ក្រសួងឧស្សាហកម្ម និងធនាគារ វីង ចុះអនុស្សរណៈនៃការយោគយល់ ដើម្បីអនុវត្តកម្មវិធីផ្តល់ហិរញ្ញប្បទាន ២០០លានដុល្លារអាមេរិកសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងធនាគារ វីង បានចុះអនុស្សរណៈនៃការយោគយល់ ដើម្បីពង្រីកសេវាហិរញ្ញវត្ថុ សំដៅពង្រឹងការគាំទ្រសម្រាប់សហគ្រិនក្នុងស្រុក ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅទូទាំងប្រទេសម្ពុជា។

ចេញផ្សាយនៅ: Dec 09, 2025

រាជធានីភ្នំពេញ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ — ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍  និងធនាគារ វីង បានចុះអនុស្សរណៈនៃការយោគយល់ ដើម្បីពង្រីកសេវាហិរញ្ញវត្ថុ សំដៅពង្រឹងការគាំទ្រសម្រាប់សហគ្រិនក្នុងស្រុក ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅទូទាំងប្រទេសម្ពុជា។

ពិធីចុះហត្ថលេខានេះ ប្រព្រឹតិ្តទៅក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។ កិច្ចសហប្រតិបត្តិការនេះបង្កើតជាក្របខ័ណ្ឌយុទ្ធសាស្រ្តមួយ ដែលរួមបញ្ចូល​ផលប័ត្រកម្ចី ២០០ លានដុល្លារអាមេរិក ដើម្បីជំរុញការអភិវឌ្ឍ លើកកម្ពស់ភាពប្រកួតប្រជែង និងនវានុវត្តន៍របស់ធុរកិច្ចកម្ពុជា។

 

ក្រោមភាពជាដៃគូនេះ ភាគីទាំងពីរនឹងសហការ ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន ពង្រីកសេវាហិរញ្ញវត្ថុឌីជីថល និងបង្កើតកម្មវិធីបណ្តុះបណ្តាល ក្នុងគោលដៅកែលម្អការរៀបចំអាជីវកម្ម ពង្រឹង​ចំណេះដឹងផ្នែកឌីជីថល និងជំនាញគ្រប់គ្រងហិរញ្ញវត្ថុ។ កិច្ចសហប្រតិបត្តិការនេះក៏មានគោលបំណងគាំទ្រសហគ្រាសដែលមាននវានុវត្តន៍ និងជំរុញវិស័យអាទិភាព ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិផងដែរ។

 

ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា៖​ កិច្ចសហប្រតិបត្តិការនេះមានគោលបំណងពង្រីកសេវាហិរញ្ញវត្ថុ ដើម្បីផ្តល់អត្ថប្រ​យោជន៍ដោយផ្ទាល់ដល់សហគ្រិន និងសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលអាចជួយឱ្យពួកគេរីកចម្រើន បង្កើនផលិតភាព និងវិនិយោគបន្ថែមលើនវានុវត្តន៍។ គោលដៅរបស់យើងគឺគាំទ្រអាជីវកម្មនៅគ្រប់ដំណាក់កាលនៃការអភិវឌ្ឍ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់រយៈពេលវែង។”

ស្ថាប័នទាំងពីរក៏នឹងសហការលើកកម្ពស់ការប្រើប្រាស់សេវាទូទាត់តាមឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលអាចបង្កើនប្រសិទ្ធភាព តម្លាភាព និងការឈានចូលអាជីវកម្មផ្លូវការ សម្រាប់ទាំងសហគ្រាសក្នុងវិស័យឧស្សាហកម្ម និងសហគ្រាសធុនមីក្រូ តូច និងមធ្យម។

 

លោកបណ្ឌិត Dmytro Kolechko អគ្គនាយកនៃធនាគារ វីង បានលើកឡើងថា៖ ធនាគារ វីង​ មានមោទនភាព ដែលបានចាប់ដៃគូជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍   ដើម្បីគាំទ្រដល់សហគ្រិន ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា។ តាមរយៈផលប័ត្រឥណទាន ២០០ លានដុល្លារអាមេរិក យើងមានបំណងធ្វើឱ្យការផ្តល់ហិរញ្ញប្បទានកាន់តែងាយស្រួល ជំរុញនវានុវត្តន៍ និងជួយឱ្យអាជីវកម្មក្នុងស្រុករីកចម្រើន ដើម្បីកសាងសេដ្ឋកិច្ចកាន់តែរឹងមាំសម្រាប់កម្ពុជា។”

