ភាពជោគជ័យផ្តើមចេញពីទំនុកចិត្ត៖ លោកស្រី ដៀប ​សុវណ្ណ សាងភាពជោគជ័យដោយមិនចាំបាច់ឃ្លាតឆ្ងាយពីគ្រួសារ

ដោយមើលឃើញពីតម្រូវការអាជីវករក្នុងតំបន់ផ្សារដ៏មមាញឹកនេះ ដែលត្រូវការនូវសេវាផ្ទេរ និងទទួលប្រាក់មានសុវត្ថិភាពហើយទុកចិត្តបាន លោកស្រី ដៀប ​សុវណ្ណ បានសម្រេចចិត្តចាប់យកអាជីពជាភ្នាក់ងារធនាគារ វីង។ តាមរយៈភាពស្មោះត្រង់ និងសេវាកម្មដ៏ល្អប្រសើរជាប្រចាំ លោកស្រី សុវណ្ណ ទទួលបានទំនុកចិត្តយ៉ាងពេញទំហឹងពីសហគមន៍ អាចពង្រីកអាជីវកម្មរបស់ខ្លួនកាន់តែធំ និងកំពុងប្រតិបត្តិការទីតាំងភ្នាក់ងារធនាគារ វីង ចំនួនបីកន្លែង ព្រមទាំងអាចកសាងអនាគតដ៏រឹងមាំមួយដោយមិនចាំបាច់ឃ្លាតឆ្ងាយពីផ្ទះសម្បែងឡើយ។

ចេញផ្សាយនៅ: May 18, 2026

ក្រោយពីបញ្ចប់ការសិក្សា លោកស្រី ដៀប ​សុវណ្ណ បានចាប់ផ្តើមប្រកបកិច្ចការប្រចាំថ្ងៃមួយចំនួន រួមទាំងការជួយដល់គ្រួសារលក់ដូងនៅផ្សារដើមគរ ក្នុងរាជធានីភ្នំពេញផងដែរ។ ប៉ុន្តែ ទោះបីជាលោកស្រីកំពុងជួយលក់ដូរនៅតូបផ្លែឈើក៏ពិតមែន ក្នុងចិត្តរបស់លោកស្រីតែងតែមាននូវក្តីស្រមៃចង់កសាងអាជីវកម្មផ្ទាល់ខ្លួនមួយ។

 

ជជែកនៅក្នុងកិច្ចសម្ភាសន៍ថ្មីៗនេះជាមួយសារព័ត៌មាន គីរីប៉ុស្តិ៍ លោកស្រី សុវណ្ណ ដែលបច្ចុប្បន្នកំពុងដំណើរការទីតាំងភ្នាក់ងារធនាគារ វីង ចំនួនពីរកន្លែង និងភ្នាក់ងារ វីងម៉ាស្ទ័រ មួយកន្លែងទៀតនោះ បានបង្ហើបពីចក្ខុវិស័យរបស់ខ្លួនក្នុងការបើកដំណើរការ Wingshop នៅប៉ុន្មានឆ្នាំខាងមុខនេះ។

 

លោកស្រីបានរៀបរាប់ថា ទោះបីជាគ្រួសាររំពឹងចង់ឱ្យលោកស្រីបន្តកាន់កាប់មុខរបរលក់ដូងក្រោយពីបញ្ចប់ការសិក្សាក៏ដោយ តែលោកស្រីយល់ឃើញថាការងារនេះមិនស្របតាមក្តីស្រមៃពិតប្រាកដរបស់លោកស្រីឡើយ។ លោកស្រី សុវណ្ណ បានចែករំលែកថា៖ បន្ទាប់ពីខ្ញុំរៀនចប់បរិញ្ញាបត្រ ខ្ញុំបានជួយគ្រួសារលក់ដូងនៅផ្សារដើមគរ។ នៅពេលនោះ ខ្ញុំតែងតែស្រមៃចង់មានអាជីវកម្មផ្ទាល់ខ្លួនមួយ ដោយ​ប្រើប្រាស់នូវសមត្ថភាពរបស់ខ្ញុំ។”

 

ក្នុងអំឡុងពេលគាត់​កំពុងប្រកបរបរលក់ដូង ហើយ​បាន​សង្កេតមើលតំបន់ជុំវិញផ្ទះ​ គាត់គិតថាគួរតែមានមុខរបរផ្សេងទៀតដែលអាចធ្វើបាន ក្រៅពីការលក់ផ្លែដូង។

 

