ធនាគារ វីង សមាគមសិល្បករខ្មែរ ម៉ាស្ទ័រកាត ដាក់ឱ្យដំណើរការ កាតពិសេស​ សម្រាប់សិល្បករកម្ពុជា

កាតសមាជិកភាពដែលសហការបង្កើតឡើងជាមួយ ម៉ាស្ទ័រកាត នឹងជួយសម្រួលដល់គ្រប់តម្រូវការជាក់ស្តែង នៅក្នុងអាជីព និងជីវិតរស់នៅប្រចាំថ្ងៃរបស់សិល្បករកម្ពុជា។

ចេញផ្សាយនៅ: Aug 10, 2026

រាជធានីភ្នំពេញ, ថ្ងៃទី 7 ខែសីហា ឆ្នាំ 2026ប្រទេសនីមួយៗតែងតែមានអត្តសញ្ញាណរស់រវើកដោយសារវប្បធម៌ និងសិល្បករដែលខិតខំថែរក្សាមរតកទាំងនោះសព្វថ្ងៃនេះ សិល្បករខ្មែរបន្តនាំយកស្នាដៃទៅសម្តែង និងបង្ហាញនៅក្រៅប្រទេសកាន់តែច្រើន ហើយការសម្រួលដល់បញ្ហាប្រចាំថ្ងៃដូចជា ការទូទាត់ប្រាក់កម្រៃ ការធ្វើដំណើរ និងការទំនាក់ទំនង គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ មិនចាញ់ការបង្កើតស្នាដៃសិល្បៈឡើយ 

 

ក្នុងស្មារតីនេះ ធនាគារ វីង សមាគមសិល្បករខ្មែរ (KAA) និងក្រុមហ៊ុនម៉ាស្ទ័រកាត បានចាប់ដៃគូសហការគ្នាដាក់សម្ពោធឱ្យប្រើប្រាស់ កាតសមាគមសិល្បករខ្មែរ ដែលត្រូវបានបង្កើតឡើងជាពិសេសផ្តាច់មុខ សម្រាប់តែសមាជិកសមាគមប៉ុណ្ណោះ។ កាតនេះមានមុខងារចំនួន2 គឺប្រើប្រាស់ជាកាតទូទាត់ផង និងជាកាតសមាជិកផ្លូវការរបស់សមាគមផង ដែលអនុញ្ញាតឱ្យសិល្បករអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ដកប្រាក់ និងចាត់ចែងហិរញ្ញវត្ថុរបស់ពួគគេបាននៅទូទាំងពិភពលោកតាមអេប Wing Bank រួមជាមួយអត្ថប្រយោជន៍ពិសេសៗជាច្រើនសម្រាប់ការធ្វើដំណើរ និងការរស់នៅប្រចាំថ្ងៃយ៉ាងសម្បូរបែប។ 

 

ថ្លែងក្នុងកម្មវិធីនេះ លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េងប្រធានសមាគមសិល្បករខ្មែរ មានប្រសាសន៍ថា៖ «កិច្ចសហការនេះគឺជាសក្ខីភាពដ៏សំខាន់មួយក្នុងការទទួលស្គាល់តម្លៃ ក៏ដូចជាការរួមចំណែកមិនអាចកាត់ថ្លៃបានរបស់សិល្បករកម្ពុជា។» លោកជំទាវបានបន្ថែមថា៖ «គំនិតផ្តួចផ្តើមនេះ មិនត្រឹមតែជាការលើកកម្ពស់មុខមាត់ដល់សិល្បករខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុ របៀបរស់នៅសម្បូរបែបដែលជួយសម្រួល ជីវិតរស់នៅប្រចាំថ្ងៃ រួមទាំងអាជីពការងារផងដែរ។ យើងមានក្តីសោមនស្សដែលបានសហការជាមួយធនាគារ វីង និងក្រុមហ៊ុនម៉ាស្ទ័រកាត ដើម្បីដាក់ចេញនូវកាតសមាជិកដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណ និងតម្លៃពិតប្រាកដដល់សហគមន៍សិល្បៈរបស់យើង។»​ 

 

សម្រាប់ធនាគារ វីង ភាពជាដៃគូនេះមានអត្ថន័យជ្រាលជ្រៅ លើសពីការគ្រាន់តែសម្ពោធផលិតផលថ្មីមួយ។ ពិតណាស់ ទេពកោសល្យគឺជាកត្តាដែលបង្កើតឱ្យមានស្នាដៃសិល្បៈដ៏អស្ចារ្យ ប៉ុន្តែសេរីភាពក្នុងការធ្វើដំណើរ ការធ្វើប្រតិបត្តិការទូទាត់មានភាពងាយស្រួល និងការចាប់យកឱកាសក្នុងសេដ្ឋកិច្ចឌីជីថលនាពេលបច្ចុប្បន្ន ទើបជាកម្លាំងចលករពិតប្រាកដ ដែលជួយឱ្យសិល្បករអាចប្រកបរបរចិញ្ចឹមជីវិតពីសិល្បៈរបស់ពួកគេបានកាន់តែប្រសើរ 

