ធនាគារ វីង ស្ថាប័នCGCC និងសម្ព័ន្ធសមាគម FASMEC សហការផ្តល់ការធានាឥណទាន និងឱកាសទីផ្សារទៅដល់សហគ្រាសខ្នាតតូច និងមធ្យម

ធនាគារ វីង ស្ថាប័នCGCC និងសម្ព័ន្ធសមាគម FASMEC សហការផ្តល់ការធានាឥណទាន និងឱកាសទីផ្សារទៅដល់សហគ្រាសខ្នាតតូច និងមធ្យម សហគ្រាសខ្នាតតូច និងមធ្យមដែលជាសមាជិក FASMEC អាចទទួលបានដំណោះស្រាយហិរញ្ញវត្ថុជាមួយធនាគារ វីង ដែលមានការធានាដោយ CGCC ជាមួយនឹងឱកាសចូលទៅកាន់ទីផ្សារកាន់តែទូលំទូលាយ ដើម្បីដោះស្រាយតម្រូវការហិរញ្ញវត្ថុ ក៏ដូចជាជំរុញដល់ការរីកចម្រើនអាជីវកម្ម។ រាជធានីភ្នំពេញ ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣៖ ធនាគារ វីង (ខេមបូឌា) ម.​ក​ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងសម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច ​និង​មធ្យម​កម្ពុជា (FASMEC) បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រដ៏មាន​សារៈសំខាន់ ដែលមានចក្ខុវិស័យសំដៅជំរុញការរីកចម្រើនសហគ្រាសខ្នាតតូច និងមធ្យម (SMEs) នៅកម្ពុជា។ កិច្ចសហការនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នាមួយ ដើម្បីផ្តល់ជាដំណោះស្រាយ​ទៅដល់ SMEs​ ដែលមានបញ្ហាប្រឈមជាមួយនឹងកង្វះខាតទ្រព្យធានានៅពេលស្នើឥណទានពីគ្រឹះស្ថានធនាគារ ក៏ដូចជាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងចំណោម SMEs ជាពិសេសសម្រាប់សមាជិក FASMEC នៅទូទាំងប្រទេសនៅកម្ពុជា។ កិច្ចសហការនេះអាចសម្រេចទៅបានតាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដោយធនាគារ វីង ដែលមិនតម្រូវឲ្យមានទ្រព្យធានា ជាមួយនឹងការធានាឥណទានពី CGCC ដែលជាស្ថាប័នគ្រប់គ្រង​ដោយរដ្ឋ។ លោក […]

ចេញផ្សាយនៅ: Aug 23, 2023

ធនាគារ វីង ស្ថាប័នCGCC និងសម្ព័ន្ធសមាគម FASMEC សហការផ្តល់ការធានាឥណទាន និងឱកាសទីផ្សារទៅដល់សហគ្រាសខ្នាតតូច និងមធ្យម

សហគ្រាសខ្នាតតូច និងមធ្យមដែលជាសមាជិក FASMEC អាចទទួលបានដំណោះស្រាយហិរញ្ញវត្ថុជាមួយធនាគារ វីង ដែលមានការធានាដោយ CGCC ជាមួយនឹងឱកាសចូលទៅកាន់ទីផ្សារកាន់តែទូលំទូលាយ ដើម្បីដោះស្រាយតម្រូវការហិរញ្ញវត្ថុ ក៏ដូចជាជំរុញដល់ការរីកចម្រើនអាជីវកម្ម។

រាជធានីភ្នំពេញ ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣៖ ធនាគារ វីង (ខេមបូឌា) ម.​ក​ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងសម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច ​និង​មធ្យម​កម្ពុជា (FASMEC) បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រដ៏មាន​សារៈសំខាន់ ដែលមានចក្ខុវិស័យសំដៅជំរុញការរីកចម្រើនសហគ្រាសខ្នាតតូច និងមធ្យម (SMEs) នៅកម្ពុជា។

