ការចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហការជំរុញការប្រើប្រាស់ មុខងារទូទាត់តាមមធ្យោបាយអេឡិចត្រូនិក (e-Payment) រវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង ធនាគារ វីង (ខេមបូឌា) ម.ក

នៅទីស្នាក់ការកណ្ដាលធនាគារ វីង មានរៀបចំពីធីចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហការជំរុញការប្រើប្រាស់មុខងារទូទាត់តាមមធ្យោបាយអេឡិចត្រូនិក (e-Payment) រវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង ធនាគារ វីង (ខេមបូឌា) ។

ចេញផ្សាយនៅ: Dec 05, 2025

នារសៀលថ្ងៃសុក្រ ១៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្ដាលធនាគារ វីង មានរៀបចំពីធីចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហការជំរុញការប្រើប្រាស់មុខងារទូទាត់តាមមធ្យោបាយអេឡិចត្រូនិក (e-Payment) រវាងអគ្គ​នាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង ធនាគារ វីង (ខេមបូឌា) ម.ក ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ព្រមទាំងវត្តមានចូលរួមពីសមាគមធុរកិច្ច, ថ្នាក់ដឹកនាំធនាគារ វីង ​មន្ត្រីគយនិងរដ្ឋាករ និងភ្ញៀវកិត្តិយជាច្រើនរូបផងដែរ។

 

ថ្លែងក្នុងឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ពីការចូលរួមចំណែករបស់ធនាគារ វីង ក្នុងការអភិវឌ្ឍប្រទេសជាតិ តាមរយៈការសហការជិតស្និទ្ធជាមួយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីធ្វើឱ្យការបង់ពន្ធ និងអាករ ចូលថវិកាជាតិអាចដំណើរការប្រកដោយប្រសិទ្ធភាព។ ការចុះអនុស្សរណៈនៃការយោគយល់គ្នានាឱកាសនេះ គឺជាការបោះជំហានថ្មី ដើម្បីជួយសម្រួលឱ្យប្រតិបត្តិការបង់ពន្ធ- អាករ របស់ធុរជនកាន់តែមានភាពងាយស្រួល រហ័ស និងមានសុវត្ថិភាពបន្ថែមទៀត។ ជាមួយគ្នានេះផងដែរ ដើម្បីចូលរួមគាំទ្រដល់បរិយាកាសធុរកិច្ចនៅកម្ពុជា អ្នកឧកញ៉ា ក៏បានប្រកាសអំពីការផ្តល់នូវ “កម្រិតឥណទាន” ដែលមានបរិមាណរហូតដល់ ២០០ លានដុល្លារអាម៉េរិក មិនគិតអត្រាការប្រាក់រហូតដល់​ទៅ ៥ថ្ងៃ ដល់ធុរជនដែលបង់ប្រាក់ពន្ធ និងអាករ ជូនអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយប្រើប្រាស់មុខងារទូទាត់តាមមធ្យោបាយ​អេឡិចត្រូនិកជាមួយធនាគារ វីង ។ 

 

ថ្លែងមតិចំណាប់អារម្មណ៍នៅក្នុងកម្មវិធីនេះ ឯកឧត្ដមបណ្ឌិត គុណ ញឹម បានគូសរំលេចពីការខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងការ​ចាប់យកប្រព័ន្ធបច្ចេកវិទ្យាដើម្បីគាំទ្រដល់កិច្ចប្រតិបត្តិការរបស់រដ្ឋបាលគយដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយផ្នែកឯកជន ស្របតាមចក្ខុវិស័យរបស់ខ្លួនក្នុងការប្រែក្លាយស្ថាប័នគយឱ្យកាន់តែទំនើប សំដៅរួមចំណែកលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម ក៏ដូចជាបរិយាកាសធុរកិច្ចនៅកម្ពុជា។ ជាក់ស្ដែង មុខងារ e-Payment ដែលត្រូវបានដាក់ឱ្យអនុវត្តចាប់តាំងពីឆ្នាំ២០១៨ មក ត្រូវបានបន្តពង្រីកជាបន្តបន្ទាប់ ដែលគិតមកទល់ពេលនេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមានធនាគារជាដៃគូចំនួន ១០ស្ថាប័ន ដែលចូលរួមអនុវត្តមុខងារនេះ។ មុខងារ e-Payment អនុញ្ញាតឱ្យធុរជនអាចបង់ពន្ធ​ដោយ​មានភាពងាយស្រួល ឆាប់រហ័ស ចំណេញពេលវេលា ប្រកបដោយសុវត្ថិភាពខ្ពស់ ក៏ដូចជាជៀសវាងការភាន់ច្រឡំចំនួនប្រាក់ពន្ធ និងលេខគណនីធនាគារជាយថាហេតុ។ ​ឯកឧត្ដមបណ្ឌិត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងបានថ្លែងអំណរគុណដល់ធនាគារ វីង ដែលមានគំនិតផ្ដួចផ្ដើមឱ្យមានឥណទានជូនដល់ធុរជនសម្រាប់បង់ប្រាក់ពន្ធ និងអាករ ដែលប្រមូលដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ព្រមទាំងការសហការរៀបចំអនុស្សរណៈនៃការយោគយល់គ្នាជាមួយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីជំរុញការប្រើប្រាស់ e-Payment ឱ្យកាន់តែទូលំទូលាយ។

