ភ្នាក់ងារវីងរួមគ្នាគាំទ្រមូលនិធិគន្ធបុប្ផាកម្ពុជា

ភ្នាក់ងាររបស់ធនាគារវីងបានបង្កើតមូលនិធិភ្នាក់ងារវីងដើម្បីទ្រទ្រង់បុព្វហេតុសង្គមចំពេលដែលជំងឺកំពុងរាតត្បាត និងបានជ្រើសរើសគាំទ្រមន្ទីរពេទ្យគន្ធបុប្ផាដែលកំពុងមានតម្រូវការហិរញ្ញវត្ថុ ភ្នំពេញថ្ងៃទី ១៧ ខែកញ្ញាឆ្នាំ ២០២១ – ភ្នាក់ងារវីងនៅទូទាំងប្រទេសបានស្ម័គ្រចិត្តបរិច្ចាគថវិកាប្រមាណ ៤៥,០០០ ដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យមួយបានផ្តល់ការថែទាំសុខភាព​ដល់កុមារនៅកម្ពុជាអស់រយៈពេលជិត ៣០ ឆ្នាំមកហើយ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។ មូលនិធិភ្នាក់ងារវីងទើបតែត្រូវបានបង្កើតឡើងកាលពីខែសីហា ឆ្នាំ២០២១ នេះ​ ក្នុងគោលបំណងកៀរគរថវិកាដើម្បីជួយគាំទ្រដល់បុព្វហេតុសង្គមក្នុងមូលដ្ឋានរបស់ពួកគេ។ ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ផាមានសារ:សំខាន់ណាស់ ជាពិសេសក្នុងអំឡុងពេលដែលកំពុងប្រឈមនិងការរាតត្បាតនៃជំងឺកូវីដ-១៩។ ធនាគារ វីង សហការជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំយុទ្ធនាការកៀរគរថវិកាបរិច្ចាគមួយ តាមរយៈមូលនិធិភ្នាក់ងារវីង ដើម្បីអំពាវនាវដល់ភ្នាក់ងារវីងនៅទូទាំងប្រទេស ចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលដៅជួយគាំទ្រផ្នែកហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ផា។ គិតត្រឹមថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ​នេះ, មូលនិធិភ្នាក់ងារ វីងបានកៀរគរថវិកា​បរិច្ចាគ​ចំនួនប្រមាណ ៤៥,០០០ ដុល្លារអាមេរិក ដើម្បីចូលរួមជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា ដោយឥតគិតថ្លៃ ប្រកបដោយ​គុណភាព និងមិនមានការរើសអើង។ លោក ស៊ុ្រន ឈាងស្រេង នាយកគ្រប់គ្រងអាជីវកម្មទីផ្សារអតិថិជននៃធនាគារ វីង បានមានប្រសាសន៍ថា៖ “យើងពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះសកម្មភាពប្រកបដោយទឹកចិត្តសប្បុរស និងមានការលះបង់ខ្ពស់របស់ភ្នាក់ងាររបស់យើង ដើម្បី​បុព្វ​ហេតុកុមារនៅកម្ពុជា តាមរយៈការរួមគ្នាជាមួយមូលនិធិភ្នាក់ងារវីង បរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា។ […]

ចេញផ្សាយនៅ: Sep 21, 2021

ភ្នាក់ងាររបស់ធនាគារវីងបានបង្កើតមូលនិធិភ្នាក់ងារវីងដើម្បីទ្រទ្រង់បុព្វហេតុសង្គមចំពេលដែលជំងឺកំពុងរាតត្បាត និងបានជ្រើសរើសគាំទ្រមន្ទីរពេទ្យគន្ធបុប្ផាដែលកំពុងមានតម្រូវការហិរញ្ញវត្ថុ

ភ្នំពេញថ្ងៃទី ១៧ ខែកញ្ញាឆ្នាំ ២០២១ – ភ្នាក់ងារវីងនៅទូទាំងប្រទេសបានស្ម័គ្រចិត្តបរិច្ចាគថវិកាប្រមាណ ៤៥,០០០ ដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យមួយបានផ្តល់ការថែទាំសុខភាព​ដល់កុមារនៅកម្ពុជាអស់រយៈពេលជិត ៣០ ឆ្នាំមកហើយ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។

មូលនិធិភ្នាក់ងារវីងទើបតែត្រូវបានបង្កើតឡើងកាលពីខែសីហា ឆ្នាំ២០២១ នេះ​ ក្នុងគោលបំណងកៀរគរថវិកាដើម្បីជួយគាំទ្រដល់បុព្វហេតុសង្គមក្នុងមូលដ្ឋានរបស់ពួកគេ។

ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ផាមានសារ:សំខាន់ណាស់ ជាពិសេសក្នុងអំឡុងពេលដែលកំពុងប្រឈមនិងការរាតត្បាតនៃជំងឺកូវីដ-១៩។ ធនាគារ វីង សហការជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំយុទ្ធនាការកៀរគរថវិកាបរិច្ចាគមួយ តាមរយៈមូលនិធិភ្នាក់ងារវីង ដើម្បីអំពាវនាវដល់ភ្នាក់ងារវីងនៅទូទាំងប្រទេស ចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលដៅជួយគាំទ្រផ្នែកហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ផា។ គិតត្រឹមថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ​នេះ, មូលនិធិភ្នាក់ងារ វីងបានកៀរគរថវិកា​បរិច្ចាគ​ចំនួនប្រមាណ ៤៥,០០០ ដុល្លារអាមេរិក ដើម្បីចូលរួមជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា ដោយឥតគិតថ្លៃ ប្រកបដោយ​គុណភាព និងមិនមានការរើសអើង។