កិច្ចសហការនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នាមួយ ដើម្បីផ្តល់ជាដំណោះស្រាយ​ទៅដល់ SMEs​ ដែលមានបញ្ហាប្រឈមជាមួយនឹងកង្វះខាតទ្រព្យធានានៅពេលស្នើឥណទានពីគ្រឹះស្ថានធនាគារ ក៏ដូចជាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងចំណោម SMEs ជាពិសេសសម្រាប់សមាជិក FASMEC នៅទូទាំងប្រទេសនៅកម្ពុជា។ កិច្ចសហការនេះអាចសម្រេចទៅបានតាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដោយធនាគារ វីង ដែលមិនតម្រូវឲ្យមានទ្រព្យធានា ជាមួយនឹងការធានាឥណទានពី CGCC ដែលជាស្ថាប័នគ្រប់គ្រង​ដោយរដ្ឋ។

លោក Wong Keet Loong អគ្គនាយក​ CGCC បានថ្លែងថា៖ “យើងមានសេចក្តីសោមនស្សរីករាយក្នុងការចាប់ដៃគូតាមរយៈអនុស្សរណៈនៃការយោគយល់គ្នាជាមួយធនាគារ​​ វីង និង FASMEC ក្នុងឆ្នាំនេះ ដើម្បីបង្កើនការគាំទ្រដល់ SMEs ជាពិសេសសមាជិករបស់ ​ FASMEC ឲ្យទទួលបានកម្ចីដែលមានការធានាពី CGCC តាមរយៈធនាគារ វីង ឲ្យកាន់តែទូលំទូលាយជាងមុន។​ យើងក៏ជឿជាក់ថា ​តាមរយៈកិច្ចសហប្រតិបត្តិការនេះនឹងអាចផ្តល់ជាធនធានដ៏សំខាន់​​សម្រាប់ FASMEC ក៏ដូចជាសមាជិកសមាជិកា ឲ្យកាន់តែរីកចម្រើន និងទទួលបានជោគជ័យ ជាមួយនឹងនឹងឱកាសដ៏ទូលំទូលាយក្នុងការទទួលបានហិរញ្ញប្បទាន ក៏ដូចជាបង្កើនចំណេះដឹងហិរញ្ញវត្ថុ ដែលស្របជាមួយនឹងទិសដៅរបស់ CGCC​ ផងដែរ។”

CGCC ដែលជាស្ថាប័នធានាឥណទានគ្រប់គ្រងដោយរដ្ឋដំបូងគេនៅកម្ពុជា ប្រតិបត្តិការក្រោម​ការគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានគោលបំណងជំរុញអាជីវកម្មក្នុងស្រុកដោយផ្តល់ការគាំទ្រឥណទានទាន់ពេលវេលា។ គិតត្រឹមខែកក្កដា ឆ្នាំ២០២៣ CGCC បានផ្តល់ការធានាឥណទានដោយជោគជ័យទៅដល់ ១.៦៤៨ សហគ្រាសជាមួយនឹងទំហំឥណទាន ១៣៩,៥ លានដុល្លារអាមេរិក។​​​ ក្នុងចំណោមនោះ មានប្រមាណ​ ៩២ ភាគរយ​ គឺជាសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ហើយមាន ៨ ភាគរយគឺជាសហគ្រាសខ្នាតធំ។​

លោក ហាន ប៉េងក្វាង​ អគ្គនាយកធនាគារ វីង បានថ្លែងថា៖ “តាមរយៈដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ក៏ដូចជាភាពជាដៃគូសហការជាមួយ CGCC និង FASMEC យើងខ្ញុំមានការតាំងចិត្តជួយសម្រួលទៅដល់ SMEs ដើម្បីអាចទទួលបានហិរញ្ញវត្ថុកាន់តែប្រសើរជាងមុន​។”​

លោក ហាន ប៉េងក្វាង បានបន្តថា៖ “តាមរយៈការផ្តល់សេវាធនាគារដែលមានភាពបត់បែន និងការគាំទ្រផ្នែកឥណទានដ៏ល្អប្រសើរ យើងនឹងអាចជួយទៅដល់ SMEs ក្នុងការចាប់យកាលានុវត្តភាពរីកលូតលាស់ នវានុវត្តន៍ភាព និងរួមចំណែកដល់វិបុលទាំងមូលនៅក្នុងប្រទេសកម្ពុជា”។