 

តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង ធនាគារ វីង  នឹងលើកកម្ពស់កិច្ចសហការក្នុងការជំរុញការប្រើប្រាស់មុខងារ e-Payment ដល់ធុរជន, សហការចែករំលែកចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ និងសុវត្ថិភាពប្រព័ន្ធ, ក៏ដូចជាបង្កើតឱ្យមានក្រុមការងារបច្ចេកទេស ដើម្បីគាំទ្រ និងដោះស្រាយបញ្ហានានាផងដែរ។​

 

សម្រាប់​ធុរជនដែល​ចង់​ជ្រាបព័ត៌មានបន្ថែម​អំពី “កម្រិតឥណទាន”  សូម​ទាក់ទង​មកការិយាល័យ​​ធនាគារ វីង​ ដោយ​ផ្ទាល់​ឬ​ក៏​​ហ្វេសប៊ុក​ផ្លូវការ​របស់​ធនាគារ​ វីង​៕

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

អ្នកប្រកបមុខរបរជាង ៦លាននាក់ នឹងទទួលបានឱកាសប្រើប្រាស់សេវាហិរញ្ញវត្ថុ និងធានារ៉ាប់រង តាមរយៈកិច្ចសហការរវាងធនាគារ វីង ក្រុមហ៊ុន RGI និងសមាគម CFEYA

ភាពជាដៃគូនេះនឹងជួយឱ្យអាជីវកម្មខ្នាតតូច និងអ្នកប្រកបមុខរបរឯករាជ្យ ទទួលបាននូវសេវាហិរញ្ញវត្ថុ ធានារ៉ាប់រង និងឱកាសបង្កើតប្រាក់ចំណូលថ្មីៗជាច្រើនទៀត។

ចេញផ្សាយនៅ: Oct 28, 2026

អានរហ័ស

ធនាគារ វីង ដាក់ដំណើរការគណនី WingGen ជួយបង្កើតទម្លាប់ហិរញ្ញវត្ថុឆ្លាតវៃដល់កុមារ និងក្មេងជំទង់

លើសពីគណនីសន្សំសម្រាប់កុមារទូទៅ គណនី WingGen បានរួមបញ្ចូលនូវការសន្សំ ការទូទាត់ទិញទំនិញប្រចាំថ្ងៃតាម KHQR កំណត់គោលដៅ បំពេញបេសកកម្ម ទទួលបានរង្វាន់ និងការណែនាំពីឪពុកម្តាយ ដែលមាននៅផ្លេតហ្វមតែមួយសម្រាប់កុមារ និងក្មេងជំទង់មានអាយុចាប់ពី 10 ដល់ 17 ឆ្នាំ។

ចេញផ្សាយនៅ: Oct 28, 2026

អានរហ័ស

ហេតុអ្វីកុមារចង់ឆាប់ធំ? ស្វែងយល់ពីសេរីភាព និងការសម្រេចចិត្តដែលពួកគេចង់បាន

កុមារជាច្រើនតែងនិយាយថា ពួកគេចង់ឆាប់ធំ មិនមែនដោយសារតែតួលេខអាយុនោះទេ ដែលធ្វើឱ្យពួកគេមានក្តីរំភើប តែវាគឺជាសេរីភាពដែលពួកគេអាចធ្វើការសម្រេចចិត្តបានដោយខ្លួនឯង។

ចេញផ្សាយនៅ: Oct 26, 2026