លោកស្រី សុវណ្ណ បាននិយាយថា៖ “ខ្ញុំបានមើលឃើញឱកាសមួយ គឺការបើកភ្នាក់ងារធនាគារ វីង ដើម្បីបម្រើសេវាកម្មដល់ប្រជាពលរដ្ឋនៅជុំវិញទីនេះ ជាពិសេសអ្នកប្រកបអាជីវកម្មតែម្តង ព្រោះទីនេះគឺជាតំបន់ដែលអ៊ូអរខ្លាំង។

 

គ្មាននរណាម្នាក់គាំទ្រខ្ញុំឡើយ

 

នៅពេលដែលលោកស្រី សុវណ្ណ លើកគម្រោងបើកភ្នាក់ងារធនាគារ វីង មកប្រាប់គ្រួសារជាលើកដំបូង គ្មានសមាជិកណាម្នាក់គាំទ្រឡើយ។ ពួកគាត់ចង់ផ្តោតតែលើរបរលក់ដូង និងចង់ឱ្យលោកស្រីបន្តជួយការងារនេះ ព្រោះវាជាអាជីវកម្មប្រចាំគ្រួសារ ហើយពួកគាត់គិតថាវាអាចរកចំណូលបានច្រើនជាងការធ្វើជាភ្នាក់ងារ វីង ទៅទៀត

 

លោកស្រី សុវណ្ណ បានបន្តថា៖ “គ្រួសារខ្ញុំបានប្រាប់ថា ការធ្វើជាភ្នាក់ងារ វីង មិនអាចរកលុយបានច្រើនដូចការបើកមុខរបររកស៊ីផ្សេងនោះទេ។ ទោះបីជាពួកគាត់មានយោបល់បែបនេះក្តី ខ្ញុំនៅតែប្តេជ្ញាចិត្តខ្ពស់ចំពោះផែនការរបស់ខ្ញុំ ហើយខ្ញុំក៏បានដកប្រាក់សន្សំមួយចំនួនមកវិនិយោគតែម្តង។”

 

ដោយសារតែលោកស្រីមានមហិច្ឆតា និងក្តីស្រមៃ លោកស្រីមានឆន្ទៈមោះមុតចង់បង្ហាញឱ្យឃើញថាលោកស្រីពិតជាអាចដឹកនាំមុខរបរក្នុងក្តីស្រមៃនោះទៅមុខដោយរលូនលោកស្រី សុវណ្ណ បានរៀបរាប់ថា៖ “អតិថិជនជាច្រើនបានមកប្រើប្រាស់សេវាកម្មកន្លែងខ្ញុំ តាំងពីខ្ញុំបើកភ្នាក់ងារ វីង ដំបូងម្ល៉េះ។ ក្រោយមក ក្រុមអាជីវករក៏ចាប់ផ្តើមមកប្រើសេវានៅកន្លែងខ្ញុំជាបន្តបន្ទាប់ដែរ។ គិតមកដល់ពេលនេះ គឺមានរយៈពេល ៨ ឆ្នាំហើយដែលខ្ញុំបានចាប់ផ្តើមមុខរបរនេះ។

 

ឥឡូវនេះ ក្រុមគ្រួសារបានទទួលស្គាល់ពីសមត្ថភាពរបស់លោកស្រី ហើយឃើញថាលោកស្រីអាចរកចំណូលបានកាន់តែកាក់កប ថែមទាំងមានពេលវេលានៅជុំគ្នាជាមួយពួកគាត់ទៀតផង។ លោកស្រីនិយាយថា៖ “ខ្ញុំមានពេលវេលាគ្រប់គ្រាន់ក្នុងការជួយមើលថែគ្រួសារ ជាពិសេសខ្ញុំមិនចាំបាច់ឃ្លាតឆ្ងាយពីផ្ទះនោះទេ។ ទន្ទឹមនឹងនេះ ខ្ញុំក៏នៅតែអាចឆ្លៀតពេលជួយការងារលក់ផ្លែដូងរបស់គ្រួសារបាន​ទៀតផង។”

 

លើសពីនេះទៅទៀត លោកស្រី សុវណ្ណ បានបញ្ជាក់ថា ការចាប់យកមុខរបរជាភ្នាក់ងារធនាគារ វីង បានជួយឱ្យលោកស្រីអាចបន្តរៀនសូត្រអ្វីថ្មីៗ និងពេញចិត្តចំពោះការអភិវឌ្ឍរបស់ធនាគារ វីង ដែលបានបើកឱកាសឱ្យលោកស្រីអាចពង្រីកអាជីពការងារក្នុងនាមជាស្ត្រីម្នាក់គ្រប់គ្រងអាជីវកម្ម។ មុខរបរមួយនេះ ក៏បានជួយទ្រទ្រង់អនាគតកូនៗរបស់លោកស្រី ព្រមទាំងធានាបាននូវការកសាងចំណូលឋិតឋេរសម្រាប់គ្រួសារផងដែរ។