SMEs ដែលជាសមាជិករបស់ FASMEC មិនត្រឹមតែអាចទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីធនាគារ វីង ​ដោយមានការធានាដោយ CGCC ប៉ុណ្ណោះទេ ថែមទាំងអាចទទួលបានឱកាសផ្សារភ្ជាប់កាន់តែទូលំទូលាយជាមួយអតិថិជនសក្តានុពល អ្នកលក់ និងអ្នកផ្គត់ផ្គង់ផងដែរ នោះគឺមានការជួយសម្រួលតាម​រយៈប្រព័ន្ធអ៉ីកូឡូស៊ី​របស់ វីង។

ធនាគារ វីង ផ្តល់នូវដំណោះស្រាយងាយស្រួលទៅ​ដល់វិស័យលក់រាយ តាមរយៈថ្នាលឌីជីថលរបស់ខ្លួនគឺ WingPay ដែលជួយសម្រួលប្រតិបត្តិការទៅដល់ប្រព័ន្ធអ៉ីកូឡូស៊ី​របស់ វីង មានដូចជា៖ Wingmarket, WingAgri និង Wingmall ដែលថ្នាលឌីជីថលទាំងនេះអាចជួយផ្សារភ្ជាប់រវាង​អាជីវកម្មជាមួយនឹងអាជីវកម្ម (B2B) និងរវាងអាជីវកម្មជាមួយអ្នកទិញ (B2C) បានយ៉ាងងាយស្រួល។​

ថ្នាលឌីជីថល​ Wingmarket ផ្តល់ដំណោះស្រាយខ្សែចង្វាក់ផ្គត់ផ្គង់ ពោលគឺជួយសម្រួលការគ្រប់គ្រងខ្សែចង្វាក់ផ្គត់ផ្គង់នៃដំណើរការសហគ្រាសខ្នាតតូច និងមធ្យម ក៏ដូចជាសាជីវកម្មនានា​​ឲ្យបានកាន់តែល្អប្រសើរ។ ចំពោះថ្នាលឌីជីល WingAgri វិញគឺជាទីផ្សារពាណិជ្ជកម្មអនឡាញដោយផ្តោតលើផលិតផលកសិកម្មដែលអាចទុកចិត្តបាន ដើម្បីជួយផ្សារភ្ជាប់កសិករ និងអ្នកទិញតាមរយៈផ្សារឌីជីថល។​ ចំណែក​ឯ ថ្នាលឌីជីល​ ​Wingmall គឺជាទីផ្សារទំនិញតាមអនឡាញដែលមានការគាំំទ្រ​ និងឈានមុខគេមួយ​ មានចំនួនហាងលក់ទំនិញ ក៏ដូចជាអាហារដ្ឋានយ៉ាងច្រើនសន្ធឹកសន្ធាប់កំពុងប្រើប្រាស់ ដើម្បីសម្រួលប្រតិបត្តិការទិញ-លក់ប្រកបដោយភាពរលូន ហើយថែមទាំងអាចធ្វើឲ្យបទពិសោធន៍អ្នកប្រើប្រាស់កាន់តែងាយស្រួល។​ ​​

ភាពជាដៃគូយុទ្ធសាស្ត្ររវាង CGCC, FASMEC, និងធនាគារ វីង គឺត្រៀមខ្លួនជាស្រេចដើម្បីជំរុញបរិយាកាសគាំទ្រ ក្នុងការទទួលបានហិរញ្ញវត្ថុ ហើយថែមទាំងផ្តល់ជាដំណោះស្រាយដ៏មានប្រសិទ្ធភាពជួយដល់ SMEs អាចទទួលសេវាហិរញ្ញវត្ថុ ក៏ដូចជាជួយដោះស្រាយបញ្ហាប្រឈមទៅដល់ SMEs ងាយស្រួលទទួលបានឥណទាន ហើយថែមទាំងបង្កើនលទ្ធភាពលក់ផលិតផលទៅក្នុងទីផ្សារបានកាន់តែទូលំទូលាយ។​ ​

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល FASMEC បានថ្លែងថា៖ “យើងពិតជាសប្បាយរីករាយក្នុងការចាប់ដៃគូជាមួយនឹងធនាគារ វីង និងសាជីវកម្មធានាឥណទានកម្ពុជា ព្រោះវាជាការផ្តល់ឱកាស ដល់សហគ្រាសខ្នាតតូចនិងមធ្យម ជាសមាជិកសមារបស់ FASMEC ដែលកំពុងមានបញ្ហាប្រឈមកង្វះទ្រព្យធានា ដើម្បីអាចទទួលបាននូវហិរញ្ញវត្ថុសម្រាប់ពង្រីកអាជីវកម្មរបស់ពួកគេឲ្យបានកាន់តែរីកចម្រើន”។

