យុវជនខ្មែរម្នាក់ បង្កើតកម្មវិធីគ្រប់គ្រងបុគ្គលិក ដែលកំពុងទទួលបានការទទួលស្គាល់កម្រិតតំបន់

ផ្តើមចេញពី​ក្តីស្រមៃកាល​នៅរៀន​សាកលវិទ្យាល័យដោយមានក្រុមហ៊ុន​ Microsoft ជាកម្លាំងជំរុញចិត្ត ពេលនេះវាបានក្លាយទៅជា​ BeOne Platform ដែលជាដំណោះស្រាយបច្ចេកវិទ្យាត្រូវ​បង្កើត​ដោយកូនខ្មែរ​ ហើយ​ឥឡូវនេះកំពុងបម្រើជាង ១.០០០ អាជីវកម្ម។ ​ក្នុងនាមជា​​នាយកប្រតិបត្តិ លោក ភូ លីន កំពុងដឹកនាំការពង្រីកក្រុមហ៊ុននេះ ដោយផ្តោតលើការបង្កើតថ្មីស្របតាមតម្រូវការក្នុងស្រុក ព្រមទាំងមានមហិច្ឆតាពង្រីកខ្លួនទៅក្នុងទីផ្សារអន្តរជាតិទៀតផង។

ចេញផ្សាយនៅ: Apr 22, 2026

ក្តីស្រមៃតាំងពីវ័យសិក្សា ដែលចង់បង្កើតកម្មវិធីសូហ្វវែរ (Software) ឱ្យបានខ្លាំងដូច ​ Microsoft ហើយក៏​​បានវិវឌ្ឍទៅជាផ្លេតហ្វមមួយដែលបានជួយ​ជាង ១.០០០ អាជីវកម្ម នៅទូទាំងប្រទេសកម្ពុជា លោក ភូ លីន ចង់ឱ្យ​ BeOne Platform ក្លាយជាដំណោះស្រាយបច្ចេកវិទ្យាក្នុងស្រុក ដែល​អាច​ប្រកួត​ប្រជែក​ជាមួយក្រុម​ហ៊ុ​ន​អន្តរ​ជាតិបាន​។

 

ជាមួយនឹងបទពិសោធន៍ជាងមួយទស្សវត្សរ៍ក្នុងការអភិវឌ្ឍ​កម្មវិធី Software លោក ភូ លីន ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន ​BeOne Platform មានបេសកកម្មចម្បងមួយ គឺការជួយពង្រឹងអាជីវកម្មនៅ​ក្នុង​ប្រទេស​កម្ពុជាតាមរយៈដំណោះស្រាយព៌ត័មានវិទ្យា​ ប្រកបដោយភាពច្នៃប្រឌិត ដែល​អាចប្រើប្រាស់​បាន​តាមកម្មវិធីទូរសព្ទ និងគេហទំព័រ​ ប្រកបដោយ​គុណភាពខ្ពស់ហើយ​ត្រូវបានបង្កើតឡើង​ដើម្បី​បំពេញតម្រូវការរបស់អតិថិជន។

 

ដោយ​ត្រូវ​បាន​បង្កើតឡើងនៅក្នុងឆ្នាំ ២០២០  BeOne Platform ចាប់ផ្តើមទទួលបានការគាំទ្រខ្លាំងនៅ​ឆ្នាំ ២០២៣ ដោយសារក្រុមហ៊ុននេះ​បានងាកទៅរកកម្មវិធីគ្រប់​គ្រង​បុគ្គលិកដើម្បីដោះស្រាយបញ្ហាប្រឈមនៃការងារប្រចាំថ្ងៃ ដែល​អាច​តាមដានវត្តមានបុគ្គលិក ក៏ដូចជា​ការ​រៀប​ចំ​សំណើរ​សុំ​ច្បាប់​សម្រាកជាដើម​​ ដែល​ត្រូវ​បាន​ដាក់​ឱ្យដំណើរ​នៅ​លើ​ទូរសព្ទដៃ​ដែល​​ងាយស្រួលប្រើប្រាស់​ សន្សំពេលវេលា និងកាត់បន្ថយការចំណាយបានយ៉ាងច្រើន។

