វគ្គ៨៖ តើទំនុកចិត្តសាធារណជនលើវិស័យធនាគារ កំពុងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាយ៉ាងដូចម្តេចខ្លះ?

សេវារក្សាសុវត្ថិភាព ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា បានជួយពង្រឹងទំនុកចិត្តសាធារណជនទៅលើប្រព័ន្ធហិរញ្ញវត្ថុផ្លូវការ ព្រមទាំងជួយលើកកម្ពស់សុវត្ថិភាពប្រតិបត្តិការ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចរយៈពេលវែង ទោះបីជាការយល់ដឹងរបស់សាធារណជន និងការអនុវត្តបទប្បញ្ញត្តិច្បាប់នៅតែជាបញ្ហាប្រឈមចម្បងក៏ដោយ។

ចេញផ្សាយនៅ: Dec 08, 2025

សេវារក្សាសុវត្ថិភាព ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា បានជួយពង្រឹងទំនុកចិត្តសាធារណជនទៅលើប្រព័ន្ធហិរញ្ញវត្ថុផ្លូវការ ព្រមទាំងជួយលើកកម្ពស់សុវត្ថិភាពប្រតិបត្តិការ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចរយៈពេលវែង ទោះបីជាការយល់ដឹងរបស់សាធារណជន និងការអនុវត្តបទប្បញ្ញត្តិច្បាប់នៅតែជាបញ្ហាប្រឈមចម្បងក៏ដោយ។

 

ជាច្រើនឆ្នាំមកនេះ ប្រតិបត្តិការទិញលក់អចលនទ្រព្យ និងអាជីវកម្មធំៗ តែងតែមានហានិភ័យ ដោយសារអ្នកទិញ ឬអ្នកលក់ ច្រើនតែផ្ទេរប្រាក់ ឬឯកសារមុនពេលកិច្ចព្រមព្រៀងត្រូវបានបញ្ចប់ជាស្ថាពរ។ ការដាក់ឱ្យប្រើប្រាស់នូវសេវារក្សាសុវត្ថិភាព បានជួយដោះស្រាយបញ្ហាដ៏រ៉ាំរ៉ៃនេះ ដោយអនុញ្ញាតឱ្យធនាគាររក្សាប្រាក់ទុកដោយសុវត្ថិភាព រហូតទាល់តែលក្ខខណ្ឌនៃកិច្ចសន្យាទាំងអស់ត្រូវបានបំពេញចប់ពេញលេញ

 

ធានាបាននូវការទុកចិត្ត ជាមួយសេវារក្សាសុវត្ថិភាព

 

ធនាគារ វីង បានចាប់ផ្តើមផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ចកាលពីខែកក្កដា ឆ្នាំ២០២៣ បន្ទាប់ពីទទួលបានអាជ្ញាបណ្ណពីនិយ័តករបរធនបាលកិច្ចដើម្បីប្រតិបត្តិការជាអ្នកផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក។ ចាប់តាំងពីពេលនោះមក ធនាគារ វីង បានផ្តល់ជូនសាធារណជននូវសេវាកម្មបរធនបាលកិច្ចយ៉ាងទូលំទូលាយ រួមមាន បរធនបាលកិច្ចសាធារណៈ បរធនបាលកិច្ចហិរញ្ញវត្ថុ បរធនបាលកិច្ចពាណិជ្ជកម្ម បរធនបាលកិច្ចសង្គម និងបរធនបាលកិច្ចបុគ្គល។

 

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ នៅធនាគារ វីង យើងជឿជាក់ថា ទំនុកចិត្តគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃសហគមន៍ដ៏រឹងមាំមួយ។ សេវារក្សាទុក មិនត្រឹមតែជួយធានាសុវត្ថិភាពលើរាល់ប្រតិបត្តិការទិញលក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវភាពកក់ក្តៅ និងក្តីស្ងប់ចិត្តដល់អតិថិជនផងដែរ។លោកបានបន្ថែមថា៖ មិនថាជាគ្រួសារដែលកំពុងទិញផ្ទះជាលើកដំបូង ឬជាម្ចាស់អាជីវកម្មខ្នាតតូចដែលទើបនឹងសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មនោះទេ យើងពិតជាមានមោទនភាព ដែលបានជួយគាំទ្រដល់អតិថិជន ក្នុងនាមជាដៃគូដ៏គួរឱ្យទុកចិត្តបំផុត។”

