កបណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយកធនាគារ វីង ត្រូវបានជ្រើសរើសក្នុងចំណោមថ្នាក់ដឹកនាំអន្តរជាតិឆ្នើមចំនួន ៥០ រូប មកពី ២០ សញ្ជាតិផ្សេងៗគ្នា ដើម្បីចែករំលែកពីទស្សនវិស័យក្នុងការជំរុញកំណើនវិស័យធុរកិច្ចនៅកម្ពុជា ដោយបានចុះផ្សាយនៅក្នុងកម្រងអត្ថបទពិសេសស្តីពី៖ “ទស្សនវិស័យថ្នាក់ដឹកនាំ ៥០ រូបសម្រាប់ ឆ្នាំ២០២៦” ដែលរៀបចំចងក្រងដោយគេហទំព័រ Cambodia Investment Review (CIR) និងសហការចូលរួមពីសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា (IBC)។
កម្រងអត្ថបទពិសេសប្រចាំឆ្នាំនេះ បានជ្រើសរើសថ្នាក់ដឹកនាំអន្តរជាតិចំនួន ៥០ រូប មកពី ២០ សញ្ជាតិផ្សេងៗគ្នា ដែលតំណាងឱ្យវិស័យសំខាន់ៗ រួមមាន៖ ធនាគារ និងហិរញ្ញវត្ថុ អចលនទ្រព្យ កម្មន្តសាល អប់រំ ភស្តុភារកម្ម បដិសណ្ឋារកិច្ច ការថែទាំសុខភាព បច្ចេកវិទ្យា សេវាកម្មវិជ្ជាជីវៈ និងគម្រោងវិនិយោគដែលផ្តោតលើផលវិជ្ជមានក្នុងសង្គម។ តាមរយៈការចែករំលែកបទពិសោធន៍ដឹកនាំរបស់ពួកគាត់ កម្រងអត្ថបទនេះផ្តល់នូវការយល់ដឹងកាន់តែស៊ីជម្រៅ ពីចក្ខុវិស័យរបស់ថ្នាក់ដឹកនាំដែលកំពុងនៅពីក្រោយភាពរស់រវើកនៃវិស័យធុរកិច្ចកម្ពុជា ព្រមទាំងជាកម្លាំងចលករដ៏សំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិក្នុងរយៈពេលវែងទៀតផង។
លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ បានលើកឡើងថា៖ “ការលើកកម្ពស់នវានុវត្តន៍ និងកសាងនូវភាពធន់ គឺជាគ្រឹះដ៏សំខាន់អនាគតរបស់ប្រទេសកម្ពុជា។ សម្រាប់ធនាគារ វីង យើងប្តេជ្ញាឈានមុខគេជានិច្ច ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរនានា ដោយបន្តផ្តល់ជូនអតិថិជននូវដំណោះស្រាយហិរញ្ញវត្ថុ ដែលជួយឱ្យពួកគាត់ធ្វើប្រតិបត្តិការបានរលូន អាចលូតលាស់ទៅមុខបាន និងមានទំនុកចិត្តខ្ពស់ ក្នុងបរិបទសេដ្ឋកិច្ចដែលកំពុងវិវឌ្ឍដ៏ឆាប់រហ័សនេះ។”
ការទទួលស្គាល់ចំពោះ បណ្ឌិត ឌីមីត្រូ ខូលេកកូ គឺឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសមត្ថភាពដឹកនាំដ៏ឆ្នើម ចាប់តាំងពីលោកបានចូលកាន់តំណែងជាអគ្គនាយកធនាគារ វីង នៅចុងឆ្នាំ ២០២៤។ ទិសដៅយុទ្ធសាស្ត្ររបស់លោក ផ្ដោតលើការរីកចម្រើនប្រកបដោយការទទួលខុសត្រូវ ជំរុញនវានុវត្តន៍ និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ដែលស្របទៅនឹងចក្ខុវិស័យរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង ដើម្បីធានាបានថាប្រជាជនកម្ពុជាគ្រប់រូប អាចទទួលបាននូវដំណោះស្រាយឌីជីថល ដែលជួយលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃឱ្យកាន់តែប្រសើរឡើង។
