ធនាគារ វីង គាំទ្រសន្និសីទធនាគារនៅកម្ពុជាលើកទី៤ ដើម្បីលើកកម្ពស់និរន្តរភាពហិរញ្ញវត្ថុ

ធនាគារ វីង បានចូលរួមគាំទ្រសន្និសីទធនាគារនៅកម្ពុជាលើកទី៤ ដើម្បីលើកកម្ពស់នវានុវត្តន៍ឌីជីថល បរិយាបន្នហិរញ្ញវត្ថុ និងហិរញ្ញប្បទានអាកាសធាតុ ដើម្បីជំរុញកំណើនប្រកបដោយភាពធន់។

ចេញផ្សាយនៅ: Aug 25, 2025

ធនាគារ វីង បានចូលរួមគាំទ្រសន្និសីទធនាគារនៅកម្ពុជាលើកទី៤ ដើម្បីលើកកម្ពស់នវានុវត្តន៍ឌីជីថល បរិយាបន្នហិរញ្ញវត្ថុ និងហិរញ្ញប្បទានអាកាសធាតុ   ដើម្បីជំរុញកំណើនប្រកបដោយភាពធន់។

សន្និសីទធនាគារនៅកម្ពុជាលើកទី៤ ដែលធ្វើឡើងរយៈពេលពីរថ្ងៃ ១៩-២០ ខែសីហា ឆ្នាំ២០២៥ នៅឯសណ្ឋាគារសុខាភ្នំពេញ បានបញ្ចប់ដោយជោគជ័យ ហើយទទួលបានការចូលរួមពីថ្នាក់ដឹកនាំក្នុងវិស័យធនាគារ និយ័តករ និងអ្នកជំនាញអន្តរជាតិមកពីស្ថាប័នានា ដើម្បីពិភាក្សាពីរបៀបដែលនវានុវត្តន៍ឌីជីថល និងហិរញ្ញវត្ថុនិរន្តរភាព អាចជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជាប្រកបដោយបរិយាបន្ន។

ប្រព្រឹត្តិទៅក្រោមប្រធានបទ ”ការពង្រឹងកំណើនប្រកបដោយបរិយាបន្ន៖ នវានុវត្តន៍ឌីជីថល និងនិរន្តរភាពហិរញ្ញវត្ថុ” សន្និសីទធនាគារឆ្នាំនេះបានផ្តោតសំខាន់លើការគាំទ្រដល់ប្រទេសកម្ពុជាដើម្បីសម្រេចបាននូវផែនការជាតិរួមចំណែកការឆ្លើយតបការប្រែប្រួលអាកាសធាតុឆ្នាំ២០៣០ និងការឈានទៅសម្រេចអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

វេទិកា​ពិភាក្សា​រយៈពេល​២ថ្ងៃនេះ បាន​ផ្តោត​យ៉ាង​ស៊ីជម្រៅ​លើ​តួនាទី​នៃ​វិស័យធនាគារ និង​ហិរញ្ញវត្ថុ សំដៅគាំទ្រប្រទេសកម្ពុជាឆ្ពោះទៅសម្រេចបានសេដ្ឋកិច្ច​កាបូន​ទាប។ ក្នុង​នោះប្រធានបទ​សំខាន់ៗផ្សេងទៀតដែលត្រូវបានលើកយកពិភាក្សា​រួម​មាន៖ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការធនាគារ និង​បង្កើនបទពិសោធន៍សេវា​អតិថិជន, យុទ្ធសាស្រ្តជំរុញការអនុវត្ត​ក្របខណ្ឌ​បរិស្ថាន សង្គម និង​អភិបាលកិច្ច (ESG) ក៏ដូចជាសារៈសំខាន់នៃបរិយាបន្នហិរញ្ញវត្ថុដើម្បីជំរុញឱ្យមានកំណើនប្រកបដោយសមធម៌។ ការគ្រប់គ្រង​ហានិភ័យ និង​ពង្រឹង​ភាព​ធន់ ក៏ជាប្រធានបទសំខាន់ផងដែរ ដោយអ្នកជំនាញបាន​ចែករំលែក​ចំណេះដឹងពាក់ព័ន្ធនឹងការអនុលោម​តាមបទប្បញ្ញតិ និងការណែនាំស្តីពី​សន្តិសុខ​សាយប័រ ដើម្បី​ត្រៀមដោះស្រាយនឹង​បញ្ហា​ប្រឈម​នានាផងដែរ។

ក្នុង​នាម​ជា​ធនាគារ​ឌីជីថល​ដែល​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័សមួយ​នៅ​កម្ពុជា ធនាគារ វីង បាន​ដើរ​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​រួម​ចំណែក​ដល់​ភាព​ជោគជ័យ​នៃការរៀបចំ​សន្និសីទធនាគារឆ្នាំនេះ។ ធនាគារ វីង ​បាន​ចូលរួម​យ៉ាង​សកម្ម​តាមរយៈ​ការ​ឧបត្ថម្ភ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ, ថ្នាក់ដឹកនាំធនាគារ វីង ចូលរួមជាវាគ្មិនចែករំលែកមតិយោបល់ក្នុងកិច្ចពិភាក្សា, ព្រម​ទាំងមាន​ការ​ផ្ដល់​សេវា​ហិរញ្ញវត្ថុ និង​ប្រឹក្សា​យោបល់​ដល់​អ្នក​ចូលរួម​ទាំង​អស់ផងដែរ។ ការ​ចូលរួម​នេះ​បានបង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ធនាគារ វីង ក្នុង​ការ​សហការ​ជាមួយ​ដៃគូ និង​ភាគី​ពាក់ព័ន្ធនានា ដើម្បី​ជំរុញគំនិតផ្តួចផ្តើមនៃការជំរុញហិរញ្ញវត្ថុប្រកបដោយចីរភាពនៅ​កម្ពុជា​ឱ្យ​កាន់តែ​រីក​ចម្រើន​ទៅ​មុខ​ទៀត។