 

ផ្តើមចេញពីក្តី​ស្រមៃ

 

ចំនុច​ចាប់​ផ្តើម​របស់លោក ភូ លីន គឺ​នៅ​ពេល​ដែល​គាត់​កំពុង​សិក្សា​នៅ​​សាកលវិទ្យាល័យលើជំនាញអភិវឌ្ឍ​កម្មវិធី Software ដែលកាលនោះ Microsoft គឺជាប្រភពនៃកម្លាំងជំរុញចិត្តដ៏សំខាន់មួយ​។ គាត់កោតសរសើរអំពី​ការ​បង្កើតកុំព្យូទ័រ និងកម្មវិធី Window ដែល​ជំរុញ​ឱ្យគាត់​មានក្តី​ស្រមៃ​ផ្ទាល់ខ្លួនមួយ​។

 

ទោះបីលោកទទួលស្គាល់ថាការឈានទៅដល់ទី​ផ្សារ​អន្តរជាតិ​ត្រូវការពេលវេលាក៏ដោយ​ ក៏គាត់​មាន​​គោលដៅច្បាស់​លាស់​តាំង​ពី​ដំបូងគឺ បង្កើតកម្មវិធី Software ដែលបម្រើអ្នកប្រើប្រាស់ក្នុងស្រុក ជួយឱ្យអាជីវកម្មដំណើរការកាន់តែរលូន និងធ្វើឱ្យជីវិតរបស់មនុស្សកាន់តែប្រសើរឡើង។

 

លោក ភូ លីន បានឱ្យដឹង​ថា៖ "នោះជាសុបិនរបស់ខ្ញុំ ។ ​ដូច្នេះ នៅពេលដែលមានឱកាស ខ្ញុំក៏​បានសម្រេចចិត្តចាប់ផ្តើមបង្កើត​នូវ​កម្មវិធី Software ​គ្រប់គ្រង​បុគ្គលិក​នេះឡើងតែតម្តង។"

 

ដូចស្ថាបនិកនៃធុរកិច្ច​ថ្មី​ផ្សេង​ដ៏ទៃទៀតដែរ លោក ភូ លីន បានឈានជើងចូលទៅក្នុងទី​ផ្សារ​ដោយ​មិនបាន​ស្គាល់ និង​មិន​ប្រាកដថាអតិថិជននឹងជឿជាក់លើផលិតផលរបស់គាត់ ឬថាតើការវិនិយោគនឹងទទួល​បានផល​ប៉ុណ្ណានោះទេ។

គាត់ក៏មានក្តីបារម្ភដែរថា ​កម្មវិធី​បច្ចេកវិទ្យា​ដែលដាក់​នៅក្នុង​ទីផ្សារ​អាចនឹងមិនមានអ្នក​ប្រើប្រាស់​ ដោយកត់សម្គាល់​ឃើញ​​ថាមានកម្មវិធី​ជាច្រើនរបស់​ធុរកិច្ច​ថ្មី​បរាជ័យតាំង​ពី​ដំណាក់កាល​ដំបូង​។ ទោះបីជាមានភាពមិនច្បាស់លាស់ក៏ដោយលោក ភូ លីន បានសម្រេចចិត្តថា​នឹង​បន្តដំ​ណើរ​ទៅ​មុខជានិច្ច។

 

ការកសាងទំនុកចិត្តបន្តិចម្តងៗ​

 

ជាជាងការព្យាយាម​លក់​ផលិតផល​​ទៅ​កាន់អតិថិជនភ្លាមៗ លោក ភូ លីន បានចាប់ផ្តើមដោយការសាកល្បងកម្មវិធីនៅក្នុង​ក្រុមហ៊ុន​ផ្ទាល់​របស់​គាត់សិន​ ហើយ​ធ្វើការ​កែលម្អដើម្បីធានាថាវាអាច​ដោះស្រាយតម្រូវការនៅកន្លែងធ្វើការពិតប្រាកដ ព្រម​ទាំង​អាច​ដំណើរការប្រកបដោយភាពជឿជាក់។