 

ពីចំណុចសូន្យ រហូតអាចពង្រីកបាន ៣ ទីតាំង

 

បន្ទាប់ពីប្រឡូកក្នុងវិស័យអាជីវកម្មនេះអស់រយៈពេល ៨ ឆ្នាំ មកទល់ពេលនេះ លោកស្រីគឺជាម្ចាស់ទីតាំងភ្នាក់ងារធនាគារ វីង ចំនួន ២កន្លែង និងភ្នាក់ងារ វីងម៉ាស្ទ័រ ១ កន្លែង។ ភាពជោគជ័យនៃការកសាងពីចំណុចសូន្យរហូតពង្រីកបាន ៣ ទីតាំងនេះ គឺកើតចេញពីសេវាកម្មហិរញ្ញវត្ថុរបស់ធនាគារ វីង ដែលតែងតែឆ្លើយតបគ្រប់តម្រូវការរបស់ប្រជាពលរដ្ឋ។ មិនត្រឹមតែប៉ុណ្ណោះ លោកស្រីក៏បានផ្លាស់ប្តូរពីការគ្រប់​គ្រង​បញ្ជរ​វីង​ម្នាក់ឯងមកជាអ្នកដឹកនាំក្រុមការងារមួយដ៏រឹងមាំផងដែរ។

 

ធនាគារ វីង តែងតែជួយគាំទ្រលោកស្រីក្នុងការដោះស្រាយរាល់បញ្ហាប្រឈមនានាក្នុងអំឡុងពេលប្រតិបត្តិការ ដែលរួមមានការផ្តល់វគ្គបណ្តុះបណ្តាល និងការណែនាំផ្សេងៗ ដើម្បីធានាថាលោកស្រីអាចដំណើរការអាជីវកម្មបានដោយភាពជឿជាក់។ លោកស្រីបានបន្ថែមថា ទោះបីពេលខ្លះមានបញ្ហាបច្ចេកទេស ដូចជាបញ្ហាដំណើរការម៉ាស៊ីនក្តី ក៏ក្រុមការងាររបស់ធនាគារ វីង តែងតែចុះមកជួយបង្រៀន និងណែនាំពីវិធីដោះស្រាយភ្លាមៗដែរ

 

លោកស្រី សុវណ្ណ បាននិយាយថា៖ “អតិថិជនគោលដៅរបស់ខ្ញុំ គឺម្ចាស់អាជីវកម្មខ្នាតតូច ក៏ដូចជាអាជីវករលក់បន្លែ និងផ្លែឈើនៅផ្សារនាគមាស និងផ្សារដើមគរ ក្នុងរាជធានីភ្នំពេញ។ យើងតែងតែផ្តល់ជូននូវសេវាកម្មដ៏ល្អដោយការយកចិត្តទុកដាក់បំផុត ដូច្នេះពួកគាត់មានទំនុកចិត្ត [លើពួកយើង] ហើយមានអារម្មណ៍កក់ក្តៅ និងងាយស្រួលនៅពេលប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់យើង ជាពិសេសទាក់ទងនឹង[ការគាំទ្រ]លំហូរសាច់ប្រាក់តែម្តង។

 

លោកស្រីបានបន្ថែមថា អតិថិជនមិនចាំបាច់រង់ចាំយូរនោះទេ ពួកគាត់ចំណាយពេលត្រឹមតែ ៤ ទៅ ១០ នាទីប៉ុណ្ណោះក្នុងការទូទាត់ថ្លៃទំនិញ និង​ ការផ្ទេរប្រាក់។ ហេតុដូច្នេះហើយ ធនាគារ វីង មិនត្រឹមតែជួយគ្រួសាររបស់លោកស្រី សុវណ្ណ ប៉ុណ្ណោះទេ ថែមទាំងជួយសម្រួលដល់ជីវភាពអាជីវករ និងអ្នកដទៃជាច្រើនទៀតផង។

 

ការកសាងទំនុកចិត្តនៅលើទីផ្សារ

 