លោក ហោ ប៊ុនថែ អគ្គនាយករង​ធនាគារ វីង បានលើកឡើងថា៖ ”ការ​គាំទ្រ​សន្និសីទ​ធនាគារ​កម្ពុជា​លើក​ទី៤ ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ក្នុង​ការ​ជំរុញ​ហិរញ្ញវត្ថុ​ប្រកប​ដោយ​និរន្តរភាព ដោយស្របតាមទិសដៅ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា និង​សមាគម​ធនាគារ​នៅ​កម្ពុជា»។ លោក​បាន​បន្ត​ថា៖ ”សន្និសីទ​នេះ​គឺ​ជា​វេទិកា​ដ៏​សំខាន់​មួយ​សម្រាប់​រៀបចំ​ទិសដៅ​នៃ​វិស័យ​ហិរញ្ញវត្ថុ​ក្នុង​ការ​ចូលរួម​ចំណែក​ដល់​សកម្មភាព​អាកាសធាតុ​របស់​ប្រទេស​កម្ពុជា ហើយ​ធនាគារ វីង មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​នេះ ដើម្បី​ជំរុញ​ការ​អនុវត្ត​ហិរញ្ញវត្ថុ​ដែល​គិតគូរ​ពី​បញ្ហា​អាកាសធាតុ​នៅ​ក្នុង​ប្រទេសឱ្យកាន់តែទូលំទូលាយថែមទៀត។”

ការចូលរួមរបស់ធនាគារ វីង ក្នុងសន្និសីទនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្ដេជ្ញាចិត្តរបស់ខ្លួនដើម្បីសម្រេចបាននូវកំណើនប្រកបដោយចីរភាព។ ជាក់ស្ដែង ធនាគារបានដាក់បញ្ចូលការគិតគូរពីបរិស្ថានទៅក្នុងប្រតិបត្តិការស្នូលរបស់ខ្លួនជាប្រចាំ តាមរយៈការដាក់ឱ្យប្រើប្រាស់កាតធនាគារដែលមិនប៉ះពាល់ដល់បរិស្ថាន, ការផ្លាស់ប្តូរប្រតិបត្តិការស្ទើរតែទាំងស្រុងក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីកាត់បន្ថយការប្រើប្រាស់ក្រដាស, ព្រមទាំងការជំរុញការសន្សំសំចៃថាមពល និងការគ្រប់គ្រងកាកសំណល់ប្រកបដោយប្រសិទ្ធភាពនៅទូទាំងការិយាល័យរបស់ខ្លួនផងដែរ។ លើស​ពី​នេះ គំនិត​ផ្ដួចផ្ដើម​ទាំងនេះគឺ​ត្រូវ​បាន​អនុវត្តទន្ទឹម​នឹងគម្រោង​ធំៗ​ផ្សេង​ទៀតដូចជា ​ការ​បង្កើត​ភាព​ជា​ដៃគូ​ជាមួយស្ថាប័ន FootprintLab ដើម្បី​ដាក់​បញ្ចូលESG ទៅ​ក្នុង​សេវា​ធនាគារ​ប្រចាំ​ថ្ងៃ ព្រម​ទាំង​ការ​ចូលរួម​ក្នុង​គម្រោង​សហគមន៍​នានា ដែល​មាន​ជា​អាទិ៍៖ការ​ដាំ​ដើមឈើ​ជាមួយ​យុវជន និង​យុទ្ធនាការ​កាត់​បន្ថយ​ប្លាស្ទិក​ក្នុង​រាជធានី​ភ្នំពេញ។

សកម្មភាពទំនួលខុសត្រូវសង្គម និងភាពជាដៃគូសហគមន៍របស់ធនាគារ វីង សរបញ្ជាក់ឱ្យឃើញថា ការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនិរន្តរភាព មិនគ្រាន់តែចូលរួមលើការឧបត្ថម្ភនោះទេ​ ប៉ុន្តែការយកចិត្តទុកដាក់ចំពោះបរិស្ថានដែលត្រូវបានអនុវត្តនៅក្នុងផលិតផល ប្រតិបត្តិការប្រចាំថ្ងៃ និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ធនាគារផ្ទាល់ផងដែរ។​

សន្និសីទធនាគារកម្ពុជាលើកទី៤ បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់វិស័យធនាគារក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់បរិស្ថានសម្រាប់អនាគតដ៏ត្រចះត្រចង់នៅកម្ពុជា ហើយការចូលរួមគាំទ្រពីស្ថាប័នផ្សេងៗដូចជាពីសំណាក់ធនាគារ វីង ជាដើមនោះ ប្រទេសកម្ពុជានឹងអាចឆ្ពោះទៅមុខមួយជំហានទៀតសំដៅកសាងសេដ្ឋកិច្ចបៃតង ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន៕

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026