ធនាគារ វីង ប្រារព្ធទិវានៃក្តីស្រឡាញ់ជាមួយបេសកកម្មសង្គ្រោះកុមារ

ព្រឹត្តិការណ៍ ”រត់ជាមួយវីង ដើម្បីកុមារកម្ពុជា“ បានកៀរគរថវិកា ២០ លានរៀល ជូនមន្ទីរពេទ្យកុមារអង្គរ ដើម្បីធានានិរន្តរភាពនៃការព្យាបាលដោយឥតគិតថ្លៃសម្រាប់កុមារកម្ពុជា។

ចេញផ្សាយនៅ: Feb 16, 2026

រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦៖  បរិវេណបុរីប៉េងហួតបឹងស្នោ បានក្លាយជាទីតាំងនៃសាមគ្គីភាពដ៏រស់រវើកកាលពីព្រឹកមិញនេះ ខណៈដែលអ្នកចូលរួមប្រមាណជិត ១.០០០ នាក់ បានពាក់អាវយឺត និងចងខ្សែស្បែកជើង រត់រួមគ្នាជាមួយ ធនាគារ វីង ក្នុងព្រឹត្តិការណ៍ “រត់ជាមួយវីង ដើម្បីកុមារកម្ពុជា”។

 

លោក ហោ ប៊ុនថែ អគ្គនាយករង ធនាគារ វីង បានលើកឡើងថា៖ «ការជួបជុំថ្ងៃនេះ មិនត្រឹមតែជួយលើកកម្ពស់សុខភាពអ្នកចូលរួមប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្តល់ក្តីសង្ឃឹម និងការការពារដល់ជីវិតកុមារកម្ពុជាដែលងាយរងគ្រោះបំផុត។ ការចូលរួមនេះ នឹងជួយឱ្យមន្ទីរពេទ្យបន្តបេសកកម្មផ្តល់សេវាព្យាបាលប្រកបដោយសមធម៌ គុណភាព និងគ្មានការរើសអើង។ ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅដល់អ្នកចូលរួមទាំងអស់ ដែលបានចំណាយពេលចុងសប្តាហ៍ក្នុងស្មារតីសាមគ្គីភាព ដើម្បីបង្ហាញពីក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះសុខុមាលភាពកុមារនៅកម្ពុជា។»

 

ជាផ្នែកមួយនៃយុទ្ធនាការនេះ ធនាគារ វីង បានបរិច្ចាគថវិកាបន្ថែមចំនួន ១០.០០០ រៀល សម្រាប់បុគ្គលិកចូលរួមម្នាក់ ចូលទៅក្នុងមូលនិធិសប្បុរសធម៌។ សរុបទាំងការបរិច្ចាគពីដៃគូ និងសប្បុរសជននានា ថវិកាចំនួន ២០ លានរៀល ត្រូវបានប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរដោយផ្ទាល់ ដើម្បីធានាថា កុមារកម្ពុជាគ្រប់រូបមានឱកាសទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាព និងឥតគិតថ្លៃ។

 

កញ្ញា ស៊ិន ស្រីល័ក្ខ អ្នកគ្រប់គ្រងផ្នែកសប្បុរសធម៌ និងភាពជាដៃគូនៃមន្ទីរពេទ្យកុមារអង្គរ បានលើកឡើងថា៖ «សកម្មភាពនៅថ្ងៃនេះ គឺបង្ហាញពីក្ដីស្រឡាញ់ដ៏ធំធេងសម្រាប់កុមារកម្ពុជា ហើយក៏ជាកម្លាំងចិត្តដ៏ធំធេងសម្រាប់ក្រុមគ្រូពេទ្យរបស់យើងផងដែរ។ យើងខ្ញុំ​សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារ វីង ដែលតែងតែជាដៃគូសប្បុរសធម៌ដ៏រឹងមាំ ក្នុងការរួមចំណែកកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់កុមារកម្ពុជា។»

 

មន្ទីរពេទ្យកុមារអង្គរ ដែលមានទីតាំងនៅខេត្តសៀមរាប គឺជាស្ថាប័នសុខាភិបាលមិនរកប្រាក់ចំណេញដ៏សំខាន់មួយ ដែលបានផ្តល់ការព្យាបាលដល់កុមារកម្ពុជាជាង ១២០.០០០ នាក់ក្នុងមួយឆ្នាំៗ។ ដើម្បីបន្តប្រតិបត្តិការសង្គ្រោះជីវិតនេះ មន្ទីរពេទ្យត្រូវការថវិកាប្រមាណជាង ៦ លានដុល្លារជារៀងរាល់ឆ្នាំ ដែលពឹងផ្អែកភាគច្រើនលើការបរិច្ចាគពីសប្បុរសជន។

 