យោងតាមការចេញផ្សាយសារព័ត៌មានក្នុងស្រុកបានបង្ហាញថា គិតត្រឹមឆ្នាំ២០២២ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានផ្តល់ការចុះបញ្ចីចំនួន ៤៣.៩៧៤ សហគ្រាសខ្នាតតូច និងមធ្យម។ សហគ្រាសទាំងនេះ​បានបង្កើតឱកាសការងារទៅដល់ពលរដ្ឋកម្ពុជាជាង ៤៤៤.៥០៤​នាក់។ សហគ្រាសខ្នាតតូច និងមធ្យមមានប្រហែល ៩០ ភាគរយ នៃសហគ្រាសទាំងអស់ដែលរួមចំណែក ៥៨ ភាគរយនៃផលិតផលក្នុងស្រុកសរុប និងផ្តល់ការងារជាង ៧០ ភាគរយនៃកម្លាំងពលកម្ម​ទាំងមូល។

សមាជិក FASMEC អាចអញ្ជើញមកកាន់គ្រប់សាខាធនាគារ វីង ដើម្បីស្នើសុំឥណទាន ដែលបុគ្គលិកជំនាញបានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយសម្រួល ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុរបស់អតិថិជន។ បន្ថែមលើនេះ សមាជិក FASMEC ក៏អាចធ្វើការទំនាក់ទំនងជាមួយបុគ្គលិករបស់ធនាគារ វីង ក្នុងអំឡុងពេលកម្មវិធីវគ្គបណ្តុះបណ្តាលដែល នឹងរៀបចំដោយ FASMEC នៅទូទាំងប្រទេសកម្ពុជា៕

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ពានរង្វាន់ធនាគារ វីង ២០២៦៖ ពង្រឹងស្មារតីក្រុម ដើម្បីបម្រើសហគមន៍ឱ្យកាន់តែល្អប្រសើរ

ក្រុមបាល់ទាត់ចំនួន ២៥ មកពីទីស្នាក់ការកណ្តាល និងបណ្តាសាខានៃធនាគារ វីង បានជួបជុំគ្នាបង្ហាញស្មារតីប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាព ដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាកម្មជូនអតិថិជននៅទូទាំងប្រទេស។

ចេញផ្សាយនៅ: Aug 25, 2026

អានរហ័ស

ដំណើរឆ្ពោះទៅមុខ របស់ វីង ពីធនាគារទទួលបានទំនុកចិត្ត ក្លាយជាមិត្តរួមដំណើរប្រចាំថ្ងៃ

ទំព័រថ្មីរបស់ វីង មិនមែនមានន័យថា វីង នឹងប្រែក្លាយទៅជាធនាគារមួយផ្សេងទៀតនោះទេ។ ប៉ុន្តែ វាគឺជាការវិវឌ្ឍខ្លួនទៅជាធនាគារដែលកាន់តែមានភាពស្និទ្ធស្នាល រស់រវើក និងមានអន្តរកម្មខ្ពស់ជាងមុន—ជាធនាគារដដែលដែលអតិថិជនធ្លាប់បានផ្តល់ទំនុកចិត្តរួចមកហើយ។

ចេញផ្សាយនៅ: Aug 20, 2026

អានរហ័ស

លើសពីភាពច្នៃប្រឌិត៖ ការកសាងទំនុកចិត្តជាមួយប្រជាជនកម្ពុជា

ស្របពេលសេវាហិរញ្ញវត្ថុវិវឌ្ឍកាន់តែលឿន និងឈានទៅរកប្រព័ន្ធឌីជីថលកាន់តែខ្លាំង ធនាគារ វីង ជឿជាក់ថា វឌ្ឍនភាពនេះត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការការពារដ៏រឹងមាំ ការអនុវត្តប្រកបដោយការទទួលខុសត្រូវ និងការអនុវត្តដែលមានការត្រួតពិនិត្យពីស្ថាប័នឯករាជ្យ។

ចេញផ្សាយនៅ: Aug 20, 2026