បើកប្រាក់ខែបុគ្គលិក។ ប៉ុន្តែបញ្ហាប្រឈមនេះ ត្រូវបានដោះស្រាយ ដោយសារតែយើងមានការរៀបចំទុកជាមុន។"
ទោះជាយ៉ាងនេះក្តី ក្រុមហ៊ុននៅតែប្រឈមមុខនឹងភាពមិនប្រាកដប្រជាផ្នែកហិរញ្ញវត្ថុ ដែលស្ថានការណ៍កាន់តែអាក្រក់ទៅៗដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ចក្រោយវិបត្តិជំងឺរាតត្បាត។ នៅពេលមួយ Delightech ត្រូវបានបង្ខំឱ្យផ្អាកប្រតិបត្តិការរយៈពេល ៣ ខែ ហើយសមាជិកក្រុមការងារមួយចំនួនក៏បានចាកចេញ។
លោក វីឡា បានមានប្រសាសន៍ថា៖ "នៅពេលនោះ យើងត្រូវផ្អាកប្រតិបត្តិការប្រហែល ៣ខែ។ ពេលនោះពិតជាលំបាកខ្លាំងណាស់។ បុគ្គលិកមួយចំនួនបានចាកចេញពីខ្ញុំ។ សម្រាប់ខ្ញុំ ដោយសារតែខ្ញុំមិនដែលមានការសោកស្តាយនូវអ្វីដែលខ្ញុំបានធ្វើតាំងពីឆ្នាំ២០២១ មក... ដរាបណាខ្ញុំមិនបោះបង់ ខ្ញុំនៅតែអាចបន្តធ្វើវាបាន ទោះបីជាខ្ញុំជួបប្រទះរឿងរ៉ាវជាច្រើនក៏ដោយ។"
"បញ្ហាសម្រុកមកពីគ្រប់ទិសទី។ ខ្ញុំខ្លួនឯង រួមជាមួយសមាជិកយើងមួយចំនួនដែលនៅតស៊ូជាមួយគ្នា បានព្យាយាមដោះស្រាយបញ្ហាដោយសន្តិវិធី។ នៅពេលបញ្ហាកើតឡើង ខ្ញុំព្យាយាមដោះស្រាយវាជាមុនសិន បន្ទាប់មកទើបខ្ញុំបែងចែកវាជាផ្នែកៗ។"
រហូតដល់ឆ្នាំ២០២៤ ក្រុមហ៊ុនបានធ្វើការរៀបចំរចនាសម្ព័ន្ធឡើងវិញ។ ខណៈពេលដែលបុគ្គលិកខ្លះបានបន្តដំណើរទៅមុខ អ្នកខ្លះទៀតនៅតែបន្តរួមរស់ជាមួយគ្នា ហើយក្រុមការងារត្រូវបានកសាងឡើងវិញជាបណ្តើរៗ រហូតមានកម្លាំងពលកម្មរឹងមាំចំនួន ៣០ នាក់ ដូចបច្ចុប្បន្ន។ សព្វថ្ងៃនេះ ក្រុមហ៊ុនបានកំណត់ទិសដៅរបស់ខ្លួន ក្នុងការក្លាយជាធនាគារផ្លូវការមួយនៅត្រឹមឆ្នាំ ២០៣០ ដែលនេះជាសក្ខីភាពបញ្ជាក់ថា ក្រុមហ៊ុនបានដើរមកដល់ចំណុចដ៏ឆ្ងាយមួយពីកន្លែងចាប់ផ្តើម។
លោកបានថ្លែងបន្តថា៖ "ខ្ញុំបានរៀនពីរៀមច្បងរបស់ខ្ញុំថា ការធ្វើជាអ្នកដឹកនាំ គឺទាមទារការអត់ធ្មត់ និងភាពរឹងមាំខ្ពស់។ យើងមិនអាចសម្រេចនូវអ្វីដែលយើងចង់បានទេ ប្រសិនបើយើងមិនមានភាពអត់ធ្មត់"។ លោកបានបន្ថែមថា លក្ខណៈសម្បត្តិទាំងនេះហើយ ដែលជួយឱ្យលោករក្សាជំហរឆ្លងកាត់វិបត្តិ និងកសាងអាជីវកម្មរហូតមកដល់សព្វថ្ងៃ។
ភាពជាអ្នកដឹកនាំ និងឥទ្ធិពលវិជ្ជមាន
