ធនាគារ វីង សហការជាមួយអង្គការ Good Return ផ្តល់ឥណទានដល់ MSMEs ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ធនាគារ វីង ត្រៀមកញ្ចប់ឥណទានរហូតដល់ ៦០០.០០០ ដុល្លារអាមេរិក សម្រាប់សហគ្រាសខ្នាតមីក្រូ តូចនិងមធ្យម (MSMEs)ក្នុងវិស័យទេសចរណ៍ ជាមួយអាត្រាការប្រាក់ទាបបំផុត ៨.៥% ក្នុងមួយឆ្នាំ។

ចេញផ្សាយនៅ: Mar 09, 2026

ធនាគារ វីង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយអង្គការ Good Return ដើម្បីពង្រីកការផ្តល់ឥណទានដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា សំដៅគាំទ្រដល់កំណើនអាជីវកម្ម និងភាពរីកចម្រើនយូរអង្វែង។

 

ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិ នៃកម្ពុជា ព្រមទាំងមានការចូលរួមពីអ្នកតំណាងក្រុមហ៊ុន Visa និងមូលនិធិអាស៊ី ផងដែរ។

 

បណ្ឌិត ឌីមីត្រូ កូលេកកូ អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “សហគ្រាស MSMEs ដើរតួនាទីយ៉ាងសំខាន់សម្រាប់វិស័យទេសចរណ៍នៅកម្ពុជា ហើយធនាគារ វីង ប្តេជ្ញាចិត្តមោះមុតក្នុងការជួយជ្រោមជ្រែងឱ្យសហគ្រាសទាំងនេះអាចរីកលូតលាស់ទៅមុខបាន។ តាមរយៈភាពជាដៃគូនេះ យើងកំពុងជួយសម្រួលដល់អាជីវកម្មខ្នាតតូចកាន់តែងាយស្រួលក្នុងការទទួលបានប្រភពទុនដែលពួកគេត្រូវការ។ គោលដៅរបស់យើងគឺសាមញ្ញបំផុត ពោលគឺគាំទ្រសហគ្រិនឱ្យបានកាន់តែច្រើន ដើម្បីឱ្យពួកគេអាចពង្រឹងអាជីវកម្មរបស់ខ្លួន និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានាពេលអនាគត។”

 

លោក Bénigne du Parc នាយកកម្មវិធី អង្គការ Good Return បានលើកឡើងថា៖ “ដំណាក់កាលសាកល្បងនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់អង្គការ Good Return ដើម្បីធានាថា កំណើនទេសចរណ៍នៅកម្ពុជា ពិតជាបានផ្តល់ឱកាសជាក់ស្តែងសម្រាប់អាជីវកម្មខ្នាតតូច និងអាជីវកម្មដែលដឹកនាំដោយស្ត្រី។ តាមរយៈភាពជាដៃគូរបស់យើងជាមួយធនាគារ វីង និងមូលនិធិអាស៊ី ព្រមទាំងមានការគាំទ្រពីក្រុមហ៊ុន Visa តាមរយៈកម្មវិធី Vee Together យើងកំពុងប្រើប្រាស់យន្តការធានាឥណទានចំគោលដៅ ដើម្បីជួយ MSMEs ឱ្យទទួលបានហិរញ្ញប្បទាន បន្សំខ្លួនទៅនឹងដំណោះស្រាយទូទាត់ឌីជីថល និងចូលរួមឱ្យកាន់តែទូលំទូលាយក្នុងសេដ្ឋកិច្ចទេសចរណ៍។ តាមរយៈការជំរុញឱ្យអាជីវកម្មទាំងនេះអាចទទួលការទូទាត់តាមកាតអន្តរជាតិ និងការពង្រឹងចំណេះដឹងហិរញ្ញវត្ថុឌីជីថល គំនិតផ្តួចផ្តើមនេះ រំពឹងថានឹងជួយគាំទ្រដល់ MSMEs ដឹកនាំដោយស្ត្រី និងជួយរក្សាស្ថិរភាពការងារនៅតាមបណ្តាខេត្ត-ក្រុងទេសចរណ៍សំខាន់ៗឱ្យកាន់តែប្រសើរទៀតផង។”

 

វិស័យទេសចរណ៍ ស្ថិតក្នុងចំណោមសសរស្តម្ភសេដ្ឋកិច្ចទាំងបួនរបស់កម្ពុជា។ ក្នុងឆ្នាំ ២០២៥ វិស័យនេះបានរួមចំណែកបង្កើតប្រាក់ចំណូលប្រមាណ ៣,៧ ពាន់លានដុល្លារ ដែលមានការកើនឡើង ៣%ធៀបនឹងឆ្នាំមុន ព្រមទាំងបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៥៧ លាននាក់។