 

ពេលដែលលោកមានទំនុកចិត្ត​ថា ​កម្មវិធី​ថា​អាចដំណើរការបានល្អ​ហើយ​ គាត់ក៏​បានទៅជួបអតិថិជនដែលមានសក្តានុពល ហើយ​ឱ្យសាកល្បងប្រើ​ប្រាស់​កម្មវិធីរបស់​គាត់​ដោយឥតគិតថ្លៃជាថ្នូរនឹងមតិកែលម្អ​មកវិញ​។

 

យុទ្ធសាស្ត្រនេះ​ទទួល​បាន​ផ្លែផ្កា​។ លោក ភូ លីន បានឱ្យដឹង​ថា៖ "ពួកគេបានសម្រេចចិត្ត​បង់​ថ្លៃ​ប្រើ​ប្រាស់​តាំ​ង​ពី​ពេល​នោះ ហើយនោះជារបៀបដែលដំណើរការ​អាជីវកម្ម​របស់យើងបានចាប់ផ្តើម"។

 

សព្វថ្ងៃនេះ BeOne Platform មានអតិថិជន​ជាច្រើនរួមមាន​ក្រុមហ៊ុនធំៗដូចជា៖ AEON Mall និង DHL ហើយ​លោក ភូ លីន បានចាត់ទុកថាការរីកចម្រើននេះកើត​ចេញពី​ការ​ផ្តោតលើមុខងាររបស់​កម្មវិធី​ជា​ជាងបច្ចេកវិទ្យាដែល​មើលទៅល្អ​តែពីខាង​ក្រៅ​។ ក្រុមហ៊ុនរបស់​គាត់​ក៏បានពង្រីកជាមួយនឹងការចាប់ផ្តើមនៃ BeHR ដែលជាផ្លេតហ្វមផ្តោត​សំខាន់​លើការ​គ្រប់គ្រងបុគ្គលិក​។

 

លោក ភូ លីន បានបញ្ជាក់ថា​៖ "សម្រាប់ BeHR យើងផ្តល់ជូននូវដំណោះស្រាយដែលបំពេញ​តម្រូវការរបស់អតិថិជនរបស់យើង។ ជា​ឧទាហរណ៍ តម្រូវការគ្រប់គ្រងពេលវេលារបស់​ក្រុមហ៊ុន​នីមួយ​ៗ​មាន​ភាព​ខុសគ្នា ដូច្នេះយើងផ្តល់កម្មវិធី​មួយ​ដែលអាចបត់បែនសម្របទៅនឹងតម្រូវការជាក់លាក់របស់អតិថិជននីមួយៗបាន។"  

 

តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាដើម្បី​ដំណោះស្រាយអាជីវកម្ម ម្ចាស់អាជីវកម្ម​អាចត្រួតពិនិត្យវត្តមានរបស់បុគ្គលិក និងគ្រប់គ្រងទិន្នន័យកម្លាំងពលកម្មតាមរយៈកម្មវិធីទូរសព្ទ ខណៈពេលដែលបុគ្គលិកអាចស្នើសុំការឈប់សម្រាក និងសំណើរ​ផ្សេងៗ​បានយ៉ាងងាយស្រួល។

 

លោក ភូ លីន បានបន្ថែម​ថា៖ "ដើម្បីបង្កើត BeHR ក្រុមការងាររួម​ទាំង​រូប​ខ្ញុំផ្ទាល់​បានចំណាយពេលជាងមួយឆ្នាំដើម្បីបង្កើត និងសាកល្បងដើម្បីធានាថាអតិថិជនអាចប្រើប្រាស់វាប្រកប​ដោយទំនុកចិត្ត"។

 