 

លោកបណ្ឌិត ឌីមីត្រូ ខូលេកកូអគ្គនាយកនៃធនាគារ វីង បានបញ្ជាក់ថា៖ «ប្រទេសជាតិមួយរស់រវើកទៅបានដោយសារវប្បធម៌ ហើយវប្បធម៌អាចរស់រានបាន ក៏ដោយសារតែមានសិល្បករជាអ្នកបន្តថែរក្សា។ ។ ក្នុងនាមជាធនាគារគ្រប់គ្រងដោយកូនខ្មែរ 100% ការគាំទ្រនេះមិនមែនជាការធ្វើទីផ្សារឡើយ តែជាស្មារតីទទួលខុសត្រូវរបស់យើងក្នុងនាមជាខ្មែរ។ យើងបង្កើតកាតនេះឡើង ដើម្បីសម្រាលបន្ទុកផ្សេងៗ ដើម្បីឱ្យសិល្បករយើងអាចផ្តោតអារម្មណ៍បានពេញលេញទៅលើការបង្កើតស្នាដៃសិល្បៈរបស់ពួកគេ។»  

 

គំនិតផ្តួចផ្តើមនៅពីក្រោយកាតនេះត្រូវ បានផ្តើមចេញពីទស្សនៈដ៏សាមញ្ញមួយរបស់ធនាគារ វីង ពោលគឺសេវាហិរញ្ញវត្ថុគួរតែធ្វើឱ្យជីវិតអ្នកសិល្បៈកាន់តែងាយស្រួល។ ជាមួយកាតនេះ សមាជិកសិល្បករខ្មែរអាចចាយវាយបានគ្រប់ប្រទេសនៅទូទាំងពិភពលោក ព្រមទាំងរៀបចំការធ្វើដំណើរ និងចាត់ចែងលុយកាក់បានយ៉ាងរលូន ដោយមិនទុកឱ្យបញ្ហាស្មុគស្មាញក្នុងការចាត់ចែងហិរញ្ញវត្ថុមករារាំងការងារសិល្បៈរបស់ពួកគាត់ឡើយ។ 

 

លោក ហ្សារ៉ាដ ជេន អ្នកគ្រប់គ្រងក្រុមហ៊ុន ម៉ាស្ទ័រកាត ប្រចាំប្រទេសកម្ពុជា វៀតណាម និងឡាវ បានលើកឡើងថា៖ «កិច្ចសហការជាមួយធនាគារ វីង និងសមាគមសិល្បករខ្មែរ គឺស្របតាមទស្សនវិស័យរបស់ ម៉ាស្ទ័រកាត ដែលតែងចាត់ទុកការប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថលជាកាតាលីករសម្រាប់បង្កើតឱកាសថ្មីៗ។ តាមរយៈការផ្តល់ជូនសិល្បករកម្ពុជានូវមធ្យោបាយទូទាត់ប្រាក់ ដែលមានសុវត្ថិភាព ភាពបត់បែន និងអាចចាយវាយបានទូទាំងពិភពលោក យើងសង្ឃឹមថានឹងអាចជួយលើកស្ទួយជីវភាព ព្រមទាំងជួយភ្ជាប់ពួកគាត់ទៅកាន់ឱកាសការងារកាន់តែទូលំទូលាយ ទាំងនៅក្នុងស្រុក និងលើឆាកអន្តរជាតិ។» 

 

ចំណែកឯអត្ថប្រយោជន៍ពិសេសៗរួមមាន៖ ការមិនគិតថ្លៃសេវាប្រចាំឆ្នាំរយៈពេល 4 ឆ្នាំពេញ, អាចចូលសម្រាកនៅបន្ទប់រង់ចាំពិសេស Premium Lounge នៅតាមអាកាសយានដ្ឋានអន្តរជាតិជុំវិញពិភពលោក ព្រមទាំងមានការធានារ៉ាប់រងលើការធ្វើដំណើរ និងទទួលបានសាច់ប្រាក់ត្រឡប់មកវិញពេលកក់សេវាកម្មផ្សេងៗ។ រូបរាងកាតទៀតសោត គឺរចនាឡើងជាមួយសិល្បះនៃការច្នៃប្រឌិត ដោយមានការរំលេចពីអត្តសញ្ញា និងមរតកវប្បធម៌ខ្មែរដ៏ផូរផង់ ដែលធ្វើឱ្យកាតនេះក្លាយជាវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃ។ ការប្រើប្រាស់ក៏ងាយស្រួលនិងមានសុវត្ថិភាព ដោយម្ចាស់កាតអាចពិនិត្យមើលសមតុល្យ មើលសារជូនដំណឹង និងកំណត់មុខងារសុវត្ថិភាពតាមអេប Wing Bank ហើយរាល់ពេលចាយវាយម្តងៗ គឺទាមទារលេខកូដផ្ទៀងផ្ទាត់ជានិច្ចដើម្បីធានាសុវត្ថិភាពខ្ពស់បំផុត។  