 

យោងតាមជំរឿនឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ កម្ពុជាមានសហគ្រាសធុនមីក្រូ តូច និងមធ្យមចំនួន ៧៥៣.៦៧០ មូលដ្ឋាន មានកម្លាំងពលកម្មសរុបជិត ៣ លាននាក់ ក្នុងនោះមានស្រ្តី​ ៦០%។  វិស័យនេះរួមចំណែក ៦៣% នៃផលិតផលក្នុងស្រុកសរុប និងនៅតែជាវិស័យស្នូលសម្រាប់មហិច្ឆតារបស់កម្ពុជា ក្នុងការកសាងសេដ្ឋកិច្ចដែលកាន់តែមានពិពិធកម្មខ្ពស់ និងផ្អែកលើនវានុវត្តន៍។

 

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍  និងធនាគារ វីង នឹងបង្កើតគណៈកម្មាធិការរួមមួយ ដើម្បីរៀបចំ និងអនុវត្តផែនការ និងគំនិតផ្តួចផ្តើមសំខាន់ៗ ក្រោមអនុស្សរណៈនេះ។ សម្រាប់សហគ្រិន ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលមានតម្រូវការហិរញ្ញប្បទានដើម្បីពង្រីកកំណើនមុខរបរ និងប្រតិបត្តិការអាជីវកម្ម ពីកម្មវិធីឥណទានចំនួន ២០០ លានដុល្លារអាមេរិកនេះ សូមអញ្ជើញទាក់ទងទៅសាខាធនាគារ វីង ឬផ្នែកសេវាអតិថិជនតាមរយៈទំព័រហ្វ៊េសបុកផ្លូវការ របស់ធនាគារ វីង។

 

 

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង និងបុគ្គលិក រួមគ្នាផ្តល់ក្តីសង្ឃឹម និងការព្យាបាលដល់កុមារនៅមន្ទីរពេទ្យកុមារអង្គរ

ថវិកាបរិច្ចាគសរុបចំនួន ២៤.៣៣១.៦៣១រៀល ពីធនាគារ វីង និងបុគ្គលិក នឹងជួយគាំទ្រដល់សេវាថែទាំ និងសង្គ្រោះជីវិតកុមារនៅទូទាំងប្រទេសកម្ពុជា។

ចេញផ្សាយនៅ: Jun 12, 2026

អានរហ័ស

ធនាគារ វីង ចូលរួមជាមួយក្រសួងសង្គមកិច្ច ដើម្បីអបអរសាទរទិវាអន្តរជាតិស្តីពីគ្រួសារ

ការប្រារព្ធទិវាក្នុងឆ្នាំនេះ បានផ្តោតលើសារៈសំខាន់នៃការកសាងសេដ្ឋកិច្ចគ្រួសារឱ្យរឹងមាំ ដើម្បីគាំទ្រដល់វិបុលភាព និងសុខសន្តិភាពជាតិ។

ចេញផ្សាយនៅ: May 27, 2026

អានរហ័ស

ធនាគារ វីង ពង្រីកសមត្ថភាពទូទាត់ប្រាក់អឺរ៉ូ ភ្ជាប់កម្ពុជាទៅកាន់អឺរ៉ុប

ការបង្កើនសមត្ថភាពទូទាត់រូបិយប័ណ្ណអឺរ៉ូ និងការពង្រឹងការទំនាក់ទំនងហិរញ្ញវត្ថុជាមួយតំបន់អឺរ៉ុប គឺធ្វើឡើងដើម្បីគាំទ្រដល់កំណើនពាណិជ្ជកម្ម វិនិយោគ និងលំហូរប្រតិបត្តិការហិរញ្ញវត្ថុឆ្លងដែនបានកាន់តែរលូន

ចេញផ្សាយនៅ: May 25, 2026