ធនាគារ វីង បន្តគាំទ្រអង្គការស្នាមញញឹមកម្ពុជា ដើម្បីបង្កើតស្នាមញញឹមដល់ជនពិការភាពដែលខ្វះខាត

ធនាគារ វីង ឧបត្ថម្ភ​ថវិកាចំនួន ១០.០០០ ដុល្លារអាមេរិក ដល់អង្គការស្នាមញញឹមកម្ពុជាសម្រាប់ឆ្នាំ២០២៦ ដើម្បី​បន្តបេសកកម្មវះកាត់ដល់​សមាជិកគ្រួសារមានពិការភាពមុខមាត់​ដោយស្តារឡើងវិញនូវស្នាមញញឹមជាថ្មី។

ចេញផ្សាយនៅ: Apr 01, 2026

ធនាគារ វីង បានបរិច្ចាគថវិកាចំនួន ១០.០០០ ដុល្លារអាមេរិក ដើម្បីបន្តគាំទ្រដល់បេសកកម្មវះកាត់របស់អង្គការស្នាមញញឹមកម្ពុជា​សម្រាប់ឆ្នាំ ២០២៦ ដែលជាកាយវិការដ៏សប្បុរសក្នុងការចូលរួមគាំទ្រយូរអង្វែងរបស់ធនាគារខ្មែរមួយនេះ សំដៅលើកកម្ពស់សុខុមាលភាព និងសុខភាពរបស់ប្រជាជននៅក្នុងសហគមន៍។ 

 

បេសកកម្មលើកទី១ ប្រចាំឆ្នាំ ២០២៦នេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែមីនា នៅខេត្តសៀមរាប ដោយមានការចូលរួមពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តអន្តរជាតិមកពីអង្គការ Future Smile China និង BEAM Hong Kong ព្រមទាំងមានការចូលរួមសហការជាមួយក្រុមគ្រូពេទ្យជំនាញរបស់កម្ពុជា​ ដើម្បីផ្តល់ការវះកាត់ជូនដល់អ្នកពិការភាពបបូរមាត់ និងក្រអូមមាត់ឆែប ក៏ដូចជារបួសដោយសារការរលាក និងពិការភាពផ្ទៃមុខផ្សេងៗទៀត។

 

បើពុំមានការព្យាបាលទាន់ពេលវេលាទេ ផលលំបាកនៃពិការភាពទាំងនេះ អាចប៉ះពាល់ដល់សមត្ថភាពនៃការទទួលទាន ការនិយាយស្តី និងការសិក្សារៀនសូត្រ ខណៈដែលគ្រួសារភាគច្រើនមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចំណាយលើការព្យាបាលដោយខ្លួនឯងឡើយ។

 

លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយកនៃធនាគារ វីង បានលើកឡើងថា៖  “នៅពេលដែលយើងអាចជួយសង្គ្រោះស្នាមញញឹមរបស់នរណាម្នាក់បាន នោះមានន័យថាយើងកំពុងផ្តល់ឱកាសឱ្យពួកគេចាប់ផ្តើមជីវិតថ្មីដ៏ស្រស់បំព្រងមួយ ហើយរស់នៅដោយភាពថ្លៃថ្នូរនៅក្នុងសង្គម។

 

យើងខ្ញុំពិតជាមានសេចក្តីសោមនស្ស ដែលបានរួមដំណើរជាមួយអង្គការស្នាមញញឹមកម្ពុជា ក្នុងបេសកកម្មមនុស្សធម៌អស់រយៈពេលជាច្រើនឆ្នាំមកកន្លងមកនេះ។ សម្រាប់យើង ភាពរីកចម្រើនពិតប្រាកដ គឺកើតចេញពីសកម្មភាពប្រកបដោយនិរន្តរភាព ដែលមិនត្រឹមតែជួយជំរុញដល់កំណើនហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការចូលរួមសកម្មភាពជាប្រចាំ ដើម្បីលើកស្ទួយសុខុមាលភាពសហគមន៍របស់យើងផងដែរ”។

 

ក្រោមការឧបត្ថម្ភពីធនាគារ វីង និងដៃគូសហការដទៃទៀត បេសកកម្មក្នុងឆ្នាំនេះត្រូវបានរំពឹងថានឹងអាចជួយព្យាបាលដល់អ្នកជំងឺប្រមាណ ២៥០ នាក់។ សមិទ្ធផលនេះ គឺជាការបន្តនូវបេសកកម្មមនុស្សធម៌ដ៏គួរឱ្យស្ងើចសរសើរមួយ ដែលគិតចាប់តាំងពីឆ្នាំ ២០១៥ មក អង្គការស្នាមញញឹមកម្ពុជា បានកែប្រែជីវិតមនុស្សបានជាង ៥.៨៣៧ នាក់ តាមរយៈការផ្ដល់សេវាព្យាបាល និងវះកាត់ដោយឥតគិតថ្លៃ ព្រមទាំងការគាំទ្រផ្នែកសង្គមជាបន្តបន្ទាប់ទៀតផង។

 

ជាផ្នែកមួយនៃបេសកកម្មនេះផងដែរ ធនាគារ វីង ក៏បានចូលរួមក្នុងកម្មវិធី “ដើរដើម្បីស្នាមញញឹម” នៅបរិវេណប្រាសាទអង្គរវត្ត ដែលប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ក្នុងឱកាសនោះ បុគ្គលិកធនាគារ វីង ប្រមាណ ៤០ នាក់ ក៏បានរួមដំណើរជាមួយសមាជិកសហគមន៍ ដើម្បីរៃអង្គាសថវិកា ក៏ដូចជាលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃការវះកាត់ស្តាឡើងវិញលើផ្ទៃមុខ ដែលសកម្មភាពនេះបានបង្ហាញយ៉ាងច្បាស់ពីវប្បធម៌នៃការស្ម័គ្រចិត្តដ៏រឹងមាំរបស់ធនាគារ វីង និងការជឿជាក់លើកម្លាំងសាមគ្គីភាពរួមគ្នា។