 

តាមរយៈសេវាបរធនបាលកិច្ច ធនាគារ វីង បានដើរតួនាទីយ៉ាងសំខាន់ជាអ្នកកាន់កាប់មូលនិធិដោយអព្យាក្រឹត និងជាអ្នកសម្របសម្រួលកិច្ចព្រមព្រៀង ដើម្បីធានាសុវត្ថិភាពជូនទាំងភាគីអ្នកទិញ និងអ្នកលក់។ មូលនិធិដែលបានតម្កល់ទុក នឹងត្រូវបានបញ្ចេញ លុះត្រាតែលក្ខខណ្ឌទាំងអស់នៅក្នុងកិច្ចសន្យាត្រូវបានបំពេញ ដែលចំណុចនេះបានជួយកាត់បន្ថយហានិភ័យ និងបង្កើនទំនុកចិត្តយ៉ាងខ្លាំងចំពោះរាល់ប្រតិបត្តិការមិនថាអាជីវកម្ម និងប្រតិបត្តិការផ្ទាល់ខ្លួនឡើយ

 

ថ្មីៗនេះ ធនាគារ វីង បានទទួលពានរង្វាន់ជាប្រតិបត្តិករបរធនបាលឆ្នើម សម្រាប់ប្រតិបត្តិការបរធនបាលកិច្ចសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកសម្រាប់ប្រអប់សុវត្ថិភាព ប្រចាំឆ្នាំ២០២៤ ពីនិយ័តករបរធនបាលកិច្ច។

 

លោក ហោ ប៊ុនថែ បានបន្ថែមថា៖ សេវារក្សាសុវត្ថិភាពរបស់យើង ត្រូវបានរចនាឡើងដោយគិតគូរ និងបំពេញតម្រូវការប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ចាប់ពីការរក្សាទុកកេរដំណែលគ្រួសារ រហូតដល់ការការពារឯកសារអាជីវកម្មសំខាន់ៗ។ យើងនៅតែបន្តប្តេជ្ញាចិត្តក្នុងការកសាងបទពិសោធន៍ធនាគារដែលកាន់តែមានសុវត្ថិភាព និងបរិយាបន្នសម្រាប់មនុស្សគ្រប់គ្នា។

 

សេវារក្សាសុវត្ថិភាពរបស់ធនាគារ វីង ផ្តល់នូវការរក្សាទុកវត្ថុមានតម្លៃ និងឯកសារសំខាន់ៗប្រកបដោយសុវត្ថិភាព និងការសម្ងាត់ខ្ពស់ ជាមួយនឹងជម្រើសទំហំប្រអប់ជាច្រើនដើម្បីបំពេញតាមតម្រូវការជាក់ស្តែង ចាប់ពីទំហំតូចសម្រាប់គ្រឿងអលង្ការ រហូតដល់ទំហំធំសម្រាប់ឯកសារអាជីវកម្ម ព្រមទាំងជម្រើសតាមតម្រូវការសម្រាប់វត្ថុពិសេសៗផងដែរ។

 

ប្រអប់នីមួយៗភ្ជាប់មកជាមួយនូវការផ្តល់ជូនកញ្ចប់ធានារ៉ាប់រងចំនួន ៥.០០០ដុល្លារអាមេរិក ក្នុងករណីមានការខូចខាត ឬបាត់បង់ ហើយសេវានេះបើកបម្រើជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ ៤:០០រសៀល។

 


សេវារក្សាទុក ជាយន្តការនៃទំនុកចិត្ត

 