លោក ភូ លីន​បានបញ្ជាក់​​ថា គាត់​បានពឹង​លើ​បទពិសោធន៍ការងារ​ជាង ១០ ឆ្នាំ ដែលគាត់បានខិតខំ​អភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំ ជំនាញ​ហិរញ្ញ​វត្ថុ​ ​និង​ការគ្រប់គ្រង ដែលចំាបាច់​សម្រាប់​ការបើកដំណើរការ BeOne Platform។ លោក​បាន​បញ្ជាក់​ថា៖ “យើង​មិនមែន​​ពឹង​ផ្អែក​លើដើមទុន​ ហើយ​​ប្រថុយ​ប្រថាន​ដើម្បី​ចាប់​ផ្តើម​ក្រុមហ៊ុន​នោះ​ទេ”។

 

ឱកាសដើម្បី​រីកចម្រើន

 

ចំនុច​របត់​មួយ​បានកើតមានឡើង​ នៅពេលដែល BeOne Platform ទទួលបានគម្រោងមួយពីក្រុមហ៊ុន​ AEON Indonesia បន្ទាប់ពីក្រុមជាច្រើនបានបរាជ័យក្នុងការដោះស្រាយបញ្ហារបស់​ពួកគេ ​ ។

 

គាត់​បានពន្យល់ថា៖​ “យើងត្រូវបានអញ្ជើញឱ្យជួបជាមួយក្រុមរបស់ពួកគេ បន្ទាប់មកបានធ្វើ​ដំណើរ​ទៅប្រទេសឥណ្ឌូនេស៊ី ដើម្បីត្រួតពិនិត្យនិងកំណត់បញ្ហា”។ ក្រុមការងាររបស់គាត់​បានដាក់​ចេញ​នូវ​ដំណោះស្រាយដែលក្រុមហ៊ុន AEON អាច​ទទួលយកបាន​។

 

ពួកគេ​បាន​ចំណាយ​ពេល​មួយ​ខែ​ពេញ​ដើម្បី​រៀបចំ​​ផែនការ​នៅ​នឹង​ទីតាំង​ផ្ទាល់​​មុន​នឹង​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ​ដើម្បី​បង្កើត​កម្មវិធី​ ហើយ​បន្ទាប់​មក​បាន​ចំណាយ​ពេល​​ប្រហែល​បី​ខែដើម្បី​​កែលម្អ​​ប្រព័ន្ធឱ្យដំណើរការ​ល្អវិញ​​។

 

លោក ភូ លីន បាន​ឱ្យ​ដឹង​ថា៖ “យើងជាក្រុមហ៊ុនរបស់កូនខ្មែរ​ ដែលមិនមានបទពិសោធន៍នៅ​លើ​ទីផ្សារ​អន្តរជាតិពីមុនមកទេ ប៉ុន្តែយើងអាចហ៊ាន​ដោះ​ស្រាយ​បញ្ហា​ប្រឈម ហើយធ្វើ​ដំណើរ​ទៅមុខ​ដោយ​មិនខ្លាចភាព​បរាជ័យ។” លោកបានបន្ថែមទៀតថា ភាពជោគជ័យជាមួយក្រុមហ៊ុន AEON នៅប្រទេសឥណ្ឌូនេស៊ី ក៏​បាន​នាំឱ្យមានឱកាសជាមួយ AEON នៅកម្ពុជាផងដែរ​។

 

លោក​បាន​បន្ថែមទៀត​​ថា៖ “យើង​បាន​បង្កើត​ទំនុក​ចិត្ត​ជាមួយ​នឹង​អតិថិជន​របស់​យើង ហើយ​ក្រោយ​មក​ពួកគេ​បាន​ណែនាំយើងបន្តទៅកាន់​អតិថិជនផ្សេងៗទៀត​។”

 

ការពង្រឹងសមត្ថភាពតាមរយៈមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”

 

ទោះបីជាមានជំនាញបច្ចេកទេសក៏ដោយ លោក ភូ លីន សារភាពថាជំនាញ​ប្រាស្រ័យទាក់ទងមិនមែនជាសមត្ថភាព​ពី​ធម្មជាតិរបស់​គាត់​ទេ ដែលនេះ​ជាឧបសគ្គដែលគាត់ត្រូវជម្នះដើម្បីពង្រីកអាជីវកម្ម។ គាត់​បានឱ្យ​ដឹង​ថា​៖ “​ដើម្បី​សម្រេច​​ក្ដី​សុបិន​របស់​ខ្ញុំ ខ្ញុំ​ត្រូវ​​ធ្វើ​អ្វី​ដែល​ខ្ញុំ​មិន​ចូលចិត្ត​ធ្វើ។”