លោក ស៊ុ្រន ឈាងស្រេង នាយកគ្រប់គ្រងអាជីវកម្មទីផ្សារអតិថិជននៃធនាគារ វីង បានមានប្រសាសន៍ថា៖ “យើងពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះសកម្មភាពប្រកបដោយទឹកចិត្តសប្បុរស និងមានការលះបង់ខ្ពស់របស់ភ្នាក់ងាររបស់យើង ដើម្បី​បុព្វ​ហេតុកុមារនៅកម្ពុជា តាមរយៈការរួមគ្នាជាមួយមូលនិធិភ្នាក់ងារវីង បរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា។ យើងមានទីភ្នាក់ងារវីងជិត ១០.០០០ កន្លែងគ្រប់ស្រុកក្នុងប្រទេសកម្ពុជា ហេតុនេះហើយទើបធ្វើឱ្យយើងអាចកៀរគរថវិកាដើម្បីបុព្វហេតុនេះបាន។ ភ្នាក់ងាររបស់យើងមិនត្រឹមតែបំរើសេវាកម្មហិរញ្ញវត្ថុសម្រាប់បំពេញតម្រូវការប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ពួកគេ​ថែម​ទាំង​បានបរិច្ចាគធនធានផ្ទាល់ខ្លួនដើម្បីជួយដល់ជនងាយរងគ្រោះនៅក្នុងសហគមន៍របស់ពួកគេផងដែរ។”

លោកស្រី ផេង សារ៉េត អាយុ ៦១ ឆ្នាំដែលជាភ្នាក់ងារវីងនៅក្រុងព្រះសីហនុ បានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនចំនួន១០០ ដុល្លារអាមេរិកសម្រាប់បុព្វហេតុនេះផងដែរ ដោយបានលើកឡើងថា៖ “ខ្ញុំចាំបានថានៅពេលដែលចៅខ្ញុំឈឺធ្ងន់ វាពិបាកណាស់ដើម្បីស្វែងរកមន្ទីរពេទ្យដែលអាចជឿទុកចិត្តបានដើម្បីព្យាបាល។ មន្ទីរពេទ្យគន្ធបុប្ផាបានផ្តល់ក្តីសង្ឃឹម និងជីវិតថ្មីដល់ចៅរបស់ខ្ញុំ។ តាម រយៈមូលនិធិភ្នាក់ងារវីង ខ្ញុំអាចសំដែងការដឹងគុណដល់មន្ទីរពេទ្យគន្ធបុប្ផាបាន”។

ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណដល់ភ្នាក់ងារវីងដែលបានជួយគាំទ្រដល់មន្ទីរពេទ្យកុមារក្នុងអំឡុងពេលដ៏លំបាកនេះ។ ឯកឧត្តម រស់ សីលវ៉ា​ បានមានប្រសាសន៍ថា៖ “មូលនិធិពិតជាត្រូវការការគាំទ្រពីសាធារណជន ដើម្បីជួយឱ្យប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ផាអាចដំណើរការបានយ៉ាងរលូន។ ការបរិច្ចាគរបស់ភ្នាក់ងារនឹងជួយដល់កុមារដែលកំពុងមានតម្រូវការពិនិត្យ និងព្យាបាលជំងឺ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការរួមចំណែករបស់ភ្នាក់ងារ វីង និងសម្រាប់ការជួយលើកកម្ពស់យុទ្ធនាការសប្បុរសធម៌ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា”។

មន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប បានផ្តល់ការព្យាបាលប្រកបដោយគុណភាព និងវិជ្ជាជីវ:ខ្ពស់ ដល់ទារក និងកុមារដោយឥតគិតថ្លៃចាប់តាំងពីការបង្កើតឡើងវិញនៅឆ្នាំ១៩៩២ ដោយលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត Beat Richner។ មន្ទីរពេទ្យបានចំណាយថវិកា​ប្រមាណ ៤០ លានដុល្លារ សម្រាប់ប្រតិបត្តិការក្នុងមួយឆ្នាំៗ។ កុមារជាង ៦៣៩ ២៦០ នាក់ បានមកទទួលការពិនិត្យ និងព្យាបាល និងអ្នកជំងឺធ្ងន់ធ្ងរចំនួន ១៣៣ ០២៦ នាក់ បានមកសម្រាក និងព្យាបាលក្នុងមន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំងដោយឥតគិតថ្លៃ នៅក្នុងឆ្នាំ២០២០ កនុ្លងទៅនេះ។

ភ្នាក់ងារវីងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា និងបានជួយសម្រួលលំហូរសាច់ប្រាក់ប្រកប​ដោយភាពងាយស្រួល ជាពិសេសដល់ស្រ្តីនៅក្នុងសហគមន៍របស់ពួកគេ។ អ្នកប្រើប្រាស់សេវាកម្មវីងអាចចូលរួមចំណែកដល់កិច្ចការសប្បុរសធម៌នេះ តាមរយៈការបរិច្ចាគទៅគណនីប្រាក់រៀលលេខ ៥៥៥៩ ឬ គណនីប្រាក់ដុល្លារលេខ ៥៥៥៨ ឬតាមភ្នាក់ងារវីង នៅទូទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ ដោយមិនគិតថ្លៃសេវា។ ធនាគារវីងធានាថាប្រាក់វិភាគទានសប្បុរសធម៌ ១០០ % នឹងទៅដល់មន្ទីរពេទ្យគន្ធបុប្ផា៕

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026