ជាប្រព័ន្ធសេវាកម្មដែលទើបត្រូវបានដាក់ឱ្យអនុវត្តនៅកម្ពុជាកាលពីពេលថ្មីៗនេះ យន្តការនេះបានចូលមកជំនួសទម្លាប់ចាស់ដែលពឹងផ្អែកលើ ទំនុកចិត្តបុគ្គលដែលមានហានិភ័យខ្ពស់ ដោយប្តូរមកប្រើប្រាស់តាមយន្តការផ្លូវច្បាប់ ដោយមានធនាគារដើរតួរជាអន្តរការី។ តាមរយៈការផ្តល់ជូនយន្តការនេះ គ្រឹះស្ថានធនាគារមិនត្រឹមតែជួយសម្រួលឱ្យប្រតិបត្តិការកាន់តែមានសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនទំនុកចិត្តនៅក្នុងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុជារួមរបស់កម្ពុជាផងដែរ។

 

ជាមួយនឹងវឌ្ឍនភាពឆ្ពោះទៅមុខ កាលពីដើមឆ្នាំ២០២៥ កម្ពុជាបានដាក់ចេញនូវ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យបរធនបាលកិច្ច ឆ្នាំ២០២៥-២០៣៥ដែលជាផែនទីចង្អុលផ្លូវរយៈពេល ១០ឆ្នាំ ក្នុងគោលដៅបង្កើតវិស័យបរធនបាលកិច្ចដ៏ទំនើប និងស្របតាមស្តង់ដារអន្តរជាតិនៅឆ្នាំ២០៣៥។

 

យុទ្ធសាស្ត្រនេះ បានបង្ហាញពីតួនាទីស្នូលនៃយន្តការបរធនបាលកិច្ច សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រមទាំងពង្រឹងទំនុកចិត្តក្នុងចំណោមវិនិយោគិន និងដៃគូអភិវឌ្ឍន៍ផងដែរ

 

យោងតាមលោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានឱ្យដឹងថា ស្របពេលដែលសេវារក្សាប្រាក់កំពុងពង្រីកខ្លួន វិស័យធនាគារ បាននិងកំពុងផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងលើការប្រកួតប្រជែងទីផ្សារប្រកបដោយសមធម៌ និងអភិបាលកិច្ចសាជីវកម្មដ៏រឹងមាំ។

លោកបានលើកឡើងថា៖ យើងបានដាក់ឱ្យអនុវត្តក្រមប្រតិបត្តិសម្រាប់វិស័យធនាគារ ដើម្បីលើកកម្ពស់វិជ្ជាជីវៈ និងស្តង់ដារ។” លោកបានបន្ថែមថា មានស្ថាប័នឯករាជ្យមួយត្រូវបានតែងតាំង ដើម្បីវាយតម្លៃពីការអនុវត្តក្រមប្រតិបត្តិនេះនៅតាមធនាគារជាសមាជិក។

 

លោកបន្តថា៖ “សព្វថ្ងៃ មានធនាគារមួយចំនួនកំពុងផ្តល់សេវារក្សាសុវត្ថិភាព ដែលជួយការពារផលប្រយោជន៍របស់គ្រប់ភាគីពាក់ព័ន្ធ និងធានាបានថារាល់ប្រតិបត្តិការអាចដំណើរការទៅបានដោយរលូន។”

 

ភាពជោគជ័យនៃវិស័យធនាគារគឺពឹងផ្អែកលើទំនុកចិត្ត ដូច្នេះយើងចាត់ទុកថានេះជារបៀបវារៈបន្តបន្ទាប់ដ៏សំខាន់មួយ មិនថាវាទាក់ទងនឹងសេវារក្សាសុវត្ថិភាព ឬផលិតផលធនាគារទូទៅនោះទេ។ ធនាគារនានាកំពុងផ្សព្វផ្សាយសេវាកម្មទាំងនេះយ៉ាងសកម្ម ហើយធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូ ដើម្បីចាប់យកឱកាសថ្មីៗ។