 

ក្រោយមកគាត់បានចូលរួមក្នុងកម្មវិធីមួយ​របស់​មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” គឺ​កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលដែលគាំទ្រដោយធនាគារ​ វីង​ ដែលគាត់ទទួលបានជំនាញជាក់ស្តែងក្នុងប្រតិបត្តិការ រៀបចំ​ផែនការ​ហិរញ្ញវត្ថុ និងកំណត់អតិថិជនគោលដៅជាដើម​ ។

 

លោក ភូ លីន បានបញ្ជាក់​ប្រាប់​ Kiripost ថា៖​ "ខ្ញុំបានយក​មេរៀនទាំងនេះមក​អនុវត្ត​ដើម្បីកែលម្អការដោះស្រាយបញ្ហាផ្សេងៗ​ និងការរីកចម្រើនរបស់ក្រុមហ៊ុនខ្ញុំ។" លោកបាន​បន្ថែមទៀតថា​ លោកមានការភ្ញាក់ផ្អើលដែលកម្មវិធីនេះមាន​ការប្រកួតប្រជែងដើម្បី​យក​រង្វាន់​មួយ ខណៈដែលគាត់គ្រាន់តែរំពឹងថានឹងរៀន​ទទួល​ចំណេះ​ដឹងប៉ុណ្ណោះ​។ គាត់​បាន​ជាប់​នៅ​ក្នុង​ក្រុម​​កំពូល​ទាំង​បី ហើយ​បាន​ឈ្នះ​​រង្វាន់ដែល​ឧបត្ថម្ភ​ពី​​ធនាគារ​ វីង ។

 

លោក ភូ លីន បាននិយាយថា៖​ “ការពឹងផ្អែកលើសមត្ថភាពផ្ទាល់ខ្លួនគឺល្អជាជាងពឹងផ្អែកលើអ្នកដទៃ ដូច្នេះវាជួយកាត់បន្ថយហានិភ័យផ្សេងៗ​ព្រមទាំង​កាត់បន្ថយឱកាសនៃការបរាជ័យ”។

 

លោក ភូ លីន បានកត់សម្គាល់ថាតម្រូវការ​អ្នក​បង្កើត​កម្មវិធីបច្ចេកវិទ្យា​នៅក្នុងប្រទេសកម្ពុជានៅតែមានកម្រិតខ្ពស់ ហើយ​​អ្នក​បង្កើត​កម្មវិធីបច្ចេកវិទ្យា​ជំនាញៗ​ក៏នៅមានចំនួនតិច។​

 

ខណៈពេលដែលរាជ​រដ្ឋាភិបាលបន្តជំរុញចក្ខុវិស័យនៃ​សេដ្ឋកិច្ចឌីជីថល​ ជាមួយ​ការកែលម្អសេវាកម្មសាធារណៈ និងការជឿទុកចិត្តតាមរយៈបច្ចេកវិទ្យា និងការទូទាត់តាមឌីជីថល  លោក ភូ លីន បានសង្កត់ធ្ងន់លើតម្រូវការក្នុងការកសាងក្រុមបច្ចេកទេស​ក្នុងស្រុកឱ្យរឹងមាំជាងមុន ដើម្បីរក្សាកំណើននេះឱ្យមានចីរភាព។

 

មតិចែករំលែកក្នុងការចាប់ផ្តើមអាជីវកម្ម

 