 

ការប្រគល់ថវិកាឧបត្ថម្ភជាផ្លូវការ បានប្រព្រឹត្តទៅនាឱកាសអាហារសាមគ្គីភាពពេលល្ងាច កាលពីថ្ងៃទី ២២ ខែមីនា នៅសណ្ឋាគារ Empress Angkor Resort and Spa។ កម្មវិធីនេះគឺជាការជួបជុំដ៏មានអត្ថន័យរវាងសប្បុរសជន ក្រុមគ្រូពេទ្យ និងអ្នកគាំទ្រ ដើម្បីរួមគ្នាអបអរសាទរសមិទ្ធផលថ្មីមួយទៀត ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរួមគ្នា។

 

អង្គការស្នាមញញឹមកម្ពុជា នៅតែបន្តផ្តល់ការព្យាបាលដោយឥតគិតថ្លៃនៅទូទាំងប្រទេស។ សម្រាប់ក្រុមគ្រួសារដែលត្រូវការជំនួយ អាចទំនាក់ទំនងមកកាន់លេខទូរសព្ទ៖ ០១២ ៦៥៥ ៧៨៦, ០២៣ ២១១ ៤០៥ ឬ ០៩៦ ៨៤៦ ៦៩៩១។ ជាមួយគ្នានេះ សាធារណជនក៏អាចចូលរួមបរិច្ចាគថវិកាដោយផ្ទាល់តាមរយៈអេប Wing Bank ឬនៅតាមភ្នាក់ងារធនាគារ វីង ទូទាំងប្រទេស ដោយប្រើប្រាស់លេខកូដទូទាត់ ៩៩២៧ (សម្រាប់ប្រាក់រៀល) និង ៩៩២៨ (សម្រាប់ប្រាក់ដុល្លារ) ដែលថវិកាបរិច្ចាគទាំងអស់ ១០០% នឹងត្រូវប្រើប្រាស់សម្រាប់គាំទ្រដល់បេសកកម្មវះកាត់នេះទាំងស្រុង។

 

ធនាគារ វីង នៅតែបន្តចូលរួមលើកកម្ពស់ជីវភាពសហគមន៍ តាមរយៈភាពជាដៃគូរយៈយូរអង្វែង និងគំនិតផ្តួចផ្តើមនៃទំនួលខុសត្រូវសង្គមប្រកបដោយចីរភាព ដើម្បីធានាថាកុមារកម្ពុជាគ្រប់រូបមានឱកាសរស់នៅប្រកបដោយសុខភាពល្អ មានទំនុកចិត្ត និងអាចអភិវឌ្ឍសក្តានុពលរបស់ខ្លួនបានយ៉ាងពេញលេញក្នុងជីវិត៕ 

 


 

 


 

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

អ្នកប្រកបមុខរបរជាង ៦លាននាក់ នឹងទទួលបានឱកាសប្រើប្រាស់សេវាហិរញ្ញវត្ថុ និងធានារ៉ាប់រង តាមរយៈកិច្ចសហការរវាងធនាគារ វីង ក្រុមហ៊ុន RGI និងសមាគម CFEYA

ភាពជាដៃគូនេះនឹងជួយឱ្យអាជីវកម្មខ្នាតតូច និងអ្នកប្រកបមុខរបរឯករាជ្យ ទទួលបាននូវសេវាហិរញ្ញវត្ថុ ធានារ៉ាប់រង និងឱកាសបង្កើតប្រាក់ចំណូលថ្មីៗជាច្រើនទៀត។

ចេញផ្សាយនៅ: Oct 28, 2026

អានរហ័ស

ធនាគារ វីង ដាក់ដំណើរការគណនី WingGen ជួយបង្កើតទម្លាប់ហិរញ្ញវត្ថុឆ្លាតវៃដល់កុមារ និងក្មេងជំទង់

លើសពីគណនីសន្សំសម្រាប់កុមារទូទៅ គណនី WingGen បានរួមបញ្ចូលនូវការសន្សំ ការទូទាត់ទិញទំនិញប្រចាំថ្ងៃតាម KHQR កំណត់គោលដៅ បំពេញបេសកកម្ម ទទួលបានរង្វាន់ និងការណែនាំពីឪពុកម្តាយ ដែលមាននៅផ្លេតហ្វមតែមួយសម្រាប់កុមារ និងក្មេងជំទង់មានអាយុចាប់ពី 10 ដល់ 17 ឆ្នាំ។

ចេញផ្សាយនៅ: Oct 28, 2026

អានរហ័ស

ហេតុអ្វីកុមារចង់ឆាប់ធំ? ស្វែងយល់ពីសេរីភាព និងការសម្រេចចិត្តដែលពួកគេចង់បាន

កុមារជាច្រើនតែងនិយាយថា ពួកគេចង់ឆាប់ធំ មិនមែនដោយសារតែតួលេខអាយុនោះទេ ដែលធ្វើឱ្យពួកគេមានក្តីរំភើប តែវាគឺជាសេរីភាពដែលពួកគេអាចធ្វើការសម្រេចចិត្តបានដោយខ្លួនឯង។

ចេញផ្សាយនៅ: Oct 26, 2026