ចាប់តាំងពី វីង បានក្លាយទៅជាធនាគារពាណិជ្ជ លោកស្រី សុវណ្ណ ក៏​បានមើលឃើញពីសក្តានុពលនៃការ​រីក​ចម្រើន​ រួមទាំងឱកាសក្នុងការដំឡើងកម្រិតសេវាកម្មរបស់ខ្លួនទៅជាភ្នាក់ងារ វីងម៉ាស្ទ័រ។ ភាពរីកចម្រើននេះ បានអនុញ្ញាតឱ្យលោកស្រីអាចផ្តល់សេវាកម្មកាន់តែច្រើន និងសម្បូរបែប ក្នុងនោះរួមមានទាំងសេវាកម្ចីសម្រាប់អតិថិជនដែលចង់ពង្រីកអាជីវកម្មរបស់ពួកគេផងដែរ។

 

សមត្ថភាពក្នុងការជួយឱ្យអាជីវកម្មខ្នាតតូចអាចរីកចម្រើនបាន ដែលជាក្តីស្រមៃរបស់លោកស្រីនោះ តែងតែនាំមកនូវស្នាមញញឹមជានិច្ច ព្រោះលោកស្រីពិតជាមានសេចក្តីត្រេកអរជាខ្លាំងនៅពេលដែលប្រជាពលរដ្ឋមានទំនុកចិត្តលើសេវាកម្ម និងការគាំទ្ររបស់លោកស្រី។ ជាឧទាហរណ៍ជាក់ស្តែង មានអតិថិជនម្នាក់កំពុងត្រូវការផ្ទេរប្រាក់ជាបន្ទាន់ទៅកាន់ម្តាយរបស់គាត់ដែលកំពុងមានជំងឺ និងត្រូវការចូលសម្រាកនៅមន្ទីរពេទ្យ។ គាត់ចំណាយពេលត្រឹមតែ ៥ នាទីប៉ុណ្ណោះក្នុងការផ្ទេរប្រាក់ ហើយម្តាយរបស់គាត់អាចដកប្រាក់នោះយកទៅប្រើប្រាស់សម្រាប់ការព្យាបាលបានភ្លាមៗ។

 

សូម្បីតែនៅពេលយប់ ក៏សេវាកម្មនៅទីតាំងរបស់លោកស្រីមិនទាន់សម្រាកភ្លាមៗ​នោះដែរ។ លោកស្រីនៅតែបន្ត បម្រើអតិថិជនរហូតដល់ម៉ោង ៨ ឬ ៩ យប់។ លោកស្រី សុវណ្ណ បានបញ្ជាក់ថា ការធ្វើបែបនេះគឺដើម្បីជួយសម្រួលដល់អាជីវករខ្នាតតូច ដែលពួកគាត់ចាំបាច់ត្រូវទូទាត់ប្រាក់ជាមុន មុននឹងទទួលបានទំនិញសម្រាប់យកទៅលក់នៅថ្ងៃបន្ទាប់។

 

លោកស្រី សុវណ្ណ បាននិយាយថា៖ “អតិថិជនរបស់យើងតែងតែសម្តែងការពេញចិត្ត និងកោតសរសើរចំពោះសេវាកម្មរបស់យើង ហើយពួកគាត់តែងតែត្រឡប់មកប្រើសេវាកម្មជាប្រចាំ ក៏ដោយសារតែទំនុកចិត្តដែលយើងបានកសាងឡើង។ អតិថិជនជាច្រើន ថែមទាំងបដិសេធមិនទៅប្រើប្រាស់សេវានៅតាមទីតាំងភ្នាក់ងារ វីង ផ្សេងទៀតឡើយ ដោយសារតែពួកគាត់ចូលចិត្តមករកសេវាកម្មប្រកបដោយគុណភាពខ្ពស់នៅទីនេះ។

 

ការគាំទ្រ និងការផ្តល់ឱកាសបញ្ចេញសមត្ថភាព

 

លោកស្រីបានឱ្យដឹងទៀតថា ធនាគារ វីង តែងតែផ្តល់ឱកាសសម្រាប់ឱ្យលោកស្រីអាចអភិវឌ្ឍ និងបង្កើនជំនាញជារៀងរាល់ឆ្នាំ។ លើសពីនេះទៀត​លោកស្រីក៏អាចចូលរួមក្នុងសន្និសីទ ឬសិក្ខាសាលាប្រចាំឆ្នាំ ដែលអនុញ្ញាតឱ្យលោកស្រីអាចជួបប្រាស្រ័យទាក់ទងជាមួយភ្នាក់ងារផ្សេងៗទៀត ដើម្បីជួយពង្រីកបណ្តាញទំនាក់ទំនងឱ្យកាន់តែទូលំទូលាយ។

 

