ធនាគារ វីង លើកស្ទួយសុខុមាលភាព និងសកម្មភាពសប្បុរសធម៌ តាមរយៈការបរិច្ចាគឈាមសង្គ្រោះជីវិត

ក្នុងឱកាសនៃទិវាសុខភាពពិភពលោក សមាជិកគ្រួសារធនាគារ វីង បានរួមគ្នាលើកកម្ពស់សុខុមាលភាព និងស្ម័គ្រចិត្តបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត ក្នុងស្មារតីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ចេញផ្សាយនៅ: Apr 10, 2026

ក្នុងឱកាសអបអរសាទរទិវាសុខភាពពិភពលោក និងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់ខាងមុខនេះ បុគ្គលិកប្រមាណ ៣០០ នាក់ បានស្ម័គ្រចិត្តបរិច្ចាគឈាមដើម្បីជួយសង្គ្រោះជីវិត ក្នុងអំឡុងពេលនៃ «ពិព័រណ៍សុខភាព និងការបរិច្ចាគឈាម» ដែលបានប្រារព្ធឡើងនៅអគារ វីង ថៅវើ ក្រោមឆន្ទៈលើកកម្ពស់សុខុមាលភាព និងការចូលរួមចំណែកដល់សហគមន៍

 

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានបញ្ជាក់ថា៖ «បុគ្គលិករបស់យើងគឺជាកម្លាំងចលករដ៏សំខាន់នៅពីក្រោយភាពជោគជ័យរបស់ធនាគារ ហេតុដូច្នេះហើយទើបយើងបន្តរៀបចំកម្មវិធីនេះឡើង ដើម្បីគាំទ្រដល់សុខុមាលភាពពួកគាត់ ព្រមទាំងចែករំលែកក្តីស្រលាញ់ទៅកាន់សហគមន៍។ ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅដល់បុគ្គលិកទាំងអស់ ដែលបានបង្ហាញពីវីរភាពក្នុងសកម្មភាពមនុស្សធម៌នាថ្ងៃនេះ ដែលជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីទឹកចិត្តសប្បុរស និងស្មារតីមេត្តាធម៌ដ៏ពិតប្រាកដរបស់គ្រួសារធនាគារ វីង។»

 

ក្នុងកម្មវិធីនេះ សមាជិកគ្រួសារធនាគារ វីង បានរួមសាមគ្គីគ្នាយ៉ាងកុះករ ដើម្បីទទួលសេវាពិនិត្យសុខភាពបឋម ពិគ្រោះយោបល់ និងទទួលបានដំបូន្មានថែទាំសុខភាពពីអ្នកជំនាញ។ សកម្មភាពនេះមិនត្រឹមតែជួយឱ្យបុគ្គលិកមានសុខភាពល្អមាំមួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបញ្ជ្រាបសារដ៏មានអត្ថន័យថា ការការពារសុខភាពបានទាន់ពេលវេលា និងការបរិច្ចាគឈាមត្រឹមតែមួយប្លោក គឺពិតជាអាចជួយសង្គ្រោះជីវិតមនុស្សបានយ៉ាងពិតប្រាកដ។

 

លោកស្រីវេជ្ជបណ្ឌិតឯកទេស ហេង សុខចំរើន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍ថា៖ «ការបរិច្ចាគឈាម គឺជា "ទានឧបបារមី" ដ៏ខ្ពង់ខ្ពស់បំផុតមួយ ព្រោះឈាមមានប្រភពតែមួយគត់គឺពីមនុស្ស ហើយមិនមានរោងចក្រណាអាចផលិតជំនួសបានឡើយ។ បច្ចុប្បន្ន កម្ពុជាត្រូវការឈាម ១ ប្លោក ដើម្បីសង្គ្រោះជីវិតរៀងរាល់ ៣ នាទីម្តង ខណៈដែលតម្រូវការសរុបទូទាំងប្រទេសក្នុងឆ្នាំ ២០២៥ មានរហូតដល់ជាង ២១ ម៉ឺនប្លោក។ សកម្មភាពរបស់ធនាគារ វីង នាថ្ងៃនេះ គឺជាចំណែកយ៉ាងសំខាន់ក្នុងការបំពេញតម្រូវការដែលកំពុងខ្វះខាត។»

 

ការបរិច្ចាគឈាម មានសារៈសំខាន់ចាំបាច់បំផុតក្នុងការគាំទ្រដល់ការព្យាបាលសង្គ្រោះបន្ទាន់ ការវះកាត់ និងការដោះស្រាយបញ្ហាសុខភាពនានា។ ក្រៅពីការរួមចំណែកជួយសង្គ្រោះជីវិតអ្នកដទៃ ការបរិច្ចាគឈាមក៏ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពអ្នកបរិច្ចាគផ្ទាល់ផងដែរ ដូចជាជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជួយរក្សាតុល្យភាពជាតិដែកក្នុងរាងកាយ។ បន្ថែមលើសពីនេះ អ្នកបរិច្ចាគក៏នឹងទទួលបាននូវការពិនិត្យឈាមដើម្បីស្វែងរកមេរោគរលាកថ្លើមប្រភេទ បេ និង សេ មេរោគស្វាយ និងមេរោគអេដស៍ ដោយឥតគិតថ្លៃ និងប្រកបដោយការសម្ងាត់ខ្ពស់បំផុត។

 