 

លោក សោភ័ណ បានបន្ថែមថា បច្ចុប្បន្នមានធនាគារជិត ៣០ ស្ថាប័នហើយដែលទទួលបានអាជ្ញាបណ្ណពីនិយតករអាជីវកម្មបរធនបាលកិច្ច ដើម្បីផ្តល់សេវារក្សាសុវត្ថិភាព។ លោកគូសបញ្ជាក់ទៀតថា៖ ដោយសារតែមានមូលដ្ឋានច្បាប់ជាស្រេច និងសន្ទុះទីផ្សារកំពុងកើនឡើងផងនោះ យើងរំពឹងថានឹងមានធនាគារជាច្រើនទៀតចូលរួមក្នុងវិស័យនេះ ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើង។

 

លោក ណង សិរីវុធ អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងសហប្រតិបត្តិការ នៃនិយតករអាជីវកម្មបរធនបាលកិច្ច បានចែករំលែកថា ការអប់រំសាធារណជនគឺជាអាទិភាពចម្បងមួយ ដើម្បីជួយជំរុញការយល់ដឹងរបស់ពួកគាត់អំពីវិស័យបរធនបាលកិច្ចនេះ។

 

លោកលើកឡើងថា៖ យើងកំពុងរៀបចំឯកសារអប់រំដែលសាមញ្ញ និងងាយយល់ ហើយកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រតិបត្តិករទីផ្សារ សមាគមធុរកិច្ច ប្រព័ន្ធផ្សព្វផ្សាយ និងសាកលវិទ្យាល័យនានា តាមរយៈសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលនានា។លោកបានបន្ថែមថា តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ សាធារណជនអាចស្វែងយល់ពីរបៀបដែលយន្តការបរធនបាលកិច្ច អាចការពារទ្រព្យសម្បត្តិរបស់ពួកគេ និងគាំទ្រដល់ប្រតិបត្តិការឱ្យកាន់តែមានសុវត្ថិភាព។

 

ទំនុកចិត្តសាធារណៈជន ជួយលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជា

 

វិស័យបរធនបាលកិច្ចកម្ពុជា បានពង្រីកខ្លួនយ៉ាងឆាប់រហ័សតាំងពីឆ្នាំ២០២១មក។ បរធនបាលកិច្ចដែលបានចុះបញ្ជី បានកើនឡើងយ៉ាងគំហុកពីចំនួន ១៧ ករណី ដែលមានទំហំបរធន ១៥៦លានដុល្លារ ហើយបានកើនដល់ចំនួន ១.៦៤៩ ករណី ដែលមានទំហំបរធនជាង ២.៣ ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥។

 

បច្ចុប្បន្ន វិស័យនេះមានក្រុមហ៊ុនបរធនបាលកិច្ចចំនួន ១៦ ធនាគារពាណិជ្ជចំនួន ២៨ ដែលកំពុងប្រតិបត្តិការជាអ្នកផ្តល់សេវារក្សាសុវត្ថិភាព បរធនបាលបុគ្គលចំនួន ៧២ ក្រុមហ៊ុនវាយតម្លៃចំនួន ១៧ និងក្រុមហ៊ុនសវនកម្មចំនួន ១៥។

 

លោកសិរីវុធ បន្ថែមទៀតថា៖ នៅពេលដែលប្រជាពលរដ្ឋមានទំនុកចិត្តថាប្រាក់របស់ពួកគេមានសុវត្ថិភាព ហើយប្រតិបត្តិការត្រូវបានធានាពេញលេញ នោះពួកគាត់នឹងមានទំនុកចិត្តដាក់ប្រាក់សន្សំ វិនិយោគ ហើយចូលរួមក្នុងសកម្មភាពហិរញ្ញវត្ថុផ្លូវការកាន់តែច្រើនឡើងជាក់ជាមិនខាន។

 