 

តាមរយៈភាពជាដៃគូនេះ ធនាគារ វីង នឹងត្រៀមកញ្ចប់ឥណទានរហូតដល់ ៦០០.០០០ ដុល្លារអាមេរិក សម្រាប់ពង្រីកសមត្ថភាព MSMEs ក្នុងវិស័យទេសចរណ៍ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើននៃវិស័យនេះ។ ទន្ទឹមនឹងនេះ អង្គការ Good Return នឹងផ្តល់ការធានាឥណទានដល់អាជីវកម្មដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីជួយឱ្យពួកគេទទួលបានហិរញ្ញប្បទានកាន់តែងាយស្រួល និងមានសុវត្ថិភាពជាងមុន។

 

កិច្ចសហការនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមប្រព័ន្ធអេកូឡូស៊ីពាណិជ្ជកម្មរួមបញ្ចូលឌីជីថល(DICE) របស់ក្រុមហ៊ុន Visa ដែលត្រូវបានអនុវត្តក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍, ធនាគារ វីង, អង្គការ Good Return, ក្រុមហ៊ុន Visa និងមូលនិធិអាស៊ី។ ស្ថិតក្រោមក្របខណ្ឌនៃកម្មវិធីនេះ អង្គការមូលនិធិអាស៊ីនឹងផ្តល់ការបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុឌីជីថលដល់ MSMEs ដើម្បីជួយឱ្យពួកគេអាចប្រើប្រាស់ប្រភពទុនប្រកបដោយប្រសិទ្ធភាព សម្រាប់ការរីកចម្រើននៃអាជីវកម្មរបស់ខ្លួន។

 

គួររំលេចផងដែរថា បច្ចុប្បន្ន កម្ពុជាមានសហគ្រាសខ្នាតមីក្រូ តូច និងមធ្យមប្រមាណ ៧៥៣.០០០ អាជីវកម្ម ដែលផ្តល់ការងារដល់ប្រជាពលរដ្ឋជិត ៣ លាននាក់ ក្នុងនោះ ៦០% គឺជាស្ត្រី ខណៈដែល MSMEs បានរួមចំណែករហូតដល់ ៦៣% នៃទំហំសេដ្ឋកិច្ចជាតិ៕

 


ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ពានរង្វាន់ធនាគារ វីង ២០២៦៖ ពង្រឹងស្មារតីក្រុម ដើម្បីបម្រើសហគមន៍ឱ្យកាន់តែល្អប្រសើរ

ក្រុមបាល់ទាត់ចំនួន ២៥ មកពីទីស្នាក់ការកណ្តាល និងបណ្តាសាខានៃធនាគារ វីង បានជួបជុំគ្នាបង្ហាញស្មារតីប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាព ដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាកម្មជូនអតិថិជននៅទូទាំងប្រទេស។

ចេញផ្សាយនៅ: Aug 25, 2026

អានរហ័ស

ដំណើរឆ្ពោះទៅមុខ របស់ វីង ពីធនាគារទទួលបានទំនុកចិត្ត ក្លាយជាមិត្តរួមដំណើរប្រចាំថ្ងៃ

ទំព័រថ្មីរបស់ វីង មិនមែនមានន័យថា វីង នឹងប្រែក្លាយទៅជាធនាគារមួយផ្សេងទៀតនោះទេ។ ប៉ុន្តែ វាគឺជាការវិវឌ្ឍខ្លួនទៅជាធនាគារដែលកាន់តែមានភាពស្និទ្ធស្នាល រស់រវើក និងមានអន្តរកម្មខ្ពស់ជាងមុន—ជាធនាគារដដែលដែលអតិថិជនធ្លាប់បានផ្តល់ទំនុកចិត្តរួចមកហើយ។

ចេញផ្សាយនៅ: Aug 20, 2026

អានរហ័ស

លើសពីភាពច្នៃប្រឌិត៖ ការកសាងទំនុកចិត្តជាមួយប្រជាជនកម្ពុជា

ស្របពេលសេវាហិរញ្ញវត្ថុវិវឌ្ឍកាន់តែលឿន និងឈានទៅរកប្រព័ន្ធឌីជីថលកាន់តែខ្លាំង ធនាគារ វីង ជឿជាក់ថា វឌ្ឍនភាពនេះត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការការពារដ៏រឹងមាំ ការអនុវត្តប្រកបដោយការទទួលខុសត្រូវ និងការអនុវត្តដែលមានការត្រួតពិនិត្យពីស្ថាប័នឯករាជ្យ។

ចេញផ្សាយនៅ: Aug 20, 2026