កញ្ញ យិន សុន្និច ដែលបានចូលរួមក្នុងកម្មវិធីរត់នេះ បានរៀបរាប់ទាំងទឹកមុខញញឹមថា៖ «ការអបអរសាទរថ្ងៃបុណ្យនៃក្ដីស្រឡាញ់តាមរយៈការរត់សប្បុរសធម៌បែបនេះ គឺជាបទពិសោធន៍ដ៏មានន័យបំផុតសម្រាប់ខ្ញុំ។ វាលើសពីការហាត់ប្រាណដើម្បីសុខភាព ប៉ុន្តែវាគឺជាការចែករំលែកក្ដីស្រឡាញ់ពិតប្រាកដទៅកាន់កុមារដែលកំពុងត្រូវការជំនួយ។»

 

គួរបញ្ជាក់ផងដែរថា នេះគឺជាឆ្នាំទី២ហើយដែលធនាគារ វីង បានរៀបចំព្រឹត្តិការណ៍នេះឡើង។ ក្នុងនាមជាធនាគារសម្រាប់ប្រជាជនកម្ពុជា ធនាគារ វីង តែងតែដាក់បញ្ចូលការងារសង្គមជាអាទិភាពក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។ ក្រៅពីកម្មវិធីនេះ ធនាគារ វីង ក៏តែងតែគាំទ្រមន្ទីរពេទ្យកុមារអង្គរ តាមរយៈរៃអង្គាសថវិកា “បុណ្យផ្កាប្រាក់មហាសាមគ្គី” និងគំនិតផ្តួចផ្តើមជាច្រើនផ្សេងទៀត។

ក្នុងឱកាសនៃទិវានៃក្ដីស្រឡាញ់នេះ ព្រឹត្តិការណ៍នេះបានបញ្ចប់ទៅដោយជោគជ័យលើសពីការរំពឹងទុក ព្រមទាំងបានបន្សល់ទុកនូវស្នាមញញឹម និងការចងចាំដ៏មានន័យបំផុត ចេញពីទឹកចិត្តសប្បុរសរបស់អ្នកចូលរួមគ្រប់រូប ដើម្បីជាផ្នែកមួយនៃការរួមចំណែកសង្គ្រោះកុមារកម្ពុជា ក៏ដូចជាលើកកម្ពស់សុខុមាលភាពក្នុងសហគមន៍។

 

សាធារណជនទាំងអស់អាចចូលរួមជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជាក្នុងថ្ងៃនៃក្តីស្រឡាញ់ តាមរយៈការបរិច្ចាគថវិកាជូនដល់មន្ទីរពេទ្យកុមារអង្គរ ដោយគ្រាន់តែស្កេន វីង KHQR ខាងក្រោម។ រាល់ការបរិច្ចាគ មិនមានការគិតថ្លៃសេវាឡើយពីគ្រប់គណនីធនាគារក្នុងស្រុកទាំងអស់ ហើយចំនួនទឹកប្រាក់ទាំងស្រុងនឹងផ្ទេរចូលទៅក្នុងគណនីធនាគាររបស់មន្ទីរពេទ្យកុមារអង្គរដោយផ្ទាល់។

 

 

 

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ពានរង្វាន់ធនាគារ វីង ២០២៦៖ ពង្រឹងស្មារតីក្រុម ដើម្បីបម្រើសហគមន៍ឱ្យកាន់តែល្អប្រសើរ

ក្រុមបាល់ទាត់ចំនួន ២៥ មកពីទីស្នាក់ការកណ្តាល និងបណ្តាសាខានៃធនាគារ វីង បានជួបជុំគ្នាបង្ហាញស្មារតីប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាព ដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាកម្មជូនអតិថិជននៅទូទាំងប្រទេស។

ចេញផ្សាយនៅ: Aug 25, 2026

អានរហ័ស

ដំណើរឆ្ពោះទៅមុខ របស់ វីង ពីធនាគារទទួលបានទំនុកចិត្ត ក្លាយជាមិត្តរួមដំណើរប្រចាំថ្ងៃ

ទំព័រថ្មីរបស់ វីង មិនមែនមានន័យថា វីង នឹងប្រែក្លាយទៅជាធនាគារមួយផ្សេងទៀតនោះទេ។ ប៉ុន្តែ វាគឺជាការវិវឌ្ឍខ្លួនទៅជាធនាគារដែលកាន់តែមានភាពស្និទ្ធស្នាល រស់រវើក និងមានអន្តរកម្មខ្ពស់ជាងមុន—ជាធនាគារដដែលដែលអតិថិជនធ្លាប់បានផ្តល់ទំនុកចិត្តរួចមកហើយ។

ចេញផ្សាយនៅ: Aug 20, 2026

អានរហ័ស

លើសពីភាពច្នៃប្រឌិត៖ ការកសាងទំនុកចិត្តជាមួយប្រជាជនកម្ពុជា

ស្របពេលសេវាហិរញ្ញវត្ថុវិវឌ្ឍកាន់តែលឿន និងឈានទៅរកប្រព័ន្ធឌីជីថលកាន់តែខ្លាំង ធនាគារ វីង ជឿជាក់ថា វឌ្ឍនភាពនេះត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការការពារដ៏រឹងមាំ ការអនុវត្តប្រកបដោយការទទួលខុសត្រូវ និងការអនុវត្តដែលមានការត្រួតពិនិត្យពីស្ថាប័នឯករាជ្យ។

ចេញផ្សាយនៅ: Aug 20, 2026