នៅក្នុងកម្រងអត្ថបទសម្ភាសនោះ ក៏បានគូសបញ្ជាក់ពីគំនិតផ្ដួចផ្ដើមសំខាន់ៗដែលធនាគារ វីង បានដាក់ដំណើរការ រួមទាំងការប្តេជ្ញាចិត្តរបស់ធនាគារ វីង ក្នុងការផ្តល់ហិរញ្ញប្បទានចំនួន ៥០០ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់អាជីវកម្មដឹកនាំដោយស្ត្រី សហគ្រាសធុនមីក្រូ តូច និងមធ្យម ក៏ដូចជា ពាណិជ្ជកម្ម សហគ្រាស ដែលជំរុញដោយនវានុវត្តន៍ជាដើម។ បន្ថែមពីនេះ ធនាគារ វីង ក៏បានពង្រឹងការតភ្ជាប់ហិរញ្ញវត្ថុឆ្លងដែន ដោយផ្តល់ជូននូវដំណោះស្រាយផ្ទេរប្រាក់ប្រកបដោយសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជានៅក្រៅប្រទេស។ តាមរយៈសេវាផ្ទេរប្រាក់របស់ខ្លួន ធនាគារ វីង ថែមទាំងជួយឱ្យប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសអាចសន្សំប្រាក់ និងទទួលបានអត្រាការប្រាក់រហូតដល់ ៣% ក្នុងមួយឆ្នាំ ដែលជួយឱ្យពួកគាត់កសាងស្ថិរភាពហិរញ្ញវត្ថុសម្រាប់អនាគត ព្រមទាំងរក្សាបាននូវទំនាក់ទំនងហិរញ្ញវត្ថុយ៉ាងស្អិតរមួតជាមួយក្រុមគ្រួសារនៅស្រុកកំណើតទៀតផង។

ក្រោមការដឹកនាំរបស់លោក ធនាគារ វីង បានពង្រីកប្រតិបត្តិការរបស់ខ្លួនកាន់តែទូលំទូលាយ ដោយនាំយកនូវដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែបដើម្បីបំពេញតម្រូវការសម្រាប់អតិថិជនទូទៅ សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាអាជីវកម្មនានាទូទាំងប្រទេស។ ដោយដើរស្របតាមចក្ខុវិស័យរយៈពេលវែង និងការអនុវត្តប្រកបដោយវិជ្ជាជីវៈខ្ពស់ ធនាគារ វីង មិនត្រឹមតែអាចរក្សាបាននូវកំណើនប្រកបដោយការទទួលខុសត្រូវប៉ុណ្ណោះទេ ថែមទាំងបានចូលរួមលើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជាយ៉ាងពិតប្រាកដ។ ទោះបីជាស្ថានភាពទីផ្សារមានការប្រែប្រួលយ៉ាងណាក្តី ធនាគារ វីង នៅតែឈរជើងយ៉ាងរឹងមាំ និងរក្សាការទំនាក់ទំនងយ៉ាងជិតស្និទ្ធបំផុតជាមួយអតិថិជន និងសហគមន៍។ តាមរយៈដំណោះស្រាយឌីជីថលដ៏ទំនើប ធនាគារ វីង តែងតែគាំទ្រដល់អតិថិជន និងម្ចាស់អាជីវកម្ម ឱ្យពួកគាត់អាចធ្វើប្រតិបត្តិការទូទាត់ សន្សំ កម្ចី និងពង្រីកអាជីវកម្មប្រកបដោយទំនុកចិត្តខ្ពស់ ដែលកត្តាទាំងអស់នេះហើយរឹតតែគូសបញ្ជាក់យ៉ាងច្បាស់ពីជំហររបស់ធនាគារ វីង ក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុឌីជីថលឈានមុខគេមួយនៅកម្ពុជា។
លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ គឺជាអ្នកជំនាញហិរញ្ញវត្ថុអាជីពមួយរូប មានបទពិសោធន៍ជាង ២៦ ឆ្នាំ ក្នុងតួនាទីជាអ្នកដឹកនាំជាន់ខ្ពស់នៅប្រទេសជាច្រើននៅលើពិភពលោកដូចជា៖ អ៊ុយក្រែន បូស្នៀ ហឺហ្សេហ្គោវីណា និងវៀតណាម ជាមួយនឹងស្នាដៃលេចធ្លោ ក្នុងការគ្រប់គ្រងហានិភ័យ ការធានាប្រាក់ចំណូល និងការគ្រប់គ្រងឥណទាន។ លោកមានជំនាញដ៏ប៉ិនប្រសប់ ក្នុងការធ្វើបរិវត្តកម្មឌីជីថល ហិរញ្ញវត្ថុប្រកបដោយចីរភាព និងការធ្វើសមាហរណកម្មបច្ចេកវិទ្យាទំនើបទៅក្នុងប្រតិបត្តិការធនាគារ ដែលធ្វើឱ្យរូបលោកក្លាយជាអ្នកប្រឹក្សាប្រកបដោយទុកចិត្ត និងជាអ្នកដឹកនាំដែលមានចក្ខុវិស័យវែងឆ្ងាយក្នុងវិស័យហិរញ្ញវត្ថុពិភពលោក។
អានអត្ថបទសម្ភាសទាំងស្រុង សូមចុចទីនេះ