លោកសិរីវុធ បានបន្ថែមថា សេវារក្សាសុវត្ថិភាពដើរតួជាឧបករណ៍ដ៏ចាំបាច់មួយ ដើម្បីជំរុញទំនុកចិត្តរបស់ប្រជាជន ជាពិសេសនៅក្នុងប្រតិបត្តិការអចលនទ្រព្យដែលពាក់ព័ន្ធនឹងទឹកប្រាក់វិនិយោគច្រើនសន្ធឹកសន្ធាប់។ លោកបានសង្កត់ធ្ងន់ថា៖ “វិធីសាស្រ្តនេះជួយកាត់បន្ថយហានិភ័យ លើកកម្ពស់ទំនុកចិត្តទីផ្សារ និងជំរុញកំណើនប្រកបដោយស្ថិរភាពនៅក្នុងឧស្សាហកម្មសំខាន់ៗ។

 

ទំនុកចិត្តលើស្ថាប័ននានា ជំរុញឱ្យប្រជាពលរដ្ឋ និងក្រុមហ៊ុនបង្វែរពីជម្រើសនៃការប្រើប្រាស់សាច់ប្រាក់ក្រៅផ្លូវការ មកកាន់បណ្តាញធនាគារផ្លូវការវិញ។ ដំណើរការនេះជួយលើកកម្ពស់តម្លាភាព កាត់បន្ថយការក្លែងបន្លំ និងពង្រឹងគណនេយ្យភាពហិរញ្ញវត្ថុ។

 

លោកបានបញ្ជាក់ថា៖ នេះជាចំណុចដ៏វិជ្ជមានយ៉ាងខ្លាំងសម្រាប់សេដ្ឋកិច្ចជាតិ។ ប្រតិបត្តិការស្របច្បាប់ ជួយឱ្យលទ្ធភាពទទួលបានឥណទានកាន់តែល្អប្រសើរ និងពង្រីកមូលដ្ឋានពន្ធសម្រាប់ចំណូលជាតិ។ ស្របពេលដែលទំនុកចិត្តសាធារណជនកើនឡើង ការចូលរួមក្នុងប្រព័ន្ធធនាគារផ្លូវការក៏មានកាន់តែច្រើន ដែលធ្វើឱ្យប្រព័ន្ធហិរញ្ញវត្ថុកម្ពុជាទាំងមូលកាន់តែរឹងមាំ និងមានស្ថិរភាព។

 

ស្រដៀងគ្នានឹងការលើកឡើងរបស់លោកសិរីវុធ ដែរ អ្នកនាង គីម គិនកេសា នាយិកាគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia បានបញ្ជាក់ថា សេវារក្សាសុវត្ថិភាព បានដើរតួនាទីជាយន្តការអព្យាក្រឹតមួយ ដែលជួយលើកកម្ពស់ការអនុលោមភាព និងកាត់បន្ថយហានិភ័យនៃការក្លែងបន្លំ ការផ្តល់ព័ត៌មានមិនពិត និងការផ្ទេរកម្មសិទ្ធិដែលមិនពេញលេញជាដើម

 

អ្នកនាងបានពន្យល់ពីអត្ថប្រយោជន៍នេះយ៉ាងដូច្នេះថា៖ សម្រាប់អ្នកទិញ ពួកគាត់នឹងមានអារម្មណ៍កក់ក្តៅ និងសុវត្ថិភាព ដោយដឹងច្បាស់ថាថវិការបស់ខ្លួនត្រូវបានការពារយ៉ាងហ្មត់ចត់ រហូតទាល់តែលក្ខខណ្ឌក្នុងកិច្ចសន្យាទាំងអស់ត្រូវបានបំពេញរួចរាល់។ ចំណែកឯអ្នកលក់វិញ ក៏ទទួលបានការធានាច្បាស់លាស់ថា ថវិការបស់អ្នកទិញពិតជាមានត្រឹមត្រូវ និងត្រៀមរួចជាស្រេចសម្រាប់ការទូទាត់។

 

