ធនាគារ វីង ផ្តល់កម្ចីគ្មានទ្រព្យធានារហូតដល់ ២០ម៉ឺនដុល្លារ ដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យាសមស្របនឹងអាកាសធាតុក្នុងវិស័យកសិកម្ម

គម្រោងហិរញ្ញប្បទាននេះនឹងជួយពង្រឹងសមត្ថភាពកសិករក្នុងការធ្វើកសិកម្មឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ឱ្យក្លាយជាសក្តានុពលនៃការរីកចម្រើនប្រកបដោយចីរភាព។

ចេញផ្សាយនៅ: Apr 30, 2026

ស្របពេលដែលការប្រែប្រួលអាកាសធាតុមានការវិវត្តគួរឱ្យបារម្ភនិងមិនអាចទាយទុកមុនបាន ហើយក៏កំពុងគំរាមកំហែងដល់វិស័យកសិកម្មនៅទូទាំងពិភពលោក ធនាគារ វីង បានបោះជំហានទៅមុខដ៏ស្វាហាប់ ជាមួយនឹងគំនិតផ្តួចផ្តើមដ៏សំខាន់មួយ ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីបញ្ជ្រាបការធ្វើកសិកម្មដែលធន់នឹងការប្រែប្រួលអាកាសធាតុសម្រាប់កសិករនៅកម្ពុជា។ តាមរយៈការផ្តល់ហិរញ្ញប្បទានដល់កសិករ សហគមន៍កសិកម្ម និងកសិធុរជន ក្នុងការវិនិយោគលើបច្ចេកវិទ្យាទំនើប ឆ្លាតវៃ ដែលសមស្របនឹងការប្រែប្រួលអាកាសធាតុ មិនតម្រូវឱ្យមានទ្រព្យធានារហូតដល់ ២០០.០០០ ដុល្លារអាមេរិក ក្នុងគម្រោងការបង្កើនភាពធន់នឹងអាកាសធាតុក្នុងខ្សែច្រវាក់តម្លៃកសិកម្មនៅកម្ពុជា។

 

គម្រោងនេះដាក់ឱ្យដំណើរការនៅក្នុងខេត្តគោលដៅចំនួន ៥ រួមមាន៖ ព្រៃវែង តាកែវ កំពង់ធំ កំពង់ឆ្នាំង និងបាត់ដំបង ដោយផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដ៏ងាយស្រួល មិនគិតកម្រៃសេវាកម្ចី អត្រាការប្រាក់សមរម្យ ហើយ កាន់តែខិតទៅជិតសហគមន៍នីមួយៗ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងលើកកម្ពស់ជីវភាពរបស់កសិករ តាម    រយៈការធ្វើកសិកម្មដោយប្រើប្រាស់បច្ចេកវិទ្យាដែលសមស្រប ហើយធន់នឹងការប្រែប្រួលអាកាសធាតុ ដែលអាចជួយសន្សំសំចៃថ្លៃដើម បង្កើនផលិតកម្ម និងអាចរក្សាទុកកែច្នៃជាដើម។

 

លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “ប្រទេសកម្ពុជាបានកំណត់គោលដៅយ៉ាងច្បាស់លាស់ និងការប្តេជ្ញាចិត្តមោះមុត ក្នុងការជំរុញកសិកម្មឱ្យមានភាពសមស្របនឹងអាកាសធាតុ ហើយដើម្បីសម្រេចបាននូវគោលដៅទាំងនេះ គឺទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីវិស័យឯកជន។  ការផ្តល់ហិរញ្ញប្បទានដោយមិនតម្រូវឱ្យមានទ្រព្យធានានេះ គឺជាការចូលរួមដោយផ្ទាល់របស់យើង ស្របតាមរបៀបវារៈកសិកម្មប្រកបដោយចីរភាពរបស់រដ្ឋាភិបាលកម្ពុជា ហើយក៏ជាការឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមរបស់ធនាគារជាតិ នៃកម្ពុជា ក្នុងការជំរុញការផ្តល់ឥណទានបន្ថែម សម្រាប់វិស័យអាទិភាព ដូចជាវិស័យកសិកម្មនេះជាដើម។”

 

លោកបណ្ឌិតបានបន្ថែមទៀតថា៖ “យើងចង់ឱ្យប្រជាកសិករមានលទ្ធភាពទទួលបានដើមទុន ដើម្បីយកទៅប្រើប្រាស់បច្ចេកវិទ្យាបៃតង សំដៅលើកកម្ពស់ជីវភាពរស់នៅ ព្រមទាំងជួយធានាដល់ការផ្គត់ផ្គង់ស្បៀងអាហារសម្រាប់ប្រទេសជាតិទាំងមូលផងដែរ។”

 

កាលពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះ ធនាគារ វីង និងអង្គភាពគាំទ្រគម្រោង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំសិក្ខាសាលាក្នុងខេត្តគោលដៅទាំង ៥ ដើម្បីផ្សព្វផ្សាយអំពីនីតិវិធីស្នើសុំឥណទាន និងអត្ថប្រយោជន៍នៃការប្រើប្រាស់បច្ចេកវិទ្យាដែលសមស្របនឹងអាកាសធាតុ រួមមានប្រព័ន្ធធារាសាស្ត្រនិងបច្ចេកវិទ្យាស្រោចស្រពឆ្លាតវៃ បច្ចេកវិទ្យាសម្ងួតនិងការទុកដាក់ ការធ្វើកសិកម្មរួមបញ្ចូល ការប្រើប្រាស់បច្ចេកវិទ្យាបៃតងនិងថាមពលកកើតឡើងវិញ ដែលជាបច្ចេកវិទ្យាសមស្របនឹងការប្រែប្រួលអាកាសធាតុ សម្រាប់ការអនុវត្តកសិកម្មធានាបាននូវប្រសិទ្ធភាព។

 

លើសពីនេះ គម្រោងហិរញ្ញប្បទាននេះក៏បានចូលរួមជំរុញការអនុវត្តផែនការជាតិ ដែលឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា សម្រាប់ដំណាក់កាលទី៣ ដើម្បីសម្រេចឱ្យបាននូវគោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ៥៥% នៅត្រឹមឆ្នាំ ២០៣៥ ព្រមទាំងពង្រឹងសន្តិសុខស្បៀង និងកសិកម្មប្រកបដោយចីរភាព។

 

សម្រាប់កសិករ សហគមន៍កសិកម្ម និងកសិធុរជន ដែលមានចំណាប់អារម្មណ៍ស្នើសុំឥណទានសម្រាប់វិនិយោគលើបច្ចេកវិទ្យាដែលសមស្របនឹងអាកាសធាតុសម្រាប់ការធ្វើកសិកម្មនៅប្រទេសកម្ពុជា សូមទាក់ទងមក មន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តទាំង៥ ឬអញ្ជើញទៅកាន់សាខាធនាគារ វីង ណាមួយដែលនៅជិតបំផុត។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការធនាគារ វីង (WingBankKH) ឬទូរសព្ទមកលេខ ០២៣ ៩៩៩ ៩៨៩៕

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

អ្នកប្រកបមុខរបរជាង ៦លាននាក់ នឹងទទួលបានឱកាសប្រើប្រាស់សេវាហិរញ្ញវត្ថុ និងធានារ៉ាប់រង តាមរយៈកិច្ចសហការរវាងធនាគារ វីង ក្រុមហ៊ុន RGI និងសមាគម CFEYA

ភាពជាដៃគូនេះនឹងជួយឱ្យអាជីវកម្មខ្នាតតូច និងអ្នកប្រកបមុខរបរឯករាជ្យ ទទួលបាននូវសេវាហិរញ្ញវត្ថុ ធានារ៉ាប់រង និងឱកាសបង្កើតប្រាក់ចំណូលថ្មីៗជាច្រើនទៀត។

ចេញផ្សាយនៅ: Oct 28, 2026

អានរហ័ស

ធនាគារ វីង ដាក់ដំណើរការគណនី WingGen ជួយបង្កើតទម្លាប់ហិរញ្ញវត្ថុឆ្លាតវៃដល់កុមារ និងក្មេងជំទង់

លើសពីគណនីសន្សំសម្រាប់កុមារទូទៅ គណនី WingGen បានរួមបញ្ចូលនូវការសន្សំ ការទូទាត់ទិញទំនិញប្រចាំថ្ងៃតាម KHQR កំណត់គោលដៅ បំពេញបេសកកម្ម ទទួលបានរង្វាន់ និងការណែនាំពីឪពុកម្តាយ ដែលមាននៅផ្លេតហ្វមតែមួយសម្រាប់កុមារ និងក្មេងជំទង់មានអាយុចាប់ពី 10 ដល់ 17 ឆ្នាំ។

ចេញផ្សាយនៅ: Oct 28, 2026

អានរហ័ស

ហេតុអ្វីកុមារចង់ឆាប់ធំ? ស្វែងយល់ពីសេរីភាព និងការសម្រេចចិត្តដែលពួកគេចង់បាន

កុមារជាច្រើនតែងនិយាយថា ពួកគេចង់ឆាប់ធំ មិនមែនដោយសារតែតួលេខអាយុនោះទេ ដែលធ្វើឱ្យពួកគេមានក្តីរំភើប តែវាគឺជាសេរីភាពដែលពួកគេអាចធ្វើការសម្រេចចិត្តបានដោយខ្លួនឯង។

ចេញផ្សាយនៅ: Oct 26, 2026