សម្រាប់អ្នកបង្កើតកម្មវិធី​បច្ចេក​វិទ្យា​ លោក ភូ លីន បានផ្តល់ការណែនាំឱ្យផ្តោតអារម្មណ៍ និងពង្រឹជំនាញឱ្យកាន់​តែស៊ីជម្រៅលើផ្នែកជាក់លាក់ណាមួយនៃការអភិវឌ្ឍកម្មវិធី Software។ គាត់​​បាន​បន្តទៀត​​ថា​៖ “​ការ​អភិវឌ្ឍ​កម្មវិធី Software ​គ្រប​ដណ្ដប់​លើឯកទេសជា​ច្រើន​។​ ដូច្នេះ​ សូម​ជ្រើសរើស​ជំនាញ​ដែល​អ្នក​ចង់​ធ្វើ ដើម្បីឱ្យអ្នកអាចចាប់យកការងារដែលស្រមៃចង់បាន។”

 

លោក ភូ លីន បានបន្ថែមថាទៀតថា៖ “បើគ្មានការពង្រឹងសមត្ថភាព​ជំនាញនោះ​ទេ​ នោះ​អ្នក​នឹង​ពិបាក​ស្វែងរកការងារធ្វើ​ បើទោះបីជាមានតម្រូវការអ្នក​បច្ចេកទេស​ខ្លាំងក៏ដោយ។ ក្នុងអំឡុងពេលសិក្សារបស់អ្នក សូម​ព្យាយាម​ផ្តល់​ការ​យក​ចិត្ត​ទុកដាក់ និង​ដុះ​ខាត​ជំនាញ​ជាក់លាក់​ណាមួយឱ្យបានមុតស្រួច​”៕ 



ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

បុត្រសម្ព័ន្ធរបស់ រ៉ូយ៉ាល់គ្រុប៖ ធនាគារ វីង ឈរជើងយ៉ាងរឹងមាំ ដើម្បីប្រជាជនខ្មែរ

ការកសាងស្ថាប័នឱ្យរឹងមាំ មិនមែនវាស់វែងត្រឹមតែការរីកចម្រើនតែម្យ៉ាងនោះឡើយ តែវាផ្តើមចេញពីមូលដ្ឋានគ្រឹះដែលចាក់ឫសយ៉ាងជ្រៅ និងភាពជាអ្នកដឹកនាំដែលមានចក្ខុវិស័យវែងឆ្ងាយដើម្បីធានាបាននូវស្ថិរភាពយូរអង្វែង។ សម្រាប់ធនាគារ វីង គ្រឹះដ៏រឹងមាំទាំងនោះហើយ ដែលកើតចេញពីអត្តសញ្ញាណខ្មែរ ដើម្បីខ្មែរ។

ចេញផ្សាយនៅ: Apr 22, 2026

អានរហ័ស

កំណើនប្រតិបត្តិការ ដែលដើរទន្ទឹមគ្នានឹងការទទួលខុសត្រូវ

ខណៈដែលការរីកចម្រើននៃវិស័យហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន ត្រូវបានវាស់វែងតាមរយៈល្បឿន និងទំហំអាជីវកម្ម មានការចោទសួរថាតើ វិធីសាស្ត្រដើម្បីសម្រេចបាននូវកំណើននោះដោយរបៀបណា កាន់តែជារឿងសំខាន់មិនអាចខ្វះបាន។

ចេញផ្សាយនៅ: Mar 30, 2026

អានរហ័ស

ពីភ្នាក់ងារវេរលុយតាមសហគមន៍ រហូតក្លាយជាគ្រឹះស្ថានធនាគារដ៏ធំមួយនៅកម្ពុជា

ម៉ាកយីហោខ្លះ វាស់វែងការរីកចម្រើនរបស់ខ្លួនតាមរយៈការពង្រីកទំហំអាជីវកម្មឱ្យកាន់តែធំ។ ចំណែកឯម៉ាកយីហោខ្លះទៀត រីកចម្រើនដោយសារការផ្សារភ្ជាប់ខ្លួនឱ្យកាន់តែស៊ីជម្រៅទៅនឹងជីវភាពរស់នៅរបស់ប្រជាជន។ ហើយសម្រាប់វឌ្ឍនភាពរបស់ធនាគារ វីង គឺកើតចេញពីការរួមបញ្ចូលគ្នានូវចំណុចទាំងពីរនេះតែម្តង។

ចេញផ្សាយនៅ: Mar 23, 2026