ទោះជាយ៉ាងណាក្តី អ្នកនាង គិនកេសា បានកត់សម្គាល់ថា ដើម្បីលើកកម្ពស់ទំនុកចិត្តរបស់វិនិយោគិន ប្រព័ន្ធអេកូឡូស៊ីនៃវិស័យនេះ ចាំបាច់ត្រូវមានការគ្រប់គ្រងច្បាស់លាស់ ជាមួយនឹងការអនុវត្តច្បាប់ដ៏រឹងមាំ ការគោរពតាមបទប្បញ្ញត្តិ និងការផ្តល់ព័ត៌មានទីផ្សារប្រកបដោយតម្លាភាព។

 

អ្នកនាងបានសង្កត់ធ្ងន់ថា៖ បច្ចុប្បន្ន ទាំងវិនិយោគិនក្នុងស្រុក និងបរទេស សុទ្ធតែទាមទារឱ្យមានស្តង់ដារអភិបាលកិច្ច តម្លាភាព និងការវាយតម្លៃភាពត្រឹមត្រូវ កម្រិតខ្ពស់ សម្រាប់រាល់ប្រតិបត្តិការទិញលក់អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

វគ្គ១២៖ ការយល់ដឹងពីសិទ្ធិ និងកាតព្វកិច្ច ជាគន្លឹះដើម្បីទទួលបានអត្ថប្រយោជន៍អតិបរមាពីសេវាធនាគារ

គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជាលើកឡើងថា អ្នកខ្ចីគួរតែយល់ដឹងពីកិច្ចសន្យាឥណទាន កម្រិតអត្រាការប្រាក់ និងប្រវត្តិឥណទានផ្ទាល់ខ្លួន ដើម្បីចៀសវាងវិវាទ និងបំណុលវ័ណ្ឌក។

ចេញផ្សាយនៅ: Jan 30, 2026

អានរហ័ស

វគ្គ១១៖ របត់ថ្មីនៃការផ្ញើប្រាក់ឆ្លងដែន៖ សេវាធនាគារឌីជីថល ជួយសន្សំពេលវេលា និងបង្កើនសុវត្ថិភាពដល់ពលករខ្មែរនៅក្រៅប្រទេស

ស្របពេលដែលកម្ពុជាកំពុងបោះជំហានទៅមុខក្នុងការសម្របខ្លួនទៅរកសង្គមឌីជីថល ពលករចំណាកស្រុកកាន់តែច្រើនឡើង ក៏កំពុងងាកមកប្រើប្រាស់គណនីធនាគារឌីជីថល ដែលអាចផ្ញើប្រាក់ទៅក្រុមគ្រួសារនៅស្រុកកំណើតបានភ្លាមៗ ដើម្បីជួយសម្រាលបន្ទុកបំណុល និងការចំណាយលើការព្យាបាលនានា។ នេះជាការផ្លាស់ប្តូរទម្លាប់នៃការផ្ទេរប្រាក់ដែលធ្លាប់តែមានភាពយឺតយ៉ាវ និងបំពេញបែបបទស្មុគស្មាញ ដោយទទួលបាននូវដំណោះស្រាយហិរញ្ញវត្ថុដ៏ល្អដើម្បីជួយសម្រាលបន្ទុកគ្រួសារបានទាន់ពេលវេលា។

ចេញផ្សាយនៅ: Jan 26, 2026

អានរហ័ស

កម្ចីធនាគារ ជួយជំរុញកំណើនអាជីវកម្មសហគ្រាសធុនតូច និងមធ្យម

សហគ្រាសធុនតូច និងមធ្យម (SME) គឺជាផ្នែកមួយដ៏សំខាន់នៃរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ហើយបច្ចុប្បន្នគេសង្កេតឃើញថាសហគ្រាស SME ជាច្រើនបានងាកមករកប្រភពទុនពីកម្ចីធនាគារដើម្បីជំរុញកំណើនអាជីវកម្មរបស់ពួកគេ។

ចេញផ្សាយនៅ: Jan 05, 2026