 

សមាជិកសមាគមសិល្បករខ្មែរ អាចអញ្ជើញមកស្នើសុំកាតនេះបាននៅអាគារធនាគារ វីង, សាខាជ្រោយចង្វារ, សាខាបឹងត្របែក, និងសាខាសែនសុខ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរសព្ទ៖ 023 999 989 

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

តើអាជីវកម្មអ្នកផ្ដល់អ្វីខ្លះដល់បុគ្គលិកក្រៅពីប្រាក់ខែ? ស្វែងយល់ពីអត្ថប្រយោជន៍នៃសេវាកម្មបើកប្រាក់បៀវត្សរបស់ធនាគារ វីង

សម្រាប់បុគ្គលិកភាគច្រើន ថ្ងៃបើកប្រាក់បៀវត្សមិនមែនត្រឹមតែជាការទទួលបានកម្រៃពលកម្មប៉ុណ្ណោះទេ ប៉ុន្តែគឺជាពេលវេលាដ៏សំខាន់សម្រាប់ដោះស្រាយបន្ទុកជីវិត ដូចជាការបង់ថ្លៃសិក្សា ទំនុកបម្រុងឪពុកម្តាយ និងការសន្សំសម្រាប់អនាគតជាដើម។ នៅពីក្រោយប្រាក់ខែដែលទទួលបានរាល់ខែ គឺពោពេញដោយរឿងរ៉ាវជីវិត និងការលះបង់រៀងៗខ្លួន។ ដូច្នេះ សម្រាប់និយោជក ភាពទៀងទាត់នៃប្រាក់បៀវត្ស គឺជាឱកាសមាសក្នុងការកសាង និងពង្រឹងទំនុកចិត្តជាមួយក្រុមការងារឱ្យកាន់តែរឹងមាំ។

ចេញផ្សាយនៅ: Aug 03, 2026

អានរហ័ស

កម្មវិធីសម្លេងស្រ្តីខ្មែរទាំង 50រូប ប្រចាំឆ្នាំ2026៖ កិច្ចសម្ភាសន៍ពិសេសជាមួយលោកស្រី ហេង ស្រីប៉ុច នាយិកាប្រតិបត្តិតាម នៃធនាគារ វីង

ជាថ្នាក់ដឹកនាំមួយរូបកាន់តួនាទីជានាយិកាប្រតិបត្តិតាម នៃធនាគារ វីង លោកស្រី ហេង ស្រីប៉ុច បានបំពេញភារកិច្ចយ៉ាងសំខាន់ក្នុងការពង្រឹងអភិបាលកិច្ច ការអនុលោមតាមបទប្បញ្ញត្តិ និងការគ្រប់គ្រងហានិភ័យនៅក្នុងធនាគារឌីជីថលឈានមុខគេមួយនៅកម្ពុជា។ ជាមួយនឹងបទពិសោធជាង 16 ឆ្នាំ លោកស្រីបានដឹកនាំស្ថាប័ននានាឱ្យឆ្លងកាត់ការកែទម្រង់ ការផ្លាស់ប្តូរបទដ្ឋានគតិយុត្ត និងបន្តសម្រេចបាននូវភាពជោគជ័យជាបន្តបន្ទាប់។

ចេញផ្សាយនៅ: Jul 31, 2026

អានរហ័ស

តំណាងធនាគារ វីង លោក សុខ ឡេង ចែករំលែកចក្ខុវិស័យអំពីកំណើនប្រកបដោយចីរភាព ក្នុងវេទិកាធុរកិច្ច របស់ Bloomberg នៅប្រទេសសិង្ហបុរី

តាមរយៈការជួបសំណេះសំណាលជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសសិង្ហបុរី និងថ្នាក់ដឹកនាំធុរកិច្ចក្នុងតំបន់ លោក សុខ ឡេង បានបង្ហាញពីឆន្ទៈរបស់ធនាគារ វីង ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុស្តង់ដាអន្តរជាតិ ដែលគាំទ្រដល់អាជីវកម្មនានាក្នុងការវិនិយោគ ធ្វើពាណិជ្ជកម្ម និងរីកចម្រើនប្រកបដោយទំនុកចិត្តនៅកម្ពុជា។

ចេញផ្សាយនៅ: Jul 29, 2026