សម្រាប់លោក វីឡា ក្រុមហ៊ុន Delightech គឺមានន័យលើសពីអាជីវកម្ម វាគឺជាវេទិកាសម្រាប់ការអភិវឌ្ឍយុវជនជំនាន់ក្រោយ។ ទស្សនវិជ្ជាដឹកនាំរបស់លោក គឺផ្តោតលើសសរស្តម្ភចំនួនបី គឺ៖ កំណើនអាជីពការងារ កំណើនបុគ្គល និងកំណើនហិរញ្ញវត្ថុ។
លោក វីឡា បានសង្កត់ធ្ងន់ថា៖ "វប្បធម៌របស់យើងគឺ 'កំណើនអាជីពការងារ កំណើនបុគ្គល និងកំណើនហិរញ្ញវត្ថុ'។ បុគ្គលិកចាំបាច់ត្រូវតែរីកចម្រើនទាំងជំនាញរឹង (Hard skills) និងជំនាញទន់ (Soft skills)"។ លោកបានបន្ថែមថា ផលជះជាវិជ្ជមាន ក៏ជាធាតុផ្សំដ៏សំខាន់សម្រាប់អ្វីដែលលោកកំពុងធ្វើផងដែរ។
លោកបានមានប្រសាសន៍ថា៖ "យ៉ាងហោចណាស់ ខ្ញុំក៏បានផ្តល់ឱកាសដល់ក្មេងៗជំនាន់ក្រោយ បម្រើអតិថិជនដោយប្រើប្រាស់សេវាកម្មកម្ចីឌីជីថលពីក្រុមហ៊ុនរបស់ខ្ញុំ និងជាបុគ្គលម្នាក់ដែលតំណាងឱ្យប្រទេសកម្ពុជា ក្នុងវិស័យ FinTech ទៅកាន់ប្រទេសផ្សេងៗទៀតដែរ។"
"ខ្ញុំតែងតែម៉ឺងម៉ាត់ចំពោះអ្នកដែលមកធ្វើការជាមួយខ្ញុំ ប៉ុន្តែខ្ញុំហ៊ាននិយាយថា ប្រសិនបើពួកគេស្នាក់នៅធ្វើការជាមួយខ្ញុំ ពួកគេនឹងចេះពីរបៀបធ្វើការ។ ពេលដែលពួកគេចាកចេញពីខ្ញុំ ពួកគេដឹងពីរបៀបធ្វើការច្បាស់លាស់ ហើយខ្ញុំក៏ផ្តល់ឱកាសឱ្យពួកគេបានធ្វើការនៅទីនេះ។ ខ្ញុំបណ្តុះបណ្តាលពួកគេ ហេតុនេះទើបខ្ញុំមានសេចក្តីសុខ។"
ដំបូន្មានសម្រាប់ធុរកិច្ចថ្មី (Startups)
សម្រាប់អ្នកដែលប្រាថ្នាចង់ក្លាយជាសហគ្រិន ដំបូន្មានរបស់លោក វីឡា គឺចាក់ឫសយ៉ាងជ្រៅទៅលើ «ភាពអត់ធ្មត់ និងការសង្កេត» ដោយលោកបានបញ្ជាក់ថា គំនិតអាជីវកម្ម អាចកើតចេញពីការពង្រីកបណ្តាញទំនាក់ទំនងសង្គម និងការស្រាវជ្រាវពីបញ្ហាប្រឈមក្នុងសង្គម ព្រមទាំងវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហាទាំងនោះ។
លោកបានចែករំលែកថា៖ "នៅពេលយើងរៀនសូត្របានកាន់តែច្រើន យើងនឹងមើលឃើញពីចំណុចខ្វះខាតរបស់មនុស្សជុំវិញខ្លួន។ យើងនឹងយល់ដឹងកាន់តែច្បាស់។ នៅក្នុងប្រទេសដែលអភិវឌ្ឍជាងយើង យើងរៀនសូត្រពីរបៀបដែលគេយកបញ្ហាដែលគេជួបប្រទះទៅដោះស្រាយ ហើយយើងរៀនយកវិធីនោះមកដោះស្រាយនៅក្នុងប្រទេសរបស់យើងផ្ទាល់។"
"បើយើងរកមិនទាន់ឃើញបញ្ហាទេ កុំទាន់អាលចាប់ផ្តើមរកស៊ីអី។ ប៉ុន្តែនៅពេលដែលយើងរកឃើញបញ្ហា ហើយប្រសិនបើយើងអាចដោះស្រាយបញ្ហានោះសម្រាប់នរណាម្នាក់បាន ពួកគេនឹងជឿជាក់លើយើង ព្រោះយើងអាចរកដំណោះស្រាយជូនពួកគេបាន។"