លោក គុណ បូទី អ្នកជំនាញជាន់ខ្ពស់ផ្នែកអតិថិជននៃធនាគារ វីង បានចែករំលែកទាំងក្តីសោមនស្សថា៖ ”កម្មវិធីនេះបានផ្តល់ឱកាសឱ្យខ្ញុំបានពិនិត្យសុខភាពខ្លួនឯង ព្រមទាំងបានរួមចំណែកដល់សង្គមតាមរយៈការបរិច្ចាគឈាម ហើយខ្ញុំពិតជារីករាយជាខ្លាំងដែលដឹងថា សកម្មភាពដ៏តូចមួយរបស់ខ្ញុំ អាចរួមចំណែកជួយសង្គ្រោះជីវិតមនុស្សម្នាក់បាន។”

 

ជាមួយគ្នានេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ក៏បានរំលឹកផងដែរថា សុភាពបុរសអាចបរិច្ចាគឈាមបានរៀងរាល់ ៣ ខែម្តង និងសុភាពនារីរៀងរាល់ ៤ ខែម្តង ដើម្បីក្លាយជាក្តីសង្ឃឹមថ្មីសម្រាប់អ្នកជំងឺដែលកំពុងរង់ចាំការជួយសង្គ្រោះ។

 

កម្មវិធីនេះទទួលបានការគាំទ្រ និងសហការយ៉ាងជិតស្និទ្ធពីដៃគូផ្តល់សេវាសុខភាពឈានមុខជាច្រើន រួមមាន៖ មជ្ឈមណ្ឌលសុខុមាលភាព Royal Group Wellness Center, មន្ទីរពហុព្យាបាល ស៊ីង ស្ពេសឹលីស, មន្ទីរពេទ្យសង់ត្រាល់, មន្ទីរពហុព្យាបាលសាកល, គ្លីនិកអ៊ិនធើណេសិនណលខាយរ៉ូព្រែកធីក, គ្លីនិកព្រីនសេស, មន្ទីរព្យាបាលធ្មេញបស្ចិម, ឱសថស្ថាន Ucare, Infinity និងផលិតផលថែរក្សាសម្រស់និងបំប៉នស្បែក URIAGE។ ស្ថាប័នទាំងនេះបានរួមគ្នាផ្តល់ជូននូវសេវាកម្មវេជ្ជសាស្ត្រ សម្បូរបែប ចាប់ពីការពិគ្រោះយោបល់ទូទៅ សុខភាពមាត់ធ្មេញ រហូតដល់ការថែទាំសម្រស់ និងសុខុមាលភាពជារួម ដើម្បីផ្ដល់ជាអត្ថប្រយោជន៍ជូនដល់បុគ្គលិកធនគារ វីង។

 

គំនិតផ្ដួចផ្ដើមនេះ បានពង្រឹងបន្ថែមនូវវប្បធម៌នៃការយកចិត្តទុកដាក់របស់ធនាគារ វីង ដែលតែងផ្ដោតលើការអភិវឌ្ឍធនធានមនុស្ស និងកិច្ចការសង្គម លើសពីសេវាកម្មធនាគារ ដើម្បីគាំទ្រដល់វប្បធម៌ការងារប្រកបដោយភាពរីកចម្រើន និងសុខុមាលភាពរឹងមាំជូនដល់បុគ្គលិកគ្រប់រូប៕ 

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង និងបុគ្គលិក រួមគ្នាផ្តល់ក្តីសង្ឃឹម និងការព្យាបាលដល់កុមារនៅមន្ទីរពេទ្យកុមារអង្គរ

ថវិកាបរិច្ចាគសរុបចំនួន ២៤.៣៣១.៦៣១រៀល ពីធនាគារ វីង និងបុគ្គលិក នឹងជួយគាំទ្រដល់សេវាថែទាំ និងសង្គ្រោះជីវិតកុមារនៅទូទាំងប្រទេសកម្ពុជា។

ចេញផ្សាយនៅ: Jun 12, 2026

អានរហ័ស

ធនាគារ វីង ចូលរួមជាមួយក្រសួងសង្គមកិច្ច ដើម្បីអបអរសាទរទិវាអន្តរជាតិស្តីពីគ្រួសារ

ការប្រារព្ធទិវាក្នុងឆ្នាំនេះ បានផ្តោតលើសារៈសំខាន់នៃការកសាងសេដ្ឋកិច្ចគ្រួសារឱ្យរឹងមាំ ដើម្បីគាំទ្រដល់វិបុលភាព និងសុខសន្តិភាពជាតិ។

ចេញផ្សាយនៅ: May 27, 2026

អានរហ័ស

ធនាគារ វីង ពង្រីកសមត្ថភាពទូទាត់ប្រាក់អឺរ៉ូ ភ្ជាប់កម្ពុជាទៅកាន់អឺរ៉ុប

ការបង្កើនសមត្ថភាពទូទាត់រូបិយប័ណ្ណអឺរ៉ូ និងការពង្រឹងការទំនាក់ទំនងហិរញ្ញវត្ថុជាមួយតំបន់អឺរ៉ុប គឺធ្វើឡើងដើម្បីគាំទ្រដល់កំណើនពាណិជ្ជកម្ម វិនិយោគ និងលំហូរប្រតិបត្តិការហិរញ្ញវត្ថុឆ្លងដែនបានកាន់តែរលូន

ចេញផ្សាយនៅ: May 25, 2026