លោកស្រីបាន​និយាយថា​ គាត់នឹងបន្តធ្វើការជាមួយធនាគារ វីង ជារៀង​រហូត​។ ដោយលើកឡើងពីបទពិសោធន៍ និងសមិទ្ធផលដែលខ្លួនសម្រេចបាន លោកស្រីបានលើកទឹកចិត្តដល់ស្ត្រីដទៃទៀតឱ្យចាប់យកអាជីពជាភ្នាក់ងារធនាគារ វីង ដោយសារតែការងារនេះមិនតម្រូវឱ្យពួកគាត់ត្រូវឃ្លាតឆ្ងាយពីផ្ទះ និងគ្រួសារឡើយ។

 

ក្នុងនាមជាបុគ្គលម្នាក់ដែលមានក្តីស្រមៃ និងចង់ឃើញក្តីស្រមៃនោះលេចចេញជារូបរាងឡើង លោកស្រីមានទំនុកចិត្តយ៉ាងមុតមាំថា សមត្ថភាព និងចំណង់ចំណូលចិត្តក្នុងការរៀនសូត្រអ្វីថ្មីៗ នឹងជួយជំរុញឱ្យអាជីវកម្មរបស់លោកស្រីកាន់តែរីកចម្រើន។ លោកស្រីបានបញ្ជាក់យ៉ាងមុតមាំថា៖ ការរីកចម្រើនជាច្រើនទៀតនឹងកើតមានឡើង ជាពិសេសគឺ Wingshop ដែលខ្ញុំសង្ឃឹមថានឹងអាចបើកដំណើរការបានក្នុងពេលឆាប់ៗនេះ៕”

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

យុវជនខ្មែរម្នាក់ បង្កើតកម្មវិធីគ្រប់គ្រងបុគ្គលិក ដែលកំពុងទទួលបានការទទួលស្គាល់កម្រិតតំបន់

ផ្តើមចេញពី​ក្តីស្រមៃកាល​នៅរៀន​សាកលវិទ្យាល័យដោយមានក្រុមហ៊ុន​ Microsoft ជាកម្លាំងជំរុញចិត្ត ពេលនេះវាបានក្លាយទៅជា​ BeOne Platform ដែលជាដំណោះស្រាយបច្ចេកវិទ្យាត្រូវ​បង្កើត​ដោយកូនខ្មែរ​ ហើយ​ឥឡូវនេះកំពុងបម្រើជាង ១.០០០ អាជីវកម្ម។ ​ក្នុងនាមជា​​នាយកប្រតិបត្តិ លោក ភូ លីន កំពុងដឹកនាំការពង្រីកក្រុមហ៊ុននេះ ដោយផ្តោតលើការបង្កើតថ្មីស្របតាមតម្រូវការក្នុងស្រុក ព្រមទាំងមានមហិច្ឆតាពង្រីកខ្លួនទៅក្នុងទីផ្សារអន្តរជាតិទៀតផង។

ចេញផ្សាយនៅ: Apr 22, 2026

អានរហ័ស

បុត្រសម្ព័ន្ធរបស់ រ៉ូយ៉ាល់គ្រុប៖ ធនាគារ វីង ឈរជើងយ៉ាងរឹងមាំ ដើម្បីប្រជាជនខ្មែរ

ការកសាងស្ថាប័នឱ្យរឹងមាំ មិនមែនវាស់វែងត្រឹមតែការរីកចម្រើនតែម្យ៉ាងនោះឡើយ តែវាផ្តើមចេញពីមូលដ្ឋានគ្រឹះដែលចាក់ឫសយ៉ាងជ្រៅ និងភាពជាអ្នកដឹកនាំដែលមានចក្ខុវិស័យវែងឆ្ងាយដើម្បីធានាបាននូវស្ថិរភាពយូរអង្វែង។ សម្រាប់ធនាគារ វីង គ្រឹះដ៏រឹងមាំទាំងនោះហើយ ដែលកើតចេញពីអត្តសញ្ញាណខ្មែរ ដើម្បីខ្មែរ។

ចេញផ្សាយនៅ: Apr 22, 2026

អានរហ័ស

កំណើនប្រតិបត្តិការ ដែលដើរទន្ទឹមគ្នានឹងការទទួលខុសត្រូវ

ខណៈដែលការរីកចម្រើននៃវិស័យហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន ត្រូវបានវាស់វែងតាមរយៈល្បឿន និងទំហំអាជីវកម្ម មានការចោទសួរថាតើ វិធីសាស្ត្រដើម្បីសម្រេចបាននូវកំណើននោះដោយរបៀបណា កាន់តែជារឿងសំខាន់មិនអាចខ្វះបាន។

ចេញផ្សាយនៅ: Mar 30, 2026